គណបក្សសង្គ្រោះជាតិបានស្នើឱ្យតំណាងសភាប្រទេសកាណាដាទៅធ្វើទស្សនកិច្ចប្រទេសកម្ពុជាដើម្បីស្វែងយល់បន្ថែមពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យហើយសាកសួរក្រុមអ្នកតំណាងរាស្រ្តដែលបានមកអង្គុយអាសនៈរបស់អតីតគណបក្សប្រឆាំងនេះថាពួកគេបានចូលរួមអ្វីខ្លះដល់លទ្ធិប្រជាធិបតេយ្យ។
ការស្នើសុំនេះធ្វើឡើងក្នុងអំឡុងពេលដែលលោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានផ្តល់សក្ខីកម្មដល់គណៈកម្មាធិការសិទ្ធិមនុស្ស នៃសភាកាណាដាអំពីវិបតិ្តនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាលពីថ្ងៃទី ២៧ ខែមីនានៅទីក្រុងអូតាវ៉ា។
លោកស្រីមូរ សុខហួរបានបញ្ជាក់ឡើងវិញតាមសារហ្វេសប៊ុកផ្ទាល់ខ្លួនថា៖
«ខ្ញុំបានសូមឱ្យតំណាងរាស្ត្រទាំងបីគណបក្សនៃប្រទេសកាណាដាសូមបញ្ជូនគណៈប្រតិភូជាបន្ទាន់ទៅប្រទេសកម្ពុជាទៅមើលស្ថានការណ៍នៅប្រទេសកម្ពុជាជាបន្ទាន់ហើយម្យ៉ាងទៀតទៅសួរអ្នកតំណាងរាស្ត្រដែលយកកៅអីរបស់គណបក្សសង្គ្រោះជាតិថាតើអ្នកតំណាងរាស្រ្តទាំងអស់នោះដែលប្លន់យកកៅអីគណបក្សសង្គ្រោះជាតិតើអ្នកទាំងអស់នោះបានជួយលទ្ធិប្រជាធិបតេយ្យរបៀបណា?»
ប្រទេសកាណាដាបានចូលរួមជាមួយនឹងប្រទេសចំនួន៤៤ផ្សេងទៀតនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្កោលទោសប្រទេសកម្ពុជាដែលធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ។ នៅឯកិច្ចប្រជុំកាលពីសប្តាហ៍មុនតំណាងរបស់កាណាដាបានសម្តែងការ«ព្រួយបារម្ភយ៉ាងខ្លាំង»ហើយបានអំពាវនាវឱ្យប្រទេសកម្ពុជាលើកលែងបម្រាមដែលបានរំលាយគណបក្សសង្គ្រោះជាតិក៏ដូចជាដោះលែងលោកកឹមសុខាប្រធានគណបក្ស។
លោកស្រីមូរ សុខហួរក៏បានស្នើឱ្យប្រទេសកាណាដាដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់កម្ពុជាផងដែរ៖
«លើសពីនេះទៅទៀតខ្ញុំបានសូមឱ្យដាក់ទណ្ឌកម្មធ្ងន់ធ្ងរជាបន្ទាន់ដើម្បីឱ្យគណបក្សសង្គ្រោះជាតិអាចទៅចូលរួមក្នុងការបោះឆ្នោតដោយត្រឹមត្រូវសេរីនិងយុត្តិធម៌។ ទណ្ឌកម្មនោះមិនឱ្យប៉ះពាល់ប្រជាពលរដ្ឋទេប៉ុន្តែសូមកុំផ្តល់ទិដ្ឋាការដល់មន្ត្រីរាជរដ្ឋាភិបាលដែលបានប្រព្រឹត្តពុករលួយ ហើយប៉ះពាល់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកុំឱ្យចូលមកក្នុងប្រទេសកាណាដាហើយសូមឱ្យបង្កកទ្រព្យសម្បត្តិអ្នកទាំងអស់នេះពីព្រោះយើងដឹងថាមានអ្នកតំណាងជាន់ខ្ពស់នៃប្រទេសកម្ពុជាយើងមានទ្រព្យសម្បត្តិនៅកាណាដា»។
កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយហើយបានហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់រួមទាំងអ្នកតំណាងរាស្រ្តទាំង៥៥នាក់មិនឱ្យធ្វើនយោបាយចំនួន៥ឆ្នាំ។ អាសនៈតំណាងរាស្រ្តទាំងនោះនិងអាសនៈឃុំសង្កាត់ជាង៥០០០ត្រូវបានគណបក្សកាន់អំណាចរឹបយកខ្លះនិងខ្លះទៀតបែងចែកឱ្យគណបក្សដទៃទៀតដែលមិនបានជាប់ឆ្នោតក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧។
លោកញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច និងជាអ្នកតំណាងរាស្រ្តដែលបានទទួលយកអាសនៈនោះបានអះអាងថារបៀបធ្វើការរបស់គណបក្សហ៊្វុនស៊ិនប៉ិចគឺទន់ភ្លន់ជាងគណបក្សសង្គ្រោះជាតិដែលជួយដល់លទ្ធិប្រជាធិបតេយ្យនិងដោះស្រាយបញ្ហារបស់ពលរដ្ឋ។
«គណបក្សហ៊្វុនស៊ិនប៉ិចជាប្រជាធិបតេយ្យមួយហើយសង្គ្រោះជាតិក៏ជាប្រជាធិបតេយ្យមួយដែរ។ យើងមកបន្ទោសគ្នាឯងថាមិនមែនប្រជាធិបតេយ្យគឺមិនមែនអីចឹងទេ។ រឿងប្រជាធិបតេយ្យគឺប្រជាធិបតេយ្យប៉ុន្តែរឿងអ្នកអនុវត្តយកទៅសាបព្រោះទេ យកប្រជាធិបតេយ្យមកប្រើមិនចេះប្រើវាទៅជាអនាធិបតេយ្យ។ ដល់យើងបង្កអនាធិបតេយ្យបានជាអ្នករងគ្រោះភាគច្រើននៅតែរងគ្រោះ»។
លោកញ៉េប ប៊ុនជិនបានអះអាងថាឫសគល់នៃបញ្ហាគឺការយល់ព្រមរវាងលោកសម រង្ស៊ីនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០០៦ ពីរូបមន្តពីរភាគបីមកជា៥០បូកមួយក្នុងការបង្កើតរាជរដ្ឋាភិបាលនិងអនុម័តច្បាប់នានា។
«ចេញប្រភពកំហុសប្រទេសយើងគឺចេញពីឯកឧត្តមសម រង្ស៊ីប្តូរពីពីរភាគបីមកបូកមួយហ្នឹងហើយប៉ុន្តែអត់មានអ្នកការទូតណា អ្នកនយោបាយណាឬអ្នកគាំទ្រណានិយាយពីប្រភពហ្នឹងទេ។ ចាប់ផ្តើមមកនិយាយតែហ៊្វុនស៊ិនប៉ិចស៊ុមគ្រលំជាមួយរដ្ឋាភិបាល។ ហ៊្វុនស៊ិនប៉ិចពុករលួយ។ ហ៊្វុនស៊ិនប៉ិចទន់ជ្រាយ។ ហ៊្វុនស៊ិនប៉ិចលក់ក្បាល អាយ៉ងគណបក្សប្រជាជន។ ហ៊្វុនស៊ិនប៉ិចមិនគិតអ្នកតស៊ូ ភ្លេចចំណុចដែលចាប់ផ្តើមបញ្ហា»។
នៅឯសម័យប្រជុំលើកទី១៣៨នៃសហភាពអន្តរសភាដែលបានធ្វើឡើងកាលពីថ្ងៃពុធ គណៈកម្មាធិការការពារសិទ្ធិអ្នកតំណាងរាស្រ្តបានពិនិត្យលើការរំលោភបំពានសិទ្ធិអ្នកតំណាងរាស្ត្រចំនួន២២១នាក់នៅក្នុងប្រទេសចំនួន៤ក្នុងនោះមានកម្ពុជាមួយដែរហើយបានថ្កោលទោសទង្វើរបស់រដ្ឋាភិបាលកម្ពុជាដោយចាត់ទុកថាវាជាការ«គំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យសភានិយម»។
«សហភាពអន្តរសភាសន្និដ្ឋានថាសកម្មភាពទាំងនេះរំលោភសិទ្ធិជាមូលដ្ឋានរបស់អ្នកតំណាងរាស្រ្តទាំងនោះច្បាស់ក្រឡែតហើយសូមសម្តែងការសោកស្តាយដែលពួកគេត្រូវជួបនឹងទម្រង់នៃការរំលោភដែលមានជាយូរណាស់មកហើយលើបក្សប្រឆាំងហើយដែលត្រូវបានចងក្រងដោយអន្តរសភានៅមុនពេលការបោះឆ្នោតក្នុងប្រទេសកម្ពុជាក្នុងពេលអតីតកាល»។
សហភាពអន្តរសភាបានទទូចឱ្យអាជ្ញាធរកម្ពុជាផ្តល់តំណែងដល់អ្នកតំណាងរាស្ត្រទាំង៥៥នាក់នៃគណបក្សសង្គ្រោះជាតិជាបន្ទាន់និងចាប់ផ្តើមការចរចារនយោបាយប្រសិនបើចាំបាច់គឺដោយមានការគាំទ្រពីសហភាពអន្តរសភា៕