កិច្ច​ពិភាក្សា​អាកាសធាតុ​ធ្វើ​តាម​អនឡាញ​ឡើងវិញ​ ខណៈ​មាន​សម្ពាធ​កើន​ឡើង​ឲ្យ​ចាត់​វិធានការ​​ដោះស្រាយ​វិបត្តិ​នេះ

រូបឯកសារ៖ ប្រធាន​កិច្ច​ប្រជុំ​កំពូល​ COP ​លើកទី​២៦ លោក Alok Sharma (ឆ្វេង) និយាយ​ជាមួយ​រដ្ឋមន្ត្រី​បរិស្ថាន​ជប៉ុន លោក Shinjiro Koizumi (ស្ដាំ) នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ជាលើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១៩ ​និង​បន្ទាប់ពី​មាន​ការ​សន្យា​មិន​ឲ្យ​មាន​កំណើន​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ប្រទេស​ធំៗ​នៅ​លើ​ពិភព​លោក ការ​ចរចា​របស់​អ.ស.ប.​អំពី​អាកាសធាតុ​ចាប់​ផ្តើម​ឡើង​វិញ​កាលពី​ថ្ងៃ​ច័ន្ទ​តាម​អនឡាញ ​គឺ​ក្នុង​រយៈពេល​៦​ខែ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​ COP ​លើកទី​២៦។​ នេះបើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កិច្ច​ពិភាក្សា​ដែល​ជាធម្មតា​រៀបចំ​ដោយ​កម្មវិធី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អ.ស.ប.នៅ​ទីក្រុង​ Bonn ​ប្រទេស​អាល្លឺម៉ង់ ​នឹង​មិន​មែន​ជា​កិច្ច​ពិភាក្សា​ផ្លូវការ​ទេ ​មាន​ន័យ​ថា នឹង​គ្មាន​ការ​សម្រេច​ចិត្ត​ណាមួយទេក្នុង​កិច្ច​ពិភាក្សា​រយៈពេល​៣​សប្តាហ៍​នេះ​ទេ។​

ក៏ប៉ុន្តែមាន​ការ​ព្រមានកាន់តែ​ធ្ងន់ធ្ងរ​ឡើង​ពី​អ្នក​វិទ្យាសាស្ត្រ​ថា​ ល្បឿន​នៃ​កំណើន​កំដៅ​ពិភពលោក​កំពុង​កើន​ឡើង​លឿន​ជាង​ផែនការក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅទៀត ​ដែល​នាំ​ឲ្យ​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ចាត់​វិធានការ​ចាំបាច់​នានា។​

នៅ​ឆ្នាំ​២០១៨ ​បណ្តា​ប្រទេស​នានា​បាន​ព្រមព្រៀង​គ្នាលើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែល​កំណត់​របៀប​ដែល​ប្រទេស​នីមួយៗ​អនុវត្ត​គោលដៅ​របស់​ខ្លួន។​ ប៉ុន្តែ​បញ្ហាមួយ​ចំនួន​នៅតែ​មិន​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ​ រួមទាំង​ច្បាប់ស្តី​ពី​តម្លាភាព​ ​ឥណទាន​កាបូន​ និង​ពេល​កំណត់​រួម​សម្រាប់​ប្រទេស​ទាំងអស់កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័នផ្ទះ​កញ្ចក់​របស់​ខ្លួន។​

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ចុងក្រោយ​បង្អស់​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដី​អំពី​អាកាសធាតុ​កាល​ពីខែ​ធ្នូ ​ឆ្នាំ​២០១៩​ បណ្តា​ប្រទេស​នានា​ក៏មិន​បាន​ឯកភាព​អំពី​ប្រព័ន្ធ​សកល​ក្នុង​ការ​រាយការណ៍​អំពី​ហិរញ្ញ​វត្ថុ​សម្រាប់​បញ្ហា​អាកាសធាតុ​នោះ​ដែរ។

លោក Nathan Cogswell ជា​អ្នក​ស្រាវជ្រាវ​នៅឯ​វិទ្យាស្ថាន​ធនធាន​ពិភពលោក​ ឬ World Resources បាន​និយាយ​ថា កិច្ចព្រមព្រៀង​មាន​តម្លាភាព​កាន់តែ​ខ្លាំង​ឡើង​ជា«សមាសភាព​ដ៏​សំខាន់​មួយ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ប្រកប​ដោយ​ប្រសិទ្ធភាព»៕