នៅខួប២៣ឆ្នាំនៃអំពើហិង្សាថ្ងៃ៥-៦ខែកក្កដា គណបក្សសង្គ្រោះជាតិចេញសេចក្តីថ្លែងការណ៍ថា «រដ្ឋប្រហារ» រយៈពេលពីរថ្ងៃនោះ បានបណ្តាលឲ្យមានមនុស្សរាប់រយនាក់ត្រូវ«សម្លាប់យ៉ាងអយុត្តិធម៌ក្រៅប្រព័ន្ធតុលាការ»។
សេចក្តីថ្លែងការណ៍ចុះថ្ងៃ៦ក្កដានេះនិយាយទៀតថា៖ «រដ្ឋប្រហារនេះបង្កឡើងដោយក្រុមលោក ហ៊ុន សែន ក្នុងការដណ្តើមអំណាចមុនការបោះឆ្នោតឆ្នាំ១៩៩៨» និងជាសោកនាដកម្មមិនអាចបំភ្លេចបាន។ ប៉ុន្តែរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងថា នោះជា«ព្រឹត្តិការណ៍ផ្ទុះអាវុធបង្ក្រាបក្រុមប្រដាប់អាវុធអនាធិបតេយ្យ»។
ព្រឹត្តិការណ៍ផ្ទុះអាវុធនេះ បានបណ្តេញព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ចេញពីតំណែងសហនាយករដ្ឋមន្ត្រីទី១ ជាប្រធានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ដែលបានឈ្នះក្នុងការបោះឆ្នោតរៀបចំដោយអ.ស.ប.ស្រមតាមកិច្ចព្រមព្រៀងក្រុងប៉ារីសចុះហត្ថលេខាកាលពីឆ្នាំ១៩៩១ ដោយភាគីជម្លោះទាំងអស់នៅកម្ពុជា និងប្រទេសហត្ថលេខីចំនួន១៨ទៀត។
សេចក្តីថ្លែងការណ៍នេះបន្តថា រដ្ឋប្រហារនេះបន្តដោយអំពើហិង្សា ការសម្លាប់ក្រៅប្រព័ន្ធតុលាការនិងនិទណ្ឌភាព និងឈានដល់ការរំលាយទាំងស្រុងនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សរហូតដល់បច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍នេះ បានរំឭកដល់ការសម្លាប់លោក កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកស្រីពិសិដ្ឋ ពីលីកា ព្រះតេជព្រះគុណ សំ ប៊ុនធឿន និងជនរងគ្រោះនៃការសម្លាប់ក្រៅប្រព័ន្ធតុលាការផ្សេងៗទៀត ហើយ «គណបក្សសង្គ្រោះជាតិមិនដែលភ្លេចឡើយនូវសោកនាដ្ឋកម្មដ៏ឃោឃៅនេះ»។
វីអូអេមិនអាចបញ្ជាក់បានថា តើគណបក្សហ៊្វុនស៊ីនប៉ិចភាគីជម្លោះដែលត្រូវបានបណ្តេញចេញពីអំណាចក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦ខែកក្កដាកាលពី២៣ឆ្នាំមុននោះ ចេញសេចក្តីថ្លែងការណ៍ ឬ ធ្វើពិធីរំឭកសោកនាដកម្មនេះ ឬ យ៉ាងណាទេ៕