ក្រុមមន្ត្រីអាហ្វហ្គានីស្ថានបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ការផ្ទុះគ្រាប់បែកមួយនៅតាមដងផ្លូវមួយក្នុងខេត្ត Helmand នាប៉ែកខាងត្បូងប្រទេសបានបណ្តាលឲ្យជនស៊ីវិលយ៉ាងតិចណាស់១៩នាក់ស្លាប់ដោយមានរួមបញ្ចូលទាំងកុមារ៩នាក់ផងដែរ។
គេបានរាយការណ៍ថា ពួកជនរងគ្រោះទាំងនេះបានរត់គេចខ្លួនពីការប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងពួកយុទ្ធជនតាលីបង់នៅក្នុងស្រុក Marjahនៅពេលដែលយានជំនិះពួកគេបានបើកជាន់គ្រាប់មីនមួយគ្រាប់។ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ពួកកុមារទាំងអស់ដែលស្លាប់មានអាយុតិចជាង៥ឆ្នាំ។
នៅក្នុងប៉ែកខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ក្រុមមន្ត្រីបាននិយាយថាពួកបះបោរតាលីបង់បានវាយយកបានស្រុកសំខាន់មួយកាលពីថ្ងៃសៅរ៍។ អាជ្ញាធរបាននិយាយថា ការរលំកាលពីយប់មិញនៃស្រុក Chardara បានបើកផ្លូវឲ្យពួកបះបោរអាចវាយយកទីរួមខេត្ត Kunduz បាន។
ក្រុមមន្ត្រីក្នុងមូលដ្ឋានបាននិយាយនៅថ្ងៃអាទិត្យនេះថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងក្រុមយុទ្ធជនតាលីបង់ប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅចម្ងាយពីរបីគីឡូម៉ែត្រពីការិយាល័យអភិបាលខេត្ត៕