សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​កែទម្រង់​ការបោះឆ្នោត

រហូត​មក​ទល់​ពេល​នេះជិត​មួយ​ឆ្នាំ​ហើយ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការបោះឆ្នោត​នៅ​តែ​រក​ច្រក​ចេញ​មិន​រួច។

សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះ​ឆ្នោតដែល​មាន​អង្គការ​ជាសមាជិកចំនួន​២០​បាន​ជំរុញ​ដល់​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ឱ្យ​ធ្វើ​វិសោធនកម្មច្បាប់​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​អនុញ្ញាត​ឲ្យធ្វើ​ការកែ​ទម្រង់​ការ​បោះឆ្នោត​ដោយ​ប្រសិទ្ធភាព។

នៅ​ក្នុង​សិក្ខាសាលាមួយពេញ​មួយ​ថ្ងៃ​អង្គារ​នេះ​ដែលចូល​រួម​ដោយ​តំណាង​ប្រទេស​ម្ចាស់ជំនួយដោយ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​និង​គណបក្ស​ជំទាស់​ ដោយ​មិនមាន​គណបក្ស​កាន់​អំណាច​ សម្ព័ន្ធ​កំណែ​ទម្រង់​ការបោះ​ឆ្នោត​បាន​ស្នើ​ឲ្យបង្កើត​សុក្រិត​ភាព​ក្នុង​ស្ថាប័ន​គ្រប់គ្រង​ការ​បោះឆ្នោត​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​និង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ យន្តការ​ដោះស្រាយ​វិវាទ​បោះឆ្នោត​រួម​ទាំងដោះ​ស្រាយ​ចំណោទ​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុងអំឡុង​ពេល​បោះឆ្នោត។

​នៅ​ក្នុង​សំណើ​វិសោធនកម្ម​នោះ​រួម​មាន​វិសោធន​កម្ម​ជំពូក​មួយ​ចំនួន​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​និង​ច្បាប់​ស្តី​ពី​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ វិសោធន​កម្មច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការរៀប​ចំ​និង​ការប្រព្រឹត្តិ​ទៅ​នៃ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​និង​សំណើ​វិសោធនកម្ម​នៃ​រដ្ឋ​ធម្មនុញ្ញ។

លោកធន់ សារ៉ាយ ​ប្រធាន​គណៈកម្មការ​នាយក​របស់​អង្គការ​ខុមហ្វ្រែល​ដែលជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​ការ​បោះឆ្នោត​មួយ​សេរី​និង​យុត្តិ​ធម៌​គឺជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​ហើយនៅ​ពេល​នោះអ្នក​ដឹក​នាំ​នឹង​គិតពី​ប្រយោជន៍​របស់​ប្រទេស​ពិតប្រាកដ។

«ប្រសិន​បើការបោះឆ្នោត​មួយ​ដែល​មិន​សេរី​និង​យុត្តិ​ធម៌​ដែល​អាច​មាន​ការបន្លំ​និង​ការទិញ​សន្លឹក​ឆ្នោត​បាននោះ ​អ្នក​ដឹក​នាំ​នយោបាយ​និង​អ្នក​នយោបាយ​នឹង​មិន​នាំ​គ្នា​ខំ​ប្រឹង​ប្រែង​បម្រើ​ប្រទេស​ជាតិ​ឲ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម​ទេ​គេ​នឹង​នាំ​គ្នា​បង្វែ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គេ​មក​គិត​ពី​ការបន្លំ ​ការ​ទិញ​សន្លឹក​ឆ្នោត នោះ​ជាការណ៍​មួយ​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ដំណើរការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក៏​ដូចជា​អន្តរាយ​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស»។

​ដោយ​ឡែក​លោកសុរិយា ប្រាសាទ ស៊ូបេឌី ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថ្លែង​ថា​ទាំង​រូប​លោក​ដែល​តំណាង​អង្គការ​សហប្រជាជាតិ​និង​អង្គការ​ជាតិ​និង​អន្តរជាតិ ​រួមទាំង​គណៈ​កម្មការ​អឺរ៉ុបនិង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​ផងដែរ​ធ្លាប់​បាន​ជំរុញ​ឲ្យ​ការបោះឆ្នោត​នៅ​ប្រ​ទេស​កម្ពុជា​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​យុត្តិធម៌​និង​ដោយ​សន្តិភាព។

«ប្រទេសកម្ពុជា​ត្រូវ​តែ​មាន​នយោបាយ​ស្តី​ពី​ការ​បោះឆ្នោត​មួយដែល​មាន​សុវត្ថិភាព ​មាន​គណៈកម្មា​ធិការ​បោះឆ្នោត​ឬ​គណៈកម្មការ​បោះឆ្នោត​ឯករាជ្យ​ពិត​ប្រាកដ​និង​សេវាកម្ម​ស៊ីវិល​ឯករាជ្យពិត​ប្រាកដ​ ស្ថាប័ននគរបាល​និង​យោធា​ត្រូវ​តែ​ឯករាជ្យ​ពិត​ប្រាកដ​និងការ​ទទួល​បាន​ព័ត៌មាន​ប្រកប​ដោយ​សមធម៌»។

​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​បោះឆ្នោតជ្រើសតាំង​តំណាង​រាស្ដ្រចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ​ហើយ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​រាល់​ប្រាំ​ឆ្នាំ​ម្តង។ ​ប៉ុន្តែ​រាល់​ការ​បោះឆ្នោត​ម្តងៗ​តែង​តែ​មាន​ទំនាស់​នយោ​បាយ​ជានិច្ច។

ការបោះឆ្នោត​ចុង​ក្រោយ​កាល​ពី​ខែកក្កដា​ឆ្នាំ​២០១៣​បាន​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ក្លាយ​ជា​គណបក្ស​តែ​ពីរ​គត់​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត។

​ប៉ុន្តែ​គណបក្ស​ជំទាស់​បាន​ច្រានចោល​លទ្ធ​ផល​បោះឆ្នោត​ដោយ​សំអាង​ថា​មាន​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ជាច្រើន​ដែល​ខ្លួន​មិន​គួរ​ចាញ់​គណបក្ស​កាន់​អំណាច​នោះ​ឡើយ។

​រហូត​មក​ទល់​ពេល​នេះជិត​មួយ​ឆ្នាំ​ហើយ​វិបត្តិ​នយោបាយ​ក្រោយ​ពី​ការបោះឆ្នោត​នៅ​តែ​រក​ច្រក​ចេញ​មិន​រួច។

លោក​យ៉ែម បុញ្ញឫទ្ធិ ​តំណាងរាស្ដ្រ​ជាប់​ឆ្នោត​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ដឹង​ថា​គណបក្ស​របស់​លោក​ត្រៀម​ធ្វើ​សំណើ​អំពី​គម្រោង​កែទម្រង់​គណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត។

«ក្នុង​កំណែ​ទម្រង់​ហ្នឹង​យើងនឹង​រៀប​ចំ​សរសេរ​ពី​ការ​រៀប​ចំ​ស្ថាប័ន​គជប»។

​លោកជាម យៀប ​តំណាងរាស្ដ្រ​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជាបានលើក​ឡើង​ថា​គណបក្ស​របស់​លោក​គាំទ្រ​ការ​កែទម្រង់​ការ​បោះឆ្នោត​ដោយ​លោក​ចាត់ទុកថា​ការ​កែទម្រង់​ដែល​អាច​បញ្ចប់​បញ្ហា​ជម្លោះ​នោះ​គឺជា​ការផ្សះផ្សារ​ជាតិ។

«គណ​បក្ស​ប្រជាជន​កម្ពុជា​អត់​ដែល​មាន​ពេល​ណា​ដែល​ប្រឆាំង​នឹង​ការ​បង្រួប​បង្រួម​ជាតិ​ផ្សះ​ផ្សារ​ជាតិ​ទេ»។

ទោះយ៉ាងណា​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ខ្វែង​កំនិត​គ្នា​លើ​វិធាន​ការ​កែទម្រង់​ការ​បោះឆ្នោត​ដែល​នាំ​ឲ្យជាប់​គាំង​ក្នុង​ការចរចា​នៅ​ក្នុង​ពេលនេះ។

លោក​សូរិយា​ ប្រាសាទ​ ស៊ូបេឌី ​មាន​ប្រសាសន៍​ថា​លោករីករាយ​នៅ​ពេល​ដែល​ឃើញ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​យល់​ស្រប​គ្នា​ដើម្បី​កែទម្រង់​ការ​បោះឆ្នោត​នោះ៕