យុទ្ធនាការ​របស់​លោកស្រី​ Clinton ​ចាប់​ផ្តើម​ម្តង​ទៀត​បន្ទាប់​ពី​ជំងឺ​រោគ​រលាក​សួត ​ខណៈ​ដែល​លោក Trump ​បាន​ចោទ​សួរ​ពី​ភាព​អំណត់​​របស់​លោកស្រី

លោកស្រី Hillary Clinton និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​លើ​យន្តហោះ​របស់​លោកស្រី នៅ​ក្នុង​ក្រុង White Plains រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក​ស្រី Hillary Clinton ​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ត្រឡប់​មក​ការ​យុទ្ធនាការ​ឃោស​នា​បោះឆ្នោត​វិញ​បន្ទាប់​ពី​ការ​ជា​សះស្បើយ​អស់​រយៈពេល​៣​ថ្ងៃ​ប្រហែល​ដោយសារ​ជំងឺ​រលាកសួត ​ក៏ប៉ុន្តែ ​លោក Donald Trumpគូ​ប្រកួត​ប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋរបស់​លោកស្រី ​កំពុង​ចោទ​សួរ​ពី​អត់​ធ្មត់​របស់​លោកស្រី។

លោកស្រី ​Clinton ​ធ្វើ​ដំណើរ​ទៅ​កាន់​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃព្រហស្បតិ៍​នៅ​រដ្ឋ North Carolina ​ដែល​ជា​រដ្ឋ​មាន​ការ​ប្រកួត​ប្រជែង​គៀក​គ្នា​បំផុត​ដែល​នៅ​ទី​នោះ​បេក្ខជន​ទាំង២ ​បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​តាម​រយៈ​យុទ្ធនាការ​បោះឆ្នោត​ជា​ច្រើន។​ ក្រោយមក ​លោកស្រី​ Clinton ​នឹង​ធ្វើ​សុន្ទរកថា​នៅ​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​របស់​មេដឹកនាំ​ជនជាតិ ​Hispanic ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ជាមួយ​ប្រធានាធិបតី បារ៉ាក់ ​អូបាម៉ា ​ដែលជា​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​ម្នាក់​របស់​លោកស្រី។ លោក Trump ​បាន​ថ្លែងនៅ​ឯ​ក្លឹប​សេដ្ឋកិច្ច​ក្រុង​ញូវយ៉ក​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ New Hampshire ដែល​ជា​រដ្ឋប្រកួតប្រជែង​គ្នា​មួយ​ទៀត​ដែល​ស្ថិត​នៅ​ភាគ​ឦសាន្ត​របស់​សហរដ្ឋ​អាមេរិក។

នៅ​ពេល​ដែល​លោក​ស្រី Clinton ​បន្ត​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោកស្រី​បន្ទាប់​ពី​មាន​ដំណើរ​ធីងធោង​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក ​វេជ្ជបណ្ឌិត​របស់​លោកស្រី ​និយាយ​ថា ​លោកស្រី​កំពុង​ជា​សះស្បើយ​ឡើង​វិញ​ពី​ជំងឺ​រលាក​សួត​ហើយ​លោកស្រីនៅ​តែ​សក្តិសម​ធ្វើ​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក។

លោក​ស្រី​ Clinton ​បាន​ប្រាប់​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «ខ្ញុំ​មាន​ការ​សប្បាយ​រីករាយ​ដែល​នៅ​ទី​បញ្ចប់​ខ្ញុំ​បាន​ធ្វើ​ទៅ​តាម​បញ្ជា​របស់​វេជ្ជបណ្ឌិត​ហើយ​ធ្វើ​ការ​សម្រាក​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ដោយ​មិន​បញ្ចេញ​កម្លាំង​ដែល​ខ្ញុំ​គិតថាជា​បទ​ពិសោធន៍​ធម្មតា​សម្រាប់​មនុស្ស»៕