លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា អញ្ជើញទៅកាន់រដ្ឋ Florida កាលពីថ្ងៃសុក្រដើម្បីធ្វើការឃោសនាបោះឆ្នោតជូនលោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹត្តិការណ៍មួយដែលមានគោលដៅបង្ហាញសារៈសំខាន់នៃការបោះឆ្នោតក្នុងខែវិច្ឆិកា ដល់គ្រួសារក្នុងរដ្ឋ Florida។
ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រី Clinton និយាយថា ការឃោសនាបោះឆ្នោតដោយលោកប្រធានាធិបតីគូសបញ្ជាក់អំពីផែនការរបស់លោកស្រី Clinton ក្នុងការកសាងសេដ្ឋកិច្ចដែលជាប្រយោជន៍សម្រាប់ប្រជារាស្ត្រអាមេរិកាំងគ្រប់គ្នា មិនមែនសម្រាប់តែពួកជនមានឋានៈខ្ពស់ទេ។
គេយល់ឃើញថា រដ្ឋ Florida ជារដ្ឋមានការប្រកួតប្រជែងខ្លាំងមួយ ដែលនៅទីនោះលោកស្រី Clinton ឬលោក Donald Trump អាចឈ្នះឆ្នោតបាន។ រដ្ឋនេះមានសន្លឹកឆ្នោតពួកប្រតិភូ២៩ដែលនាំឱ្យរដ្ឋនេះបំពេញមុខនាទីសំខាន់មួយនៅក្នុងការជ្រើសរើសចុងក្រោយបង្អស់របស់ប្រទេសជាតិសម្រាប់ប្រធានាធិបតី។
ការស្ទង់មតិមួយដោយ Bloomberg ដែលបានត្រូវចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា លោក Trump នាំមុខលោកស្រី Clinton ២ភាគរយនៅក្នុងការប្រកួតប្រជែងក្នុងរដ្ឋ Florida រវាងបេក្ខជនបួននាក់ដោយមានរួមបញ្ចូលអ្នកស្រី Jill Stein ខាងគណបក្សបៃតង និងលោក Gary Johnsonខាងគណបក្ស សេរីនិយម។
កាលពីឆ្នាំ២០១២ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានឈ្នះឆ្នោតតិចជាងមួយភាគរយក្នុងរដ្ឋ Florida។នៅពេលជាមួយគ្នានេះ លោក Trump ឃោសនាបោះឆ្នោតនៅក្នុងផ្នែកឦសានស.រ.អា.កាលពីថ្ងៃសុក្រ ដោយលោកឈប់សំចតនៅក្នុងរដ្ឋ New Hampshire និងរដ្ឋ Maine៕