លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យកំពុងសង្ឃឹមនឹងបានទទួលការគាំទ្រនៅក្នុងការស្ទង់មតិក្រោយពីការជជែកដេញដោលលើកទីមួយរបស់លោកស្រីជាមួយលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។ការស្ទង់មតិរបស់ CNN – ORC បន្ទាប់ពីការជជែកដេញដោល បានរកឃើញថា អ្នកដែលគេសួរចំនួន២ភាគ៣ គិតថា លោកស្រីក្លីនតុន ធ្វើបានល្អនៅក្នុងការជជែកដេញដោលលើកទីមួយនៃការជជែកដេញដោល៣រវាងបេក្ខជនទាំង២ដែលប្រកួតប្រជែងដើម្បីកាន់កាប់សេតវិមាន។លោកស្រី Hillary Clinton បានទទួលការលើកទឹកចិត្តបន្ថែមនៅពេលលោកស្រីស្វាគមន៍អ្នកគាំទ្រនៅរដ្ឋ North Carolina មួយថ្ងៃបន្ទាប់ពីការធ្វើបានយ៉ាងល្អនៅក្នុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីលើកដំបូង។
«តើមាននរណាបានមើលការជជែកដេញដោលកាលពីយប់ម៉ិញទេ? ការពិភាក្សាទើបចប់មួយ នៅសល់២ទៀត»។
លោកស្រីគ្លីនតុន បានដាក់លោក Trump ឲ្យស្ថិតក្នុងការការពារខ្លួននៅក្នុងការជជែកដេញដោលគ្នាកាលពីយប់ថ្ងៃច័ន្ទដោយដាក់គំនាបលោកថាតើហេតុអ្វីបានជាលោកមិនបញ្ចេញពន្ធដាររបស់លោកហើយនឹងតួនាទីរបស់លោកនៅក្នុងការចោទសួរពីសញ្ជាតិរបស់លោកប្រធានាធិបតីអូបាម៉ា។
«លោកបានចាប់ផ្តើមសកម្មភាពនយោបាយពិតប្រាកដដែលផ្អែកលើលើការកុហកប្រកាន់ពូជសាសន៍ថា ប្រធានាធិបតីស្បែកខ្មៅលើកដំបូងរបស់យើង មិនមែនជាជនជាតិអាមេរិកាំង»។
លោក Trump ថ្មីៗនេះបានប្រកាសថា លោកព្រមទទួលថា លោកប្រធានាធិបតី កើតនៅសហរដ្ឋអាមេរិកបន្ទាប់ពីការព្យាយាមអស់ពេលជាច្រើនឆ្នាំដើម្បីបង្កើននូវការមន្ទិលសង្ស័យមក។
«ខ្ញុំគិតថា ខ្ញុំបានធ្វើការងារនិងផ្តល់សេវាកម្មដ៏អស្ចារ្យ មិនមែនត្រឹមតែសម្រាប់ប្រទេសអាមេរិកប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្រាប់ប្រធានាធិបតីដើម្បីធ្វើឲ្យលោកមានសំបុត្រកំណើតត្រឹមត្រូវ»។
លោក Trumpបានប្រាប់ពួកអ្នកគាំទ្រនៅក្នុងទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃអង្គារថា លោកគិតថា ការជជែកដេញដោលដំណើការបានល្អ ទោះបីកាលពីដំបូងលោកបានត្អូញត្អែពីអ្នកសម្របសម្រួលកម្មវិធីនិងឧគ្ឃោសសនស័ព្ទរបស់លោកក៏ដោយ។
លោក Trump ក៏បានកត់សម្គាល់ពីការស្ទង់មតិកាលពីពេលថ្មីៗនេះដែលបានបង្ហាញថាលោកកំពុងនាំមុខលោកស្រីគ្លីនតុន។
«ការជជែកដេញដោលនោះ អស្ចារ្យណាស់។យើងកំពុងទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ។អ្នកដឹងទេថា ខ្ញុំបានឈ្នះនៅរដ្ឋ Florida នៅក្នុងការបោះឆ្នោតបឋមហើយយើងកំពុងធ្វើបានយ៉ាងល្អនៅពេលឥឡូវនេះ។យើងកំពុងនាំមុខនៅរដ្ឋ Florida នៅពេលឥឡូវនេះ»។
លោក Matthew Dallek អ្នកវិភាគនិយាយថា យុទ្ធសាស្រ្តរបស់លោកស្រីគ្លីនតុន ដាក់ឲ្យលោក Trump ការពារខ្លួនក្នុងការជជែកដេញដោលបានទទួលផលប្រយោជន៍។
«ខ្ញុំគិតថា ការណ៍នេះជាជ័យជំនះដ៏ច្បាស់ក្រឡែតសម្រាប់លោកស្រីគ្លីនតុននៅគ្រប់កម្រិតទាំងអស់ហើយខ្ញុំគិតថា នៅទីបញ្ចប់គេបានឃើញនឹងមានផលប៉ះពាល់រយៈពេលយូរនៅក្នុងការបោះឆ្នោតដែលមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនេះ»។
ក៏ប៉ុន្តែ លោក Dallekនិយាយថា គេនៅមិនទាន់បានឃើញថា តើការជជែកដេញដោលនេះ នឹងមានផលប៉ះពាល់ដល់ពួកអ្នកបោះឆ្នោតដែលមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេ។
«ខ្ញុំមិនគិតថា វាមិនមែនជាការសំខាន់ដើម្បីធ្វើឲ្យលោក Trump បាត់បង់ពួកអ្នកគាំទ្រសំខាន់ៗរបស់លោកនោះទេ។ក៏ប៉ុន្តែ វាជាការលំបាកដើម្បីមើលឃើញថាតើលោក Trump នឹងឈ្នះយ៉ាងដូចម្តេចទេហើយថាតើលោកធ្វើឲ្យការគាំទ្ររបស់លោកកើនឡើងនោះទេ»។
លោក Andra Gillespie បាននិយាយតាមប្រព័ន្ធ Skype ថា ថ្វីបើមានភាពវិជ្ជមានក៏ដោយ លោកស្រីគ្លីនតុន នៅធ្វើការដើម្បីដោះស្រាយភាពកំសោយរបស់លោកស្រីលើបញ្ហាភាពទុកចិត្ត។
«លោកស្រីគ្លីនតុន ត្រូវស្វែងរកមធ្យោបាយដើម្បីធ្វើឲ្យកិត្យានុភាពរបស់លោកស្រីមានការទុកចិត្តឡើងវិញដែលជាកំហុសរបស់លោកស្រីកាលពីអតីតកាល»។
ការជជែកដេញដោលបេក្ខជនប្រធានាធិបតីលើកក្រោយត្រូវបានគេគ្រោងធ្វើឡើងនៅថ្ងៃទី៩ ខែតុលា។
ប្រែសម្រួលដោយ ជឹង ប៉ូជីន