សម្រាប់សហរដ្ឋអាមេរិកដើម្បីដឹកនាំពិភពលោកដែលប្រកបដោយគ្រោះថ្នាក់នោះ ខ្លួនត្រូវតែបន្តទទួលយកភាពគ្រោះថ្នាក់ នៅពេលដែលខ្លួនខំប្រឹងប្រែងផ្នែកការទូត នេះជាប្រសាសន៍របស់លោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកដែលបានប្រាប់គណៈកម្មាធិការស៊ើបអង្កេតរបស់សភាតំណាងរាស្រ្តដែលដឹកនាំដោយគណបក្សសាធារណរដ្ឋស្តីពីការវាយប្រហារដ៏ប្រល័យនៅឆ្នាំ២០១២ទៅលើស្ថានកុងស៊ុលសហរដ្ឋអាមេរិកក្នុងទីក្រុង Benghazi នៃប្រទេសលីប៊ី។
លោកស្រី Clinton ដែលប្រឈមការចោទសួររយៈពេលមួយថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ អំពីតួនាទីរបស់លោកស្រីមុនពេល និងក្រោយពីការវាយប្រហារថ្ងៃទី១១ ខែកញ្ញាទៅលើបរិវេណស្ថានកុងស៊ុលបាននិយាយក្នុងសម្លេងប្រុងប្រយ័ត្នអំពីការស្លាប់របស់លោកឯកអគ្គរដ្ឋទូត Christopher Stevens ហើយនិងជនជាតិអាមេរិកាំង៣នាក់ទៀតនៅពេលដែលលោកស្រីជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក។
លោកស្រី Clinton មានប្រសាសន៍ថា «អាមេរិកត្រូវតែដឹកនាំពិភពលោកប្រកបដោយគ្រោះថ្នាក់នេះ ហើយអ្នកការទូតរបស់យើងត្រូវតែបន្តតំណាងឲ្យយើងនៅទីប្រទេសនានាប្រកបដោយគ្រោះថ្នាក់នេះ។ យើងត្រូវតែទទួលយកភាពគ្រោះថ្នាក់ដើម្បីការពារប្រទេសរបស់យើង ហើយនិងធ្វើឲ្យជឿនលឿនដល់ផលប្រយោជន៍ និងតម្លៃរបស់យើង»។
លោកស្រី Clinton បានមានប្រសាសន៍បន្តទៀតថា ការវាយប្រហារដ៏ប្រល័យដែលមានការសង្ស័យលើពួកជនសកម្មប្រយុទ្ធឥស្លាមបានទន្ទ្រានលើបរិវេណស្ថានកុងស៊ុលសហរដ្ឋអាមេរិកដោយប្រើកាំភ្លើង គ្រាប់បែកដៃ និងកាំភ្លើងត្បាល់ មិនអាចបញ្ឈប់សកម្មភាពរបស់សហរដ្ឋអាមេរិកទូទាំងសាកលលោកបានទេ។ លោកស្រីមានប្រសាសន៍បន្តទៀតថា «នៅពេលដែលអាមេរិកអវត្តមាន ជាពិសេសនៅទីកន្លែងដែលមានអស្ថេរភាព វានឹងមានផលវិបាក»៕