បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ គឺលោកស្រី Hillary Clinton និងបេក្ខជនពីខាងគណបក្សសាធារណរដ្ឋគឺ លោក Donald Trump បានច្បាមយកការគាំទ្រកាន់តែខ្លាំងឡើង ដើម្បីទទួលការតែងតាំងជាបេក្ខជនតំណាងគណបក្សរៀងៗខ្លួន នៅក្នុងការប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិក។
លោកស្រី Clinton និងលោកTrump ទទួលបានជោគជ័យនៅក្នុងរដ្ឋសំខាន់ៗជាច្រើនក្នុងការបោះឆ្នោតបឋមនៅរដ្ឋជាង១០ កាលពីថ្ងៃអង្គារ ដែលជាថ្ងៃបោះឆ្នោតដ៏សំខាន់បំផុតនៃរដូវកាលបោះឆ្នោតបឋមនេះ។
អតីតរដ្ឋមន្ត្រីការបរទេសគឺ លោកស្រី Clinton បានឈ្នះនៅរដ្ឋចំនួន៧គឺរដ្ឋ Tennessee Alabama Georgia Arkansas Virginia Texas និង Massachusetts។ រីឯ គូប្រជែងរបស់លោកស្រី នៅខាងគណបក្សប្រជាធិបតេយ្យដូចគ្នា គឺលោក Sandersវិញ បានឈ្នះនៅរដ្ឋចំនួន៤គឺរដ្ឋVermont Oklahoma Minnesota និង Colorado។
ចំណែកឯ ខាងគណបក្សសាធារណរដ្ឋវិញ លោក Trump បានឈ្នះនៅរដ្ឋចំនួន៧ដែរ គឺរដ្ឋArkansas Georgia Alabama Tennessee Virginia Vermont និង Massachusetts។ រីឯគូប្រជែងរបស់លោកនៅខាងគណបក្សតែមួយ គឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋតិចសាស់គឺ លោក Ted Cruz វិញ បានឈ្នះនៅរដ្ឋចំនួន៣ គឺរដ្ឋTexas របស់លោកផ្ទាល់ ព្រមទាំងរដ្ឋOklahoma និងរដ្ឋAlaska។ ចំណែកឯសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋFlorida គឺលោក Marco Rubio បានឈ្នះនៅរដ្ឋ Minnesota ដែលជាជោគជ័យលើកដំបូងរបស់លោកក្នុងរដូវកាលបោះឆ្នោតបឋមនេះ។
លទ្ធផលទាំងអស់នេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ដោយសារការស្ទង់មតិមុនការបោះឆ្នោតនេះបានបង្ហាញថា លោកTrump និងលោកស្រី Clinton នឹងនាំមុខនៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋជាង១០នេះកាលពីថ្ងៃអង្គារ។
នៅក្នុងសុន្ទរកថា ក្រោយពីជ័យជម្នះរបស់ពួកគេ បេក្ខជននីមួយៗបានផ្តោតទៅលើគូបដិបក្ខរបស់ពួកគេរៀងៗខ្លួន ជាជាងទៅលើគូប្រជែងក្នុងគណបក្សតែមួយនៅក្នុងការបោះឆ្នោតបឋមនេះ៕