សមាជិកសភាមួយក្រុមនៃគណបក្សសង្គ្រោះជាតិបានដាក់ញត្តិតវ៉ាទៅស្ថាប័នច្បាប់អន្តរជាតិនិងអង្គការសហប្រជាជាតិស្នើសុំឱ្យការពារសុវត្ថិភាពអតីតចៅសង្កាត់អូរចារខេត្តបាត់ដំបងបន្ទាប់ពីមានការយាយីជាបន្តបន្ទាប់ដែលក្នុងនោះប្រព្រឹត្តដោយអ្នកតំណាងរាស្រ្តគណបក្សកាន់អំណាច។
អតីតចៅសង្កាត់អូរចារខេត្តបាត់ដំបងគឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិតរង «ការយាយីរំខាននិងធ្វើបាបផ្សេងៗ»ដែលរួមមានខាងផ្នែករដ្ឋបាលក្នុងពេលបំពេញការងារនិងក្នុងរបរលក់ដូរពេលក្លាយជាពលរដ្ឋសាមញ្ញហើយ។ ជាពិសេសករណីក្នុងពេលថ្មីៗនេះដែលលោក ឈាង វ៉ុន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានចោទថាហាងលក់នំបញ្ចុករបស់នាងមាន«ធ្វើសកម្មភាពនយោបាយ»។ នេះបើយោងតាមញត្តិចំនួនបួនដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ។
ញត្តិនោះត្រូវបានផ្ញើជូនទៅប្រធានសហភាពអន្តរសភា (IPU) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងប្រធានគណៈកម្មាធិការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្រ្តី។
អ្នកតំណាងរាស្ត្រទាំងនោះបានស្នើឱ្យស្ថាប័នទាំងនេះសម្តែងការព្រួយបារម្ភប្រាប់ដល់រដ្ឋាភិបាលនិងសភាជាតិកម្ពុជាក៏ដូចជាបញ្ចូលក្នុងរបាយការណ៍ពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
«ដោយយោងតាមស្ថានភាពប្រជាធិបតេយ្យនិងនីតិរដ្ឋដ៏អាក្រក់នៅកម្ពុជាក៏ដូចជាពាក្យបណ្តឹងជាច្រើនដែលកំពុងតែប្រើប្រាស់ប្រឆាំងនឹងសមាជិកគណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការចោទប្រកាន់នេះអាចនឹងឈានទៅដល់ការចោទប្រកាន់ធ្ងន់ធ្ងរថែមទៀត»។
ញត្តិបានបន្ថែមថា ការយាយីនេះគឺដោយសារនាង រ៉ូហ្ស៊ិត គឺជាស្ត្រីភេទដែលរងការរើសអើងក្នុងចំណោមអ្នកនយោបាយបុរស។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានចុះហត្ថលេខាក្នុងញត្តិនោះជាមួយនឹងអ្នកតំណាងរាស្ត្រចំនួន១៣នាក់ផ្សេងទៀតបានបញ្ជាក់ប្រាប់ VOAតាមអ៊ីមែលថា បុរសដែលមានអំណាចត្រូវតែបញ្ឈប់ការធ្វើបាបស្ត្រី ហើយត្រូវរួមគ្នាជាសំឡេងតែមួយបញ្ចប់និទណ្ឌភាពរបស់ជនដែលប្រព្រឹត្តអំពើនេះ។
លោកស្រីបានបន្ថែមថា៖
«បើទោះបីជានាង ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត ខិតខំក្រោកឈរប្រកបដោយភាពថ្លៃថ្នូរនិងភាពក្លាហានក៏ករណីនេះចាត់ទុកថាជាសារមួយផ្តល់ភាពអង់អាចដល់ស្ត្រីនានាដែលប្រឈមមុខនឹងការធ្វើបាប ការគំរាមកំហែងនិងការរើសអើង»។
លោកស្រី មូរ សុខហួរ ព្រួយបារម្ភថា នៅពេលណាដែលសាធារណជនមិនយកចិត្តទុកដាក់នឹងករណីរបស់កញ្ញា រ៉ូហ្ស៊ិត គឺនាងអាចនឹងរងការធ្វើបាបច្រើនជាងមុន។
កាលពីចុងខែមករាលោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាប្រធានគណៈកម្មការកិច្ចការបរទេសនៅរដ្ឋសភា បានសរសេរលើទំព័រហ្វេសប៊ុកចោទប្រកាន់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊ិត ថា ហាងលក់នំបញ្ចុករបស់នាងមានអ្នក«ប្រកាសគាំទ្រចលនាឧទ្ទាម ចេញចូល» ហើយព្រមទាំងបាន «ជួយជូតការ៉ូ ជូតតុ និងបម្រើភ្ញៀវទៀតផង»។
លោកបានបន្ថែមថា៖ «បើទីនេះត្រូវបានប្រើប្រាស់ជាកន្លែងប្រមូលផ្តុំរងើកភ្លើងនោះ ពិតជាគ្រោះថ្នាក់ណាស់សម្រាប់ Rozet ហើយមិនអាចអត់ឱនបានឡើយ»។
បន្ទាប់ពីមានប្រតិកម្មរិះគន់ខ្លាំងៗតាមបណ្តាញសង្គមលោក ឈាង វុន បានបន្ធូរបន្ថយវោហាសាស្រ្តដោយថាលោកមិនបានចោទប្រកាន់ដូច្នេះទេ៕