រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថា​យ៉ាង​តិច​២​ឆ្នាំ​ទៀត​ទើប​កម្ពុជា​មាន​ឱកាស​ចូល TPP

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​​ចូលរួមកិច្ចប្រជុំពិភាក្សាក្រោមប្រធានបទ “ទីតាំងភូមិសាស្ត្រអាស៊ាននៅឆ្នាំ២០១៦ និង ចក្ខុវិស័យសម្រាប់ឆ្នាំ២០២៥” នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ (រូបថត​ពី​ Facebook ក្រសួង​ពាណិជ្ជកម្ម)

លោក​ ស៊ុន ចាន់ថុល​ ថ្លែង​ថា​ កម្ពុជា​នឹង​ទាញ​ផល​ចំណេញ​ពី​កិច្ច​ព្រម​ព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ (Trans-Pacific Partnership) ឬTPP ​បើ​ទោះបី​ជា​​កម្ពុជា​ត្រូវ​រង់​ចាំ​រយៈពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​ដោយ។

លោក​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ជា​ឥស្សរជន​ខ្មែរ​មួយ​រូប​ក្នុង​ចំណោម​ឥស្សរជនខ្មែរ​ផ្សេង​ទៀត​ ដែល​បាន​អម​ដំណើរ​ជាមួយ​នឹង​លោក​នាយកមន្ត្រី ហ៊ុន សែន​ ទៅ​ចូល​រួម​កិច្ច​ប្រជុំកំពូល​សហរដ្ឋ​អាមេរិក​និង​អាស៊ាន នៅ​រមណីយដ្ឋាន​ Sunnylands ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ សហរដ្ឋ​អាមេរិក​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​ឆ្នាំ​២០១៦។​ បន្ទាប់​ពី​វិលត្រឡប់​មក​ពី​កិច្ច​ប្រជុំ​នេះ​វិញ​ លោក​ ស៊ុន ចាន់ថុល​ ថ្លែង​ថា​ កម្ពុជា​នឹង​ទាញ​ផល​ចំណេញ​ពី​កិច្ច​ព្រម​ព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ (Trans-Pacific Partnership) ឬTPP ​បើ​ទោះបី​ជាកម្ពុជា​ត្រូវ​រង់​ចាំ​រយៈពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​ដោយ។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ម៉ោង​សម្រាក​ពី​កម្មវិធី​ធ្វើ​បទបង្ហាញ​អំពី​គំនិត​អាជីវកម្ម​ទៅ​កាន់​វិនិយោគិន​ ដោយ​ក្រុមសហគ្រិនវ័យ​ក្មេង​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម​ ដែល​បានធ្វើ​ឡើង​នៅ​ឯ​ទីស្តី​ការ​ក្រសួង​ពាណិជ្ជកម្មកាល​ពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន លោក​រដ្ឋមន្ត្រី ​ស៊ុន​ ចាន់ថុល​ ថ្លែង​ថា ​រដ្ឋាភិបាល​បាន​ផ្តល់​ការ​គាំទ្រ​លើ​កិច្ចព្រម​ព្រៀង​ TPP​ នេះ​ ហើយ​អាច​នឹង​ត្រូវ​ប្រើ​ពេល​ពីរ​ឆ្នាំ​ បន្ថែម​ទៀត​ សម្រាប់​ការ​សុំ​សច្ចាប័ន​ពីរដ្ឋសភា។ លោក​រដ្ឋមន្ត្រី​បន្ត​ថា សហរដ្ឋ​អាមេរិក​ក៏​នឹង​ត្រូវ​ប្រើ​រយៈពេល​ដូច​គ្នា​នេះ​ ដើម្បី​បើក​ឲ្យ​មានការ​ចូលរួមពី​ប្រទេស​ផ្សេង​ទៀត នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នេះ។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖​

«សូម​ជម្រាប​ទី​មួយ​ TPP​ នេះ​ប្រហែល​ជា​ត្រូវ​ការ​ពេល​វេលា​ពីរ​ឆ្នាំ​ ទើប​ប្រទេស​ទាំង​១២​នេះ​ អាច​សុំ​សច្ចាប័ន​ពី​រដ្ឋសភា​របស់​គេ​បាន។​ សព្វ​ថ្ងៃ​នេះ​ គឺ​មាន​តែ​វៀតណាម​និង​ម៉ាឡេស៊ី​ទេ​ ដែល​បាន​ផ្តល់​សច្ចាប័ន​លើ​ TPP​ ហើយ​សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​ធ្វើ​នៅ​ឡើយ​ទេ។​ អញ្ចឹង​តាម​ការ​គ្រោង​ទុក​ ប្រហែល​ជា​ពីរ​ឆ្នាំ​ទើប​ចូល​ជា​ធរមាន​ អា TPP​ សព្វ​ថ្ងៃ​នេះ​ ទើប​សហរដ្ឋ​អាមេរិក​អាច​បើក​ថែម​ទៀត​ ឲ្យ​ប្រទេស​មួយ​ចំនួន​ថែម​ទៀត​ ដែល​ចង់​ចូលជាសមាជិក​ TPP​ នេះ​ ចាប់​ផ្តើម​ធ្វើ​កិច្ច​ការ​ចរចា​នេះ​ឯង។​ អាហ្នឹង​សូម​ជម្រាប​ថា ហ្នឹង​នីតិវិធី​គឺ​អញ្ចឹង»។​

លោកបាន​បន្ត​ថា​ ប្រទេស​កម្ពុជា​នឹង​ចូល​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​បាន​យ៉ាង​ងាយស្រួល​នៅ​ពេល​ខាង​មុខ​ ដោយ​ហេតុ​ថា​ ប្រទេស​កម្ពុជា​ពុំ​បាន​ដាក់​របាំង​ពាណិជ្ជកម្ម​ច្រើន​ បើ​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​ ហើយ​ថា ​កម្ពុជា​នឹង​មិន​ខាត​បង់​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ​ឡើយ​ ប្រសិន​បើ​កម្ពុជា​ក្លាយ​ជា​សមាជិក​នៃកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម TPPនេះ​ពិត​ប្រាកដ​នោះ។​ ​

«​ខ្ញុំ​ជឿ​ជាក់​ ខ្ញុំ​ជឿជាក់​ថា​ បើ​តាម​មើល​ទៅ​គឺ​ថា​ ប្រទេស​កម្ពុជា​ ជា​ប្រទេស​តូច​ ប្រទេស​បើក​ចំហ។​ យើង​គ្មាន​ការ​ហាម​ឃាត់​អ្វី​ច្រើន​ទេ​កម្ពុជា​យើង។​ ដូច្នេះ​បើ​យើង​អាច​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​នៅ​ក្នុង​ពិភពលោក​ឲ្យ​បាន​ច្រើន​ ជា​ការណ៍​ល្អ​របស់​កម្ពុជា។​ អា​ហ្នឹង​ជា​គំនិត​ចម្បង​របស់​ខ្ញុំ។​ ការ​យល់​ដឹង​របស់​ខ្ញុំ​ មុន​ដំបូង​ឃើញអញ្ចឹង​ឯង។​ អញ្ចឹង​ ខ្ញុំ​ជឿ​ជាក់​ថា យើង​ចូល​ទៅ​ប្រហែល​មិន​ខាត​ទេ​ ព្រោះ​ផ្សារ​ធំណាស់»។​

នេះជា​លើក​ទី​ពីរ​ផង​ដែរ​ ដែល​មន្ត្រីរដ្ឋាភិបាល​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ បានបញ្ជាក់​ពី​ចេតនា​ ចង់​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​លក្ខណៈ​ភូមិសាស្ត្រ​នយោបាយ​ ដែល​សហរដ្ឋ​អាមេរិក​ចង់​ប្រើ​សម្រាប់​ទប់​នឹង​ការ​កើន​ឡើង​នៃ​អំណាច​សេដ្ឋកិច្ច​និង​យោធារបស់​ចិន។​

​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ​ លោក​ វង្សី វិស្សុត​ រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​បាន​ថ្លែង​ប្រាប់​អ្នក​ចូល​រួម​នៅ​ក្នុង​វេទិកា​សាធារណៈ​ស្តី​ពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ថវិកា​ឆ្នាំ​២០១៦​ ដែល​បាន​រៀបចំ​ឡើង​នៅ​ឯ​ទីស្តី​ការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុថា​ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​កំពុង​សិក្សា​លើ​ផល​ប្រយោជន៍​នៃ​ការ​ចូល​ជា​សមាជិក​នៃកិច្ច​ព្រមព្រៀង​ TPP​ នេះ។

សហរដ្ឋ​អាមេរិក​និង​ប្រជាជាតិ​១១​ផ្សេង​ទៀត​បាន​ចុះ​កិច្ច​ព្រមព្រៀង​ TPP ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥។ ​សមាជិក​អាស៊ាន​ចំនួន​៤ ដែល​ក្លាយ​ជា​សមាជិក​ TPP​ រួមមាន ប្រទេស​ប្រ៊ុយណេ​ ម៉ាឡេស៊ី​ សិង្ហ​បុរី​ និង​វៀតណាម។

ប្រទេស​ដែល​ចង់​ក្លាយ​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ TPPនេះ​ ត្រូវ​ធ្វើ​ការ​ច្របាច់​រួម​គ្នា​នូវ​បទប្បញ្ញត្តិ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ការពារ​កម្មសិទិ្ធបញ្ញា​ និង​បទប្បញ្ញត្តិ​ផ្សេង​ទៀត​ សម្រាប់​ការ​ផ្លាស់​ប្តូរពាណិជ្ជកម្ម។​ នេះ​បើ​យោង​ទៅ​តាម​ការ​វិភាគ​របស់​ក្រុម​អ្នក​វិភាគ​ផ្នែក​ពាណិជ្ជកម្មអន្តរជាតិ។​

សេដ្ឋវិទូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ថ្លែង​ថា​ ផ្អែក​លើ​គោលការណ៍​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី ប្រទេស​កម្ពុជាអាច​ក្លាយ​ជា​ភាគី​មួយ​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយនេះ។​ ក៏ប៉ុន្តែ​ប្រទេស​ដ៏​ក្រីក្រ​នេះ​ អាច​នឹង​ពិបាក​បំពេញ​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​ក្លាយ​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​ក្នុង​នោះ​ គឺ​សិទ្ធិ​ការពារ​កម្មសិទ្ធិ​បញ្ញា។​

លោក​ ចាន់ សុផល​ ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ការ​សិក្សា​គោល​នយោបាយ​បាន​មាន​ប្រសាសន៍​ប្រាប់​VOA ថា​ កម្ពុជា​នឹង​មាន​ការ​លំបាក​ក្នុង​បំពេញ​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​ចូល​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ TPP​ ទាក់ទិន​នឹង​កម្ម​សិទ្ធិបញ្ញា​ តែ​ថា​ ដើម្បី​ផលចំណេញ​ផ្នែក​ពាណិជ្ជកម្ម​ កម្ពុជា​គួរ​បំពេញ​ឲ្យ​បាន​ចំពោះ​លក្ខខណ្ឌនេះ។​ ​

«បើ​រឿង​កម្មសិទ្ធិ​បញ្ញា​ ប្រហែល​ជា​យើង​អាច​ពិបាក​បំពេញ​តាម​តម្រូវការ​គេ​ ពីព្រោះ​ស្រុក​យើង​នៅ​មាន​របស់​ copy ឬ​ ថតចម្លង​ច្រើន ប៉ុន្តែ​ផលចំណេញ​មួយ​ដែល​យើង​អាច​រំពឹង​ថា​ យើង​អាច​នាំ​ ផលិត​ផល​សម្លៀក​បំពាក់​ទៅ​ប្រទេស​អាមេរិក​ដោយ​មិន​បង់​ពន្ធ​ ឬ​ក៏​បង់​ពន្ធ​តិច​តូច​បំផុត។​ ចំពោះ​បច្ចុប្បន្ន​នេះ​ យើង​នាំទៅ​អាមេរិក​ច្រើន​តែ​ជាប់​ពន្ធ​ ជាប់​ពន្ធ​ក្នុង​ក្រប​ខ័ណ្ឌ​ WTO។​ ហើយ​បើ​សិន​ជា​ក្របខ័ណ្ឌ​ TPP​ តម្រូវ​ឲ្យ​មិន​បង់​ពន្ធ​ឬ​បង់​ពន្ធ​តិច​តួច​បំផុត​ វា​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​យើង​ក្នុង​ការ​នាំ​សម្លៀក​បំពាក់​ច្រើន​ថែម​ទៀត​ទៅ​ប្រទេស​អាមេរិក»។​ ​

កិច្ច​ព្រម​ព្រៀង​ TPP នេះ​ ក៏ត្រូវ​បាន​លើក​យក​មក​ជជែក​គ្នា​នៅ​ក្នុង​ជំនួប​កំពូល​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន ដែល​ទើប​តែ​បាន​បញ្ចប់​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះដែរ។​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់​ អូបាម៉ា​ បាន​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា​ កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង ​ដើម្បី​ឲ្យ​មេដឹកនាំ​ក្នុង​ប្រទេស​អាស៊ាន​យល់​ពី​កិច្ចព្រម​ព្រៀង​ TPP ​ដែល​នឹង​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​

លោក​ ស៊ុន ចាន់​ថុល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ជំនួប​កំពូល​នេះ​ បាន​បញ្ជាក់​បន្ថែម​ថា​ សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​សិក្ខាសាលា​ដើម្បី​ពន្យល់​ដល់​ប្រទេស​ដែល​ពុំទាន់​បាន​ក្លាយ​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ TPP ដដែល​នេះ។​

លោក ស៊ុន ចាន់ថុល​ បញ្ញាក់​ថា៖

«សហរដ្ឋ​អាមេរិក​ក៏​បាន​លើកឡើង​អំពី​កម្មវិធី​ធ្វើ​ workshop [សិក្ខាសាលា] ​ដើម្បី​ពន្យល់​ប្រទេស​ដែល​មិន​ទាន់​ចូល​ជា​សមាជិក​ TPP ​នេះ​ ឲ្យ​យល់​អំពី​ TPP។​ អញ្ចឹង​យើង​ត្រៀម​ខ្លួន​នឹង​ចូលរួម​ស្វែង​យល់​អំពី​ TPP​ នេះ​ពី​សហរដ្ឋ​អាមេរិក។​ ទុក​ឲ្យ​គេ​ពន្យល់​យើង​ តើ​ចំណុច​ពាក់​ព័ន្ធ​នឹង​ការងារ​ ចំណុច​ពាក់​ព័ន្ធ​បរិស្ថាន របៀប​ម៉េច។ល។​ គឺ​ថា​ គេនឹង​ពន្យល់​មួយ​ចំណុច​ម្តង​ មួយ​ចំណុច​ម្តង​ ឲ្យ​សមាជិក​ប្រាំមួយ​ប្រទេស​ទៀត​ហ្នឹង​ ឲ្យ​យល់​អំពី​ TPP»។​

កិច្ច​ព្រមព្រៀង​ TPP ​នេះ គ្រប​ដណ្តប់​៤០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​របស់​ពិភពលោក។​ ប្រទេស​ក្នុង​សមាគម​អាស៊ាន​ ក៏​កំពុង​ពិចារណា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ផ្សេង​ទៀត​នាំមុខ​ដោយ​ប្រទេស​ចិន​ ដែលត្រូវ​គេ​ស្គាល់​ថា​ ជា​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ (Regional Economic Comprehensive Partnership) ​ហៅ​កាត់ថា​ RCEP។​ កិច្ច​ព្រមព្រៀង​នេះ​ គ្រប​ដណ្តប់​៣០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​របស់​ពិភពលោក។​ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​វិភាគ​នៃ​អ្នក​វិភាគ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិដែល​ត្រូវ​បាន​គេ​រាយការណ៍​កាល​ពី​ពេល​កន្លង​មក៕​