មន្រ្តី​សង្រ្គោះ​ជាតិ​ថ្នាក់ក្រោម​​រង​ការ​គំរាម​ និង​បង្ខំ​ចុះ​ចូល

លោក​ សាន សឿង អាយុ​៥៩​ឆ្នាំ ជា​ប្រធានគណៈ​ប្រតិបត្តិ​របស់គណបក្សសង្រ្គោះជាតិ ប្រចាំ​ខេត្ត​កំពង់ចាម កាល​ពីកន្លង​ទៅ (Photo Courtesy)

បន្ទាប់​ពី​មាន​ការ​ដាក់​គំនាប​លើ​តំណាង​រាស្រ្ត​គណបក្ស​ សង្រ្គោះ​ជាតិ​រហូត​ដល់​មាន​ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​ ក្នុង​ពេល​ឥឡូវ​នេះ​ថ្នាក់​ដឹកនាំ​តាម​ខេត្ត ​និង​សមាជិក​ក្រុមប្រឹក្សា​ផ្សេងៗ​កំពុង​តែ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ពួកគេ ​ខណៈ​ប្រឈម​នឹង​ការ​គំរាម​កំហែង ​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​បន្ទាប់ ​និង​ការ​ដាក់​ចូល​បញ្ជី​កាត់​សិទ្ធិ​នយោបាយ​ចំនួន​ ៥​ឆ្នាំ​ជាដើម។

កាល​ពី​ថ្ងៃ​ចន្ទ ​មេធាវី​ក្រសួង​មហាផ្ទៃ ​បាន​ដាក់​បញ្ជី​ឈ្មោះ​មន្រ្តី​ជាន់​ខ្ពស់ ​និង​មន្រ្តី​ថ្នាក់​ខេត្ត​ចំនួន​១១៧​នាក់ ​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​ដើម្បី​សុំ​ឲ្យ​តុលាការ​កំពូល​កាត់​សិទ្ធិ​នយោបាយ​ពួកគេ​ចំនួន​៥ឆ្នាំ ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ ​សុំ​រំលាយ​គណបក្ស​ប្រឆាំង​ ដោយ​តុលាការ​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា។

បើ​តាម​បញ្ជី​នោះ ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ជា​ប្រធាន​គណៈ​ប្រតិបត្តិ​ខេត្ត​ចំនួន​៩​រូប និង​នៅ​ភ្នំពេញ​២​រូប ​កំពុង​ប្រឈម​នឹង​ការ​កាត់​សិទ្ធិ​នយោបាយ។ ថ្នាក់ដឹកនាំ​ខេត្ត​ដែល​កំពុង​ប្រឈម​ការ​កាត់​សិទ្ធិ​នយោបាយ​នោះ មាន​ខេត្ត​បាត់ដំបង ​កំពង់ចាម ​កំពង់ឆ្នាំង ​កំពង់ស្ពឺ ​កំពង់ធំ ​កណ្តាល សៀមរាប ​ស្វាយរៀង ​និង​តាកែវ។

លោក ជា ជីវ ​ប្រធាន​គណៈប្រតិបត្តិ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​កាត់​សិទ្ធិ​នយោបាយ​មួយ​នេះ។ លោក​ចាត់​ទុក​ថា ​នេះ​ជា​គំនាប​មួយ​សម្រាប់​រូប​លោក ​ដែល​តែង​តែ​សកម្ម​ ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ។

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖ «ខ្ញុំ​មិន​មាន​អ្វី​ដែល​ភ្ញាក់​ផ្អើល​ទេ ​ហើយ​ម្យ៉ាង​វិញ​ទៀត ​ខ្ញុំ​គ្រាន់តែ​ដឹង​ច្បាស់​ថា ​គ្រាន់តែ​ជា​យុទ្ធសាស្រ្ត​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ។ ហើយ​ម្យ៉ាង​វិញ​ទៀត ​គេ​ធ្វើ​តែ​ជន​ដែល​សកម្ម​ធ្វើ​នយោបាយ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចការ​របស់​គណបក្ស​សង្រ្គោះ​ជាតិ»។

លោក​បន្ត​ថា ​ខេត្ត​ដែល​ជា​គោល​ដៅ​ដែល​ថ្នាក់​ដឹកនាំ​នឹង​ត្រូវ​កាត់​សិទ្ធិ​នយោបាយ​នោះ ​ជា​ខេត្ត​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត។

បើ​តាម​វិសោធនកម្ម​ច្បាប់​ស្តី​អំពី​គណបក្ស​នយោបាយ ​ក្នុង​ករណី​គណបក្ស​នយោបាយ​ត្រូវ​បាន​រំលាយ ​តុលាការ​អាច​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​នយោបាយ​នោះ​សម្រាប់​រយៈ​ពេល​៥ឆ្នាំ​បាន។ ច្បាប់​នេះ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​ពីរ​ដង​ក្នុង​ឆ្នាំ​២០១៧​នេះ ​ដោយ​តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​ហើយ​ច្បាប់​នេះ​រង​ការ​រិះគន់​ពី​សំណាក់​សហគមន៍​អន្តរ​ជាតិ។

លោក ជា ជីវ អាយុ​៣៧​ឆ្នាំ ជា​ប្រធានគណៈ​ប្រតិបត្តិរបស់គណបក្សសង្រ្គោះជាតិ ប្រចាំ​ខេត្ត​បាត់ដំបង កាល​ពីកន្លង​ទៅ (Photo Courtesy)

លោក ជា ជីវ ​អាយុ​៣៧​ឆ្នាំ ​បាន​លើក​ឡើង​ថា ​នេះ​ជា​ការ​ដាក់​សម្ពាធ​នយោបាយ​មួយ​សម្រាប់​រូប​លោក ​ហើយ​ថា​បើ​តាម​ផ្លូវ​ច្បាប់ ​លោក​មិន​មែន​ជា​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ ដែល​ត្រូវ​កាត់​សិទ្ធិ​នយោបាយ​នោះ​ទេ។

លោក ជា ជីវ ​ដែល​បាន​បម្រើ​នយោបាយ​គណបក្ស​ប្រឆាំង​ជាង​ ១៤ឆ្នាំ​មក​ហើយ ​មាន​ប្រសាសន៍​ថា​ លោក​តែង​តែតស៊ូ​មតិ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ​និងអន្តរាគមន៍​ករណី​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​រង​ការ​ចោទប្រកាន់​ពី​តុលាការ។

កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ​ឆ្នាំ២០១៧ ​គណបក្ស​សង្រ្គោះជាតិ​បាន​ឈ្នះ​បាន​តំណែង​មេឃុំ​ចៅសង្កាត់​ចំនួន​៤៩​រូប លើ​១០២​ឃុំ​សង្កាត់ សម្រាប់​ខេត្ត​បាត់ដំបង ដែល​កាល​ពី​មុន​មិន​ដែល​បាន​មេឃុំចៅ​សង្កាត់​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា គណបក្ស​សង្រ្គោះ​ជាតិ​បាន​ឈ្នះ​សំឡេង​ឆ្នោត​ជាង​ ៤០០​លើស​គណបក្ស​ប្រជាជន​កម្ពុជា​សម្រាប់​ខេត្ត​មួយ​នេះ។

លោក ជា ជីវ បាន​ចូល​រួម​ជា​សមាជិក​គណបក្ស​សម រង្ស៊ី កាល​ពី​ឆ្នាំ២០០២ ដោយ​លោក​បាន​ឃើញ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​ យុវជន​អត់​ការងារ​ធ្វើ ​និង​រដ្ឋ​អំណាច​មិន​បាន​បំពេញ​សេវា​ជូន​ប្រជាពលរដ្ឋ​ស្មើ​គ្នា។

លោក​ ជា ជីវ ​ដែល​បច្ចុប្បន្ន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​មួយ​រូប បាន​បន្ត​ថា បច្ចុប្បន្ន​នេះ សមត្ថកិច្ច និង​អាជ្ញាធរ​កំពុង​តាម​ដាន​សកម្មភាព​របស់​លោក និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ឃើញ​សមត្ថកិច្ច​អាជ្ញាធរ​តាម​ឃ្លាំ​មើល ​និង​តាមដាន​រូប​ខ្ញុំ ​ខ្ញុំ​ទៅ​ណា ឃើញ​គេ​មាន​ស្កាត់​រក ​ហើយ​ពេល​ដែល​ខ្ញុំ​ប្រជុំ​ផ្ទៃ​ក្នុង​គណបក្ស​ គេ​ដាក់​ក្រុម​ស៊ើបអង្កេត​មក​ថត ហើយ​ពេល​ខ្ញុំ​ចុះ​មូលដ្ឋាន ជួប​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ ក៏​ដូចជា​ប្រជាពលរដ្ឋ ក៏​បាន​មាន​ក្រុម​ពួក​គាត់​តាម​ដាន»។

លោក​ក៏​កំពុង​លាក់​ខ្លួន​ដោយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​លោក​ផង​ដែរ​ ហើយ​មិន​ហ៊ាន​ប្រាប់​ទីតាំង​ដែល​កំពុងស្នាក់នៅ​ទេ។

រហូត​មក​ដល់​ពេល​នេះ សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​បាត់ដំបង ចំនួន ​៧​រូប បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ជា​បន្ត​បន្ទាប់។

ចំណែក​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ឯ​ណោះ​វិញ លោក សាន សឿន អាយុ​៥៩​ឆ្នាំ​ ដែល​ជា​ប្រធាន​ប្រតិបត្តិ​ខេត្ត ​មាន​ប្រសាសន៍​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​គម្រោង​ក្បត់​ជាតិ​ រហូត​ដល់​ប្រឈម​មុខ​នឹង​ការ​កាត់​សិទ្ធិ​នយោបាយ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យល់​ថា​ការ​ប្តឹង​នេះ វា​ជាការ​រំលោភ​បំពាន​មក​លើ​សិទ្ធិ​របស់ខ្ញុំ ដោយសារ​តែ​ខ្ញុំ​គិត​ថា ខ្ញុំ​អត់​មាន​ធ្វើ​អី​ខុស​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ ទៅ​នឹង​លិខិត​បទដ្ឋាន​នានា»។

រូបឯកសារ៖ សកម្មជន និងមន្ត្រីគណបក្សសង្គ្រោះជាតិ ឈរបង្ហាញស្លាកសញ្ញាគណបក្សត្រៀមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ចាប់ផ្ដើមពីខែឧសភា ឆ្នាំ២០១៧នេះ នេះ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក សាន សឿង ​ដែល​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​ចូល​ជា​សមាជិក​គណបក្ស​ប្រឆាំង ​គឺ​ជាមួយ​លោក ​សម រង្ស៊ី ​តាំង​ពី​ឆ្នាំ​១៩៩៧ ​ដោយ​លោក​ថា ​លោក​ចង់​បម្រើ​ពលរដ្ឋ​ពិត​ប្រាកដ ដោយ​មិន​មាន​បក្ស​ពួក​និយម ការ​រើស​អើង ការ​ប្រកាន់​និន្នាការ​នយោបាយ និង​ការ​លាប​ពណ៌។

នៅ​ក្នុង​កាលៈ​ទេសៈ​នេះ លោក សាន សឿង ​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ដែរ។ លោក​បន្ត​ថា កន្លង​ទៅ លោក​ក៏​មាន​ការ​ប្រុងប្រយ័ត្ន​ជា​បន្ត​បន្ទាប់ ដើម្បី​ជៀស​វាង​ការ​មួល​បង្កាច់ ការ​ចោទ​ប្រកាន់​ និង​ការ​ចាប់​ចង​ផ្សេងៗ។

សម្រាប់​ខេត្ត​កំពង់ចាម ​គណបក្ស​សង្រ្គោះជាតិ​ទទួល​បាន​មេឃុំចៅសង្កាត់​ចំនួន​៧៤ ​ក្នុង​ចំណោម​ឃុំសង្កាត់​១០៩។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​មាន​ភស្តុតាង​បង្ហាញ​ថា​ ថ្នាក់​ដឹកនាំ​ខេត្ត​ទាំង​នោះ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​ភស្តុតាង ភស្តុតាង​ដែល​ចូល​រួម​សកម្ម​ក្នុង​ការ​ប្រមូល​កម្លាំងមនុស្ស ដើម្បី​មក​ធ្វើ​បដិវត្តន៍​ពណ៌ ​យើង​មាន​ភស្តុតាង ​មាន​រូបភាព​អី​ទាំងអស់​អ្នក​នៅ​ក្នុង​ខេត្ត​ហ្នឹង។ វា​មិន​អស់​ទេ បើ​សិន​ជា​អស់ ​វា​អាចគ្រប់តែ​ខេត្ត​ហ្នឹង»។

លោក​ក៏​បាន​ព្រមាន​ថា រដ្ឋាភិបាល​នឹង​ពិនិត្យ​មើល​ត​ទៀត​ថា​ អ្នកណា​ជាប់ពាក់​ព័ន្ធ​នឹង​ករណី​ទាំង​នេះ។​ លោក​បញ្ជាក់​ថា ការ​ដាក់​បញ្ចូល​មន្រ្តី​បក្ស​ប្រឆាំង​ទាំង​១១៧​រូប​នៅ​ក្នុង​បញ្ជី​កាត់​សិទ្ធិ​នយោបាយ គឺ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។

អ្នកស្រី ម៉េង សុភារី ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត​ និង​នីតិកម្ម​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ប្រឈម​នឹង​ការ​កាត់​សិទ្ធិ​នយោបាយ​ដែរ​នោះ ដោយសារ​អ្នកស្រី​ជា​សមាជិក​គណៈកម្មាធិការ​នាយក​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ សមាជិក​គណបក្ស​នៅ​ថ្នាក់ក្រោម​ជាតិ​ជាង​១០០នាក់​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន​សែន។ អ្នកស្រី​មាន​ប្រសាសន៍​ថា មន្រ្តី​គណបក្ស​នៅ​ថ្នាក់​ក្រោម​ជាតិ​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង ការ​បង្ខំ​ឲ្យ​ចុះ​ចូល និង​ការ​បំបាត់​សិទ្ធិ​សេរីភាព​មួយ​ចំនួន។

លោក កែវ ថៃ ប្រធាន​គណៈ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា មាន​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ចំនួន​២​នាក់ ហើយ​ដោះលែង​វិញ​ ដោយ​អាជ្ញាធរ​បាន​ព្រមាន​ពួកគេ​មិន​ឲ្យ​ចេញ​ទៅ​ភ្នំពេញ​នៅ​មុន​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា គឺ​ថ្ងៃ​ដែល​តុលាការ​កំពូល​បើក​សវនាការ​លើ​បណ្តឹង​រំលាយគណបក្ស​សង្រ្គោះ​ជាតិ។ លោក​បន្ត​ថា រហូត​ម​ក​ដល់​ពេល​នេះ អាជ្ញាធរ​បាន​តាម​ដាន​មន្រ្តី​គណបក្ស​នៅ​ថ្នាក់​ក្រោម​ជា​បន្ត​បន្ទាប់។

លោក​មាន​ប្រសាសន៍​ថា៖ «ឃ្លាំ​មើល​រហូត​អញ្ចឹង ដល់​គ្នា​យើង​ខ្លះ ដោយ​សារ​អត់​ទ្រាំ​នឹង​ការ​អូសទាញ បង្ខិត​បង្ខំ​ពី​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​ច្រើន​ពេក គេ​ភៀស​ខ្លួន​អស់​ហើយ ​ភៀស​ខ្លួន​គេច​ពី​ផ្ទះ គាត់​ភៀស​ខ្លួន​យក​សុខ​រៀងៗខ្លួន ដើម្បី​ដោះស្រាយ​មួយ​រយៈ​ពេល​ខ្លី»។

ថ្មីៗនេះ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក​ ស ខេង បាន​បញ្ជាឲ្យ​នគរបាល និង​អាជ្ញាធរ​នៅ​តាម​ខេត្ត គ្រប់គ្រង​ តាម​ដាន​សភាពការណ៍​ និង​ដោះស្រាយ​បញ្ហា​នានា​ ឲ្យ​ទាន់​ពេល​វេលា​ និង​ឆាប់​រហ័ស​ ពាក់​ព័ន្ធ​នឹង​សកម្មភាព​នានា ដែល​លោក​ចាត់​ទុក​ថា​ជា​ឧបាយកល​ផ្តួល​រំលំ​រដ្ឋាភិបាល។

អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ អ្នកស្រី​ មូរ សុខហួរ ​ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស ​បាន​ឲ្យ​ដឹង​ថា ​រហូត​មក​ដល់​ពេល​នេះ​ ថ្នាក់​ដឹកនាំ​តាម​មូលដ្ឋាន​មួយ​ចំនួន ​រួម​មាន​ទាំង​គណៈ​ប្រតិបត្តិ​ខេត្ត បាន​ចាក​ចេញ​ទៅក្រៅ​ប្រទេស​ដើម្បី​សុវត្ថិភាព។ អ្នកស្រី​លើក​ឡើង​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គំរាម​កំហែង​មន្រ្តី​បក្ស​ប្រឆាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ គឺ​ដើម្បី​ធានា​ថា គណបក្ស​ប្រជាជន​នឹង​ឈ្នះ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​ VOA​ ថា៖ «ដូច្នេះ​រឹត​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា យុត្តិធម៌​អត់​មាន​ទេ ហើយ​ការ​គំរាម​កំហែង ការ​លាប​ពណ៌ ការ​បំភិត​បំភ័យ​ប្រចាំ​ថ្ងៃ​នេះ គឺ​ជា​ ការ​បំផ្លិច​បំផ្លាញ​ដ៏​ធ្ងន់ធ្ងរ​ដល់​លទ្ធិប្រជាធិបតេយ្យ»។

រូបឯកសារ៖ លោកស្រី​ មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី៦ ខែកញ្ញា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។

ប្រសិនបើ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​ ៥០០៧នាក់ ដែល​ខ្លួន​បាន​ឈ្នះ​តាម​រយៈ​ការ​បោះ​ឆ្នោត​ កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ​នឹង​បាត់បង់​តំណែង។

សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ពី​ការ​រឹតត្បិត​សារព័ត៌មាន​ អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម ​សុខា​ ប្រធាន​គណបក្ស​ប្រឆាំង។

ការ​ព្រួយបារម្ភ​នេះ​បាន​សម្តែង​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​ លោក ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ជាមួយ​លោក ​Matt Pottinger ​ជំនួយ​ការ​រង​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និង​លោក​ Patrick Murphy ​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍​ នៅ​ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នៅ​ក្នុង​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​មួយ​ពី​កិច្ចប្រជុំ​អាស៊ាន។

ជា​ការ​ឆ្លើយ​តប ក្រសួងការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​រដ្ឋ​មន្រ្តី​លោក ប្រាក់ សុខុន បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​រៀបចំ​ការ​បោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌​ និង​អាច​ទុក​ចិត្ត​បាន។

សម្រាប់​ថ្នាក់​ដឹកនាំ​ខេត្ត​បាត់ដំបង លោក ជា ជីវ មាន​ប្រសាសន៍​ថា លោក​កំពុង​រង់​ចាំ​ការ​សម្រេច​របស់​តុលាការ​កំពូល​ថា រំលាយគណបក្ស​សង្រ្គោះជាតិ​ឬ​យ៉ាងណា។ លោក​មាន​ការ​ព្រួយបារម្ភថា គណបក្ស​សង្រ្គោះជាតិ ​នឹង​មិន​អាច​ចូល​រួមការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ​២០១៨ខាង​មុខ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នៅ​តែ​បន្ត ថ្វី​ត្បិត​តែគាបសង្កត់ ថ្វីត្បិត​តែមាន​ការ​ដាក់​រូបខ្ញុំ​នៅ​ក្នុង​អ្នក​ដែល​បាត់​សិទ្ធិ​នយោបាយ​៥ឆ្នាំ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្ញុំ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​របស់​ខ្ញុំ​ដែរ»៕