សង្គ្រោះ​ជាតិ​អង្វរ​ចៅ​សង្កាត់​ថ្មី​នៅ​ភ្នំពេញ​​​ប្រឹង​ធ្វើការ​កុំ​ឱ្យ​ខូច​ឈ្មោះ​បក្ស

លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ ផ្តល់​បទសម្ភាសន៍​ដល់VOA កាល​ពីថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ ​​បាន​ស្នើ​ឲ្យ​ចៅសង្កាត់​ទាំងអស់​ កុំ​រើស​អើង​ចំពោះ​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ស្នើ​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា​ឲ្យ​បាន​ល្អ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន។

នៅ​សល់​តែ​ជាង​៤០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ចៅសង្កាត់ និង​ក្រុមប្រឹក្សា​ជាប់ឆ្នោត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ​នឹង​ឡើង​កាន់​តំណែង​នៅ​តាមសង្កាត់​ ដែល​គណបក្ស​ប្រឆាំង​មួយ​នេះ​បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់។​

គណបក្ស​ប្រឆាំង​អះអាង​ថា ឈ្នះ​តំណែង​ចៅសង្កាត់​ច្រើន​ជាង​គណបក្ស​ប្រជាជនកម្ពុជា​ដោយ​ទទួល​បាន​៥៧​ក្នុង​ចំណោម​សង្កាត់​ទាំង១០៥ ​នៅ​រាជធានី​ភ្នំពេញ។ ថ្នាក់ដឹកនាំ​គណបក្សបាន​ជួប​ប្រជុំ​ជាមួយ​ចៅសង្កាត់ ​និង​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​ នៅ​ទីស្នាក់​ការ​បក្សក្នុង​សង្កាត់​ចាក់អង្រែ​លើ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

គណបក្ស​សង្រ្គោះ​ជាតិ​បាន​ណែនាំ​ឲ្យ​ចៅសង្កាត់​ដែល​ជាប់​ឆ្នោត​ទាំងអស់ បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ខណៈ​ចៅសង្កាត់​ទាំង​នោះ​បាន​បង្ហាញ​ក្តីបារម្ភ​ថា​ អាច​នឹង​មាន​ការ​រើសអើង​ពី​សំណាក់​រដ្ឋាភិបាល ​និង​ថ្នាក់​លើ ​ហើយ​គម្រោង​អភិវឌ្ឍន៍​មិនត្រូវ​បានបែង​ចែក​ឲ្យ​ស្មើ​គ្នា។​

អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ លោក យឹម សុវណ្ណ បាន​ណែនាំ​ឲ្យ​ចៅសង្កាត់​ និង​ក្រុមប្រឹក្សា​ទាំងអស់ ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ក្នុង​នោះ​មាន​ការ​ផ្តល់​សេវា​ឯកសារ​ទាន់​ពេល​វេលា និង​មាន​វត្តមាន​នៅ​សង្កាត់​ជាប្រចាំ។ លោក​ក៏​បាន​ណែនាំ​ឲ្យ​ចៅសង្កាត់ ​និង​ក្រុមប្រឹក្សា​ទាំងអស់ មាន​អាកប្ប​កិរិយា​ល្អ​ និង​រួសរាយ​ទៅ​កាន់​ប្រជាពលរដ្ឋ។

ចៅសង្កាត់ និង​ក្រុមប្រឹក្សា​ដែលជាប់ឆ្នោត​មក​ពីគណបក្ស​សង្រ្គោះជាតិ ចូលរួមកិច្ចប្រជុំ​នៅទីស្នាក់ការ​គណបក្ស ដើម្បី​ទទួល​បានការណែនាំ​ អំពី​ការដឹកនាំសង្កាត់។ (ស៊ុន ណារិន/VOA)

លោក​មាន​ប្រសាសន៍​ថា៖ «ប្រហែលជា​៤៥ថ្ងៃ​ទៀត ចូល​កាន់​តំណែង រឿង​សេវា​សាធារណៈ ដាក់​ឲ្យ​ប្លែក​ សាលាឃុំពីមុន អត់​មាន​អ្នក​ទទួល​ភ្ញៀវ មិន​ញញឹម​ញញែមរាក់ទាក់ អត់តែ​ អត់​កាហ្វេ អត់​កៅអី​អង្គុយ ​ដាក់​ទាំងអស់»។

លោក យឹម សុវណ្ណ ​ក៏​បាន​ស្នើ​ឲ្យ​ចៅសង្កាត់​ទាំងអស់​ កុំ​រើស​អើង​ចំពោះ​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ស្នើ​ឲ្យ​ធ្វើ​ការ​ជាមួយ​គ្នា​ឲ្យ​បាន​ល្អ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន។

លោក​ក៏​បាន​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ​និង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​គណបក្ស​ដទៃ​យក​ភាព​អសកម្ម​ណា​មួយ​មក​ចាប់​កំហុស។

លោក​បាន​បញ្ជាក់​ថា៖ «ស្មៀន​ក្រសួង​មហាផ្ទៃ​ណា ​ហើយ​ក្រុមប្រឹក្សា​មក​ពីគណបក្ស​ផ្សេង​ជុំវិញ​ខ្លួន​យើង​ហ្នឹង ​សុទ្ធ​តែ​កំពុង​បាញ់ភ្នែក​មក​ហើយ។ មិន​បាច់​ធ្វើ​ច្រើន​ទេ ៥០០​ឃុំសង្កាត់​ហ្នឹង ធ្វើ​បាប​មេឃុំ​យើង​តែ​៣ហ្នឹង ផ្អើល​ទូរទស្សន៍ ផ្អើល​អីហ្នឹង ខូច​ឈ្មោះ​គណបក្ស​ខ្ទេច បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន។ សូម​អង្វរ ​សុំ​ប្រយ័ត្ន​ឲ្យ​មែន​ទែន»។

ខណៈ​សង្ឃឹម​ថា​ ចៅសង្កាត់​ទាំង​នោះ​នឹង​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​ការ​បោះឆ្នោត​តំណាងរាស្រ្ត​ឆ្នាំ២០១៨ ​អ្នកនាំពាក្យ​រូប​នោះ ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​រើសអើង​ពី​រដ្ឋាភិបាល​ចំពោះ​ចៅសង្កាត់​មក​ពីគណបក្ស​សង្រ្គោះជាតិ។​

លោក យឹម សុវណ្ណ បាន​ថ្លែង​ប្រាប់​VOAថា៖ «ការ​ព្រួយ​បារម្ភ​មាន ក៏ប៉ុន្តែ​នៅ​តែ​សង្ឃឹមថា គណបក្ស​កាន់អំណាច​ហ្នឹង ​គាត់​ធ្វើ​សេចក្តី​សម្រេច​អ្វី​ក៏​ដោយ អត់​មាន​ការ​រើស​អើង​ទេ។ បើ​សិន​ជា​លទ្ធភាព​ថវិកា​បែង​ចែក​ទៅ​ឲ្យ​ឃុំ​សង្កាត់ បាន​ប៉ុណ្ណា គឺត្រូវ​បែង​ចែក​ឲ្យ​មាន​សមធម៌ និង​បែង​ចែក​អត់​មាន​ការ​រើស​អើង​ទេ»។

ចៅសង្កាត់​ដែល​ជាប់ឆ្នោត ​នឹង​ចូលកាន់​តំណែង​នៅ​ខែកក្កដា ខាង​មុខ​នេះ។ នេះ​ជាលើក​ដំបូង​ហើយ ​ដែល​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​ ទទួលបាន​តំណែង​ចៅ​សង្កាត់​នៅ​រាជធានី​ភ្នំពេញ​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

កាល​ពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០១២ គណបក្ស​ប្រឆាំង​មួយ​នេះ ទទួល​បាន​តំណែង​ចៅ​សង្កាត់​តែ​ ៤០​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស។

ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​ ដែល​ជាប់​ឆ្នោត លោក ផល ស៊ីថុន អាយុ៥០ឆ្នាំ ដែល​កំពុង​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់ ​បាន​ថ្លែង​ប្រាប់​VOA​ ថា លោក​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​សង្កាត់​នៅ​ពេល​ខាង​មុខ។ លោក​បន្ត​ថា លោក​នឹង​ខិតខំ​ផ្តល់​សេវា​មូលដ្ឋាន​ឲ្យ​បាន​ល្អ ដោយ​បម្រើ​សេវា​ទាំង​ថ្ងៃ​ចុង​សប្តាហ៍។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «យើង​កំណែ​ទម្រង់ រដ្ឋបាល​នៅ​សាលា​សង្កាត់។ មាន​ន័យ​ថា​ ២៤​ម៉ោង លើ​២៤​ម៉ោង មិន​រាប់​ថ្ងៃ​សៅរ៍​ ថ្ងៃ​អាទិត្យ រដ្ឋបាល​សាលា​សង្កាត់​ត្រូវ​មាន​មនុស្ស​ប្រចាំ​ការ ជាពិសេស​ចៅ​សង្កាត់​ត្រូវ​តែ​ប្រចាំ​ការ»។

ចៅសង្កាត់​ចាក់អង្រែ​ក្រោម​ដែល​ជាប់​ឆ្នោតមក​ពីគណបក្ស​សង្រ្គោះជាតិ​ លោក ផល ស៊ីថុន អាយុ៥០ឆ្នាំ ផ្តល់បទសម្ភាសន៍​ដល់VOA កាល​ពីថ្ងៃទី​៨ ខែមិថុនា។ (ស៊ុន ណារិន/VOA)

ទោះ​ជា​យ៉ាងណា ​លោក​ក៏​បាន​បង្ហាញ​ការ​បារម្ភ​ថា អាច​នឹង​មាន​ការ​រើសអើង​ក្នុង​ការ​ផ្តល់​ថវិកា និង​គម្រោង​អភិវឌ្ឍន៍​សម្រាប់​សង្កាត់​ដែល​មាន​ចៅ​សង្កាត់​មក​ពី​គណបក្ស​ប្រឆាំង។​

លោក​បាន​បញ្ជាក់​ថា​៖ «ខ្ញុំ​សូម​អំពាវនាវ​ ទី​មួយ​ស្ថាប័ន​រដ្ឋ ដែល​ធ្លាប់​បាន​សហការ​ជាមួយ​សាលា​សង្កាត់ ​ក្រសួង​មន្ទីរ ​ក្រោម​ឱវាទ​របស់​សាលាក្រុង មេត្តា​កុំ​រើស​អើង។ ទីពីរ​សូម​អំពាវនាវ​ដល់​សប្បុរស​ជន​ ដែល​មាន​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​សង្កាត់ ​សូម​មេត្តា​ជួយ​សង្កាត់​ចាក់អង្រែ​យើង​ផង»។

ចៅសង្កាត់​ជាប់​ឆ្នោត​រូប​នោះ បាន​ឲ្យ​ដឹង​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​គ្រឿង​ញៀន ប្រព័ន្ធ​លូ​ស្ទះ​ និង​ប្រព័ន្ធ​ខ្សែ​ភ្លើង​ មិន​មាន​របៀប​រៀបរយ​នៅ​ក្នុង​សង្កាត់។

ចៅសង្កាត់​ជាប់​ឆ្នោត​ម្នាក់​ទៀត​សម្រាប់​សង្កាត់​ចោមចៅ​ទី១ លោក កង វង អាយុ៣៣ឆ្នាំ និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង បាន​ថ្លែង​ប្រាប់​VOAដែរ​ថា លោក​នឹង​រៀបចំ​ផ្លូវ​វ៉េងស្រេង ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ ជា​ពិសេស​ការ​លក់​ដូរ​នៅ​តាម​ផ្លូវ ដើម្បី​កុំ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍។ លោក​បន្ត​ថា ​លោក​តាំង​ចិត្ត​ថា នឹង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ និង​មិន​រើសអើង​ចំពោះ​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​កាន់​អំណាច​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា ៖ «និយាយ​មួយ​ម៉ាត់ មិន​រើស​អើង​លើ​បុគ្គល​ណា​ទេ(ក្រុមប្រឹក្សា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា)។ យើង​អត់​មាន​មាន​រើស​អើង។ យើង​នឹង​ហៅ​ពួកគាត់​មក​ជួយ​សហការ មិន​ថា​ មេឃុំ​គណបក្ស​ប្រជាជន​ដែល​គាត់​កាន់​ពី​មុន​ហ្នឹង​មក»។​

ចៅសង្កាត់​ជាប់​ឆ្នោត​សម្រាប់​សង្កាត់​ចោមចៅ​ទី១ មកពីគណបក្ស​សង្រ្គោះជាតិ លោក កង វង ផ្តល់បទសម្ភាសន៍​ដល់ VOA កាល​ពីថ្ងៃទី​៨ ខែមិថុនា។ (ស៊ុន ណារិន/VOA)

ទោះជាយ៉ាងណា លោក​ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ថ្នាក់​លើ​រើស​អើង​សង្កាត់​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្រ្គោះជាតិ។

លោក​មាន​ប្រសាសន៍​ថា៖​ «អញ្ចឹង​ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​គាត់ កុំ​មាន​ការ​រើសអើង ធ្វើ​ម៉េច​កាតព្វកិច្ច​អ្វី​ដែល​គាត់​អាច​ផ្តល់​ដល់​ពួក​យើង​ខ្ញុំ ជា​ចៅសង្កាត់​ដែល​ឡើង​ថ្មី​នេះ សូម​ឲ្យ​គាត់​ផ្តល់​មក​តាម​អ្វី​ដែល​គាត់​អាច​ផ្តល់​បាន»។​

លោក​បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​មាន​គម្រោង​ផ្លាស់​ប្តូរ​មេ​ភូមិ​នៅ​ឡើយ​ទេ តែ​លោក​បារម្ភ​ថា ​មេ​ភូមិ​ទាំង​នោះ ​មិន​អាច​ធ្វើការ​ជាមួយ​ចៅសង្កាត់ និង​ក្រុមប្រឹក្សា​មក​ពី​គណបក្ស​សង្រ្គោះជាតិ​បាន។

គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​ឃុំសង្កាត់​បច្ចុប្បន្ន​នេះ នៅ​មាន​ចំនួន​តិច​តួច​នៅឡើយ គឺ​ត្រឹមតែ ​៣​ទៅ​៥ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ។ គណបក្ស​បាន​សន្យា​ថា នឹង​ផ្តល់​ថវិកា​ដល់​ឃុំសង្កាត់​នីមួយៗ​យ៉ាងតិច​៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ប្រសិន​បើ​ខ្លួន​ឈ្នះ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។

ចៅសង្កាត់​បឹង​ទំពុន២ ​ដែល​ជាប់​ឆ្នោត​ លោក ជា យ៉ាម៉ន​ បាន​ថ្លែង​ប្រាប់​VOAថា លោក​នឹង​តវ៉ា​ប្រសិន​បើ​មាន​ការ​បែក​ចែក​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​សង្កាត់​ មិន​ស្មើគ្នា បើ​ធៀប​នឹង​សង្កាត់​ផ្សេងៗ​ទៀត។ លោក​បន្ត​ថា លោក​មិន​មាន​ជំនឿ​ថា ​កាកបាទ​ក្រហម​កម្ពុជា ​នឹង​សហការ​ជាមួយ​សង្កាត់​ដែល​លោក​ដឹកនាំ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខ​លំបាក​នោះ​ទេ។

លោក ជា យ៉ាម៉ន បាន​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ផ្តល់​សេវា​នៅ​តាម​មូលដ្ឋាន។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន ក្នុង​នាម​ខ្ញុំ​ជា​បេក្ខជន​ចៅ​សង្កាត់​គណបក្ស​សង្រ្គោះ​ជាតិ​បឹងទំពុន២។ គឺ​ខ្ញុំ​បាន​ត្រៀម​លក្ខណៈ​ទុក​ជា​មុន​ហើយ។ ខ្ញុំ​នឹង​មិន​បារម្ភ​អ្វី​ទាំងអស់ ដែល​យើង​តែ​បារម្ភ​ថា គេ​នឹង​សាកល្បង​យើង។ គេតែង​យក​នុយ ធ្វើ​ឲ្យ​យើង​ជាប់​អន្ទាក់​របស់​គេ»។ រាល់​ការ​ចង់​យក​លុយ​មក​សូក​ខ្ញុំ​ហ្នឹង អី​ទាំង​អស់ហ្នឹង គឺ​យើង​មិន​ទទួល​លុយ​គាត់​ទេ»។

ចៅសង្កាត់​បឹង​ទំពុន២ ដែល​ជាប់​ឆ្នោត មក​ពីគណបក្ស​សង្រ្គោះជាតិ​ លោក ជា យ៉ាម៉ន ផ្តល់បទសម្ភាសន៍​ដល់VOA កាល​ពីថ្ងៃទី​៨ ខែមិថុនា។ (ស៊ុន ណារិន/VOA)

ចៅ​សង្កាត់​ជាប់​ឆ្នោត​រូប​នោះ ក៏​បាន​អះអាង​ទៀត​ថា លោក​នឹង​រៀបចំ​សង្កាត់​របស់​លោក​ឲ្យ​មាន​ របៀប​រៀបរយ និង​បរិស្ថាន​ល្អ។ លោក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​សម្រាប់​សង្កាត់​ដែល​រក្សា​បរិស្ថាន​បាន​ល្អ ដែល​លោក​ថា នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល​លោក​បាន​រៀន​សូត្រ​ពី​ក្រៅ​ប្រទេស។

បើ​តាម​អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ ការ​ឈ្នះ​ចៅ​សង្កាត់​លើស​គណបក្ស​កាន់អំណាច គណបក្ស​ប្រឆាំង​នឹង​មាន​តំណែង​ប្រធាន​ក្រុមប្រឹក្សា​សម្រាប់​ខណ្ឌ​នៅ​រាជធានី​ភ្នំពេញ ហើយ​នឹង​ទទួល​បាន​តំណែង​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ផងដែរ។

លោក​ យឹម សុវណ្ណ បាន​បញ្ជាក់​ថា តំណែង​នេះ​អាច​មាន​ឥទ្ធិពល​ដល់​ការ​សម្រេច​បែង​ចែក​គម្រោង​អភិវឌ្ឍន៍​ក្នុង​ខណ្ឌ​ និង​សង្កាត់។

អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​គោលការណ៍​ និង​នីតិវិធី​ក្នុង​ការ​បែង​ចែង​ថវិកា ​និង​មាន​គម្រោង​ត្រឹមត្រូវ​សម្រាប់​អភិវឌ្ឍ​សង្កាត់។ លោក​បន្ត​ថា​ចៅសង្កាត់​ជាប់ឆ្នោត​ជា​មន្រ្តី​សាធារណៈ​ដែល​បម្រើ​ប្រជាពលរដ្ឋ ដូច្នេះ​លោក​ថានឹងមិន​មាន​ការ​រើសអើង​នោះ​ទេ។

លោក ផៃ ស៊ីផាន ​បាន​បន្ថែម​ថា ​ប្រសិន​បើ​មាន​ការ​រើសអើង ចៅសង្កាត់​ទាំង​នោះ​អាច​ប្តឹង​មក​ក្រសួង​មហាផ្ទៃ​បាន។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ហើយ​គាត់​មាន​សិទ្ធិ បើ​អ្នកណា មិន​សហការ​ជាមួយ​គាត់ គាត់​អាច​ប្តឹង​មក​ក្រសួង​មហាផ្ទៃ។ មិន​មែនដោយយក​លេសថា គាត់​មក​ពីគណបក្ស​ថ្មី ដែល​គាត់​មិន​អាច​ធ្វើ​បាន ​កាល​ណា​គាត់​និយាយអញ្ចឹង ​បាន​គាត់​ថា អត់​មាន​សមត្ថភាព​ទេ។ អ្វី​ដែល​អតីត​គណបក្ស​ប្រជាជន​ លោក​បាន​ធ្វើ ធ្វើ​បន្ត​ទៀត ខ្ញុំ​មើល​ទៅ​អត់​មាន​អ្វី​ដែល​ជា​ឧបសគ្គ​ទេ»។

អ្នកនាំពាក្យ​រូប​នោះ ក៏​បាន​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​រើសអើង​គ្នា ដោយសារ​ការ​បោះឆ្នោត​មិន​មែន​ជា​ការ​ដណ្តើម​ឈ្លោះ​ប្រកែកគ្នា​ទេ គឺ​ជា​ការ​ផ្តល់​សេវាកម្ម និង​ផ្តល់​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ។

បើតាម​គណបក្ស​សង្រ្គោះជាតិ​ ​បក្ស​ប្រឆាំង​ដណ្តើម​អាសនៈ​ពី​បក្ស​កាន់​អំណាច​បាន​ជា​ច្រើន​ ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ធំៗ​ រួមមាន​ខេត្ត​សៀមរាប​ កំពង់​ចាម​ បាត់ដំបង​ និង​កំពង់ធំ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា​ ខ្លួន​ឈ្នះ​តំណែង​មេឃុំ​ចៅសង្កាត់ ជិត៥០០​ ក្នុង​ចំណោម​១៦៤៦ ឃុំ​សង្កាត់​ទូទាំង​ប្រទេស ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ កាល​ពីថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ២០១៧៕