គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ដែល​ចាប់​ឃុំ​សកម្មជន​របស់​ខ្លួន

សមាជិក​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ ជួបជុំ​គ្នា​នៅ​ក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​កាល​ពី​ឆ្នាំ ២០១៧ បាន «ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ» ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​នៅតែ​បន្ត​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​ដាក់​ឃុំ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ឆ្នាំ ២០១៩ ដែល VOA ទទួល​បាន គណបក្ស​នេះ​បាន​បញ្ជាក់​ថា សកម្មជន​របស់​ខ្លួន​ចំនួន ៦ នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន «ដោយ​គ្មាន​ដីកា​តាម​ទំនើង​ចិត្ត» តែ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នក​ទាំង ៦ នាក់​នោះ​គឺ លោក យ៉ាត ភារម្យ លោក ទុំ ប៊ុនថន កញ្ញា យូ ចាន់ធានី លោក លី ម៉េងឃាង លោក លី លីន និង​លោក ឈុន ថៃយុទ្ធ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សកម្មជន​របស់​ខ្លួន​សរុប​ចំនួន ២៦ នាក់​ហើយ ត្រូវ​បាន​អាជ្ញាធរចាប់​ឃុំ​ខ្លួន​តាំង​ពី​ដើម​ឆ្នាំ ២០១៩ នេះ​មក ដែល​ការ​ធ្វើ​ដូច្នេះ​គឺ​ជា «ទង្វើ​រំលោភ​បំពាន​យ៉ាង​កម្រោល​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា» ប្រៀប​ដូចជា​ទង្វើ​របស់​របប​ខ្មែរ​ក្រហម «ដើម្បី​បង្ក្រាប និង​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ស្លូតត្រង់ មិន​ឲ្យ​ហ៊ាន​ងើប​ឡើង​តស៊ូ​ទាមទារ​យុត្តិធម៌ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន»។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​លើក​ឡើង​ទៀត​ថា បន្ថែម​ទៅ​នឹង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​សកម្មជន​របស់​ខ្លួន និង​អ្នក​ទោស​មនសិការ​ទាំង​អស់ គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ខ្លាំងក្លា​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា រួម​ទាំង​សកម្មជន​គណបក្ស និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត ក៏​ដូចជា​ឲ្យ «បញ្ឈប់​ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ តាម​គ្រប់​រូបភាព»៕