លោកស្រីហ៊ីលឡារី គ្លីនតុន (Hillary Clinton) មានគម្រោងត្រឡប់មកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតវិញនៅថ្ងៃព្រហស្បតិ៍ស្អែក បន្ទាប់ពីលោកស្រីបានសម្រាកអស់រយៈពេលពីរបីថ្ងៃដើម្បីឲ្យបានធូរស្បើយពីជំងឺរលាកសួត។
របាយការណ៍របស់ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីបានបញ្ជាក់ថា លោកស្រី គ្លីនតុននឹងធ្វើយុទ្ធនាការនៅក្នុងទីក្រុង Greensboro រដ្ឋ North Carolina នៅថ្ងៃព្រហស្បតិ៍ស្អែកដើម្បី «ពិភាក្សាអំពីទស្សនវិស័យរបស់លោកស្រីក្នុងការធ្វើឲ្យប្រជាពលរដ្ឋអាមេរិកាំងមានជីវភាពប្រសើរឡើងទាំងអស់គ្នា»។
ពេលដែលលោកស្រីគ្លីនតុនសម្រាករយៈពេលប៉ុន្មានថ្ងៃនេះ លោកស្រីមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដោយលោកអូបាម៉ាបានធ្វើយុទ្ធនាការបោះឆ្នោតឲ្យលោកស្រី។
លោកអូបាម៉ាបានប្រាប់អ្នកគាំទ្រលោកស្រីគ្លីនតុននៅក្នុងទីក្រុង Philadelphia កាលពីថ្ងៃអង្គារម្សិលមិញថា៖ «ខ្ញុំពិតជានឹងជ្រើសរើសលោកស្រីគ្លីនតុន។ ខ្ញុំគិតថា លោកស្រីគឺជាមនុស្សឆ្លាត មានការយល់ដឹងជ្រៅជ្រះ និងរឹងមាំ»។
លោកអូបាម៉ាបានចំអកដល់លោកដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋថា៖ «លោកត្រាំមិនសក្ដិសមធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក មិនសក្ដិសមតំណាងឲ្យសហរដ្ឋអាមេរិកនៅឯបរទេស និងមិនសក្ដិសមធ្វើជាមេបញ្ជាការទ័ពនោះទេ»៕