លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបេតយ្យហើយនឹងលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកជួបគ្នានៅក្នុងការជជែកដេញដោលផ្សាយតាមទូរទស្សន៍ជុំទី២នៅយប់ថ្ងៃអាទិត្យនេះ។
ចាប់តាំងពីការជជែកដេញដោលលើកទីមួយរបស់អស់លោក ទស្សនិកជនជាច្រើនបានចាត់ទុកថាលោកស្រីគ្លីនតុន ទទួលបានជ័យជំនះនៅក្នុងការជជែកដេញដោលជុំទី១ លោក Trump ត្រូវដោះស្រាយបញ្ហាព្រួយកង្វល់មួយចំនួនរបស់ពួកអ្នកបោះឆ្នោត រួមមានបញ្ហាអំពីការមិនបានបង់ពន្ធសហព័ន្ធរបស់លោកអស់រយៈពេលជាច្រើនឆ្នាំ។ក៏ប៉ុន្តែ បញ្ហាទាំងនោះ បានត្រូវទុកចោលមួយឡែកដោយមានការបញ្ចេញកាលពីថ្ងៃសុក្រពីអត្ថាធិប្បាយដោយប្រើពាក្យអាសគ្រាមរបស់លោកអំពីស្រ្តីម្នាក់ដែលត្រូវបានថតនៅក្នុងកាសែតវីដេអូកាលពី១១ឆ្នាំមុន។
ចំពោះលោកស្រីគ្លីនតុនវិញ លោកស្រីទំនងជាត្រូវឆ្លើយអត្ថាធិប្បាយបញ្ចេញដោយប្រព័ន្ធ WikiLeaks ដែលបានបង្ហាញថា លោកស្រីជួនកាលប្រកាន់ជំហរជាសាធារណៈ ហើយពេលខ្លះបានបង្ហាញជំហរផ្ទុយជាលក្ខណឯកជនលើបញ្ហាជាច្រើន រួមមានពាណិជ្ជកម្មហើយនឹងការទាក់ទងរបស់លោកស្រីជាមួយក្រុមហ៊ុន Wall Street ជាដើម។ ការស្ទង់មតិសាធារណៈ បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំងមួយចំនួនធំ បានចោទសួរពីភាពទុកចិត្តបានរបស់លោកស្រី ហើយការស្ទង់មតិទាំងនោះ បានត្រូវធ្វើឡើងមុនពេលនៃការបញ្ចេញរបស់ប្រព័ន្ធ WikiLeaks កាលពីថ្ងៃសុក្រ។
នៅថ្ងៃអាទិត្យនេះ ជាឱកាសមួយសម្រាប់លោកស្រី គ្លីនតុនដើម្បីបង្ហាញ «រូបរាងជាប្រធានាធិបតី» ដែលគូប្រកួតប្រជែងរបស់លោកស្រីថា លោកស្រីមិនអាចធ្វើបាននោះ។ ពលរដ្ឋទាំងអស់នឹងចាំមើលលោកស្រីគ្លីនតុននៅថ្ងៃអាទិត្យនេះនៅក្នុងការជជែកដេញដោលនៅទីក្រុងSt. Louis រដ្ឋMissouri ដើម្បីមើលថាតើលោកស្រីនឹងចោទសួរលោក Trumpយ៉ាងដូចម្តេចអំពីការនិយាយពាក្យអាសគ្រាមហើយនឹងដំណោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់លោកនោះ។
លោក Trumpមានឱកាសនៅថ្ងៃអាទិត្យនេះដើម្បីដោះស្រាយនូវកង្វល់របស់គណបក្សលោកអំពីអាកប្បកិរិយារបស់លោក ភាពឆេវឆាវរបស់លោកហើយនឹងសមត្ថភាពរបស់លោកដើម្បីកាន់ដំណែងជាប្រធានាធិបតីនោះ៕