តំណាងរាស្ត្រ​បក្ស​ជំទាស់​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​​អនុម័ត​​​​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​

រូប​ឯកសារ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ ២០១៣។ (AP)

ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​សម្រេច​មិន​​​ចូល​រួម​ប្រជុំ​​​​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធន​​​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ខាង​មុខ ​ដោយ​​​​បញ្ជាក់​ថា​ ​ច្បាប់​នេះ​នឹង​ត្រូវ​រង​ការ​រិះ​គន់​ និង​ថ្កោល​ទោស​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន។​

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​ពហិការមិន​ចូល​ប្រជុំអនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូង​ចម្រាសស្តីពី​គណបក្ស​នយោបាយ​ ​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍សម្រេចយក​ទៅ​ពិភាក្សា​ និង​អនុម័ត​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ។​

ក្រោយ​កិច្ច​ប្រជុំ​អចិន្រ្តៃយ៍ ដែល​បាន​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​ជាង​១​ម៉ោង​ រវាងក្រុម​តំណាង​រាស្រ្ត​មកពី​គណបក្ស​កាន់​អំណាច​ ​និង​គណបក្សជំទាស់ ​ដែល​មាន​សំឡេង​ភាគតិច​ក្នុង​សភា​ ​តំណាង​របស់​គណបក្ស​នីមួយៗ​បាន​ចេញ​មក​ខាង​ក្រៅ​បន្ទប់ប្រជុំដើម្បី​ថ្លែង​ប្រាប់​ពី​កិច្ច​ប្រជុំ​នោះ។

លោក អេង ឆៃអ៊ាង​ ​តំណាង​រាស្រ្ត​ និង​ជា​អនុ​ប្រធាន​គណបក្ស​ជំទាស់​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ​ បាន​ពន្យល់​ថា​ សេចក្តី​ស្នើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថ្មី​នេះ​មានចំណុច​មួយ​ចំនួន​ក្នុង​មាត្រា​៦​ថ្មី​នៃច្បាប់​នេះ​ ដែល​បាន​ចែងរំលោភ​លើ​រដ្ឋធម្មនុញ្ញ​ ​រំលោភ​លើ​ច្បាប់អន្តរជាតិ​ស្តីពី​សិទ្ធិ​នយោបាយ​ ​និង​សិទ្ធិ​ពលរដ្ឋ។​ ​លោក​បន្ថែម​ថា​ ​ការ​បង្កើត​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​គឺជា​ការ​បង្កើត​ច្បាប់​ដើម្បី​ក្តាប់​អំណាច​ ​និង​រឹតត្បិត​សេរី​ភាព​ដើម្បីកម្ចាត់​ខ្មែរ​គ្នា​ឯង។​

លោក​បញ្ជាក់​ថា៖​

«ចំណុច​ទី​៦​ហ្នឹង​ ​យើង​គួរ​អស់​សំណើច​ទេ?​ ​មិន​ឲ្យ​គណបក្ស​នយោបាយ​ប្រើ​ប្រាស់​របស់​អ្វី​ដែល​ជា​ផល​ប្រយោជន៍​សកម្មភាព​របស់​ខ្លួន​ឯង។​ ​វា​អត់​មាន​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ​ឯ​ណា!​ ​អាហ្នឹង​រំលោភ​រដ្ឋ​ធម្មនុញ្ញ​មាត្រា​៣១​ ​មាត្រា​៤០​ប្លាយ​ហ្នឹង​ ​ដែល​គេ​ចែង​ថា​ ​ពលរដ្ឋ​គ្រប់​រូប​ហ្នឹង​មាន​សេរីភាព​ធ្វើ​សកម្មភាព​អី​ទាំងអស់ ​កុំ​ឲ្យ​តែ​សកម្មភាព​ទាំ​ង​អស់​ហ្នឹង​ប៉ះពាល់​សិទ្ធិអ្នក​ដ​ទៃ​ ​ឬ​ប៉ះពាល់​ផល​ប្រយោជន៍​ជាតិ។​ ​ឧទាហរណ៍​ថា​ ​យើង​យក​រូប​របស់​ទណ្ឌិត​ ​ឬ​ក៏​សំឡេងយក​មក​ប្រើប្រាស់​ដើម្បី​រក​ការ​គាំទ្រ​ ​ឬ​រក​ប្រជា​ប្រិយភាព​របស់​ខ្លួន​ហ្នឹង​ ​វាអត់​មាន​ច្បាប់​ណា​ហាម​ឃាត់​ទេ​ ​តែ​ឥឡូវគេ​ធ្វើ​ច្បាប់​ហាមឃាត់​បែប​ហ្នឹង​គឺ​វា​មិន​ដែល​មាន!​ អីចឹងវា​ជា​ការ​រឹត​ត្បិត​សេរីភាព​ប្រជា​ពលរដ្ឋ​មួយ​ក្រុម»។​

លោក ​អេង ឆៃអ៊ាង​ បន្ថែមថា​ ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​នឹង​មិន​ចូល​រួម​ប្រជុំ​ពេញអង្គ​ជាមួយគណបក្ស​កាន់​អំណាចដើម្បី​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ខាង​មុខនេះ​ឡើយ។​ លោក​បញ្ជាក់​ថា ​ការ​សម្រេចមិន​ចូល​រួមអនុម័ត​ច្បាប់​នេះ ​គឺ​ដោយ​សារ​ច្បាប់​នេះ​នឹង​ត្រូវ​រង​ការ​រិះ​គន់​ និង​ថ្កោល​ទោស​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន​ ដែល​លោក​អះអាង​ថា ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្រទេស​ជាតិ។​

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«ច្បាប់​ហ្នឹង​និយាយ​ឲ្យ​ខ្លី​ទៅ​គោល​បំណង​របស់​គេ​គឺ​គេ​បង្រួម​ផ្លូវរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ដើរ​ហ្នឹង​ ឲ្យ​រួម​តូច។​ ​ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ​គណបក្ស​សង្គ្រោះ​ជាតិគឺត្រូវ​ធ្វើ​អ្វីៗ​ដើម្បី​ឆ្ពោះ​ទៅ​គោល​ដៅ​ដែល​បាន​កំណត់។​ ​គោល​ដៅ​ដែល​បាន​កំណត់​គឺការ​ផ្លាស់​ប្តូរ​តាម​រយៈ​ការ​បោះឆ្នោត។​ ​អីចឹងយើង​ត្រូវ​ធ្វើម៉េច​ដើម្បី​ទៅ​ដល់​ការ​បោះឆ្នោត។​ ​យើង​អត់​ដើរ​តាម​ផ្លូវ​គេ​គូស​វាស​ទេ»។​

មាត្រា​៦​ថ្មីដែល​ស្នើ​ដោយ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជាបាន​បន្ថែម​ចំណុច​ចំនួន​បី​ដែល​ក្នុង​នោះ​មាន​ការ​ហាម​ប្រាម​គណបក្ស​នយោបាយ​មិន​ឲ្យ«ប្រើប្រាស់​សារ​ជា​សំឡេង​ ​រូប​ភាព ​ឯកសារ​ជា​លាយ​លក្ខណ៍​អក្សរ​ ​ឬ​សកម្មភាព​របស់​ទណ្ឌិត‍» ​និង«យល់ព្រម​ដោយ​ចំហ ​ឬ​ដោយ​តុណ្ហីភាព​ ​ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត»។​ ​បើ​សិន​ជា​រក​ឃើញ​ថា​ មាន​ការ​ប្រព្រឹត្ត​ល្មើស​ គឺ​អាជ្ញាធរ​នឹង​រំលាយ​គណបក្ស​ ​ឬ​ហាមឃាត់​សកម្មភាព​រហូត​ដល់​ប្រាំឆ្នាំ​ ​ដែល​នាំ​ឱ្យ​បាត់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត។

លោក ​ឈាង វុន​ ​តំណាង​រាស្រ្ត​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ ​ការ​ធ្វើ​សេចក្តី​ស្នើវិសោធន​កម្ម​ច្បាប់​ថ្មី​ស្តីពី​គណបក្ស​នយោបាយ ​ដោយ​ដាក់​គំនាប​មិន​ឲ្យ​ទណ្ឌិត​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​នេះ​ ​គឺ​ដើម្បី​ការពារកម្ពុជាកុំ​ឲ្យ​មហា​អំណាច​លូក​ដៃ​ចូល​ តាម​រយៈ​យុទ្ធសាស្រ្ត​ប្រើ​ទណ្ឌិត​មក​បំបែកជាតិ ដូចធ្លាប់​កើត​មាន​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​កន្លង​មក។​ ​លោក​បន្ថែម​ថា​ ​គណ​បក្សកាន់​អំណាច​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ ​ក៏​មាន​បំណង​បង្កើត​សេចក្តី​ស្នើ​ច្បាប់​នេះ​ដើម្បីការពារ​សមិទ្ធិផល​របស់​គណបក្ស​ដែល​បាន​កសាង​នា​ពេល​កន្លង​មក។​

លោក​មាន​ប្រសាសន៍​ថា៖​

«ហ្វីលីពីន​មាន​ហើយ​ ​ដើម្បី​ផ្តួល​រំលំ​ម៉ាកូស​ ​គេ​យក​អាគីណូ​ជិះ​កប៉ាល់​ហោះ​មក​ ​ហើយ​គេ​បាញ់​សម្លាប់​ទៅ​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ជាតិ​ប៉ុណ្ណា​ប៉ុណ្ណី​ ទម្រាំ​តែ​សើរើ​ខ្លួនឡើង​វិញ​ ព្រោះ​បន្ទោស​អ្នក​ក្នុង​ស្រុក ​គេ​ការពារ​ច្បាប់ គេ​ការពារ​រដ្ឋធម្មនុញ្ញ។ ​អីចឹងហើយ​បើមាន​បញ្ហា​អស់​ហ្នឹង​ ជាតិ​បែកបាក់ ​ជាតិ​រលត់រលាយ។​ អីចឹងដើម្បី​កុំ​ឲ្យ​ជាតិ​បែកបាក់ ​និង​រលត់រលាយ​ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ភារកិច្ច​ការពារ ​សម្តេច​នាយក​រដ្ឋមន្រ្តីលោក​មាន​ភារកិច្ច​ក្នុង​នាម​ជា​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ លោក​មាន​ភារកិច្ច​ការពារ​ស្អី​ជា​សមិទ្ធិ​ផល​របស់​លោក ​និងគណបក្ស​ដែល​បាន​កសាង​មក​តាំង​ពី​ឆ្នាំ​១៩៧៩»។​

ការ​ធ្វើ​សេចក្តី​ស្នើវិសោធន​កម្ម​ច្បាប់​ដែល​មាន​បំណង​ទប់ស្កាត់​អ្នក​ដែល​មាន​ទោស​ទណ្ឌ​ ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ឃោសនា​ជួយ​គណបក្ស​នយោបាយ​ណា​នោះ ​កើត​មាន​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​បង្ហាញ​ពីការ​មិន​ពេញ​ចិត្ត​នឹង​ការ​ចូលរួម​ឃោសនា​របស់​លោក​ ​សម រង្ស៊ី ​អតីតប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាមបណ្តាញ​សង្គម​ ​ក្នុង​ពេល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ នាពេល​កន្លង​មក។​

លោក សុក សំអឿន​ ​មេធាវី​ជើង​ចាស់​ ​និង​ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ​យល់​ថា​ ​សេចក្តី​ស្នើធ្វើ​វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ​ ​ជា​ការ​មិន​មាន​ប្រយោជន៍សម្រាប់​កម្ពុជា​ទេ​ ជា​ពិសេស​ក្នុង​យុគសម័យហ្វេសប៊ុក។​

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ជា​មួយ ​VOA​ ​លោក ​សុក សំអឿន ​មាន​ប្រសាសន៍​ថា៖​

«ការ​ធ្វើ​អី​ចឹងដូច​ជា​ខាត​ទៅវិញ​ទេ ​ពីព្រោះ​ធម្មតា​អ្វី​ដែល​យើង​ខ្សឹបខ្សៀវ​គឺ​ខ្លាំង​ជាង​យើង​និយាយ​ត្រង់​ទៀត។​ ​ដល់​ពេល​យើង​បិទ​ មិន​ឲ្យ​មនុស្ស​មក​លូកលាន់​ អីចឹងមនុស្ស​ខំ​ប្រឹង​លួច​ស្តាប់​ ​អ្នក​ចង់​ស្តាប់​រឹត​តែលួច​តាម​ដាន ​រឹត​តែ​មាន​ឥទ្ធិពល​ទៀត។ ​ខ្ញុំ​គិត​ថា​ មិន​ចាំបាច់​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ទេ!»​

ចំណែក​លោក ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេតនៃអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​ ​VOA​ ​ថា​ ​រដ្ឋាភិបាល​គួរ​បង្កើត​ច្បាប់​ដែល​មាន​ប្រយោជន៍​ជា​រួម​សម្រាប់​ប្រជា​ពលរដ្ឋ​ ​ជា​ជាង​បង្កើត​ច្បាប់​ដែល​មាន​បំណង​សំដៅ​តែ​លើ​បុគ្គល។​

លោក​បញ្ជាក់​ថា៖​

«កន្លង​មក​មាន​ច្បាប់​មួយ​ចំនួន​ធ្វើ​ឡើង​ហាក់បី​ដូច​ជា​សំដៅ​តែ​លើ​បុគ្គល​ប៉ុន្មាន​នាក់ ​ដូចជា​យើង​ឃើញ​ច្បាប់​ឯកព័ន្ធភាព​ ​និង​ច្បាប់​ផ្សេងៗ​ ​គឺ​សំដៅ​លើ​បុគ្គល​ជាង​រឿង​ទូទៅ។ ​អីចឹងខ្ញុំ​គិត​ថា​ ​វាជា​ការ​ល្អ ​យើង​គួរ​គិត​ច្បាប់​ណា​ដែល​មាន​ប្រយោជន៍​ ​ហើយ​ការ​ពារ​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ​ទូទៅ»។​

លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់ទោស​របស់​តុលាការ​កម្ពុជា​ក្នុង​សំណុំ​រឿងជាច្រើន​ ​ក្នុង​នោះ​រួម​មាន​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការអត្ថាធិប្បាយ​ថា រដ្ឋាភិបាល​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត ​កែម ឡី​ ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ។ ​លោក សម រង្ស៊ី ត្រូវ​បង្ខំចិត្ត​លាលែង​ចេញពី​គណបក្ស​កាលពី​ដើម​ឆ្នាំ​២០១៧​នេះ​ ​ដើម្បី​ការពារមិន​ឲ្យមាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

ខណៈ​កំពុង​រស់នៅប្រទេស​បារាំង ​លោក​ សម រង្ស៊ី ​តែង​បង្ហោះ​សារ​ជាសំណេរ​ ​រូបភាព​ ​និង​វីដេអូ​ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​ ​ព្រមទាំង​ឃោសនា​ឲ្យ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ ការណ៍​នេះ​ធ្វើ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​អ្នក​គាំ​ទ្រ​របស់​គណ​បក្ស​លោក ​ហ៊ុន សែន​ ​និង​រូប​លោក​ផ្ទាល់៕