សារណាបិទបញ្ចប់គ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារនេះនៅក្នុងសវនាការព្រហ្មទណ្ឌរបស់លោក Donald Trump ក្នុងទីក្រុង New York លើសំណុំរឿងលុយបំបិទមាត់។
នេះជាឱកាសចុងក្រោយសម្រាប់មេធាវីរបស់លោក Trump ក្នុងការបញ្ចុះបញ្ចូលគណៈវិនិច្ឆ័យតុលាការដែលមានសមាជិក ១២ នាក់ថាលោក Trump គ្មានទោសពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថាលោកបានព្យាយាមជះឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០១៦ ស្របពេលដែលរដ្ឋអាជ្ញាបង្ហាញភ័ស្តុតាងប្រឆាំងនឹងលោក។
សារណាចុងក្រោយនៅក្នុងសំណុំរឿងព្រហ្មទណ្ឌដំបូងបង្អស់ចោទប្រកាន់បុគ្គលដែលធ្លាប់ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកនេះអាចចំណាយពេលច្រើនម៉ោងនិងធ្វើឡើងក្រោយពីមានការផ្ដល់សក្ខីកម្មរយៈពេល ៥ សប្ដាហ៍កន្លងមក។
ចៅក្រមតុលាការកំពូលរដ្ឋ New York លោក Juan Merchan ត្រូវគេរំពឹងថានឹងប្រាប់គណៈវិនិច្ឆ័យតុលាការនៅព្រឹកថ្ងៃពុធស្អែកអំពីបញ្ហាផ្លូវច្បាប់នានាដែលពាក់ព័ន្ធនឹងសំណុំរឿងនេះមុនពេលគណៈវិនិច្ឆ័យតុលាការចាប់ដ្ដើមពិភាក្សាគ្នា។
នៅក្រោមប្រព័ន្ធច្បាប់របស់សហរដ្ឋអាមេរិក គណៈវិនិច្ឆ័យតុលាការត្រូវតែសម្រេចជាឯកច្ឆន្ទថាតើលោក Trump មានទោសឬគ្មានទោស។ ប្រសិនបើគណៈវិនិច្ឆ័យតុលាការមិនឯកភាពគ្នា រដ្ឋអាជ្ញានឹងសម្រេចថាតើត្រូវបើកសវនាការឡើងវិញលើសំណុំរឿងនេះឬក៏អត់។
សម្រាប់លោក Trump លទ្ធផលនៃសវនាការនេះគឺសំខាន់មិនត្រឹមតែសម្រាប់សេរីភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជោគវាសនានយោបាយរបស់លោកទៀតផង។ លោកគឺជាបេក្ខជនប្រធានាធិបតីសន្មតទុកខាងគណបក្សសាធារណរដ្ឋដែលនឹងប្រជែងជាមួយនឹងលោកប្រធានាធិបតី Joe Biden ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ៕