ក្នុងខួប៣០ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានការពិភាក្សាគ្នាជាបន្តបន្ទាប់អំពីស្មារតីនៃកិច្ចព្រមព្រៀងនេះ ដោយខាងសង្គមស៊ីវិលយល់ថា កម្ពុជានៅត្រូវការកិច្ចព្រមព្រៀងនេះដើម្បីរក្សាសន្តិភាព ខណៈបញ្ញវន្តមើលឃើញផ្សេងៗគ្នាថា កិច្ចព្រមព្រៀងនេះ បានផុតសុពលភាព តែអាចនៅជាមូលដ្ឋានសម្រាប់កម្ពុជាក្នុងការបន្តរៀបចំប្រទេសទៅថ្ងៃអនាគត។
ក្នុងកិច្ចពិភាក្សាតុមូលស្តីពីខួបលើកទី៣០ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាព រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានថ្លែងថា ក្នុងចំណុចមាត្រា១ ក្នុងផ្នែកទីមួយនៃកិច្ចព្រមព្រៀងបានចែងពីដំណាក់កាលអន្តរកាល ដែលកម្ពុជាត្រូវរៀបចំឲ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ហើយក៏ត្រូវមានសភា និងមានរដ្ឋធម្មនុញ្ញ។ ប៉ុន្តែក្នុងផ្នែកផ្សេងៗទៀត អ្នកស្រីយល់ថា នៅតែមានប្រយោជន៍សម្រាប់កម្ពុជា ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេស។
អ្នកស្រី ចក់ សុភាព បានប្រាប់កិច្ចពិភាក្សាតុមូលនោះថា៖ «ជាការពិតហើយកិច្ចព្រមព្រៀងក្នុងភាគទីមួយហ្នឹង ហើយក្នុងមាត្រាមួយហ្នឹង គឺកំណត់តែនៅក្នុងអន្តរកាលទេ។ ប៉ុន្តែក្នុងផ្នែកផ្សេងៗទៀត គឺមិនបានគ្របដណ្តប់ តែនៅក្នុងពេលអន្តរកាលនោះទេ ព្រោះដូចខ្ញុំបាននិយាយអ៊ីចឹង ការកសាងសន្តិភាព មិនមែនបានន័យថា យើងអាចធ្វើតែ១ឆ្នាំ ២ឆ្នាំ ឬក៏៣ឆ្នាំនៅក្នុងពេលអន្តរកាលនោះទេ។ បើមិនដូច្នោះ មិនមែន ប្រទេសរដ្ឋហត្ថលេខីជាច្រើន លោកបានចូលរួមចំណែកគាំទ្រដល់កិច្ចការកសាងប្រទេសរបស់ប្រទេសកម្ពុជាយើងតាំងពីការអនុម័តនូវកិច្ចព្រមព្រៀងនេះ រហូតមកដល់បច្ចុប្បន្នហ្នឹង»។
អ្នកតាមដានការអភិវឌ្ឍសង្គម និងជាអ្នកអត្ថាធិប្បាយនយោបាយលោក មាស នី លើកឡើងថា រហូតមកដល់ពេលនេះរដ្ឋាភិបាល គឺតួអង្គសំខាន់មួយដែលបន្តនាំនាវាប្រទេសកម្ពុជាឲ្យស្ថិតក្នុងគន្លងសន្តិភាព និងប្រជាធិបតេយ្យដូចអ្វីដែលបានតម្កល់ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ លោកបន្ថែមថា ពលរដ្ឋកម្ពុជា ក៏ត្រូវតាមមើលថា តើមានការអនុវត្តកិច្ចព្រមព្រៀងបានជោគជ័យត្រង់ចំណុចណា និងចំណុចដែលបរាជ័យ ហើយត្រូវកែលម្អនោះ។
លោក មាស នី ថ្លែងថា៖ «គឺសំខាន់ថា តើមានសូចនាករណាខ្លះដែលបានបង្ហាញថា ចំណុចនីមួយៗនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹង បានយកមកអនុវត្តសមស្របទៅតាមអ្វីដែលបានចែង ត្រង់ណាបានពិន្ទុ៥ ត្រង់ណាបាន៦ ត្រង់ណាបាន១០ ហើយត្រង់ណាដែលបានតែ២ ឬ៣។ អានេះ កាតព្វកិច្ចរបស់ពលរដ្ឋខ្មែរគ្រប់រូបដែលត្រូវតែទទួលខុសត្រូវក្នុងនាមប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ»។
សម្រាប់ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាលោក គិន ភា យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមេរៀនសំខាន់មួយសម្រាប់កម្ពុជាដែលត្រូវចងចាំដើម្បីបញ្ចៀសជម្លោះផ្ទៃក្នុងច្រំដែល ដូចដែលបានកើតឡើងកាលពីអតីតកាល។
លោកនិយាយថា៖ «អ៊ីចឹងយើងគួរតែយកអ្វីដែលជាមេរៀន ដែលយើងធ្លាប់បានជួបប្រទះពីអតីតកាល ដែលយើងធ្លាប់បែកបាក់ជាតិ ហើយដែលយើងធ្លាប់បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ យើងរួមសាមគ្គីគ្នា ក្រោមគេហៅថាកិច្ចព្រមព្រៀង ហើយក្រោយមកយើងមានរដ្ឋធម្មនុញ្ញរបស់យើង ដូច្នេះយើងបន្តទៅលើមាគា គោលការណ៍គំនិតពហុនិយម ដើម្បីសង្គមជាតិយើងទាំងអស់គ្នា»។
លោកក៏ស្នើសុំកុំឲ្យមានការយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅបកស្រាយ ដើម្បីកេងចំណេញនយោបាយ និងដើម្បីប្រយោជន៍ផ្សេងៗទៀត។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀងសន្តិភាព ដែលបានបញ្ជាក់អំពីការឈានទៅបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា ការនាំមកនូវការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស តាមលំនាំប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្សជាដើម។
ក្នុងកិច្ចពិភ្សាតុមូលរបស់រាជបណ្ឌិត្យដដែលនោះ ទោះបីមានការបកស្រាយថា កិច្ចព្រមព្រៀងនេះ នៅតែជាចលករស្នូល ដើម្បីរុញច្រានដំណើរអភិវឌ្ឍឲ្យដើរទៅមុខ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច អះអាងម្តងហើយម្តងទៀតថា កិច្ចព្រមព្រៀងដែលមានអាយុកាល៣០ឆ្នាំនេះ បានស្លាប់បាត់ទៅហើយ។
លោកថ្លែងថា៖ «ព្រោះកាលណាមិនទាន់មានរដ្ឋសភាតាមការបោះឆ្នោត តាមការបោះឆ្នោតត្រឹមត្រូវ ឲ្យយកតាម ហ៊ុន សែន គេអត់ព្រម យកតាមហ្វ៊ុនស៊ិនប៉ិច ក៏គេអត់ព្រម យកតាមនេះ ក៏អត់ព្រមតាមកម្ពុជាប្រជាធិបតេយ្យ ឬក៏សម្តេច សឺន សាន ហ្នឹងក៏អត់ព្រម។ អីចឹង គេត្រូវធ្វើម៉េច? ក្នុងអន្តរកាលហ្នឹង គេបង្កើតច្បាប់ គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង ហើយកាលណាដល់ពេលមានរដ្ឋធម្មនុញ្ញស្របច្បាប់ហើយវាស្វ័យប្រវត្តិ វាសុគតភាពរួចទៅហើយ គេបាននិយាយ មិនមែនខ្ញុំនិយាយទេ»។
ចំណែកអ្នកនយោបាយពីររូបដែលចូលរួមក្នុងកិច្ចពិភាក្សានោះដែរ យល់ថា បញ្ហាសុពលភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនមែនជារឿងដែលត្រូវព្រួយបារម្ភនោះទេ តែចំណុចសំខាន់ គឺនៅត្រង់ថា តើពលរដ្ឋកម្ពុជានៅទទួលយកកិច្ចព្រមព្រៀងនេះ ហើយថា តើអ្នកនយោបាយខ្មែរគួរឈប់បន្តវាយប្រហារគ្នា ដោយលាបពណ៌គ្នាទៅវិញមក និងមកគៀកស្មាប្រកួតប្រជែងតាមលំអាននៃលទ្ធិប្រជាធិបតេយ្យបាន ឬទេ?
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកនៃគណបក្សកែទម្រង់កម្ពុជានិយាយថា៖ «សម្រាប់ខ្ញុំសុពលភាព មិនសុពលភាព វាអាស្រ័យទៅលើយើងទាំងអស់គ្នាទេ។ តើវាអាចមានប្រយោជន៍សម្រាប់ប្រជាជាតិយើងដែរឬទេ? បើសិនជាយើងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ ឬក៏យើងមិនបញ្ចប់សុពលភាពនៃកិច្ចព្រមព្រៀងនេះ។ ព្រោះដូចខ្ញុំលើកឡើងពីមុន[នេះ]បន្តិចហ្នឹងពីរឿងសុពលភាពនេះ ហាក់ដូចជាមិនមានប្រទេសណាមួយ ប្រកាសថាបញ្ចប់សុពលភាព ឬក៏ដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពនេះទេ ព្រោះយើងដឹងថា មិនមែនជាប្រយោជន៍កម្ពុជាតែម្នាក់ឯងទេ វាជាប្រយោជន៍តំបន់។ ដូច្នេះអាចប្រទេសមួយចំនួនយល់ឃើញអីចឹងដែរ មិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះទេ»។
ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង់ សាំងកុមារ បកស្រាយថា៖ «សុពលភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ វាសំខាន់ទៅលើយើងទេ។ ដូចខ្ញុំបញ្ជាក់ នៅពេលប្រទេសខ្មែរមានសន្តិភាពពិតប្រាកដ អាសុពលភាពហ្នឹង ក៏វាចប់ដែរ សន្តិភាពពិតប្រាកដកើតមានឡើងនៅពេលណា? ជាពិសេសនេះ នៅពេលខ្មែរយើងហ្នឹងប្រឡងជាប់ក្នុងការរៀនរស់នៅជាមួយគ្នាតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស...គោរពនូវសិទ្ធិសេរីភាពនយោបាយគ្នាទៅវិញទៅមក ធ្វើនយោបាយ ដោយប្រកួតប្រជែងគ្នាគោលនយោបាយការឈ្នះចាញ់ជារឿងធម្មតា។ ហើយជាពិសេសលុបបំបាត់ចោលនូវទង្វើដែលបំភ័យបន្លាច សម្លុតលាបពណ៌អីគ្រប់ប្រភេទហ្នឹង ជារឿងមួយដែលយើងបង្កបញ្ហាឲ្យខ្មែរយើងកើតមានកន្លងមកហ្នឹង»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា បញ្ហាសុពលភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនសំខាន់ជាងការអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសនោះទេ ខណៈកម្ពុជាលែងមានសង្រ្គាមទៅហើយ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែលវីអូអេទទួលបាន បានឲ្យដឹងថា កម្ពុជាគ្រោងនឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៣០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះកម្ពុជា ហៅថា «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» នៅថ្ងៃសៅរ៍ទី ២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព។
កម្មវិធីនេះ នឹងមានការចូលរួមពីតំណាងមន្ត្រីរាជការនៅស្ថាប័ននានា អង្គទូត តំណាងការិយាល័យអង្គការសហប្រជាជាតិ នៅរាជធានីភ្នំពេញ ហើយនឹងការផ្ញើលិខិតចូលរួមពីរដ្ឋមន្ត្រីការបរទេសបារាំង និងឥណ្ឌូនេស៊ីនៅពេលឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងថ្លែងសុន្ទករថាផងដែរ ។
លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងថ្លែងសុន្ទរកថា តំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរាជរដ្ឋាភិបាលកម្ពុជា៕
រាយការណ៍បន្ថែមដោយ លោក ណឹម សុភ័ក្ត្របញ្ញា