គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ចូល​គោរព​​ព្រះ​បរម​រូប​សម្តេច​ឪ

លោក​​កឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​គោរព​វិញ្ញាណ​ក្ខន្ធ​​ព្រះ​បរម​រូប​សម្តេច​ឪ​នរោត្តម​សីហនុ​​ នៅ​ថ្ងៃ​ច័ន្ទនេះ​ តែ​ត្រូវ​បាន​អាក់​ខាន​ទៅ​វិញ​ដោយ​សារ​តែ​មិន​មាន​ការ​យល់​ព្រម​ពី​គណៈ​កម្មការ​បុណ្យ​ជាតិ។​

ភ្នំពេញ៖ គណៈ​កម្មាធិការ​បុណ្យជាតិ​ ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​មិន​អនុញ្ញាត​ឲ្យថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ចូល​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធព្រះ​បរម​រូប​សម្តេច​ឪ​នរោត្តម​សីហនុ​ទេ​ ក្រោយពី​បាន​ដាក់​សម្ពាធជា​ផ្លូវ​ការ​ កាល​ពី​សប្តាហ៍​មុន។​

គណបក្ស​សង្គ្រោះជាតិ ​ដែល​ដឹក​នាំ​ដោយ​លោក​កឹម សុខា​ ប្រធាន​ស្តីទី​ បាន​ដាក់​ពាក្យ​ស្នើ​សុំ​គោរព​វិញ្ញាណ​ក្ខន្ធព្រះ​បរម​រូប​សម្តេច​ឪ​នរោត្តម​សីហនុ ដែល​បាន​ដាក់​តាំង​នៅ​លើ​សួន​ច្បារ​ជិត​វិមាន​ឯក​រាជ្យ​ នៅ​ថ្ងៃ​ច័ន្ទនេះ​ តែ​ត្រូវ​បាន​អាក់​ខាន​ទៅ​វិញ​ដោយ​សារ​តែ​មិន​មាន​ការ​យល់​ព្រម​ពី​គណៈ​កម្មការ​បុណ្យ​ជាតិ។​

លោកកឹម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ទី​ស្នាក់​ការ​គណបក្ស​ ដែល​មាន​ទី​តាំង​នៅ​ខ័ណ្ឌ​ទួល​គោក​ថា ​គណៈ​កម្មាធិការ​បុណ្យ​ជាតិ​មិន​ឲ្យថ្នាក់​ដឹក​នាំ​មកពី​គណបក្ស​សង្គ្រោះជាតិ​បាន​ចូល​គោរព​ព្រះ​បរម​រូប​សម្តេច​ឪ​ទេ​ ​ដោយ​លើក​ហេតុផល​ឲ្យ​រង​ចាំ​ក្រោយ​ថ្ងៃទី​១៥តុលាស្អែក​នេះ ​ដោយ​សារ​រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ជា​ផ្លូវ​ការ​សិន។​

លោក​កឹម សុខា​បាន​រិះ​គន់​ថា​ មាន​តែ​អ្នក​ដឹកនាំ​ប្រកាន់​របប​កុម្មុយ​នីស្ត​ និង​ពួក​ខ្មែរ​ក្រហម​ទេ​ ដែល​មាន​បំណង​ធ្វើ​អ្វី​គ្រប់​យ៉ាង ​ច្រើន​តែ​បោក​ប្រាស់ ​និង​ចង់​បាន​ព្រះ​បរម​រូប​សម្តេច​ឪ​សម្រាប់​ផ្តាច់​មុខ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖​«សូម្បី​ព្រះ​រាជ​កោដ្ឋ​ក៏​ជា​របស់​ពួកគេ​ដែរ។​ គេ​អត់​ទុក​ឲ្យជា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្នើ​គ្នាទេ។​ នេះ​ហើយ​ជា​លក្ខណៈដែល​បង្ហាញ​របស់​ពួក​ផ្តាច់​ការ​ ពួក​កុម្មុយនីស្ត។​ ​ ពួក​ហ្នឹង​គឺថា​ ទាញ​យក​ផលប្រយោជន៍ពី​អ្វី​ជា​របស់​ទាំង​អស់​គ្នា​ យក​ជា​របស់​ខ្លួន»។

គណបក្ស​សង្គ្រោះជាតិ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ធ្វើ​ពិធី​បង្សុកូល​ព្រះ​វិញ្ញាណ​ក្ខន្ធ​ ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម ​សីហនុ​ ព្រះ​បរម​រតនៈ​កោដ្ឋ ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិនៅ​ខណ្ឌ​ទួល​គោក។​

លោកកឹម សុខាបាន​បញ្ជាក់​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធព្រះ​បរម​រូប​សម្តេច​ឪ​នរោត្តម​សីហនុ​សារ​ជាថ្មី​ម្តង​ទៀត។​តែ​គណបក្ស​របស់​លោកនឹង​មិន​ចូល​រួម​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ជាមួយថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ទេ។​

រដ្ឋាភិបាល​កម្ពុជា ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ​នឹង​ធ្វើ​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធព្រះ​បរម​រូប​សម្តេច​ឪ​ ហើយ​បាន​កំណត់​យក​ថ្ងៃទី​១៥​ខែតុលា​ជារៀង​រាល់​ឆ្នាំ​ជា​ថ្ងៃ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធសម្តេច​ឪ។​

មន្ត្រី​រាជការ​ សិស្ស​ និស្សិត​ នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​ឈប់​សម្រាកមួយ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៥​ខែតុលា​ជា​រៀង​រាល់​ឆ្នាំ។

លោកកើត ឆែ​ នាយក​រដ្ឋបាល​សាលា​ក្រុង​ភ្នំពេញ​ បាន​និយាយ​ថា ​មិន​មែន​ជា​សម្ថកិច្ច​របស់​សាលា​ក្រុង​ទេ​ ដែល​មិន​អនុញ្ញាត​ឲ្យគណបក្ស​សង្គ្រោះ​ជាតិ​គោរព​ព្រះ​បរម​រូប​សម្តេច​ឪ។ ​លោក​បាន​បង្វែរ​សំណួរឲ្យសួរ​ទៅគណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ​វិញ។​

លោក​និយាយថា៖«​គាត់​អត់មាន​ដាក់​ពាក្យ​មក​សាលា​ក្រុង ​យើងឆ្លើយ​អត់​បាន​ទេ។​ បើ​គាត់​អត់​ដាក់​ពាក្យ​ផង​ឲ្យ ខ្ញុំ​ឆ្លើយ​ថា​ ម៉េច?»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទងស្នើសុំសេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​ពី​លោក​មឹន ឃឹន​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​ តែទាក់ទង​មិន​បាន​ ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

លោកបណ្ឌិត​ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​ឯក​រាជ្យ​បាន​បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ចូល​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធសម្តេច​ឪ​ ដែល​មិនមែន​ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ​របស់​រដ្ឋាភិបាល​ឬ​ក៏​គណបក្ស​នយោបាយ​ណា​មួយ​ទេ។​

លោក​បញ្ជាក់​ទៀត​ថា ​ការ​ហាម​ឃាត់​នេះ​ខ្លាច​ក្រែង​គណបក្ស​ប្រឆាំង​មាន​មុខ​មាត់​ជាង​គណបក្ស​គ្រប់​គ្រង​អំណាច។​

លោក​និយាយ​ថា៖​«ដូច​ជាមិន​ចង់​ឲ្យខាង​គណបក្ស​ប្រឆាំង​មាន​មុខ​ មាន​មាត់​ធ្វើ​សកម្មភាព​ឲ្យបាន​ពេញ​លេញ ​កាត់​បន្ថយ​ ឬ​បង្រួញ»។​

ព្រះ​បរម​រូប​សម្តេច​ឪ​នរោត្តម​សីហនុ​បាន​សម្ពោធជាផ្លូវ​ការ​កាល​ពី​សប្តាហ៍មុន​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ពី​ព្រះ​អង្គ​បាន​សោយ​ព្រះ​ទិវង្គត៕