លោក គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្របានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញានេះ ក្នុងអាយុ៩៤ឆ្នាំ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំងចុះថ្ងៃទី២ ខែកញ្ញា។
ក្រសួងព្រះបរមរាជវាំងបញ្ជាក់ថា លោក គង់ សំអុល ដែលជាតំណាងរាស្រ្តខេត្តកំពង់ឆ្នាំង និងជាសមាជិកគណៈអចិន្ត្រៃមួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព នៅវេលាម៉ោង៨និង៣៥នាទី ព្រឹកថ្ងៃចន្ទ ដោយជរាពាធ។
នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានផ្ញើលិខិតរំលែកទុកដល់ក្រុមគ្រួសាររបស់លោក គង់ សំអុល ផងដែរ។
លោក គង់ សំអុល បានធ្វើជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តាំងពីឆ្នាំ១៩៩៨ រហូតដល់លោកទទួលមរណភាព។ លោកក៏ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ។
ក្រៅពីតួនាទីជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាតំណាងរាស្រ្តមួយរូប លោក គង់ សំអុល ក៏ជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ហើយក៏ជាអនុប្រធានកាកបាទក្រហមកម្ពុជាផងដែរ។ កូនប្រុសរបស់លោកគឺលោក គង់ សន្យា បច្ចុប្បន្នជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងកូនស្រី លោកស្រី គង់ បញ្ញា។
យោងតាមក្រសួងព្រះបរមរាជវាំង សពរបស់លោក គង់ សំអុល នឹងត្រូវធ្វើពិធីបុណ្យនៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕