ភ្លើងទៀន​ក្លាយ​ជា​និមិត្តរូប​នៃ​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​ ប៉ុន្តែ​លោក ​សម រង្ស៊ី ​មិន​បង្ហាញ​ការ​គាំទ្រ​បក្ស​នយោបាយ​​

លោក សម រង្ស៊ី​​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​​អុជ​ទៀន នៅ​វត្ត​ព្រះកែវ​មរកត ទីក្រុង Dallas រដ្ឋ Texas សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ២០២២។ (Facebook/Sam Rainsy)

… «យប់​ខ្មៅ​ងងឹត​គ្រប់​ច្រក​បិទ​ជិត​នាំ​គ្នា​អុជទៀន...គំនិត​ខ្ញុំ​កើត​កំណើត​ខ្ញុំ​មាន​ នាំ​គ្នា​អុច​ទៀន​សង្គ្រោះ​ជាតិ​យើង»។ កំណាព្យ​ខ្លី​នេះ​បាន​ក្លាយ​ជា​ការប្តេជ្ញា​ថ្មី​មួយ​ដែល​លោក​សម រង្ស៊ី​និង​អ្នកគាំទ្រ​បាន​សូត្រ​ជា​ប្រចាំ​ដោយ​មាន​ការអុជ​ទៀន​ផងដែរ​ជារៀងរាល់​ពេល​ជួបជុំ​នយោបាយ​ក្នុង​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​២​សប្តាហ៍​មក​នេះ​បន្ទាប់​កិច្ចប្រជុំ​លើក​ផែនការ​កាលពី​ថ្ងៃទី​១៩​ដល់​២១​ខែ​កុម្ភៈ។

នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​ Springfield ​រដ្ឋ ​Virginia ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​មុន​លោក សម រង្ស៊ីប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បានពន្យល់​ថា៖​ «ភ្លើងទៀន​គឺ​ជា​និមិត្តរូប​នៃ​អំពើ​ល្អ​ដែល​យើង​ចង់​កសាង​ទាំងអស់​គ្នា។ ភ្លើង​ទៀន​គឺ​នាំ​មក​នូវ​ពន្លឺ​ឱ្យ​ចិត្ត​យើង​ជ្រះ​ថ្លា។ ភ្លើង​ទៀន​គឺ​បំភ្លឺ​ផ្លូវយើង​ឱ្យ​យើង​ដើរ​ផ្លូវ​ត្រង់​ផ្លូវត្រូវ​ផ្លូវល្អហើយ​ក្នុង​សាសនា​ណា​ក៏​ដោយ​ពេល​ថ្វាយ​បង្គំ​ព្រះ​គេ​តែងតែ​អុជ​ទៀន»។

សកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​កាន់តែ​ផុលផុស​ឡើង​ស្របពេល​គ្នាដែល​គណបក្ស​នយោបាយ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​រៀបចំ​សមាសភាព​ថ្នាក់ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន​ដើម្បី​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៥​ ខែ​មិថុនា​ខាងមុខ​នេះ។ ក្នុង​ចំណោម​នោះ​គឺ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​មួយ​ដែល​លោក​សម រង្ស៊ី​បាន​បង្កើត​មុន​ពេល​ដែល​លោក​ចាកចេញ​មក​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ជាមួយ​នឹង​លោក កឹម សុខា។

ប៉ុន្តែ​លោក សម រង្ស៊ី​ បាន​ដកថយ​ពី​ការបញ្ចេញ​ជំហរ​ច្បាស់​ថា​លោក​គាំទ្រ​គណបក្ស​ភ្លើងទៀន​ដែល​ពេលនេះ​ត្រូវបាន​ដឹកនាំ​ដោយ​ក្រុមអតីត​មន្ត្រី​ជំនិត​របស់​លោក។

លោក​ សម រង្ស៊ី​ បាន​ពន្យល់​ថា៖ «យើង​មិន​បាច់​និយាយ​ច្រើន​ទេ។ និយាយ​ច្រើន​នាំ​តែ​អត់​ប្រយោជន៍​ផង​ហើយ​នាំតែ​ជួប​ការលំបាក​ដល់​អ្នកដទៃ​ផង។ អ៊ីចឹង​ក្នុង​ចិត្ត​គឺ​យើង​គ្រប់គ្រាន់​ហើយ។ ខ្ញុំ​គេ​ថាឃើញ​ភ្លើង​ទៀន។ យើង​នៅ​ពីក្រោយ​ភ្លើង​ទៀន​ប៉ុន្តែ​យើង​អត់នៅ​ពីក្រោយ​បក្ស​ណា​ទេ»។

លោក​ សម រង្ស៊ី​ និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​កំពុង​រស់នៅ​និរទេស​ខ្លួនទៅ​ក្រៅ​ប្រទេស​ដោយ​ប្រឈម​នឹង​បទចោទ​ប្រកាន់​ជាច្រើន​ក្នុង​តុលាការ​កម្ពុជា​ក្នុង​នោះ​មាន​បទ​ក្បត់ជាតិ​ចាប់​តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​រំលាយ​នៅ​ចុងឆ្នាំ​២០១៧។

រដ្ឋសភា​និង​ព្រឹទ្ធសភា​របស់​អាមេរិក​បាន​ស្នើ​ច្បាប់​ចំនួន​ពីរ​ដើម្បី​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ជនទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ក្នុង​នោះ​មាន​សេចក្តី​ព្រាងច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា​និង​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​កម្ពុជា។ សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​កំពុង​ស្ថិតនៅ​គណៈកម្មាធិការ​ការបរទេស​នៃ​ព្រឹទ្ធសភា។

រូប​ឯកសារ៖ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​មួយ​របស់​បក្ស​ នៅ​សហរដ្ឋ​អាមេរិក នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (ទំព័រ​ហ្វេសប៊ុកលោក​សម រង្ស៊ី)

អ្នកស្រី ​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​ពន្យល់ប្រាប់​ដល់​អ្នកចូលរួម​ពី​ការវិវត្ត​នៃ​ច្បាប់​ទាំងពីរ​ថា៖​ «ជាជោគជ័យ​របស់​យើង​ យើងបាន​សមាជិក​ព្រឹទ្ធសភា​១៣​រូប​ហើយ​ដែល​គាំទ្រ។ អ៊ីចឹង​យើង​បន្តទៅ​ទៀត។ ១៣​រូប​មែន​ប៉ុន្តែ​យើង​បន្ត​ជួប​ជាមួយ​នឹង​សមាជិក​របស់​គេ​ បុគ្គលិក​របស់​គេ​ មន្ត្រី​របស់​គេ​ជាង​៦០​នាក់។ នេះ​គឺ​ជា​ការចូលរួម​របស់​បងប្អូន​ទាំងអស់​នៅ​គ្រប់​រដ្ឋ​ទាំងអស់»។

ដូច​ការ​សច្ចា​នៅ​ពេល​ដុត​ទៀន​ គឺ​លោក សម រង្ស៊ី​ រក្សាសុទិដ្ឋិនិយម​ថា​ដំណោះស្រាយ​នយោបាយ​មួយ​នឹង​កើត​មាន​ឡើង។ ជាពិសេស​នៅ​ពេល​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​ជួប​ប្រជុំ​គ្នា​នៅ​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​ពេល​ខាងមុខ​ដោយ​លោក​សម រង្ស៊ី​ព្យាករណ៍​ថា​លោក​ហ៊ុន សែន​ត្រូវ​តែ​ឈប់ចោទ​ប្រកាន់​អាមេរិក​ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា។ បើធ្វើ​បាន​បែប​នេះ​មាន​ន័យ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​មាន​ទោស​ដែរ​ហើយ​អាច​ដំណើរការ​ឡើងវិញ។

លោក សម រង្ស៊ី​ បាន​បន្ថែម​ថា៖ «លោក ហ៊ុន សែន​ត្រូវតែ​ទម្លាក់​ចោល​ការចោទ​ប្រកាន់​មកលើ​សហរដ្ឋ​អាមេរិក។ យើង​ធ្វើ​ជាភ្ញៀវ​គេ​ យើង​មកដល់​ស្រុក​គេ​ យើង​មិន​អាច​នៅតែ​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​សហរដ្ឋ​អាមេរិក​បាន​ចូល​ដៃ​ជាមួយ​លោក​កឹម សុខា​ចង់​រំលំ​រដ្ឋាភិបាល​ហ៊ុន សែន​ ថា​សហរដ្ឋ​អាមេរិក​បាន​ប្រព្រឹត្ត​ទង្វើ​ខុសឆ្គងហើយ​មន្ត្រី​សហរដ្ឋ​អាមេរិក​មាន​ទោស។ អ្នកណា​ចូលរួម​សកម្មភាព​ជាមួយ​នឹង​លោក កឹម សុខា​មាន​ទោស។ ខ្ញុំ​ជឿថា​នៅ​ពេល​ហ្នឹង​លោក​ហ៊ុន សែន​គាត់​ពិចារណា​ថា​បោះបង់​ចោល​ ទម្លាក់​ចោល​ការចោទ​ប្រកាន់​មកលើ​សហរដ្ឋ​អាមេរិក»៕