មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​បន្ត​ធ្វើ​យុទ្ធនាការ​«ថ្ងៃ​ច័ន្ទ​​ពណ៌ខ្មៅ»

រូបឯកសារ៖ ក្រុម​សកម្មជន​សហគមន៍​បុរីកីឡា បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​និង​អ្នក​សារព័ត៌មាន​រង់​ចាំ​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដង្កោ ក្នុង​អំឡុង​ពេល​មាន​ការ​សាកសួរ​អ្នកចូលរូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ​ នឹង​ធ្វើ​ឡើង​ តែ​នៅ​តាម​ការិយាល័យ​ធ្វើការ​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ចាប់​ឃុំខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​មន្ត្រី​គណៈកម្មាធិការ​ការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) តែ​ប៉ុណ្ណោះ។

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ បាន​ប្រកាស​បន្ត​ធ្វើ​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ទៀត​ បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​សប្ដាហ៍​មុន អំពី​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ​ក៏​ដោយ។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នេះ​ នឹង​ធ្វើ​ឡើង​ តែ​នៅ​តាម​ការិយាល័យ​ធ្វើការ​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​ចាប់​ឃុំខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស ​និង​មន្ត្រី​គណៈកម្មាធិការ​ការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) តែ​ប៉ុណ្ណោះ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​កោះកុង​ បាន​សម្តែង​ការ​ខ្លាច​រអា​ក្នុង​ការ​ជួបជុំ​គ្នា​ពាក់​ខោអាវ​ខ្មៅ​ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិមនុស្ស​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ និង​មន្ត្រី​គ.ជ.ប។

អាជ្ញាធរ​នៅ​ក្នុង​ខេត្ត​កោះកុង​ បាន​ប្រាប់​ពលរដ្ឋ​ខ្លួន​ថា​ ប្រសិន​បើ​មាន​ការ​ជួប​ជុំ​ នឹង​មាន​ការ​បង្ក្រាប។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​តំណាង​ប្រជាពលរដ្ឋ​ដែល​ជាប់​គាំង​ក្នុង​ជម្លោះ​ដីធ្លី។

លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ឈ្មោះ​ ខុមហ្វែ្រល​ បាន​ប្រាប់​ VOA ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ស្ថាប័ន​របស់​លោក​ នឹង​បន្ត​ចូលរួម​ក្នុង​យុទ្ធនាការ​ «ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ»​ តាម​រូបភាព​នៃ​ការ​សម្តែង​មតិ​នៅ​នឹង​កន្លែង​ ដោយ​មិន​ចេញ​ទៅ​ប្រមូល​មុំ​គ្នា​នោះ​ទេ។

«ខ្ញុំ​មើល​ទៅ​ប្រហែល​ជា​មិន​អី​ទេ​ ការ​បញ្ចេញ​មតិ​ ដូចជា​រឿង​និមិត្ត​សញ្ញា​ ឬក៏​ពាក់​អាវ​ ឬក៏​បង្ហាញ​ស្អីៗ​ហ្នឹង​ដូច​ជា​ មិន​ជា​បញ្ហា​អី​ទេ​ ឬ​ក៏​ដាក់​ share [ចែករំលែក]​ នៅ​ក្នុង​ហ្វេសប៊ុក​អី​ នៅ​នឹង​កន្លែង​ដូច​ជា​មិន​មាន​បញ្ហា​ទេ»។

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ប្រមាណ​ជា​ ២០០​នាក់​ បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ​នេះ​ ដោយ​បាន​ព្យាយាម​ជួបជុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ក្នុង​ខណ្ឌ​ដង្កោ​ តែ​ពួក​គេ​ត្រូវ​រង​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ ខណ្ឌ​ដង្កោ​ និង​ខណ្ឌ​ដូនពេញ។

រូបឯកសារ៖ លោក អ៊ី សារ៉ុម នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​លំនៅស្ថាន សមាគមន៍​ធាងត្នោត​ត្រូវបាន​ដោះលែង​បន្ទាប់​ពី​ប៉ូលិស​ខ័ណ្ឌ​ដង្កោ​នៃ​រាជធានី​ភ្នំពេញ​សាកសួរ។ លោក សារ៉ុម ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​០៩​ឧសភា​នេះ។ (ឡេង ឡែន/VOA)

មនុស្ស​៨នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ សួរ​នាំ​អស់​ជា​ច្រើន​ម៉ោង​ មុន​នឹង​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សិទ្ធិ​សេរី​ភាព​ឡើងវិញ។

យុទ្ធនាការ​ស្លៀក​ពាក់​ខោអាវ​ខ្មៅ​ នេះ​ មាន​គោល​ដៅ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​នាក់​នៃ​សមាគម​អាដហុក​ និង​មន្ត្រី​គ.ជ.ប​ម្នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំឃាំង។

មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​បួន​នាក់​នេះ​ រួម​មាន​ លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគ​អាដហុក​ លោក​ យី សុខសាន​ និង​លោក​ ណៃ វង់ដា​ ដែល​អ្នក​ទាំងពីរ​ ជា​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​នេះ​ និង​លោក​ស្រី​ លឹម​ មុន្នី ​មន្ត្រី​ស៊ើបអង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​នេះ​ដែរ ហើយ​នឹង​ មន្ត្រី​គ.ជ.​ប​ គឺ​លោក​ នី ចរិយា​ ដែល​ជា​អគ្គលេខាធិការ​រង​ម្នាក់​នៃ​គ.ជ​.ប។

លោក​ ឱម ផុន​ តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ជីខ​លើ ក្នុង​ខេត្ត​កោះកុង បាន​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​របស់​លោក មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ បន្ទាប់​ពី​មាន​ការ​ព្រមាន​ពី​អាជ្ញាធរ​ឃុំ​ជីខលើ​ ស្ថិត​ក្នុង​ស្រុកស្រែ​អំបិល​ខេត្ត​កោះកុង​ថា​ នឹង​មាន​ការ​បំបែក​ ប្រសិន​បើ​មាន​ការ​ជួបជុំ​គ្នា​របស់​ប្រជាពលរដ្ឋ។

លោក​បញ្ជាក់​បន្ត​ថា ការ​មមាញឹក​ក្នុង​ការ​រៀបចំ​ឯកសារ​ សម្រាប់​បន្ត​ការ​ទាមទារ​យក​ដី​ពី​ក្រុម​ហ៊ុន​ស្ករអំពៅ​នៅ​ក្នុង​ខេត្ត​កោះកុង​មក​វិញ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សម្រេច​លុប​ចោល​ការ​ជួបជុំ​គ្នា​ស្លៀកពាក់​ខោអៅ​ខ្មៅ​ផង​ដែរ។

«កាលណា​ធ្វើ​ទៅ​ វា​មានការ​ខាង​អាជ្ញាធរ​ គាត់​ថា​ បំបែក​អី​អញ្ចឹង​ទៅ​ ដូច​ថា​ការ​ឃាត់​ខ្លួន​ ឃាត់​អី​ហ្នឹង​ គាត់​អត់មាន​ទេ​ ប៉ុន្តែ​គាត់​រាង​ខ្លាច​ បន្តិច​ដែរ។​ អញ្ចឹង​ ខ្ញុំ​អាច​មាន​កិច្ចការ​ច្រើន​ក្នុង​កិច្ច​ការ​តវ៉ា​ តស៊ូ​មតិ​ហ្នឹង​ខ្លះៗ​អញ្ចឹងដែរ​ រៀបចំ​ឯកសារ​ផ្សេងៗ​ចំ​អា​ថ្ងៃ​ស្អែក​ហ្នឹង​ដែរ​ក្មួយ»។

ស្ថានភាព​ភិតភ័យ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​នេះ​ កើត​មាន​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​ស្ថិត​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ជាង​៣០ឆ្នាំ​មក​ហើយ​នោះ​ ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ ថា​ ការ​ប្រីប្រាស់​ពណ៌​មិនមែន​ជា​ជម្រើស​ល្អ​មួយ​ ដែល​អាច​គាប​សង្កត់​រដ្ឋាភិបាល​ឲ្យ​លូកដៃ​ចូល​ស្ថាប័ន​តុលាការ​ ដើម្បី​ស្នើ​ឲ្យ​មានការ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​នេះ​ទេ។

លោក ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​នោះ​ថា​ ការ​ចាប់​ខ្លួន​នឹង​បន្ត​កើត​មាន​ ប្រសិន​បើ​ការ​ធ្វើ​យុទ្ធនាការ​ប្រើ​ពណ៌​ណា​មួយ​នោះ​ ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ខុស​ច្បាប់៖

«ពណ៌​អី​ក៏ដោយ​ នៅ​កន្លែង​ខ្លះ​ គេ​ហៅ​ពណ៌​ទឹកក្រូច​ ខ្លះ​គេ​ថា​ពណ៌​ក្រហម​ ខ្លះ​គេ​ហៅ​ពណ៌ខ្មៅ។​ ខ្ញុំ​ថា​ ពណ៌​អី​ក៏ដោយ​ ឲ្យ​តែ​ធ្វើ​ខុស​ច្បាប់​ ដាក់​ទំាង​អស់​ហ្នឹង​ តុលាការ​គេ​បង្កើត​ឡើង​ ដើម្បី​អនុវត្ត​ច្បាប់​ កម្លំាង​ប្រដាប់​អាវុធ​គេ​បង្កើត​ឡើង​ដើម្បី​ការពារ​រដ្ឋ​ គុក​គេ​បង្កើត​ឡើង​ដាក់​អ្នក​ទោស​ កុំ​ឆ្ងល់​ពេក»។

យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រី​ ទេព វន្នី ជ័យ​លាភី​រង្វាន់​ភាព​ជា​អ្នក​ដឹកនាំ​ពិភពលោក​របស់​អង្គការ​ Vital Voices ​បាន​ប្រាប់​ VOA ​ថា​ ​សកម្មជន​ដី​ធ្លី​ក្នុង​សហគមន៍​បឹង​កក់​ នឹង​បន្ត​ស្លៀកពាក់​ខ្មៅ​នៅ​តាម​ផ្ទះ​ក្នុង​សហគមន៍​ដើម្បី​កាន់​ទុក្ខ​ និង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​អ្នក​ជាប់ឃុំ​ទាំង​ប្រាំ​នាក់​នោះ​មក​វិញ។

« យើង​នៅតែ​ទាម​ទារ​ នៅ​តែ​អំពាវនាវ​ច៎ា​ សុំ​ឲ្យ​តុលាការ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ ឲ្យ​គាត់​មាន​ភាព​ឯករាជ្យ​ណា៎ ហើយ​សុំ​ឲ្យ​មានការ​ដោះ​លែង​បុគ្គលិក​អង្គការ​អាដហុក​ចំនួន​បួន​នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ក៏ដូចជា​អគ្គ​លេខា​រង​គ.ជ.ប​ ម្នាក់​គឺ​លោក​ពូ ​នី ចរិយា​ ហ្នឹង​ ឲ្យ​គាត់​មាន​សេរីភាព​ឡើង​វិញ​ព្រោះ​អី​ ពួក​យើង​ទាំង​អស់​គ្នា​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​យើង​ដឹង​ច្បាស់​ថា​ ពួក​គាត់​ហ្នឹង​ទាំង​អស់​គ្នា​ហ្នឹង​ អត់​មាន​ទោស​កំហុស​អ្វី​ដែល​ធ្វើ​ឲ្យ​ខុស​របស់​ជាតិ​ និង​អន្តរជាតិ​ទេ»។

សកម្មជន​ដីធ្លី​ បី​នាក់​ក្នុង​សហគមន៍​បឹងកក់​ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ ចាប់​ឃាត់​ខ្លួន​សួរ​នាំ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ នៅ​ក្នុង​ថ្ងៃ​ចាប់​ផ្ដើម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​ ដែល​ត្រូវ​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន​នេះ។

លោក​នាយ​ឧត្ដមសេនីយ៍​ ​ខៀវ​ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ថា​ ការ​ស្លៀក​ពាក់​ពណ៌ខ្មៅ​ទៅ​ធ្វើ​ការ​ធម្មតា​ នឹង​មិន​ជាប់​ទាក់ទង​នឹង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌ខ្មៅ​នោះ​ទេ។

ប៉ុន្តែ​ លោក​បញ្ជាក់​ថា​ ប្រសិន​បើ​មាន​ការ​ធ្វើ​យុទ្ធនាការ​ណា​មួយ​កើត​ឡើង​ អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់។

រូបឯកសារ៖ សកម្មជន​សហគមន៍​បឹងកក់​ថតរូប​នៅ​មុខ​អធិការដ្ឋាន​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ បន្ទាប់ពី​សកម្មជន​បឹងកក់​ចំនួន​បី​រូប​ត្រូវគេ​ដោះលែង ក្រោយពី​ពួក​គេ​ត្រូវបាន​ប៉ូលិស​សាកសួរ​អំពី​ការចូលរ​រូម​យុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» កាលពី​ព្រឹក​ថ្ងៃច័ន្ទ​ ទី​៩ ខែ​ឧសភា​នេះ​។ (ឡេង ឡែន/VOA)

លោក​បន្ថែម​ថា​ វិធានការណ៍​ ដែល​នឹង​ធ្វើ​ឡើង​ មាន​គោល​បំណង​រក្សា​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​គិត​ថា​ ប្រសិនបើ​គ្មាន​ចលនា​ហ្នឹង​វា​ល្អ​ជាង។​ វា​មិនមែន​ជា​ចលនា​បង្ក្រាប​ វា​សំខាន់​ទេ។​ សំខាន់​គឺយើង​ឯកភាព​គ្នា​ថា​ គ្មាន​មេ​ គ្មាន​កើយ​ឯណា​ដឹកនាំ​ទៀត​ទេ។​ ឥឡូវនេះ​ គឺ​ថា​យើង​បាន​ទទួល​ស្គាល់​ទោស​កំហុស​ហើយ​ ហើយ​យើងដឹង​ថា​ យើង​នឹង​ធ្វើការ​ស៊ើប​អង្កេត​បន្ត​ទៀត។​ ចំពោះ​ករណី​យ៉ាង​ណា​ក្ដី​ មិន​ថា​ខ្មៅ​ មិន​ថា​ខៀវ​ មិន​ថា​អី​ គឺ​អ្នក​ណា​ដែល​មាន​ការ​ប៉ុនប៉ង​ ធ្វើ​ឲ្យ​សន្តិភាព​ ស្ថិរភាព​របស់​ប្រទេស​ជាតិ​ ធ្លាក់​ទៅ​ក្នុង​ភាព​វឹកវរ​គឺ​ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ តាម​ច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា»។

ការ​ឃុំ​ខ្លួន​មន្ត្រី​៥​នាក់​នៃ​សមាគម​អាដហុក​ និង​គ.ជ.ប ពី​បទ​សូក​ប៉ាន់​សាក្សី​ និង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំងពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស។

ក្រុម​អ្នក​រិះគន់​ លើក​ឡើង​ថា ​ការ​ចាប់​ឃុំ​ខ្លួន​នេះ​ជា​សកម្មភាព​វាយ​ប្រហារ​លើ​ក្រុម​សង្គម​ស៊ីវិល។

ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង​៥​នាក់​នេះ ក៏​មាន​ឫស​គល់​ចេញ​ពី​រឿង​អាស្រូវ​ចោទ​ប្រកាន់​ស្នេហា​លួចលាក់​របស់​លោក ​កឹម​ សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង ​ខុម ចាន់​តារ៉ាទី ហៅ​ស្រីមុំ។

លោក កឹម សុខា រហូត​មក​ដល់​ពេលនេះ​ ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ឆ្លង​ មិន​ឆ្លើយ​ ​មិន​ឈ្លោះ ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់​របស់​លោក​ដដែល។

លោក កឹម សុខា ​ក៏​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ក្រុងភ្នំពេញ​ ទាក់​ទិន​សំណុំ​រឿង​នេះ​ដែរ ខណៈ​នាង​ស្រី​មុំ​ បាន​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​ កឹម សុខា​ ចំនួន​ ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​នេះ៕