លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាអ្នកគាំទ្រសំខាន់បំផុតដល់លោកស្រី Hillary Clinton នៅពេលនេះ ដែលការឃោសនាបោះឆ្នោតរបស់លោកស្រីសម្រាប់តំណែងប្រធានាធិបតីស.រ.អា.បានឆ្លងផុតពីការប្រកួតប្រជែងគ្នានៅក្នុងគណបក្សប្រជាធិបតេយ្យហើយកំពុងផ្តោតការយកចិត្តទុកដាក់លើការបោះឆ្នោតទូទៅក្នុងខែវិច្ឆិកា ក៏ប៉ុន្តែទំនាក់ទំនងរបស់លោក និងលោកស្រីមិនមានភាពស្និទ្ធស្នាលជានិច្ចទេ។ កាលពី៨ឆ្នាំមុននេះ ការទាក់ទងគ្នារវាងលោកអូបាម៉ា និងលោកស្រី Clinton មានអរិភាពនឹងគ្នា។
ក្រោយពីបានរក្សាជំហរជាមនុស្សអព្យាក្រឹតក្នុងរយៈពេលជាច្រើនខែនៃការបោះឆ្នោតបឋម ការប្រជុំ Caucus និងការឃោសនាបោះឆ្នោតរួចមក លោក អូបាម៉ា បានគាំទ្រលោកស្រី Clinton ដោយមានសេចក្តីសាទរនិងដោយដាច់អហង្ការ នៅពេលដែលពួកអ្នកជំនាញការខាងនយោបាយបាននិយាយថាលោកស្រីប្រាកដជានឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងមហាសន្និបាតជាតិរបស់គណបក្សនេះនៅខែក្រោយ។
លោកប្រធានាធិបតីបានមានប្រសាសន៍ថា ការគាំទ្ររបស់លោកផ្អែកលើការវិនិច្ឆ័យរបស់លោកស្រី Clinton អំពីបញ្ហានានាដែលមានសារៈសំខាន់ដល់ប្រទេសជាតិ និង ការប្តេជ្ញារបស់លោកស្រីដល់សេចក្តីថ្លៃថ្នូររបស់យើង»។
លោក អូបាម៉ា បានមានប្រសាសន៍នៅក្នុងវីដេអូឃោសនាបោះឆ្នោតមួយដែលបានត្រូវផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយក្រុមអ្នកឃោសនាបោះឆ្នោតរបស់លោកស្រី Clinton ថា៖ «ខ្ញុំដឹងថាការងារនេះអាចពិបាកបែបណា។ព្រោះហេតុនេះហើយបានជាខ្ញុំដឹងថា Hillary នឹងបំពេញការងារនេះបានល្អ។ ជាការពិតជាក់ស្តែង ខ្ញុំមិនយល់ថាមាននរណាម្នាក់មានគុណសម្បត្តិសម្រាប់កាន់តំណែងនេះទេ។ ខ្ញុំនៅជាមួយលោកស្រី។ ខ្ញុំមានការរំភើបចិត្ត ហើយខ្ញុំកំពុងរង់ចាំចេញទៅក្រៅហើយជួយឃោសនាបោះឆ្នោតឱ្យ Hillary»៕