ប្រទេស​កូឡុំប៊ី​ប្រកាស​ពី​ការ​ចរចា​សន្តិភាព​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​ធំ​ទី​ពីរ

ប្រធានាធិបតី​ប្រទេស​កូឡុំប៊ី​ Juan Manuel Santos ឈ្នះ​រង្វាន់​សន្តិភាពណូប៊ែល។

រដ្ឋាភិបាល​កូឡុំប៊ី និង​ក្រុម​ឧទ្ទាម​ធំ​ទី​ពីរ​នៅ​ក្នុង​ប្រទេស​កូឡុំប៊ី កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ប្រកាស​ពី​ការ​ចរចា​សន្តិភាព ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី ២៧ ខែ​តុលា ខាង​មុខ​នេះ នៅ​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អេក្វាទ័រ។

ការ​ប្រកាស​ពី​ការ​ចរចា​សន្តិភាព​ជាមួយ​នឹង ក្រុម​ទាហាន​ដើម្បី​សេរីភាព​ជាតិ ដែល​ជា​ក្រុម​ដ៏​ខ្លាំងក្លា​មួយ​មាន​សមាជិក​ចំនួន ២ ពាន់​នាក់ នេះ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ពលរដ្ឋ​កូឡុំប៊ី​បាន​បោះ​ឆ្នោត​បដិសេធ​កិច្ច​ព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​រដ្ឋាភិបាល​កូឡុំប៊ី និង​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​បដិវត្តន៍​កូឡុំប៊ី។ ការ​បោះ​ឆ្នោត​បដិសេធ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ការទូត និង​មេដឹកនាំ​ពិភពលោក​នានា មាន​ការ​ភ្ញាក់ផ្អើល។

បន្ទាប់ពី​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មក លោក​ប្រធានាធិបតី​កូឡុំប៊ី Juan Manuel Santos បាន​សន្យា​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក​ថា៖ «សន្តិភាព​នឹង​មិន​រអិល​ធ្លាក់​ពី​ដៃ​របស់​យើង​ទេ។ វា​នឹង​កាន់តែ​ខ្លាំង​ជាង​មុន ហើយ​សន្តិភាព​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ពេញលេញ​ជាក់ជា​មិនខាន»។

កិច្ច​ព្រមព្រៀង​សន្តិភាព​របស់​លោក​ប្រធានាធិបតី Santos ជាមួយ​នឹង​ក្រុម​ពួក​ឧទ្ទាម​បដិវត្តន៍​កូឡុំប៊ី ត្រូវ​បាន​មតិ​អន្តរជាតិ​កោត​សរសើរ ប៉ុន្តែ​មិន​ត្រូវ​បាន​ប្រជាពលរដ្ឋ​កូឡុំប៊ី​គាំទ្រ​នោះ​ទេ។

ទោះបីជា​ប្រជាពលរដ្ឋ​កូឡុំប៊ី​មិន​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ក៏​ដោយ ក៏​កាល​ពី​សប្ដាហ៍​មុន លោក Santos បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព សម្រាប់​កិច្ច​ប្រឹងប្រែង​របស់​លោក​នៅ​ក្នុង​ការ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ ដែល​អូស​បន្លាយ​ពេល​យ៉ាង​យូរ​នេះ។

អតីត​ប្រធានាធិបតី​កូឡុំប៊ី​លោក Alvaro Uribe ឥឡូវ​នេះ​កំពុង​ព្យាយាម​ចរចា​ឡើង​វិញ​នូវ​ផ្នែក​ខ្លះ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ ដោយ​ធ្វើ​យ៉ាង​ណា ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​ធានា​ផ្ដល់​កៅអី​សភា​សម្រាប់​ក្រុម​ឧទ្ទាម និង​ការ​រួច​ផុត​ទោស​ពៃរ៍​ពី​ការ​កាត់ទោស និង​ការ​ជាប់​ពន្ធនាគារ៕