ចំនួនជនស៊ីវិលស្លាប់ចាប់ផ្តើមកើនឡើងនៅពេលដែលការប្រយុទ្ធដណ្តើមយកក្រុង Fallujah ដែលកាន់កាប់ដោយពួករដ្ឋឥស្លាម កំពុងមានសភាពខ្លាំងឡើងៗ។
លោក Jan Egeland នៃក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស បាននិយាយថា «មហន្តរាយខាងមនុស្សធម៌មួយកំពុងកើតមានឡើងនៅក្នុងក្រុង Fallujah។ គ្រួសារជាច្រើនបានជាប់គាំងនៅក្នុងកន្លែងដែលមានការបាញ់កាំភ្លើងតគ្នាដោយគ្មានផ្លូវរួចដោយសុវត្ថិភាពទេ»។
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានបើកការវាយលុកមានគោលដៅវាយយកក្រុងនេះមកវិញ។
ទីភ្នាក់ងារអ.ស.ប.ខាងជនភៀសខ្លួនហៅកាត់ថា UNHCR បានទទួលរបាយការណ៍ថា ពួកជនស៊ីវិលបានត្រូវសម្លាប់នៅក្នុងការបាញ់ផ្តក់យ៉ាងខ្លាំងឬត្រូវកប់ទាំងរស់នៅក្រោមកម្ទេចកម្ទីផ្ទះរបស់ពួកគេ។
យ៉ាងហោចណាស់ មានកុមារយ៉ាងតិច២ម៉ឺននាក់ កំពុងជាប់នៅក្នុងទីក្រុងនោះ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់អង្គការយូនីសេហ្វ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់កុមារនេះ បានទទូចឲ្យភាគីទាំងអស់ ធានាសុវត្ថិភាពកុមារទាំងនេះ ដែលកំពុងប្រឈមនឹងការជ្រើសរើសឲ្យធ្វើជាទាហានកុមារផងដែរ។
សេចក្ដីថ្លែងការណ៍បានព្រមានថា «កុមារប្រឈមនឹងហានិភ័យនៃការចាប់បង្ខំឲ្យចូលប្រយុទ្ធ និងការព្រាត់ប្រាសពីក្រុមគ្រួសាររបស់ពួកគេ»។
លោក William Spindler អ្នកនាំពាក្យនៃអង្គការ UNHCR បាននិយាយថា៖ «មានសេចក្តីរាយការណ៍ដែរអំពីគ្រួសាររាប់រយគ្រួរបានត្រូវប្រើប្រាស់ធ្វើជាខែលមនុស្ស»ដោយពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម»។
មានគ្រួសារប្រមាណ៦២៥បានរត់គេចខ្លួនរួចចេញពីការប្រយុទ្ធគ្នាចាប់តាំងពីសប្តាហ៍មុនមក។
កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានបំបែកនិងត្រួតពិនិត្យក្រុមបុរសៗដោយសារបារម្ភអំពីស្វាមីភ័ក្តិរបស់ពួកជនទាំងនោះជាមួយពួករដ្ឋឥស្លាម ក្រោយពេលពួកគេបានរស់នៅជាងពីរឆ្នាំក្រោមការគ្រប់គ្រងរបស់ពួករដ្ឋឥស្លាម ហើយចុងក្រោយបានចាកចេញពីក្រុងនោះ៕