កម្ពុជាចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នៅថ្ងៃសៅរ៍ទី២១ ខែឧសភានេះ ក្នុងបរិយាកាសមួយប្រកបដោយភាពស្ងប់ស្ងាត់ ខណៈមានគណបក្សតិចតួចប៉ុណ្ណោះបានធ្វើការដង្ហែក្បួនឃោសនាតាមមហាវិថីធំៗ និងដងផ្លូវសាធារណៈផ្សេងទៀត។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនាខាងមុខ។ នៅក្នុងការបោះឆ្នោតជ្រើសមេដឹកនាំមូលដ្ឋាន សម្រាប់អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន ១៧ ចូលរួម និងបេក្ខជនឈរឈ្មោះចំនួនជាង ៨២.៧០០ នាក់ សម្រាប់ឃុំសង្កាត់ចំនួន ១.៦៥២។
នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គេសង្កេតមានគណបក្សមួយចំនួនបានចេញឃោសនា ក្នុងនោះ គឺមានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងប្រទេស និងគណបក្សភ្លើងទៀនជាដើម។
ដោយឡែក គណបក្សតូចៗខ្លះដែលត្រូវចេញឃោសនានាថ្ងៃសៅរ៍នេះដែរ បានសម្រេចមិនធ្វើការហែក្បួនទ្រង់ទ្រាយធំៗ ដោយបានធ្វើការប្រមូលផ្តុំនៅតាមឃុំសង្កាត់ដែលមានបេក្ខជនឈរឈ្មោះតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកហង្ស ពុទ្ធា លើកឡើងថា ការរៀបចំបែបផែននៃការឃោសនាគឺធ្វើឡើងស្របតាមលទ្ធភាពរបស់គណបក្សនយោបាយផ្សេងៗ ដែលអាចជា ការដង្ហែក្បួនទ្រង់ទ្រាយធំ ឬទ្រង់ទ្រាយតូច ឬក៏ត្រឹមតែជួបប្រជុំប្រមូលគ្នានៅតាមទីតាំងណាមួយជាក់លាក់ ដើម្បីចែកខិតបណ្ណឃោសនាតាមមូលដ្ឋានជាដើម។
ដំណាលគ្នានេះដែរ លោកបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាព្រឹកថ្ងៃសៅរ៍នេះត្រូវបានធ្វើឡើងដោយរលូន និងគ្មានភាពមិនប្រក្រតីណាមួយកើតឡើងទេ។
«គណបក្សនយោបាយលោកបានធ្វើសកម្មភាពឃោសនា ប្រកបដោយភាពចាស់ទុំ ដែលមកទល់ម៉ោងនេះមិនមានព័ត៌មានស្តីអំពីអំពើសកម្មទាំងឡាយណា ដែលកើតមានអំឡុងពេលនោះទេ។ អ៊ីចឹង អាចនិយាយបានថា មួយព្រឹកនេះ គឺការឃោសនាបោះឆ្នោត គឺប្រព្រឹតទៅបានល្អប្រសើរដោយរលូន»។
លោកហង្ស ពុទ្ធា បានឱ្យដឹងទៀតថា នៅរាជធានីភ្នំពេញ គណបក្សនយោបាយយ៉ាងតិចណាស់បីបានធ្វើការហែក្បួន រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សខ្មែររួបរួមជាតិ។ លោកក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ គណបក្សនយោបាយ អ្នកគាំទ្រ និងពលរដ្ឋទូទៅ រក្សាឱ្យបាននូវសណ្តាប់ធ្នាប់សង្គមអំឡុងពេលឃោសនាបោះឆ្នោតនេះផងដែរ។
បើតាមគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ដែលត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ហើយគ្រប់សកម្មភាពឃោសនារបស់គណបក្សនយោបាយត្រូវចាប់ផ្តើមពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ លើកលែងចន្លោះម៉ោង ១២ថ្ងៃត្រង់ និងម៉ោង ២ រសៀល។
នៅមុនយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណៈកម្មាការឃុំសង្កាត់រៀបចំការបោះឆ្នោតក៏បានរៀបចំកំណត់ជាទិសដៅ ពេលវេលា និងតំបន់សម្រាប់ការដង្ហែក្បួនឃោសនារបស់គណបក្សនយោបាយផងដែរ។
នៅក្នុងរាជធានីភ្នំពេញ គេសង្កេតឃើញ ក្បួនឃោសនារបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានអ្នកគាំទ្រចូលរួមដង្ហែក្បួនឃោសនា ច្រើនជាងគេ ហើយបន្ទាប់មកគឺក្បួនឃោសនារបស់គណបក្សភ្លើងទៀនដែលជាគណបក្សជំទាស់ទើបដំណើរការសាជាថ្មីបានជាងបួនខែ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាគណបក្សបង្កើតឡើងដោយក្រុមអតីតមេដឹកនាំអង្គការក្រៅរដ្ឋាភិបាល ក៏ត្រូវបានគេសង្កេតឃើញចេញឃោសនាផងដែរ។ គណបក្សនេះ បានធ្វើយុទ្ធនាការឃោសនារបស់ខ្លួននៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថានិកហ្វិច (NICFEC) លោក សំ គន្ធាមី បានឱ្យដឹងថា លោកមិនទាន់កត់ត្រាបាននូវបញ្ហា «រកាំរកូស» ណាមួយ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃដំបូងនេះទេ។ លោកសង្ឃឹមថា ដំណើរការឃោសនាបោះឆ្នោតរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃសៅរ៍នេះ នឹងប្រព្រឹត្តទៅដោយមិនមានបញ្ហាចោទណាមួយកើតឡើងនោះទេ។
លោកបានថ្លែងថា «ខ្ញុំសង្ឃឹមថា មានភាពរលូនមិនមានបញ្ហាអីធំដុំច្រើនទេ។ យើងសង្ឃឹមអ៊ីចឹង ព្រោះសញ្ញាថ្ងៃចាប់ផ្តើមឃើញថា មិនមានបញ្ហាអ្វីធំដុំនោះទេ។ គេហែក្បួនរៀងខ្លួនតាមគណបក្ស ជាពិសេសតាមលទ្ធភាពទៀតណា»។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នេះ ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានសាទរនៅពេលឃើញមានក្បួនដង្ហែរបស់គណបក្សនយោបាយនានា ប៉ុន្តែពលរដ្ឋមួយចំនួនទៀតមិនបានបង្ហាញការខ្វល់ខ្វាយពីយុទ្ធនាការឃោសនាបោះឆ្នោតនេះនោះទេ ដោយអ្នកខ្លះសំអាងថា ពួកគេរវល់ផ្តោតលើការស្វែងរកចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
ការឃោសនាដែលកំពុងដំណើរការនេះ ក៏គ្មានវត្តមានគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិផងដែរ។ គណបក្សនេះ ធ្លាប់ឈ្នះបានអាសនៈក្រុមប្រឹក្សាជាង៥០០០កាលពី អាណត្តិមុន។ ប៉ុន្តែ គណបក្សប្រឆាំងមួយនេះ ត្រូវតុលាការកំពូលកម្ពុជារំលាយចោល ក្រោមការចោទប្រកាន់ពីសំណាក់អាជ្ញាធរថាគណបក្សនេះបានប្រព្រឹត្តអំពើក្បត់ជាតិដ៏ចម្រូងចម្រាស៕