សហរដ្ឋអាមេរិកនិងប្រទេសចិនដែលជាប្រទេសពីរមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅលើពិភពលោក មានកាតព្វកិច្ចចំពោះខ្លួនឯងនិងប្រទេសដទៃទៀតក្នុងការប្រាស្រ័យទាក់ទងគ្នាជិតដិតជាងមុនពាក់ព័ន្ធនឹងសេចក្តីសម្រេចផ្នែកសេដ្ឋកិច្ចនិងបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីហិរញ្ញវត្ថុសហរដ្ឋអាមេរិកអ្នកស្រី Janet Yellen នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសៅរ៍ទី ៨ ខែកក្កដាកន្លងទៅនេះ។
អ្នកស្រី Yellen និងឧបនាយករដ្ឋមន្រ្តីចិនលោក He Lifeng បានជួបពិភាក្សាគ្នាអស់រយៈពេល ៥ ម៉ោងកាលពីថ្ងៃសៅរ៍។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានពណ៌នាកិច្ចពិភាក្សានេះថាមានលក្ខណៈ «ស្មោះត្រង់ ស្ថាបនា និងពេញលេញ»។ រីឯបណ្តាញផ្សព្វផ្សាយរដ្ឋរបស់ចិនវិញបានហៅកិច្ចពិភាក្សានេះថាមានលក្ខណៈ «ស៊ីជម្រៅ ស្មោះត្រង់ និងផ្ដោតលើហេតុការណ៍ជាក់ស្ដែង»។
អ្នកស្រី Yellen បានថ្លែងការពារការរឹតត្បិតរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Joe Biden លើការនាំចេញបច្ចេកវិទ្យាដែលរដ្ឋាភិបាលចិនមិនយល់ស្របជាមួយ និងបាននិយាយថា ការមិនយល់ស្របនេះមិនគួររារាំងប្រទេសទាំងពីរនៅក្នុងការស្វែងរកមធ្យោបាយដើម្បីដោះស្រាយ «បញ្ហាប្រឈមសំខាន់ៗនៅលើពិភពលោកដូចជាសម្ពាធបំណុលនៅក្នុងបណ្ដាប្រទេសដែលកំពុងមានសេដ្ឋកិច្ចងើបឡើងខ្លាំងនិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងការប្រែប្រួលអាកាសធាតុនោះទេ»។
ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិនបានរាយការណ៍ថា ភាគីចិនបានបង្ហាញការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មនិងវិធានការរឹតត្បិតរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិន។
លោក Lifeng បានលើកឡើងថា រដ្ឋាភិបាលទាំងពីរគួរវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងដែលត្រូវបានសម្រេចឡើងកាលពីខែវិច្ឆិកាឆ្នាំមុនដោយលោក Biden និងប្រធានាធិបតីចិនលោក Xi Jinping ដើម្បីលើកកម្ពស់ទំនាក់ទំនង។
លោក Lifeng បានថ្លែងដូច្នេះថា៖ «ប្រទេសទាំងពីរគួរប្រកាន់យកការអនុវត្តប្រកបដោយការទទួលខុសត្រូវសម្រាប់ប្រវត្តិសាស្រ្ត សម្រាប់មនុស្ស និងសម្រាប់ពិភពលោក»។
កាលពីថ្ងៃទី ៧ ខែកក្កដា អ្នកស្រី Yellen ក៏បានពិភាក្សាប្រកបដោយ «ភាពស្មោះត្រង់និងស្ថាបនា» ជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang នៅក្នុងទីក្រុងប៉េកាំងផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា