ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន ៣២ នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាជួយឲ្យពលរដ្ឋខ្មែរប្រមាណ ១៥០ នាក់ ដែលកំពុងជាប់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ី បានត្រឡប់មកកម្ពុជាវិញ «ដោយសុវត្ថិភាពនិងជាបន្ទាន់»។
សេចក្តីថ្លែងការណ៍រួមគ្នារបស់អង្គការក្រៅរដ្ឋាភិបាលទាំងនេះ ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ ២០២០ រៀបរាប់ថា៖
«ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរវិលត្រឡប់ចូលប្រទេសរបស់ខ្លួនវិញ គឺស្របតាមមាត្រាទី ៤០ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងស្របតាមកាតព្វកិច្ចរបស់កម្ពុជាក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
ការអំពាវនាវនេះធ្វើឡើង ក្រោយពីពលរដ្ឋខ្មែរទាំងនោះខ្លះជាពលករចំណាកស្រុក និងខ្លះទៀតជានិស្សិត ដែលកំពុងធ្វើការ និងសិក្សាក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានបដិសេធ មិនឲ្យឡើងយន្តហោះពីព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរមកកាន់ប្រទេសកម្ពុជា កាលពីខែមេសា ឆ្នាំ ២០២០ ដោយសាររដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហាមឃាត់មិនឲ្យពួកគេធ្វើដំណើរចូលប្រទេសវិញនៅគ្រានោះ ដោយសារការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អង្គការសង្គមស៊ីវិលទាំងនេះរួមមាន អង្គការសមធម៌កម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និងអង្គការ Human Rights Watch ជាដើម។
វីអូអេ មិនអាចទាក់ទងលោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំអត្ថាធិប្បាយបាននៅឡើយទេ នៅត្រឹមម៉ោងផ្សាយនៅយប់ថ្ងៃសុក្រនេះ។
ប៉ុន្តែ កាលពីថ្ងៃពុធ រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យពលរដ្ឋខ្មែរអាចធ្វើដំណើរវិលត្រឡប់មកពីក្រៅប្រទេស ចូលប្រទេសវិញបាន ដោយមិនចាំបាច់មានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានកូវីដ១៩ នោះឡើយ។
ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកការអនុញ្ញាតរបស់រដ្ឋាភិបាលនេះថា ពិតជាបើកផ្លូវឲ្យពលរដ្ឋខ្មែរដែលជាប់ខ្លួននៅម៉ាឡេស៊ីនោះ អាចវិលត្រឡប់មកកម្ពុជាវិញបាន ប៉ុន្តែពួកគេលើកឡើងថា ពលរដ្ឋខ្មែរខ្លះក្នុងចំណោមអ្នកទាំង ១៥០ នាក់នោះ បច្ចុប្បន្នកំពុងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុដោយសារតែការបាត់បង់ប្រភពចំណូល។
ក្រុមអង្គការទាំងនេះទទូចឲ្យរដ្ឋាភិបាលកម្ពុជាជួយឲ្យពលរដ្ឋខ្មែរ ដែលកំពុងជាប់ខ្លួននៅក្រៅប្រទេសហើយដែលចង់វិលត្រឡប់មកកម្ពុជាវិញនោះ បានវិលមកប្រទេសកំណើតវិញ ដោយផ្តល់ជូនពលរដ្ឋទាំងនោះនូវការថែទាំសុខភាព និងការចេញថ្លៃចំណាយបន្ថែមនានា ទាក់ទងនឹងវិធានការសុខភាព ដើម្បីឲ្យពួកគេ អាចវិលត្រឡប់ចូលប្រទេសរបស់ខ្លួនវិញបាន៕