មន្ត្រីគណបក្សប្រឆាំងដែលរស់នៅនិរទេសខ្លួនក្រៅប្រទេសនិងសកម្មជនសិទ្ធិមនុស្សខ្មែរអាមេរិកាំងសម្តែងការពេញចិត្តនឹងជំហររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកចំហសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាថ្មី។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីអ្នកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃទី១ខែមិថុនាដោយបានស្នើសុំឲ្យមេដឹកនាំកម្ពុជាយកចិត្តទុកដាក់ដល់ការគោរពសិទ្ធិមនុស្សនិងបើកចំហសិទ្ធិសេរីភាពនយោបាយសិទ្ធិពលរដ្ឋនិងសិទ្ធិអង្គការសង្គមស៊ីវិលក្រោយពីបានធ្លាក់ចុះជាខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ អ្នកស្រី Sherman ក៏បានសង្កត់ធ្ងន់ថាទាំងអស់នេះគឺជាផ្នែកដ៏សំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្នុងសហរដ្ឋអាមេរិកបានថ្លែងថាបើទោះបីជាដំណើរទស្សនកិច្ចនេះមិនទាន់ចេញជាលទ្ធផលអ្វីនៅឡើយប៉ុន្តែគណបក្សប្រឆាំងរំពឹងថាស្ថានភាពនៅកម្ពុជានឹងអាចប្រសើរឡើងវិញ។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់វីអូអេថា៖ «អ្វីដែលលោកជំទាវអនុរដ្ឋមន្ត្រី Wendy Sherman លើកមកនេះគឺជាអ្វីដែលជាសំណូមពរយើងខ្ញុំជាអ្នកចង់ឃើញប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យមានសិទ្ធិសេរីភាពនិងមានសន្តិភាពពិតប្រាកដ។ លោកជំទាវបានលើកយកគ្រប់ចំណុចទាំងអស់។ ដូច្នេះជានិម្មិតរូបនៃការតស៊ូរបស់យើងយើងមានក្តីសង្ឃឹមក្រោយពីឃើញនិងអានសេចក្តីថ្លែងការណ៍និងធ្វីត(tweet)របស់លោកជំទាវចេញជាសាធារណៈមក»។
លំហសិទ្ធិសេរីភាពពលរដ្ឋអង្គការសង្គមស៊ីវិលនិងសិទ្ធិនយោបាយនៅកម្ពុជាបានរួមតូចជាង៤ឆ្នាំមកហើយនិងជាពិសេសក្រោយពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧ហើយរដ្ឋាភិបាលបានធ្វើទុកបុក្ខម្នេញអ្នករិះគន់និងប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់អ្នកនយោបាយប្រឆាំងក្នុងនោះមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីនិងលោក រ៉ុង ឈុនមេដឹកនាំសហជីពដ៏ឆ្នើមមួយរូបនិងក៏ជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
នៅក្នុងជំនួបជាមួយនឹងប្រមុខរដ្ឋាភិបាលកម្ពុជាអ្នកស្រី Shermanក៏បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឲ្យទម្លាក់ចោលឲ្យបានទាន់ពេលនូវការចោទប្រកាន់មានលក្ខណៈនយោបាយទាំងអស់និងបើកចំហឡើងវិញនូវលំហនយោបាយនិងសង្គមស៊ីវិលឲ្យបានមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២២និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមទូរស័ព្ទក្រោយពីដំណើរទស្សនកិច្ចនោះអ្នកស្រី Sherman បានបន្ថែមថា៖ «ដូច្នេះសាររបស់ខ្ញុំច្បាស់ពីសហរដ្ឋអាមេរិកហើយខ្ញុំសង្ឃឹមថាលោកនាយករដ្ឋមន្ត្រីស្តាប់ដោយយកចិត្តទុកដាក់ហើយលោកហាក់ដូចជាយកចិត្តទុកដាក់»។
លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅរដ្ឋ Virginiaបានថ្លែងថាវាជាការណ៍ល្អដែលមានការពិភាក្សាគ្នាដោយត្រង់ទៅត្រង់មកហើយកូនសោរគន្លឹះនៅពេលនេះគឺស្ថិតលើប្រទេសកម្ពុជា។
លោក យ័ប គឹមទឹង បានបន្ថែមថា៖ «បើសិនជារដ្ឋាភិបាលខ្មែរផ្លាស់ប្តូរគឺជាការណ៍ល្អ។បើមិនផ្លាស់ប្តូរទេទំនាក់ទំនងរវាងខ្មែរនិងអាមេរិកមិនល្អធ្វើឲ្យសេដ្ឋកិច្ចខ្មែរយើងមិនដើរទៅមុខ»។
សកម្មជនសហគមន៍ខ្មែរយល់ថាទស្សនកិច្ចនេះមានលក្ខណៈវិជ្ជមានទាំងសម្រាប់នយោបាយផ្ទៃក្នុងកម្ពុជានិងតួនាទីរបស់កម្ពុជាក្នុងតំបន់ផងដែរជាពិសេសនៅពេលដែលកម្ពុជាក្លាយជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២។
លោក នាថបណ្ឌិត តាកែវ ឫទ្ធិពល ប្រធានមហាសន្និបាតខ្មែរឯនាយសមុទ្របានបញ្ជាក់ប្រាប់វីអូអេថា៖«ជាការបើកផ្លូវមួយដែលគ្រប់ភាគីអាចបើកកិច្ចចរចាហើយរកដំណោះស្រាយដែលទទួលយកបានទាំងអស់គ្នាទាំងភាគីកម្ពុជាខ្លួនឯងផ្ទាល់ទាំងគ្រប់គណបក្សគ្រប់ភាគីទាំងអន្តរជាតិប្រទេសជិតខាងខ្មែរយើងផងហើយនឹងជាមួយតំបន់អាស៊ានហើយនឹងមហាអំណាចចិនមហាអំណាចអាមេរិកាំងនិងសហភាពអឺរ៉ុបជាដើម»។
អ្នកស្រី Sherman ក៏បានទៅជួបពិភាក្សាការងារដោយផ្ទាល់ជាមួយនឹងលោក កឹម សុខា នៅគេហដ្ឋានរបស់លោកហើយនៅតែទទួលស្គាល់លោកជាប្រធានគណបក្សសង្គ្រោះជាតិបើទោះបីជាតុលាការកំពូលកម្ពុជាបានរំលាយនិងចោទប្រកាន់លោកពីបទក្បត់ជាតិដោយឃុបឃិតនឹងអាមេរិកក៏ដោយ។
Your browser doesn’t support HTML5
អ្នកស្រី មូរ សុខហួរ នៃគណបក្សសង្គ្រោះជាតិពេញចិត្តនឹងជំនួបនេះនិងបញ្ជាក់ថា៖ «នេះផ្តល់ក្តីសង្ឃឹមហើយផ្តល់យុត្តិធម៌ដល់ពួកយើងគណបក្សសង្គ្រោះជាតិផងដែរ។ នេះជារូបភាពដ៏ល្អដែលផ្តល់យុត្តិធម៌ដល់អ្នកស្នេហាជាតិហើយជាពិសេសអ្នកដែលកំពុងរងគ្រោះក្នុងពន្ធនាគារនិងជូនទៅដល់លោកប្រធានកឹម សុខា ខ្លួនឯង»។
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ២០១៨ដោយគ្មានគណបក្សប្រឆាំងដែលមានសក្តានុពលដែលនាំឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឈ្នះអាសនៈទាំងអស់ចំនួន១២៥នៅរដ្ឋសភានិងឈានទៅកាន់អំណាចដោយឯកបក្ស។
សហរដ្ឋអាមេរិកក៏បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងផងដែរអំពីវត្តមានយោធាចិននៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនៃខេត្តព្រះសីហនុនិងចង់ឲ្យប្រទេសកម្ពុជារក្សាជំហរឯករាជ្យ។ សហរដ្ឋអាមេរិកមើលឃើញថាវត្តមានយោធាចិនធ្វើឲ្យខូចខាតអធិបតេយ្យភាពកម្ពុជាគំរាមកំហែងដល់សន្តិសុខតំបន់និងមានផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងអាមេរិកនិងកម្ពុជា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «អ្នកស្រីអនុរដ្ឋមន្ត្រីបានទទូចឲ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោលនយោបាយការបរទេសឯករាជ្យនិងរក្សាតុល្យភាពដើម្បីផលប្រយោជន៍ដ៏ល្អបំផុតរបស់ពលរដ្ឋកម្ពុជា»។
មេដឹកនាំកម្ពុជាធ្លាប់បានប្រកែកជាបន្តបន្ទាប់ថាកងយោធាចិនគ្រាន់តែជួយសាងសង់កំពង់ផែនិងមូលដ្ឋានទ័ពជើងទឹកនៅរាមសម្រាប់កម្ពុជាប្រើប្រាស់តែប៉ុណ្ណោះដោយសារតែកម្ពុជាមិនមានប្រាក់គ្រប់គ្រាន់ហើយមិនមានកិច្ចសន្យាសម្ងាត់ណារវាងចិននិងកម្ពុជាឡើយ។ ប៉ុន្តែកាលពីចុងឆ្នាំមុនកម្ពុជាបានវាយកម្ទេចចោលអគារចំនួនពីរក្នុងមូលដ្ឋានកងទ័ពជើងទឹករាមដែលសហរដ្ឋអាមេរិកទើបតែបានជួយសាងសង់ក្នុងឆ្នាំ២០១៧មួយនិងមួយទៀតសាងសង់ក្នុងឆ្នាំ២០១២។ អ្នកស្រី Sherman បានសុំឲ្យរដ្ឋាភិបាលកម្ពុជាបំភ្លឺអំពីការវាយអគារទាំងពីរចោលដោយគ្មានការជូនដំណឹងឬ ការពន្យល់មូលហេតុ។កម្ពុជានៅតែមិនទាន់មានចម្លើយសមស្របដែលសហរដ្ឋអាមេរិកអាចទទួលបាននៅឡើយ។
ទំនាក់ទំនងរវាងកម្ពុជានិងចិនបានឈានមកដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាំងពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានក្នុងខណៈពេលដែលឥទ្ធិពលបស្ចិមប្រទេសថយចុះ។ ចិនបានបង្កើនជំនួយនិងផ្តល់ប្រាក់កម្ចីសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជាតាមគម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្ម(Belt and Road Initiative)។ ចិនបានសន្យាផ្តល់ប្រាក់ជិត៦០០លានដុល្លារសម្រាប់ឆ្នាំ២០១៩ដល់២០២១។នេះបើតាមការប្រកាសកន្លងមករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក វ៉ាន់ ស ប្រធានមូលនិធិមិត្តភាពខ្មែរអាមេរិកាំងបានថ្លែងថាបណ្តាប្រទេសមហាអំណាចតែងតែស្វែងរកផលប្រយោជន៍ដោយទាក់ទាញការគាំទ្រពីតំបន់ហើយបើកម្ពុជាដើរផុតពីគោលនយោបាយអព្យាក្រឹតនឹងអាចជាន់ដានអតីតកាលដែលភាគីនិយមចិននិងអាមេរិកបានប្រយុទ្ធគ្នានៅកម្ពុជាក្នុងទសវត្សរ៍១៩៧០។
លោក វ៉ាន់ ស ដែលក៏ជាអតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីឡុង បូរ៉េត បានបន្ថែមថា៖«ដូច្នេះចំណងចងអន្តរជាតិគឺមានតែផ្លូវដដែលទេហើយបំណងរបស់គេគឺទាញរកការគាំទ្រពីតំបន់ទៅចូលទៅម្ខាងៗ។ ខាងចិនគេអត់ធ្វើអីទេគេយកតែ Belt and Road (ផ្លូវក្រវ៉ាត់ពាណិជ្ជកម្ម) មកនិយាយ។ ដូច្នេះជៀសមិនរួចទេគឺគ្រាន់តែឈ្មោះខុសគ្នាហើយទន្លេមេគង្គក៏ចែកគ្នាជាពីរ។ ខាងQUAD (សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌានិងអូស្រ្តាលី) ក៏មានហើយបើយើងទៅណាម្ខាងៗគឺទៅជាភាគមួយនៃសង្គ្រាមត្រជាក់ទៀតហើយ។ តែយើងមិនស្រួលទៅជាឧបករណ៍របស់គេ»៕