បេក្ខនារី​បក្ស​ប្រឆាំង​ប្តេជ្ញា​ផ្តល់​អភិបាល​កិច្ច​ល្អ​ពេល​ដឹកនាំ​ឃុំ-សង្កាត់

បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ​​ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ក្រុម​បេក្ខនារី​នៃ​គណបក្ស​ប្រឆាំង ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ​បេ្តជា្ញ​អភិវឌ្ឍ​ភូមិ​ឃុំ ​ពង្រឹង​សេវា​រដ្ឋបាល​ និង​ការពារ​តម្លៃ​នៃ​ផលិតផល​កសិកម្ម​ ប្រសិន​បើ​ពួកគាត់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ដឹកនាំ​ឃុំ-សង្កាត់​នោះ។​

ក្រុម​អ្នក​វិភាគនិ​យាយ​ថា​ បេក្ខនារី​របស់​គណបក្ស​សង្គ្រោះជាតិ​ ​អាច​នឹង​យក​ឈ្នះ​បេក្ខនារី​មក​ពី​គ​ណ​បក្ស​កាន់​អំណាច​បាន​ ប្រសិន​បើ​ពួកគេ​ឃោសនា​ វាយ​លុក​ចំលើ​ចំណុច​ចន្លោះ​ប្រហោង​របស់​មន្ត្រី​នៃ​គណបក្ស​កាន់​អំណាច​ ដែល​កំពុង​គ្រប់​គ្រង​កិច្ចការ​រដ្ឋបាល​នៅ​តាម​ឃុំ-សង្កាត់។​

ពួកគេ​ថា​ បេក្ខនារី​ទាំង​នោះ​ ក៏​ត្រូវ​បង្ហាញ​ជំហរ​បម្រើ​រាស្ត្រ​ ដោយ​បំពេញ​ឲ្យបាន​តាមការ​ចង់​បាន​របស់​រាស្ត្រ​ពាក់​ព័ន្ធ​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

កញ្ញា​ ស៊ិន ចាន់​ពៅ​រ៉ូហ្សេត​ បេក្ខនារី​សម្រាប់​តំណែង​ចៅសង្កាត់​ នៅ​សង្កាត់​អូចារ​ ខេត្ត​បាត់ដំបង​ ថ្លែង​ថា​ កញ្ញា​នឹង​ពង្រឹង​សេវា​ធ្វើលិខិត​រដ្ឋបាល​ឲ្យបាន​លឿន​ជាង​មុន​ និង​កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ភូមិ​ឃុំ​ នៅ​ពេល​កញ្ញា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ឲ្យធ្វើ​ជា​ចៅ​សង្កាត់។​

«រាល់​ថ្ងៃ ​ពេល​ដែល​ពលរដ្ឋ​ទៅ​ធ្វើ​លិខិត​ស្នាម​ ទទួល​លិខិត​ស្នាម​អត្រានុកូលដ្ឋាន​ផ្សេងៗ​ គឺ​អ្នកខ្លះ​បី​ខែ​ មួយឆ្នាំ​អី​ មិន​ទាន់​បាន​មក​វិញ​ផង។ អញ្ចឹង​ពេល​ដែល​ខ្ញុំ​ជាប់​ជា​ចៅ​សង្កាត់​ ខ្ញុំនឹង​សម្រួល​ និង​ជួយ​ធ្វើ​យ៉ាង​ដូចម្តេច​ឲ្យ​ពលរដ្ឋ​ដែល​គាត់​មក​ទទួល​សេវា​នៅ​ឃុំ​សង្កាត់​ហ្នឹង​ឲ្យបាន​ទាន់​ចិត្ត​ទាន់​ពេល​វេលា»។​

ការជួបជុំ​រវាង​បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

កញ្ញា​ ​ស៊ិន ចាន់​ពៅ​រ៉ូហ្សេត​ ​លើក​ឡើង​ថា​ ក្នុង​នាម​ជា​ចៅសង្កាត់​ កញ្ញា​ក៏​នឹង​ពិនិត្យ​ទៅ​លើ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ ដែល​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ និង​ជួយ​កុមារ​ឲ្យទទួល​បាន​អាហារ​រូបត្ថម្ភ​គ្រប់​គ្រាន់។ កញ្ញា​បន្ត​ថា​ កញ្ញា​នឹង​ខិតខំ​ស្នើ​រដ្ឋាភិបាល​ឲ្យបង្កើន​ថវិកា​ដល់​ការចំណាយ​នៅ​ក្នុង​ភូមិឃុំ។ កញ្ញា​និយាយ​ថា ​ថវិកា​ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល​គឺ​មិន​ដល់​៣០.០០០​ដុល្លារ​ ផងក្នុង​មួយ​ឆ្នាំ ហើយ​ការ​ចាត់​ចែង​ការ​ចំណាយ​ក៏​ពុំមាន​តម្លាភាព​ផងដែរ។

កញ្ញា​បន្ថែម​ថា៖

«ជាទូទៅគឺ​ប្រជាពលរដ្ឋ​អត់​ដែល​ទទួល​បាន​ព័ត៌មាន​ថា​ ក្នុង​មួយឆ្នាំ​ រដ្ឋាភិបាល​ទម្លាក់​មក​ឃុំ-សង្កាត់​ ក្នុង​ការ​អភិវឌ្ឍ​បាន​ប៉ុន្មាន​ទេ។ អញ្ចឹង​ពេល​ដែល​អាជ្ញាធរ​ ធ្វើ​អី​ស្រេច​តែ​អំពើ​ចិត្ត​គាត់។ ពេល​ខ្លះ​គាត់​ប្រើ​ប្រាស់​អត់​ចំគោលដៅ​របស់​គាត់​ តាម​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ទេ។ អីចឹង​បើសិន​ជា​ ឆ្នាំ​ ២០១៧​ ឆ្នាំ​ដំបូង​ ដែល​ខ្ញុំ​ជាប់​ជា​ចៅសង្កាត់​ ពេលនោះ​កញ្ចប់​ថវិកា​ហ្នឹង​ទម្លាក់​មក។ អញ្ចឹង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​មាន​អារម្មណ៍​កក់​ក្តៅ​ជាមួយ​យើង​ដែល​ជា​ចៅសង្កាត់​ថ្មី​ យើង​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ ទៅដល់​ត្រចៀក​គាត់​ក្នុង​ភូមិ​របស់​គាត់​ ឲ្យ​គាត់​ដឹង។ ទោះបី​ថវិកា​វា​មិន​ច្រើន​ ប៉ុន្តែ​វា​បង្ហាញ​ពីតម្លាភាព​ ពី​ភាព​ស្មោះត្រង់​របស់​អ្នកតំណាង​របស់គាត់»។

អ្នកស្រី​ ស្វាត​ វ៉ារី​ បេក្ខ​នារី​ម្នាក់​ទៀត​ ដែល​ឈរ​ឈ្មោះ​ ​នៅឃុំស្រះរាំង ស្រុក​មង្គលបុរី​ ខេត្ត​បន្ទាយ​មានជ័យ​ ថ្លែង​ថា​ អ្នកស្រី​នឹង​ការពារ​តម្លៃ​ស្រូវ​របស់​កសិករ​ ដែល​ជារឿយៗ​មិនបាន​ថ្លៃ​ ក្រោយ​ការ​ច្រូតកាត់។​

«នៅ​ឃុំ​ខ្ញុំ​ ការលក់​ផលិតផល​ស្រូវ​គឺដល់​ពេល​ខែលក់​ស្រូវ​ឡើង​ គឺ​កសិករ​ យំ​ យំ​ទាំង​អស់​គ្នា​ ដោយ​សារ​គាត់​ពិបាក​ក្នុង​ការ​លក់​ហើយ​គេ​ទិញ​ស្រូវ ​គឺ​ពេល​អ្នកធំ​ទៅ​ដល់​គេដាក់​តម្លៃ​ ៧៥​ (បាត)​ មួយ​តោន​ ៧៥០​(រៀល) ​ដល់​ពេល​អ្នកធំ​ចេញ​បាត់​ មួយតោន​តែ​ ៦២០​(រៀល) ​ទេ​ ធ្វើ​ឲ្យ​គាត់​ក្តៅ​ក្រហាយ»។​

អ្នកស្រី ស្វាត​ វ៉ារី​ និយាយ​ថា​ បញ្ហា​របស់​កម្មករ​ចំណាក​ស្រុក ជា​កិច្ចការ​សំខាន់​មួយ​ដែល​អ្នកស្រី​ត្រូវ​ដោះ​ស្រាយ​ផងដែរ​ នៅ​ពេល​ដែល​អ្នកស្រី​ក្លាយ​ជា​មេឃុំ។ អ្នកស្រី​និយាយ​ថា​ អ្នកស្រី​នឹង​ជួយ​សម្រួល​ដល់​កម្មករ​ក្នុង​ការ​ធ្វើ​លិខិតឆ្លងដែន ដែល​កន្លង​មក​មាន​ភាព​ស្មុគស្មាញ​ និង​ប្រើ​ពេល​វេលា​ច្រើន។​ អ្នកស្រី​បន្ថែម​ថា​ ការ​កែលម្អ​ផ្លូវ​ថ្នល់​ ក៏​ជា​កិច្ចការ​ដែល​អ្នកស្រី​នឹង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិឃុំ។

អ្នកស្រី​បន្ថែម​ថា៖ «យើង​អត់​ឲ្យ​មាន​ផ្លូវស្អិត​ ជាប់​ជើង​ដូច​សព្វថ្ងៃ​ទេ។ សព្វថ្ងៃ​គឺផ្លូវភក់​វ៉ល់​ ហើយ​ស្អិត»។ ​

បេក្ខនារី​លេខរៀង​ទី១​ សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ ជួបជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ប្រទេស​កម្ពុជា​គ្រោង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ នៅ​ក្នុង​ឃុំសង្កាត់​ចំនួន​១.៦៤៦​នៅទូទាំង​ប្រទេស។​ គណបក្ស​ធំៗ​ពីរ​បាន​បង្កើន​ចំនួន​បេក្ខជន​ស្រ្តី​ ឲ្យ​ឈរ​ឈ្មោះ​ក្នុង​លេខរៀង​ទីមួយ​ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ​ផងដែរ ។​

គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​បេក្ខជន​ស្ត្រី នៅ​លេខ​រៀងទី១​ចំនួន​ ១៣១​នាក់​ ស្មើនឹង​ ៧,៩៦ ភាគរយ​ គឺ​កើន​ចំនួន​ ៣៨​នាក់​ ធៀប​នឹង​ឆ្នាំ​ ២០១២​ ដែល​មាន​ចំនួន​ត្រឹមតែ​៩៣​នាក់ ​ប៉ុណ្ណោះ។​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ដាក់​បេក្ខជន​ស្ត្រី​នៅ​លេខ​រៀង​ទី១​ ចំនួន​ ១០៣​នាក់​ ស្មើ​នឹង​ ៦,២៥ ភាគរយ​ គឺ​កើន​ចំនួន​១៥នាក់​ បើ​ធៀប​ជា​មធ្យម​មកពី​គណបក្ស​ សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​អាណត្តិ​ទី​ ៣​ ឆ្នាំ​២០១២។​

ក្រុម​អ្នកវិភាគយល់​ឃើញ​យល់​ថា​ បេក្ខ​ជន​ស្ត្រី​ឈរ​ឈ្មោះ​ក្នុង​លេខរៀង​ទីមួយ​របស់​គណបក្ស​ជំទាស់​ដ៏​ធំ​នេះ​ ​អាច​យក​ឈ្នះ​បេក្ខជន​ស្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ ​ដោយ​ការ​ឃោសនា​គោល​នយោបាយ​បំពេញ​ចំណុច​ខ្វះខាត​ ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ ធ្វើ​មិន​បាន​ក្នុង​ពេល​គ្រប់​គ្រង​ឃុំ ​សង្កាត់​របស់​ខ្លួន។

ប៉ុន្តែ​ពួកគេ​មាន​ទស្សនៈ​ផ្ទុយគ្នា​ចំពោះ​ ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​បញ្ហា​ហិរញ្ញវត្ថុ​ ​និង​ចំណេះ​ដឹង​របស់​បេក្ខជនស្ត្រី​លេខ​រៀង​ទីមួយ​របស់​គណបក្ស​ប្រឆាំង។​

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវកិច្ច​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ មាន​ករណី​ជា​ច្រើន​ដែល​បង្ហាញ​ថា​ មេឃុំ​មួយ​ចំនួន​មិនបាន​ធ្វើ​ការ​បម្រើ​រាស្ត្រ​នោះ​ទេ​ ដោយ​ពួកគេ​គិត​ពី​ប្រយោជន៍​បក្ស​ច្រើន​ជាង។​

លោក​និយាយ​ថា៖​

«អ្នកខ្លះ​គឺ​មាន​សមត្ថភាព​ខ្ពស់​មែន​ ប៉ុន្តែ​ខ្ពស់​សម្រាប់​ខាង​គណបក្ស​ទេ​ ក៏ប៉ុន្តែ​សម្រាប់​ជួយពលរដ្ឋ​គឺ​អត់សូវ​មាន​ទេ​ ហើយ​សន្តាន​ចិត្ត​ក្នុង​ការ​ជួយ​ពលរដ្ឋ​ ដោយ​យុត្តិធម៌​ហ្នឹង​ ក៏​វា​អាច​អត់​ដែរ​ ឬ​ក៏​មាន​តិច​តួច»។ ​

លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពិធី​ជួបជុំ​បេក្ខនារី​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ទី​ស្នាក់ការ​គណបក្ស​ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ឯម​ សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​និយាយ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ពុំសូវ​មាន​សក្តានុពល​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ បើ​ក្រឡេកមើល​ទៅលើ​ធនធាន​ និង​កម្រិត​នៃ​ការ​អប់រំ។ ក៏ប៉ុន្តែ​លោក​ថា​ បេក្ខជន​ស្ត្រី​នៃ​គណបក្ស​ប្រឆាំង​នៅ​អាច​មាន​ ច្រក​យក​ឈ្នះ​លើ​គណបក្ស​កាន់​អំណាច​ ប្រសិន​បើ​ពួកគេ​ អាច​បំពេញ​ការ​ចង់បាន​របស់​យុវជន​ ដែល​ប្រាថ្នា​ចង់​បាន​របៀប​គ្រប់​គ្រង​ថ្មី។​

«ក៏​ប៉ុន្តែ​អ្វីដែល​អាច​ឲ្យ​គាត់​ឈាន​ទៅដល់​ សម្រេច​ទៅដល់​គោលដៅ​ ទៅ​លើ​ការ​យក​ជ័យ​ជំនះ ​ទៅ​លើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ហ្នឹង​ គឺ​ចរន្ត​ពលរដ្ឋ​នៃ​ការ​គិត​ ចរន្ត​ផ្នត់​គំនិត​ ផ្លាស់​ប្តូរ​ផ្លូវ​គំនិត​របស់​ប្រជាពលរដ្ឋ​ ជាពិសេស​យុវជន​វ័យ​ក្មេង​ ដែល​មានចំនួន​ច្រើន​ ដល់​អញ្ចឹង​ហើយ​សក្តានុពល​នេះ​វា​ ជា​ការ​ចង់​បាន​របស់​យុវជន​ គាត់​ចង់​បាន​ចរន្ត​ថ្មី។ អីចឹង​គណបក្ស​កាន់​អំណាច​កន្លងមក​ វា​មាន​ការ​រឹត​ត្បិត ​មិន​បាន​បំពេញ​តម្រូវការ​របស់​គាត់​ អីចឹង​គាត់​អាច​រើស​អ្នកថ្មី​ អានេះ​គឺ​ជា​ចរន្ត​មួយ​ ដែល​ត្រូវ​ដល់​ពេលវេលា​ ដែល​ប្រជាពលរដ្ឋ​ជ្រើស​រើស»។

លោក​ ឯម សុវណ្ណារ៉ា​ បាន​បន្ត​ទៀត​ថា​ គណ​បក្ស​សង្រ្គោះជាតិ​ ពុំមាន​បណ្តាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ ដូច​គណបក្ស​ប្រជាជនកម្ពុជា​នោះ​ទេ​ ដែលអាច​ពិបាក​នឹង​ផ្សព្វផ្សាយ​គោល​នយោបាយ​ដល់​អ្នក​បោះ​ឆ្នោត។​ លោក​អះអាង​ថា​ ការណ៍​នេះ​គឺ​ជា​ឧបសគ្គ​មួយ​ដល់​គណបក្ស​ប្រឆាំង​ដើម្បី​យក​ឈ្នះ​គណបក្ស​កាន់​អំណាច។

«ខ្ញុំ​មើល​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​វាមាន​ការ​លំបាក​ វា​មិន​ស្មើ​ភាព​ដូចពី​ឆ្នាំ​មុន​ អណត្តិ​មុន​ ២០១២ គេ​មាន​ពេល​វេលា​ច្រើន​នៅ​ក្នុងការ​ឃោសនា​សាធារណៈ​អី​មាន​ច្រើន​ ដល់​ឥឡូវ​គេកាត់​បន្ថយ​ ហើយ​ ខាង​គណបក្ស​ប្រឆាំង​ខ្វះ​មធ្យោបាយ​ក្នុង​ការ​ផ្សព្វផ្សាយ។ ហើយ​មួយទៀត​ ​គេហៅ​ថា​ ពាក់​ព័ន្ធនឹង​លក្ខណៈ​សម្បត្តិ​ ឬ​ក៏​ចំណេះ​ដឹង​នៃ​បេក្ខជន​ នៅ​ខាង​គណបក្ស​ប្រឆាំង​មាន​កម្រិត​ដល់​អញ្ចឹង​ទៅ​ ពិបាក​ទាក់​ទាញ​គេ​ហៅ​ថា​ ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ»។

សម្រាប់​លោក​ មាស នី​ ប្រព័ន្ធ​ផ្សព្វផ្សាយ​មិនមែន​ជា​បញ្ហា​ស្នូល​ សម្រាប់​ទាញ​ការ​គាំទ្រ​នោះ​ទេ​ ដោយ​សារ​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់ បាន​ងាក​មក​ប្រើ​ប្រាស់​បណ្តាញ​សង្គម។ លោកថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ ក៏មិន​បាន​ផ្តល់​ព័ត៌មាន​ដែល​មិន​លំអៀង​ដល់​ប្រជាពលរដ្ឋ​ ហើយ​ច្រើន​តែ​កាន់​ជើង​គណបក្ស​កាន់​អំណាច​ ដូច្នេះ​ពលរដ្ឋ​មិន​ចាប់​អារម្មណ៍​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នោះ​ទេ។

«ទស្សនៈ​របស់​ខ្ញុំ​គឺ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពេល​នេះ​ ហាក់​ដូចជា​មិនសូវ​សំខាន់​ដូច​ព័ត៌មាន​ ដែល​គេ​បញ្ជូន​តាម​ហ្វេសប៊ុក​ ឬ​ក៏តាម​អ៊ិនធឺណិត​ទេបាទ»។​

ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​ឆ្នាំ​២០១៧​នេះ ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​គ្នា​ជាង​រាល់​ដង​ ដោយ​សារ​តែ​គណបក្ស​កាន់អំណាច ​និង​គណបក្ស​ប្រឆាំង​មាន​កម្លាំង​ប្រហាក់​ប្រហែល​គ្នា។​

មុន​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ​ មេដឹកនាំ​រដ្ឋាភិបាល​ ក៏​បាន​ព្រមាន​ជាបន្ត​បន្ទាប់​អំពី​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម ​ប្រសិន​បើ​បក្ស​ប្រជាជន​កម្ពុជា​ មិន​ត្រូវបាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​ប្រទេស​បន្ត​ទៀត។ កាលពី​ពេល​ថ្មីៗ​នេះ​ នាយ​ឧត្ដម​សេនីយ៍​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ក៏​បាន​ព្រមាន​វាយ​បំបែក​ធ្មេញ​ក្រុម​ណា​ដែល​ចេញ​មក​តវ៉ា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ផង​ដែរ៕