ជប៉ុនគឺជាប្រទេសហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ដែលធានារបបនយោបាយប្រជាធិបតេយ្យ សេរីនិយមពហុបក្សនៅកម្ពុជាជាថ្នូរនឹងការបញ្ចប់សង្គ្រាមស៊ីវិលដែលបានអូសបន្លាយអស់រយៈពេលជាង២០ឆ្នាំហើយក្នុងនាមជាប្រទេសហត្ថលេខីមួយជប៉ុនមានកាតព្វកិច្ចធានាឱ្យកិច្ចព្រមព្រៀងនេះអនុវត្តដោយជោគជ័យ។
អ្នកស្រីជា ហ្គេចឡាង ប្រធានស្ត្រីនៃគណបក្សសង្គ្រោះជាតិអាមេរិកប្រចាំទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ប្រាប់ VOA ពេលទៅដល់ទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍ថា៖
«គោលបំណងរបស់ខ្ញុំផ្ទាល់តែម្តងគឺមកចូលរួមបាតុកម្មជាមួយនឹងបងប្អូនខ្មែរនៅជប៉ុន ជាពិសេសចលនាយុវជនខ្មែរនៅជប៉ុនដើម្បីទាមទារប្រទេសជាតិរបស់យើងដឹកនាំដោយហ៊ុន សែនឱ្យគាត់គោរពសិទ្ធិមនុស្សដើម្បីឱ្យប្រទេសជាតិយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ជាពិសេសយើងទាមទារឱ្យគាត់ដោះលែងលោកកឹម សុខា»។
ប្រទេសជប៉ុនបានជួយកសាងធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅប្រទេសកម្ពុជាចាប់តាំងពីក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកប៉ុន្តែជប៉ុនកម្របញ្ចេញទស្សនៈនយោបាយដោយចំហរពីបញ្ហាកម្ពុជា។
អ្នកស្រីជា ហ្គេចឡាងបានបន្ថែមទៀតថាតួនាទីរបស់ជប៉ុនមិនអាចខ្វះបានទេនៅក្នុងនយោបាយកម្ពុជាជាពិសេសវារឹតតែសំខាន់ទៀតនៅពេលដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសបានប្តេជ្ញាវិលត្រឡប់ចូលប្រទេសវិញ៖
«យើងត្រូវការឱ្យរដ្ឋាភិបាលជប៉ុនពីព្រោះជប៉ុនគឺជាប្រទេសមួយជាហត្ថលេខីជាសាក្សីនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដើម្បីឱ្យគាត់ទទួលដឹងឮថាបន្តិចទៀតមាតុភូមិនិវត្តន៍របស់គណបក្សសង្គ្រោះជាតិនិងលោកប្រធានស្តីទីសមរង្ស៊ី ឱ្យគាត់ជួយការពារពីព្រោះហ៊ុន សែនដឹងស្រាប់ហើយគឺគាត់មិនគោរពលទ្ធិប្រជាធិបតេយ្យជាពិសេសគឺគាត់ប្រើអំណាចផ្តាច់ការ»។
សហគមន៍អន្តរជាតិនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សនានាបានវាយតម្លៃថាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាបានដើរថយក្រោយហើយធ្លាក់ចូលទៅក្នុងរបបផ្តាច់ការក្រោយពីតុលាការកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិនិងចាប់ប្រធានគណបក្សដាក់ឃុំឃាំងក្នុងលំនៅដ្ឋានហើយការបោះឆ្នោតជាតិកាលពីឆ្នាំមុនបានពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដោយឈានមករបបគ្រប់គ្រងឯកបក្សឡើងវិញដូចទសវត្សរ៍ទី៨០។
អ្នកស្រីធិត គឹមហ៊ុន ប្រធានគណៈកម្មាធិការកិច្ចការស្ត្រីនៃគណបក្សសង្គ្រោះជាតិក្រៅប្រទេសដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិកដើម្បីចូលរួមបាតុកម្មបានបញ្ជាក់ប្រាប់VOAពីទីក្រុងតូក្យូដែរថា៖
«លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាគឺអត់មានជីវិតរស់រានទេ។ ហើយហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាអត់មានជីវិតរស់រានហើយបានស្លាប់ទៅហើយគឺដោយសារតែប្រជាពលរដ្ឋខ្មែរយើងដែលបានបញ្ចេញមតិ ក៏ដូចជាបង្ហាញនូវទឹកចិត្តគោលគំនិតរបស់គាត់ត្រូវបានគេចាប់ដាក់ពន្ធនាគារដោយគ្មានហេតុផល»។
រហូតមកដល់ពេលនេះមានអតីតអ្នកគាំទ្របក្សប្រឆាំងជាង១០នាក់ត្រូវបានចាប់ដាក់ពន្ធនាគារដោយសារតែការបញ្ចេញមតិហើយត្រូវរដ្ឋាភិបាលចោទថាបានញុះញង់ដែលនាំឱ្យមានអស្ថិរភាពនិងមានជាង១៤០នាក់ត្រូវបានតុលាការនិងប៉ូលិសកោះហៅទៅសាកសួរដោយសារតែជួបជុំគ្នាទទួលទាននំបញ្ចុក។
លោកស្រី ធិត គឹមហ៊ុន បានបន្ថែមទៀតថា៖
«គោលបំណងនៃបាតុកម្មនោះដែរគឺយើងប្រកាសជាសាកលថាយើងជាប្រជាពលរដ្ឋខ្មែរប្រឆាំងដាច់ខាតរាល់អំពើហិង្សារបស់ហ៊ុន សែនដែលបានធ្វើមកលើប្រជាពលរដ្ឋខ្មែរក៏ដូចជាមានប្រតិកម្មទៅលើគណបក្សសង្គ្រោះជាតិជាពិសេសគឺធ្វើបាបសកម្មជនគណបក្សសង្គ្រោះជាតិដែលគ្នាគ្មានកំហុសអ្វីសោះ»។
អ្នកស្រីថោង ធារី តំណាងស្ត្រីនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េ ដែលគ្រោងនឹងចូលរួមបាតុកម្មនេះដែរបានបញ្ជាក់ប្រាប់VOAថា៖
«របបដឹកនាំភ្នំពេញសព្វថ្ងៃដែលមើលទៅធ្វើឱ្យប្រជាជនខ្មែរឈឺចាប់ជាច្រើននាក់។ អីចឹងទៅដោយសារខ្ញុំនៅក្រៅប្រទេសខ្ញុំដើរបានខ្ញុំចេះតែទៅចូលរួមព្រោះនៅអត់សុខដើម្បីឱ្យបងប្អូននៅក្នុងប្រទេសក្តីក្រៅប្រទេសក្តីកុំអស់សង្ឃឹម។ របបភ្នំពេញនេះយើងនឹងព្យាយាមយើងប្តេជ្ញាឱ្យមានការផ្លាស់ប្តូរទាមទារលទ្ធិប្រជាធិបតេយ្យជូនប្រជាពលរដ្ឋខ្មែរនិងជូនម្ចាស់ទឹកដីជារបស់យើងគ្រប់ៗរូប»។
សហគមន៍អន្តរជាតិជាពិសេសក្រុមបស្ចឹមប្រទេសបានទាមទារជាបន្តបន្ទាប់ឱ្យរដ្ឋាភិបាលកម្ពុជាកែលម្អស្ថានការណ៍ឡើងវិញបើមិនដូច្នោះទេនឹងត្រូវរងទណ្ឌកម្មអន្តរជាតិលើផ្នែកសេដ្ឋកិច្ចនិងទិដ្ឋាការ។ ប៉ុន្តែត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងធានាថានឹងជួយគាំពារកម្ពុជាក្នុងគ្រាដែលមានទណ្ឌកម្មទាំងនោះ។
កាលពីដើមសប្តាហ៍នេះប្រតិភូជប៉ុនទទួលបន្ទុកសិទ្ធិមនុស្សបានជួបប្រជុំជាមួយនឹងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដោយផ្តោតលើសិទ្ធិសេរីភាពនៃការធ្វើសកម្មភាពនយោបាយ ការបញ្ចេញមតិនិងសិទ្ធិនៃការជួបប្រជុំនានា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកាលពីថ្ងៃអង្គារ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់ពីការសន្យារបស់កម្ពុជាថានឹងកែលម្អស្ថានការណ៍សិទ្ធិមនុស្សឡើយ។
លោក ហៃ វណ្ណា ប្រធានគណៈកម្មាធិការចលនាសង្គ្រោះជាតិនៅ ប្រទេសជប៉ុនដែលជាអ្នករៀបចំបាតុកម្មនេះបានបញ្ជាក់ថា៖
«ខ្ញុំនៅតែមានសុទិដ្ឋិនិយមថាពិភពលោកជាពិសេសប្រទេសម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីសហ្នឹងគេមិនទុកឱ្យរបបក្រុងភ្នំពេញធ្វើអ្វីស្រេចតែនឹងចិត្តទេ ជាពិសេសអ្វីដែលប៉ះពាល់ដល់ប្រយោជន៍នៃប្រទេសទាំងនោះ»។
លោកវណ្ណាបានអះអាងថាព័ត៌មានស្តីពីការចុះហត្ថលេខានៃ កិច្ចព្រមព្រៀងសម្ងាត់រវាងរដ្ឋាភិបាលកម្ពុជានិងចិនដើម្បីអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមដែលត្រូវសារព័ត៌មានអាមេរិកាំងទម្លាយឱ្យដឹងកាលពីខែមុនគឺជាបញ្ហាដ៏រសើបមួយដែលធ្វើឱ្យសហរដ្ឋអាមេរិកនិងជប៉ុនមិនអាចនៅស្ងៀមទៀតបានទេ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានប្រកែកជាបន្តបន្ទាប់ថាមិនមានកិច្ចព្រមព្រៀងដូចនេះឡើយ៕