រដ្ឋាភិបាលក្រុងមូស្គូទាមទារឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពិចារណាឡើងវិញនូវការបញ្ជាឲ្យបិទអគារស្ថានទូតរុស្ស៊ីបីកន្លែង ហើយថា ការបិទនេះជាអំពើប្រទូស្តរាយ។
ក្រសួងការបរទេសរុស្ស៊ីចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា «យើងចាត់ទុកថា អ្វីដែលបានកើតមានឡើងគឺជាសកម្មភាពប្រទូស្តរាយបើកចំហ និងជាការរំលោភច្បាប់អន្តរជាតិដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ យើងអំពាវនាវឲ្យអាជ្ញាធរអាមេរិកមានការគិតគូរ ហើយបើកអគារការទូតរុស្ស៊ីឡើងវិញជាបន្ទាន់ បើមិនដូច្នេះទេ ការធ្លាក់ចុះផ្នែកទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរគឺត្រូវបន្ទោសស.រ.អា.»។
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសស.រ.អា.និយាយថា ខ្លួនបានត្រួតពិនិត្យអគារទូតបីកន្លែងរបស់រុស្ស៊ី ដែលរុស្ស៊ីទុកចោលតាមសំណើរបស់រដ្ឋាភិបាលអាមេរិក។
ក្នុងសារអេឡិចត្រូនិកកាលពីថ្ងៃសៅរ៍ មន្ត្រីការបរទេស.រ.អា.និយាយថា ទីតាំងទាំងនោះត្រូវបានពិនិត្យមើលជាមួយមន្ត្រីរុស្ស៊ី ហើយមិនមានការឆែកឆេរដូចសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីលើកឡើងនោះទេ។ រដ្ឋាភិបាលវិមានក្រឹមឡាំងចោទថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រើល្បិចកំញើញ ហើយថា មន្ត្រី FBI គំរាមគាស់ទ្វារអគារទូតមួយកន្លែង៕