ភ្លាមៗក្រោយការចោទប្រកាន់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថា មានក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន ជាអ្នកចេញបញ្ជាពីទីលានប្រជាធិបតេយ្យឲ្យក្រុមកម្មករធ្វើកុបកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញនោះ អនុប្រធានគណបក្សប្រឆាំងដែលត្រូវបានរំលាយមួយរូបអះអាងថា គណបក្សប្រឆាំងមិនបានញុះញង់ឲ្យកម្មករធ្វើសកម្មភាពកុបកម្មនោះទេ ហើយថាការចូលរួមរបស់គណបក្សប្រឆាំងជាមួយកម្មករដើម្បីធ្វើបាតុកម្មកាលពីជិតប្រាំឆ្នាំមុននោះ គឺដើម្បីជួយដោះស្រាយទុក្ខលំបាករបស់កម្មករ ដែលត្រូវបានថៅកែរោងចក្រកេងប្រវ័ញ្ច។
អ្នកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រ និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលទៅតាមសំណើរបស់រដ្ឋាភិបាលប្រទេសនេះ បានថ្លែងបដិសេធការចោទប្រកាន់របស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមួយរូប ដែលថា ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន ជាអ្នកចេញបញ្ជាពីទីលានប្រជាធិបតេយ្យកាលពីជិតប្រាំឆ្នាំមុន ឲ្យកម្មករធ្វើកុបកម្ម មានបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កាលពីថ្ងៃសុក្រសប្តាហ៍មុន នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍បញ្ជាក់ VOA ថាបាតុកម្មរបស់ក្រុមកម្មករក្នុងឧស្សាហកម្មកាត់ដេរ ដែលបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ មិនមែនមានគោលដៅសំខាន់ក្នុងការទាមទារដំឡើងប្រាក់ឈ្នួលនោះទេ ពោលគឺមានការបញ្ជាពីអ្នកស្រី មូរ សុខហួរ និងលោក ហូ វណ្ណ ដែលជាតំណាងរាស្ត្រគណបក្សប្រឆាំងឲ្យក្រុមកម្មករធ្វើកុបកម្មដែលមានចេតនាផ្តួលរំលំរដ្ឋាភិបាលមួយដែលបានប្រសូតចេញពីការបោះឆ្នោត។
ប៉ុន្តែអ្នកស្រី មូរ សុខហួរ ដែលបាននិរទេសខ្លួនទៅរស់នៅឯក្រៅប្រទេស ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរកម្ពុជា មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ ថា ការអត្ថាធិប្បាយរបស់នាយឧត្តមសេនីយ៍ខៀវ សុភ័គ ជាអ្វីដែលមិនអាចទទួលយកបាន ហើយបានស្នើឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតជាថ្មីថា តើនរណា ជាអ្នកចេញបញ្ជាឲ្យបង្ក្រាបក្រុមកម្មករនាពេលនោះ ដែលបានធ្វើឲ្យក្រុមអ្នកតវ៉ាជាច្រើននាក់ស្លាប់ និងរងរបួស។
អ្នកស្រីមានប្រសាសន៍ថា៖
«ទោះបីថា យើងខ្ញុំជាអ្នកបញ្ជាក៏ដោយ អ្នកឲ្យកម្មករកម្មការិនី ធ្វើកូដកម្មក៏ដោយ ទោះបីថា ពួកយើងខ្ញុំថា ទៅចុះ ក៏ប៉ុន្តែនៅប្រទេសដែលគេមានការទទួលខុសត្រូវ មានប្រជាធិបតេយ្យ កងកម្លាំងប្រដាប់អាវុធរបស់គេ មិនមែននៅកណ្តាប់ដៃ ក្រុមគ្រួសារណាមួយទេ គឺគេឯករាជ្យពិតប្រាកដ ហើយវាច្បាស់ណាស់ គេនឹងធ្វើការស៊ើបអង្កេតថា អ្នកណាជាអ្នកបញ្ជាឲ្យបាញ់? ពីព្រោះទំហំនៃអាវុធ ទំហំចំនួននៃកងប្រដាប់អាវុធ ហើយជាកងប្រដាប់អាវុធពិសេសទៅទៀត មិនអាចបញ្ជាឲ្យមកតាមថ្នល់បាញ់សម្លាប់ ប្រជាពលរដ្ឋដូច្នេះបានទេ»។
អ្នកស្រី មូរ សុខហូរ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានសួរទៅក្រសួងមហាផ្ទៃវិញថា តើហ៊ានបើកការស៊ើបអង្កេតមួយដែលឯករាជ្យដែរឬទេ?
អ្នកស្រីថ្លែងថា៖
«ដូច្នេះ ខ្ញុំ យើងខ្ញុំសុំសួរទៅក្រសួងមហាផ្ទៃវិញ ហ៊ានទេ? ហ៊ានមិនហ៊ាន? ហ៊ានឲ្យមានការស៊ើបអង្កេតឯករាជ្យទេ? ចាប់ខ្ញុំពេលណាក៏បានដែរ! ហើយបើសិនជា ពួក ពួកយើងខ្ញុំមានជាប់រឿងហ្នឹង ហេតុអ្វីបានជាយើងខ្ញុំ ម៉េចមិនចាប់យើងខ្ញុំ តាំងពី២០១៤ទៅ? នៅពីពេលកន្លែងហ្នឹងទៅ? ម៉េចក៏ចាំដល់ពេលនេះ? អស់រយៈពេលប៉ុន្មានឆ្នាំទៅ?»
ក្នុងព្រឹត្តិការណ៍តវ៉ាទាមទារដំឡើងប្រាក់ឈ្នួលក្នុងឧស្សាហកម្មកាត់ដេរកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះ ក្រុមកម្មករបានចេញតវ៉ានៅលើកំណាត់ផ្លូវវេងស្រេង និងតំបន់ឧស្សាហកម្មផ្សេងទៀតនៅរាជធានីភ្នំពេញ។
កងទ័ពពិសេសនៃកងពល៩១១ ដែលជាអង្គភាពជំនិតរបស់លោក ហ៊ុន សែន បានធ្វើការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៤។
មួយថ្ងៃក្រោយមក គឺថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៤ មានមនុស្សបួននាក់បានស្លាប់ និងម្នាក់បាត់ខ្លួន ហើយរបួសជាច្រើននាក់ផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មនោះ ដោយក្នុងថ្ងៃនោះមានការបាញ់រះពីក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សាហកម្មកាត់ដេរ កាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ លើកំណាត់ផ្លូវវេងស្រេងនោះ។
មានការចាប់ខ្លួនក្រុមសកម្មជនសិទ្ធិមនុស្ស២៣នាក់ផ្សេងទៀតក្នុងព្រឹត្តិការណ៍តវ៉ាលើផ្លូវវេងស្រេង និងនៅត្រង់តំបន់រោងចក្រស្ថិតនៅតាមផ្លូវជាតិលេខ៤ មកផ្តន្ទាទោសផងដែរ តែពួកទាំង២៣នាក់នេះ ក្រោយមកបានទទួលសេរីភាពវិញ បន្ទាប់ពីមានការថ្កោលទោសជាអន្តរជាតិពីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗ និងស្ថាប័នពាក់ព័ន្ធជាច្រើនដែលធ្វើការក្នុងវិស័យការងារ។ គណបក្សសង្គ្រោះជាតិក៏បានចូលរួមធ្វើបាតុកម្មក្នុងគ្រានោះដែរ។ នេះបើតាមការបញ្ជាក់របស់មេដឹកនាំសហជីពមួយចំនួន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ប្រាប់ VOA កាលពីថ្ងៃ សុក្រ ថា បាតុកម្មដែលមានគណបក្សប្រឆាំងចូលរួមនៅក្រោយការបោះឆ្នោត ឆ្នាំ២០១៣នោះ គឺមានចរិតជាបដិវត្តន៍។
លោកបានពណ៌នាយ៉ាងដូច្នេះ៖
«យើងដឹងហើយថា កាលពីឆ្នាំ២០១៣នោះគណបក្សសង្គ្រោះជាតិបានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត សុំឲ្យបោះឆ្នោតឡើងវិញ ហើយក៏នាំគ្នាធ្វើបាតុកម្មរហូតបន្លាយពេល រយៈពេលមួយឆ្នាំឯណោះ។ ក្នុងន័យនេះហើយ បានសេចក្តីថា នេះគឺមិនមែនជាការ បាតុកម្មទេ ដែលយើងរកឃើញពិតនោះគឺជា ការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំ រដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោត ឲ្យផ្តើមចេញពីមូលហេតុ ឬក៏លេសហៅថា មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ដូច្នេះអំពើហិង្សានៅវេងស្រេង យើងបានមានឯកសារគ្រប់គ្រាន់ទាំងអស់។ នេះក៏ជាការទប់ស្កាត់ នូវការ យើងហៅថា ការទប់ស្កាត់នៃកុបកម្ម»។
លោកបានបន្តថា ប្រសិនបើកុបកម្មពេលនោះ ទទួលបានជោគជ័យ នោះប្រទេសកម្ពុជានឹងជួបជម្លោះផ្ទៃក្នុងធ្ងន់ធ្ងរដូចប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា។
«ដូច្នេះយើងចាត់ទុកថា នេះមិនមែនជា បាតុកម្មដើម្បីទាមទារការដំឡើងប្រាក់ខែទេ គឺជាកុបកម្មសុទ្ធសាធ ឈានចេញពីកុបកម្មនោះ ប្រសិនបើកុបកម្មនោះបានជោគជ័យ នោះគឺរាជរដ្ឋាភិបាលកម្ពុជា ជួបវាសនា នូវជាតិកម្ពុជានោះ ធ្លាក់ទៅក្នុងភក់ជ្រាំ ឬគេហៅថា សង្គ្រាម ឬក៏វិបត្តិផ្ទៃក្នុងដូចជាបណ្តាប្រទេសនៅ នៅមជ្ឈិមបូព៌ា នៅឧទាហរណ៍ដូចជា ស៊ីរី ឬប្រទេសលីប៊ីជាមិនខានទេ ក៏ប៉ុន្តែជោគល្អ គឺយើងបានទប់ស្កាត់បាននូវកុបកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ»។
ក្នុងសំណុំរឿងវាយបង្ក្រាបហិង្សាលើហ្វូងបាតុករក្នុងទីតាំងឧស្សាហកម្មមួយចំនួនក្នុងរាជធានី ភ្នំពេញ នេះ មានក្រុមមេដឹកនាំសហជីពប្រាំមួយនាក់ត្រូវបានកាត់ទោសដោយតុលាការក្រុងភ្នំពេញឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ តែទោសត្រូវព្យួរ។
ពួកអ្នកទាំង៦រូប ត្រូវបានចោទពីបទ «អ្នកផ្តួចផ្តើមគំនិត ក្នុងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស គំរាមកំហែងថា នឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ និងបទធ្វើឲ្យស្ទះចរាចរនៅក្នុងព្រឹត្តិការណ៍ទាមទារប្រាក់ឈ្នួលក្នុងទីក្រុងភ្នំពេញ»។
ក្រុមមេដឹកនាំសហជីពទាំង៦នាក់នោះ មានលោក អាត់ ធន់ លោក ជា មុនី អ្នកស្រី យ៉ាង សោភ័ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និងអ្នកស្រី ម៉ម ញឹម។
ក្រោយការផ្តន្ទាទោសនោះ មានក្រុមមេដឹកនាំសហជីពបួននាក់ គឺលោក អាត់ ធន់ប្រធានសហភាពការងារកម្ពុជា លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា លោក រ៉ុង ឈុន អតីតសមាជិកមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងអ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតជាថ្មី ទៅក្នុងព្រឹត្តិកាណ៍បង្រ្កាបយ៉ាងហិង្សានោះ។
ក្រុមមេដឹកនាំសហជីពទាំងបួននាក់នេះអះអាងថា ពួកគេមិនបានប្រព្រឹត្តកំហុស ដូចការចោទរបស់តុលាការនោះទេ។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ការស៊ើបអង្កេតណាមួយ ក្នុងករណីនេះអាចធ្វើទៅបានឬក៏អត់នោះ គឺអាស្រ័យទៅតាមការបង្គាប់បញ្ជារបស់ស្ថាប័នតុលាការតែប៉ុណ្ណោះ៕