ភស្តុតាងវិទ្យាសាស្ត្រដែលត្រូវបានកត់ត្រាទុកក្នុងអត្ថបទមួយចំនួន ដែលបង្ហាញដោយអង្គការសុខភាពពិភពលោក (WHO) កាលពីពេលថ្មីៗនេះ បានបញ្ជាក់ឱ្យដឹងអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុលើដំណាក់កាលសំខាន់ៗនៃជីវិតរស់នៅរបស់មនុស្ស។
អ្នកស្រី Anayda Portela អ្នកវិទ្យាសាស្ត្រនៃនាយកដ្ឋានមាតា ទារក កុមារ មនុស្សជំទង់ និងមនុស្សវ័យចំណាស់នៃអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ៧ ខែមិថុនា ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីសថា៖ «ទាំងនេះជាការបង្ហាញនូវភស្តុតាងវិទ្យាសាស្ត្រដ៏សំខាន់អំពីផលប៉ះពាល់ទៅលើសុខភាពស្ត្រីមានផ្ទៃពោះ ទារកទើបនឹងកើត កុមារ មនុស្សជំទង់ និងមនុស្សវ័យចំណាស់ ដោយសារការបំពុលខ្យល់អាកាសនិងគ្រោះថ្នាក់ផ្សេងទៀតផ្នែកអាកាសធាតុដូចជាភ្លើងឆេះព្រៃ ទឹកជំនន់ និងកម្តៅឡើងខ្លាំងជាដើម»។
អ្នកស្រីបន្ថែមថា៖ «ភស្តុតាងទាំងនេះមានសារៈសំខាន់ខ្លាំង ពីព្រោះវាបង្ហាញពីហានិភ័យផ្នែកសុខភាព សម្រាប់ក្រុមមនុស្សទាំងនេះដោយសារតែគ្រោះធម្មជាតិផ្សេងៗ»។
អ្នកស្រីបានកត់សម្គាល់ថា ការប្រមូលនូវអត្ថបទផ្សេងៗដែលត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្ដីសុខភាពសាកល (Journal of Global Health) បានបង្ហាញថា ហានិភ័យផ្នែកសុខភាពដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ «មិនត្រូវបានគេយកចិត្តទុកដាក់ឱ្យបានគ្រប់គ្រាន់នោះទេ» សម្រាប់មនុស្សវ័យក្មេង មនុស្សវ័យចំណាស់ និងស្តី្រមានផ្ទៃពោះ «ដោយវាអាចមានផលប៉ះពាល់ធ្ងន់ធ្ងរនិងជារឿយៗអាចបង្កការគំរាមកំហែងដល់អាយុជីវិតផងដែរ»។
ការសិក្សានេះបង្ហាញថា គ្រោះធម្មជាតិដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុមាន «ផលប៉ះពាល់ធ្ងន់ធ្ងរ» មួយចំនួនដល់ «សុខភាពផ្លូវកាយនិងផ្លូវចិត្ត» របស់ស្ត្រីមានគភ៌ មនុស្សវ័យក្មេង និងមនុស្សវ័យចំណាស់។
ជាឧទាហរណ៍ អ្នកនិពន្ធនៃអត្ថបទទាំងនេះបានកត់សម្គាល់ថា ទារកកើតមិនគ្រប់ខែ ដែលពេលនេះគឺជាមូលហេតុនាំមុខនៃការស្លាប់របស់កុមារ «បានកើនឡើងក្នុងអំឡុងពេលមានរលកកម្តៅខ្ពស់ ខណៈដែលក្រុមមនុស្សវ័យចំណាស់ទំនងជាអាចឈានដល់ការគាំងបេះដូង ឬការកើតជំងឺផ្លូវដង្ហើមផ្សេងៗ»។
អ្នកនិពន្ធទាំងនេះក៏បានរាយការណ៍ផងដែរថា រលកកម្តៅក៏បានធ្វើឱ្យ «ប៉ះពាល់ដល់ការយល់ដឹងនិងការសិក្សារៀនសូត្ររបស់កុមារនិងមនុស្សជំទង់ផងដែរ»។
របាយការណ៍របស់អង្គការឧតុនិយមពិភពលោកស្ដីពីស្ថានភាពបរិយាកាសសាកលបានបញ្ជាក់ថា ឆ្នាំ ២០២៣ ជាឆ្នាំដែលក្តៅខ្លាំងបំផុតមិនធ្លាប់មានក្នុងពេលកន្លងមក និងបានព្យាករណ៍ថាសីតុណ្ហភាពសាកលលោកក្នុង «រយៈពេល ៥ ឆ្នាំពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ នឹងកើនលើស ១,៥ អង្សាសេ គឺលើសសីតុណ្ហភាពមុនសម័យឧស្សាហកម្ម» ដែលក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថាអាចនឹងនាំទៅដល់ការប្រែប្រួលអាកាសធាតុយ៉ាងឆាប់រហ័សនិងមិនអាចកែប្រែបាន។
យោងតាមអង្គការសុខភាពពិភពលោក រវាងឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ ការប្រែប្រួលអាកាសធាតុ ត្រូវបានព្យាករណ៍ថានឹងធ្វើឱ្យមនុស្សប្រមាណ «២៥០.០០០ នាក់ស្លាប់ក្នុងមួយឆ្នាំដោយសារកង្វះអាហារូបត្ថម្ភ ជំងឺគ្រុនចាញ់ ជំងឺរាគរូស និងជំងឺថប់អារម្មណ៍ដោយសារកម្តៅខ្លាំង»។
អ្នកស្រី Portela ក៏បានព្រមានផងដែរថា ការបំពុលខ្យល់អាកាសអាចបង្កើនឱ្យមានជំងឺឡើងសម្ពាធឈាមសម្រាប់ស្ត្រីមានផ្ទៃពោះ ទារកកើតមិនគ្រប់ទម្ងន់ ទារកកើតមិនគ្រប់ខែ និងផលប៉ះពាល់អវិជ្ជមានដល់ការវិវត្តនៃខួរក្បាលនិងសួតរបស់ទារកក្នុងផ្ទៃ។
ការសិក្សាទាំងនេះបង្ហាញថា ផលប៉ះពាល់ដ៏គ្រោះថ្នាក់ជាច្រើនលើសុខុមាលភាពផ្លូវកាយនិងផ្លូវចិត្តកើតចេញពីគ្រោះធម្មជាតិនានាពាក់ព័ន្ធនឹងអាកាសធាតុដូចជាទឹកជំនន់ ភាពរាំងស្ងួត និងភ្លើងឆេះព្រៃជាដើម ដែលគ្រោះធម្មជាតិទាំងនេះត្រូវបានបង្ហាញថាបានបង្កើនអត្រាស្លាប់របស់មនុស្សវ័យចំណាស់ដោយសារជំងឺផ្លូវដង្ហើមនិងជំងឺគាំងបេះដូង។
អ្នកស្រី Portela បានបញ្ជាក់ថា៖ «មានភាពចាំបាច់បន្ទាន់ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅ និងភាពចាំបាច់បន្ទាន់ក្នុងការបង្កើតភាពធន់នឹងអាកាសធាតុនិងចាត់វិធានការជាក់លាក់មួយចំនួនដែលអាចការពារសុខភាពនៅគ្រប់ដំណាក់កាលនៃជីវិត»។
អង្គការសុខភាពពិភពលោកបានជំរុញរដ្ឋាភិបាលនានាឱ្យចាត់ទុកបញ្ហាប្រែប្រួលអាកាសធាតុជាអាទិភាពដូចបញ្ហាសុខភាពមួយដូច្នោះដែរ ដោយបានលើកឡើងពីវិធានការជាក់លាក់ជាច្រើន ដែលគេអាចអនុវត្តបានដើម្បីលើកកម្ពស់និងការពារសុខភាពនៅដំណាក់កាលខុសៗគ្នានៃជីវិត។
ជាឧទាហរណ៍ វិធានការទាំងនោះអាចមានដូចជាការធ្វើការងារទៅតាមម៉ោងពេលដែលអាចបត់បែនបាន ការត្រៀមរៀបចំប្រព័ន្ធមើលថែកុមារនិងការសិក្សាសម្រាប់ករណីដែលមានធាតុអាកាសគ្រោះថ្នាក់និងសីតុណ្ហភាពកើនឡើងខ្លាំង និងការជូនដំណឹងដល់ប្រជាជននិងសហគមន៍នានាអំពីវិធានការផ្សេងៗមួយចំនួនដែលអាចការពារក្រុមមនុស្សងាយរងគ្រោះក្នុងអំឡុងពេលមានរលកកម្តៅខ្លាំងនិងការបំពុលខ្យល់អាកាសដែលកាន់តែអាក្រក់ឡើង៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ