លោកស្រី Hillary Clinton បានទទួលជ័យជម្នះយ៉ាងស្រួលនៅក្នុងការបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ South Carolina ដែលធ្វើឲ្យលោកស្រីក្លាយជាបេក្ខជននាំមុខហើយបានធ្វើឲ្យលោក Bernie Sanders បានទទួលបរាជ័យយ៉ាងខ្លាំងនៅមុនពេលនៃការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដ៏សំខាន់មួយនៅថ្ងៃអង្គារខាងមុខនេះដែលហៅថា Super Tuesday។
លោកស្រី Clinton បានឈ្នះដោយបានទទួលការគាំទ្រពីពួកគណបក្សប្រជាធិបតេយ្យជិត៣ភាគ៤ដែលបានទៅបោះឆ្នោតនៅក្នុងរដ្ឋភាគខាងត្បូងលើកទីមួយក្នុងអំឡុងនៃរដូវបោះឆ្នោតបឋមជ្រើសរើសបេក្ខជនប្រធានាធិបតី។
លទ្ធផលនេះ គ្មានការមន្ទិលសង្ស័យឡើយ។ សំណួរគឺថា តើលោក Sanders ដែលជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont អាចបង្រួមយកបានអ្វីដែលមានជិត៣០ពិន្ទុនៅក្នុងការស្ទង់មតិកាលពីពេលថ្មីៗនេះដែរឬទេ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Sanders បានចេញសេចក្តីថ្លែងការណ៍ដ៏រហ័សដើម្បីស្វាគមន៍លោកស្រីគ្លីនតុនពីជ័យជម្នះរបស់លោកស្រី។
លោកស្រីគ្លីនតុន បានប្រាប់ពួកអ្នកគាំទ្រដែលស្រែកអបអរសាទរនៅឯការប្រជុំនយោបាយកាលពីរសៀលថា «ថ្ងៃស្អែក យុទ្ធនាការបោះឆ្នោតនេះនឹងឡើងកម្រិតថ្នាក់ជាតិ»។
លោកស្រី គ្លីនតុន ដែលជាអតីតរដ្ឋមន្រ្តីការបរទេសហើយនិងជាភរិយារបស់អតីតប្រធានាធិបតី ឥឡូវនេះបានទទួលជ័យជម្នះឬបានស្មើ នៅក្នុងការប្រកួតប្រជែងក្នុងរដ្ឋចំនួន៣នៃការប្រកួតប្រជែងរដ្ឋចំនួន៤លើកដំបូងនៅក្នុងការបោះឆ្នោតខាងគណបក្សប្រជាធិបតេយ្យ ហើយបាននាំមុខយ៉ាងខ្លាំងនៅក្នុងការស្ទង់មតិនៅក្នុងរដ្ឋជាច្រើនដែលមានគម្រោងធ្វើការបោះឆ្នោតនៅថ្ងៃអង្គារខាងមុខនេះ៕