សង្គម​ស៊ីវិល​និង​យូណេស្កូ​ជំរុញ​ឲ្យ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គោរព​តាម​ស្តង់​ដារ​អន្តរ​ជាតិ ​ខណៈ​ច្បាប់​នេះ​ពន្លឿន​អនុម័ត​ឆាប់ៗ

រូបឯកសារ៖ បុរសម្នាក់កំពុងអានកាសែត ​នៅរាជធានីភ្នំពេញ​ កាលពីថ្ងៃទី ២៣ ខែ​មីនា​ ឆ្នាំ២០១៨ ។ (ខាន់​ សុគុំមនោ/វីអូអេ)

អង្គការ​សង្គម​ស៊ីវិល​ជាតិ​អង្គការ​យូណេស្កូ​និង​តំណាង​ស្ថានទូត​ស៊ុយអែត​ នៅ​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ជំរុញ​ឲ្យ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ គោរព​តាម​ស្តង់ដារ​អន្តរជាតិ​ដោយ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ទៅ​លើ​ការ​ចែង​មិន​ច្បាស់ ​អំពី​ព័ត៌មាន​សម្ងាត់​និង​ការ​ដាក់​ទោស​ទណ្ឌ​មន្រ្តី ​ដែល​មាន​ចេតនា​មិន​បញ្ចេញ​ព័ត៌មាន។​

ពួកគេ​បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​កម្ម​វិធី​មួយ​ ដើម្បី​អបអរ​សាទរ​ទិវា​អន្តរជាតិ​សម្រាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជាសាកល​ឆ្នាំ​ ២០២០ ​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ និង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដាច់​ដោយ​ឡែក ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល។​

ការ​ពិភាក្សា​ផ្នែក​បច្ចេកទេស​អំពី​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ដែល​មាន​សារ​ប្រយោជន៍​សម្រាប់​សាធារណ​ជន​ទូទៅ ​និង​អ្នក​សារ​ព័ត៌មាន ​ក្នុង​ការ​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ​ត្រូវ​បាន​បញ្ចប់​ ហើយ​គ្រោង​នឹង​ត្រូវ​អនុម័ត​ឲ្យ​បាន​ នៅ​ចុង​ឆ្នាំ ​២០២០ ​នេះ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក​ មាស សុភ័ណ្ឌ។​

នៅ​ក្នុង​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ​អង្គការ​យូណេស្កូ​ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ លោក ​Sardar Umar Alam ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា ​មាន​ប្រសាសន៍​ថា​ ការ​ទទួល​បាន​ព័ត៌មាន​ត្រូវ​តែ​ទទួល​ស្គាល់​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ហើយ​វា​ជា​ធាតុ​ចំបាច់​ដំបូង​សម្រាប់​ប្រទេស​ក្នុង​ការ​គោរព​ និង​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​មនុស្ស។​ លោក​ជំរុញ​ឲ្យ​ច្បាប់​នេះ​ធ្វើ​ឡើង​ស្រប​តាម​ស្តង់ដារ​អន្តរ​ជាតិ។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​ជឿ​ជាក់​ថា​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​នឹង​ត្រូវ​បាន​អនុម័ត​ឆាប់ៗ​នេះ​ ហើយ​នឹង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​ស្តីពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​ គោល​ការណ៍​ចម្បង​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ មាន​គោល​គំនិត​គាំទ្រ​ការ​ទទួល​បាន​ព័ត៌មាន​ជា​អតិបរមា​ដោយ​មាន​ការ​លើក​លែង​តិច​តួច»។​

ក្នុង​ឱកាស​នោះ​ផង​ដែរ​ លោកស្រី​ Camilla Ottosson​ លេខា​ទីមួយ​នៃ​ស្ថានទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ដូច​គ្នា​ថា​ លោកស្រី​សង្ឃឹម​ថា​ ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​នឹង​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។​ លោកស្រី​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​បំភិត​បំភ័យ​ និង​ការ​យាយី​ដែល​កំហិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​ចង​ក្រង​សមាគម​ក្នុង​ប្រទេស​កម្ពុជា។​

លោកស្រី​ថ្លែង​បន្ថែម​ថា៖ ​«ការ​សម្រប​ខ្លួន​ទៅ​នឹង​បច្ចេកវិទ្យា​ថ្មី​ប្រហែល​មាន​ភាព​ចាំបាច់​ ប៉ុន្តែ​វា​មិន​មាន​ន័យ​ថា​ បន្ទាប​ស្តង់ដារ​[នៃ​សិទ្ធិ​មនុស្ស]​ទេ។​ សិទ្ធិ​ដែល​មាន​នៅ​ខាង​ក្រៅ​ពី​ប្រព័ន្ធ​អនឡាញ​ក៏​ត្រូវតែ​ការពារ​ ដូចគ្នា​នឹង​ប្រព័ន្ធ​អនឡាញ​ដែរ​ ជា​ពិសេស​ទាក់ទង​នឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។​

មាត្រា​ ៣ ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ​ដែល​ VOA ​ទទួល​បាន​ ចែង​ថា​ ច្បាប់​នេះ​មាន​វិសាល​ភាព​អនុវត្ត​ចំពោះ​ព័ត៌មាន​គ្រប់​ប្រភេទ ​ដែល​ត្រូវ​ផ្តល់​ដោយ​ស្ថាប័ន​សាធារណៈ ​ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ​ ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​លើក​លែង​តែ​ព័ត៌មាន​សម្ងាត់​ដែល​ស្ថិត​ក្នុង​បទ​បញ្ញត្តិ​ហាម​ឃាត់។​

សេចក្តី​ព្រាង​ច្បាប់​ឲ្យ​ដឹង​ថា​ ព័ត៌មាន​សម្ងាត់​ដែល​ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​មិន​ផ្តល់​ឲ្យ​មាន​ ដូច​ជា​ព័ត៌មាន​បណ្តាល​ឲ្យ​អន្តរាយ ​និង​ប៉ះពាល់​ដល់​វិស័យ​សាធារណៈ​និង​ឯក​ជន ​ដូច​ជា​អន្តរាយ​ដល់​វិស័យ​ការពារ​ជាតិ ​និង​សន្តិសុខ​ជាតិ ​ដូច​ជា​ការ​នាំ​ចូល​ ការ​ផលិត​ ការ​រក្សា​ទុក ​និង​ការ​ប្រើប្រាស់​គ្រឿង​សព្វា​វុធ​គ្រប់​ប្រភេទ។

​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​បរទេស ​ឬ​អន្តរជាតិ​ព័ត៌មាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ជាតិ។ ​ព័ត៌មាន​បណ្តាល​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ព្រហ្មទណ្ឌ​ ការ​អនុវត្ត​ច្បាប់​និង​ការ​សម្ងាត់​របស់​តុលាការ ​ដែល​ត្រូវ​យក​មក​អនុវត្ត។​ ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ឯកជន​ ព័ត៌មាន​សម្ងាត់​ដែល​ទាក់ទង​ទៅ​នឹង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ​និង​ដំណើរ​នៃ​ការ​តែង​តាំង​របស់​ស្ថាប័ន​សាធារណៈ ​និង​ព័ត៌មាន​សម្ងាត់​ដទៃ​ទៀត​ ដែល​បទ​បញ្ញត្តិ​ហាម​ឃាត់។​

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​កម្ពុជា ​(API)​ លោក ​ឡាំ សុជាតិ​ មាន​ប្រសាសន៍​ថាស្ថាប័ន​សាធារណៈ​ត្រូវ​រៀបចំ​ព័ត៌មាន​និង​បញ្ចេញ​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​មិន​បាច់​ប្រជា​ពលរដ្ឋ​សុំ​នោះ​ទេ។ ​ប៉ុន្តែ​ លោក​បារម្ភ​អំពី​ការ​មិន​ចែង​ច្បាស់​ទាក់ទង​នឹង​ទណ្ឌកម្ម​លើ​មន្រ្តី​ ដែល​មាន​ចេតនា​មិន​ផ្តល់​ព័ត៌មាន។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ដាក់​ទោស​ទណ្ឌ​ទណ្ឌកម្ម​ ហើយ​និង​កិច្ច​ការពារ​ឲ្យ​ច្បាស់​លាស់​ដែល​មន្រ្តី​ធ្វេស​ប្រហែស ​ឬ​ក៏​មិន​បញ្ចេញ​(ពត៌មាន)​ដោយ​ចេតនា។​ បើ​មិន​ឲ្យ​ត្រូវ​តែ​មាន​ទោស​....​ឲ្យ​ច្បាស់​លាស់»។​

លោក​បន្ត​ថា​ ការ​ចែង​អំពី​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ នៅ​មាន​ចំណុច​ខ្វះ​ខាត​នៅ​ឡើយ​ ជាពិសេស​ត្រង់​ចំណុច​នៃ​ការ​ចែង​ថា​ «ព័ត៌មាន​ដទៃ​ទៀត​ស្ថិត​ក្នុង​បញ្ញត្តិ​ហាម​ឃាត់»។​ លោក​ថា​ ការ​ចែង​ចំណុច​នេះ​ធ្វើ​ឲ្យ​ច្បាប់​នេះ​មិន​មាន​អំណាច​លើ​ព័ត៌មាន​សម្ងាត់​ផ្សេងៗ ​ដែល​ស្ថាប័ន​សាធារណៈ​ខ្លួន​ឯង​ចាត់​ទុក​ជា​ព័ត៌មាន​សម្ងាត់​ហើយ​មិន​ចង់​បញ្ចេញ​ទៅ​សាធារណ​ជន។​

រូបឯកសារ៖ ពលរដ្ឋ​កម្ពុជាម្នាក់កំពុងអានកាសែត រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/វីអូអេ)

នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ លោក ​អ៊ិត សូធឿត ​នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ស្នើ​សុំ​ឲ្យ​បន្ថយ​រយៈ​ពេល​នៃ​ការ​ទទួល​បាន​ព័ត៌មាន​ដែល​មាន​ការ​កំណត់​រហូត​ដល់​ ១៥ ​ថ្ងៃ​ នៃ​ថ្ងៃ​ធ្វើ​ការ​ដែល​លោក​ថា ​គួរ​តែ​មាន​ការ​កំណត់​ត្រឹម​តែ ​៥ ​ថ្ងៃ​បាន​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​ឃើញ​ថា ​រយៈ​ពេល ​១៥ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​នេះ ​វា​មាន​រយៈ​ពេល​យូរ​បន្តិច។​ បើ​យើង​គិត​ទៅ​តាម​ប្រតិទិន ​វា​អាច​ឡើង​ទៅ​ដល់​៣​សប្តាហ៍»។​

លោក ​ឡាំ សុជាតិ​ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ​កម្ពុជា ​(API)​ មាន​ប្រសាសន៍​ថា ​ ស្ថាប័ន​សាធារណៈ​អាច​ផ្តល់​ព័ត៌មាន​ភ្លាមៗ​ដល់​ប្រជា​ពលរដ្ឋ ប្រសិន​បើ​ព័ត៌មាន​ទាំង​នោះ​មាន​នៅ​ក្នុង​ដៃ​ដោយ​មិន​ចាំ​បាច់​រង់​ចាំ​ដល់​ទៅ​ជាង​១៥​ថ្ងៃ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ប្រសិន​បើ​គាត់​អង្គុយ​ចាំ​បាន​ អង្គុយ​យក​តែ​ម្តង​ បាន​ន័យ​ថា​ត្រឹម​សាលា​ឃុំ​សាលាស្រុក​សាលា​អី​ហ្នឹង​ គឺ​សុំ​ភ្លាម​បាន​ភ្លាម។​ បើ​សិន​ព័ត៌មាន​វា​មក​ដល់​ថ្នាក់​ជាតិ​ ឆ្លង​កាត់​ក្រសួង​ច្រើន​ ​អាច​ថា​មួយ​អាទិត្យ​អី​បាន​ហើយ»។​

លោក​ មាស សុភ័ណ្ឌ ​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​មាន​ប្រសាសន៍​ថា​ មាន​ប្រមាណ ​៥ ​ប្រទេស​នៃ​សមាជិក​អាស៊ាន ​ដែល​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ។​ លោក​បន្ថែម​ថា ច្បាប់​នេះ​ជា​ធាតុ​ផ្សំ​មួយ​យ៉ាង​សំខាន់​ នៅ​ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស។​

ត្រង់​ការ​រិះគន់​អំពី​ព័ត៌មាន​សម្ងាត់​លោក ​មាស សុភ័ណ្ឌ​ មាន​ប្រសាសន៍​ថា ​ច្បាប់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ក៏​ចែង​អំពី​ព័ត៌មាន​សម្ងាត់​ដទៃ​ទៀត ​ដែល​បទ​បញ្ញត្តិ​ហាម​ឃាត់​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​ «អ៊ីចឹង​ត្រូវ​យល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន លើក​លែង​តែ​ព័ត៌មាន​សម្ងាត់។​ អ៊ីចឹង​យើង​អត់​អាច​និយាយ​បាន​ថា​ ព័ត៌មាន​សម្ងាត់​ត្រូវ​តែ​ប៉ុន​នេះ​ទេ។​ សេចក្តី​ព្រាង​ច្បាប់​យើង​នេះ​ក៏​យើង​មិន​ទាន់​ចែង​អស់​ អំពី​ព័ត៌មាន​សម្ងាត់​ដែរ។​ យើង​ត្រូវ​ទទួល​ស្គាល់​ជា​រួម​ទៅ​លើ​លទ្ធផល​នេះ។ ច្បាប់​ឥណ្ឌូនេស៊ី​ក៏​គេ​ដាក់​ចំណុច​ហ្នឹង​ដែរ។​ អ៊ីចឹង​យើង​ទៅ​មើល​កុំ​ថា​ កម្ពុជា​ចម្លែក​ម្ល៉េះ​សរសេរ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ចុង​ក្រោយ ​ដាក់​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​ច្បាប់​ដទៃ​ទៀត»។​

ត្រង់​ការ​ដាក់​ទោស​ទណ្ឌ​លើ​មន្រ្តី​ ​លោក ​មាស សុភ័ណ្ឌ​ មាន​ប្រសាសន៍ថា៖​ «ប្រសិន​បើ​មន្រ្តី​ទទួល​បន្ទុក​សារ​ព័ត៌មាន​ ឬ​មន្រ្តី​ស្ថាប័ន​សាធារណៈ​អាក់​ខាន​ ឬ​ក៏​មិន​បាន​បំពេញ​តួនាទី​ភារកិច្ច​តាម​ខ្លឹម​សារ​នៃ​ច្បាប់​ គឺ​គាត់​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។​ អ៊ីចឹង​នៅ​ក្នុង​នេះ​ យើង​មាន​ចែង​អំពី​វិន័យ​ទាំង​ទោស​ទណ្ឌ​សម្រាប់​មន្រ្តី​ទទួល​បន្ទុក​ព័ត៌មាន»។​

លោក​បន្ត​ថា ច្បាប់​នេះ​ក៏​មាន​ការ​ចែង​អំពី​កិច្ច​ការ​របស់​អង្គភាព​ព័ត៌មាន​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​ ដែល​ត្រូវ​រៀបចំ​ព័ត៌មាន​សម្រាប់​សាធារណ​ជន។​ លោក​ថា ​នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត ក្រសួង​ព័ត៌មាន​នឹង​រៀបចំ​ផ្សព្វផ្សាយ​ទៅ​តាម​ស្ថាប័ន​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ ឲ្យ​យល់​ដឹង​អំពី​ច្បាប់​នេះ៕