អង្គការ​សង្គម​ស៊ីវិល​ជំរុញ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​មាន​«ឆន្ទៈ»​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម

រូបឯកសារ៖ លោក​ ឌិត ទីណា​ ​រដ្ឋ​មន្ត្រី​ថ្មី​នៃ​​​ក្រសួង​​កសិ​កម្ម​លើក​ដៃ​សំពះ​រដ្ឋ​មន្ត្រី​ក្រសួង​អភិ​វឌ្ឍន៍​ជនបទ​លោក ​អ៊ុក​ រ៉ាប៊ុន​​ ដែល​បាន​ចូល​រួម​ពិធី​ផ្ទេរ​តំណែង​​ដល់​រូប​លោក​​នៅ​​​ទីស្តី​ការ​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​នៅថ្ងៃទី១៧ ខែ​តុលា ឆ្នាំ ២០២២។

ក្រុម​អង្គការ​សមាគម​ជាង​២០​ស្ថាប័ន​ បាន​ជំរុញ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ថ្មី​កុំ​ដើរ​តាម​គន្លង​ការងារ​របស់​រដ្ឋ​មន្ត្រី​ពី​មុនៗ​ និង​រំពឹង​ថា​រដ្ឋមន្ត្រី​ថ្មី​នឹង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រៃ​ឈើ ​បញ្ហា​ជល​ផល​ ការ​ជួញ​ដូរ​សត្វព្រៃ​ជាដើម​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។​

នេះ​បើ​តាម​លិខិត​ចំហ​ចុះ​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ​ របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​២៤​ស្ថាប័ន ​រួម​មាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​CYN​ សមាគម​ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត។​

នៅ​ក្នុង​លិខិត​ចំហ​កម្រាស់​៤​ទំព័រ​នោះ ​អង្គការ​សមាគម​ទាំង​នេះ​បាន​បញ្ជាក់​ថា​ រដ្ឋមន្រ្តី​ថ្មី​ជា​បញ្ញ​វ័ន្ត​ក្មេង ​និង​មាន​កម្រិត​សិក្សា​ខ្ពស់​ ដូច្នេះ​ទើប​ពួក​គេ​មាន​ក្តី​សង្ឃឹម​ថា​ រដ្ឋ​មន្ត្រី​វ័យ​ក្មេង​រូប​នេះ​នឹង​មាន​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​រ៉ាំរ៉ៃ​ដែល​ប្រឈម​កន្លង​មក។​

លិខិត​ចំហ​បញ្ជាក់​ថា៖ ​ «ដោយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រង​វិស័យ​ព្រៃ​ឈើ វិស័យ​ជល​ផល ​និង​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​បន្ត​កើត​មាន​បញ្ហា​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដូច្នេះ​សមាគម ​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល ​សហជីព ​សហគមន៍​មូលដ្ឋាន ​និង​ក្រុម​យុវជន ​សង្ឃឹម​ថា​នៅ​វេលា​ដែល​ឯក​ឧត្តម​ដែល​ជា​មន្ត្រី​វ័យ​ក្មេង​ ដែល​បាន​បំពេញ​តួនាទី​ ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​ពេល​នេះ ​នឹង​កំណត់​ជា​អាទិភាព​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ធ្វើ​អធិការ​កិច្ច​មន្ត្រី​ជំនាញ ​ការ​ដាក់​ចេញ​នូវ​យន្ត​ការ​អនុវត្ត​កម្មវិធី​ព្រៃ​ឈើ​ជាតិ ​និង​ជំរុញ​វិស័យ​ទាំង​ឡាយ​នៃ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព»។

លោក ​ហេង គឹមហុង ​ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវ​ជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN)​ ថ្លែង​ថារដ្ឋមន្ត្រី​កសិកម្ម​ថ្មី​ដែល​ទើប​ចូល​កាន់​តំណែង​បាន​ជាង​មួយ​ខែ​នេះ ​គួរ​បង្កើត​សកម្ម​ភាព​ការងារ​ថ្មី​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យ​កសិកម្ម​នេះ ​និង​កុំ​ដើរ​តាម​គន្លង​សកម្ម​ភាព​ការ​ងារ​របស់​រដ្ឋមន្រ្តី​មុនៗ​ ដែល​លោក​ថា​ បន្សល់​ទុក​បញ្ហា​រ៉ាំ​រ៉ៃ ​និង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​ជំនឿ​ចិត្ត។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ ​«អ្វី​ដែល​យើង​ចង់​ឃើញ​រដ្ឋ​មន្ត្រី​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ថ្មី​រូប​នេះ ​បំពេញ​ការ​ងារ​របស់​ខ្លួន​នោះ​គឺ​អាច​ពាំ​នាំ​នូវ​ចំណេះ​ ដែល​ខ្លួន​បាន​សិក្សា​នៅ​ក្រៅ​ប្រទេស​ ឬ​ក៏​អាច​បង្កើត​វប្បធម៌​ថ្មី ​នៅ​ក្នុង​ការ​ប្រតិបត្តិ​ការងារ​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ ឬ​ក៏​ក្នុង​ប្រទេស​កម្ពុជា​ ជា​ជាង​អនុវត្ត​ការងារ​ចាស់ៗ​ ដូច​ពី​មុន​មក​បែប​ប្រពៃណី ​ឬ​ពេល​ខ្លះ​ធ្វើ​ឱ្យ​បញ្ហា​រ៉ាំ​រ៉ៃ​ នៅ​បន្ត​កើត​មាន​ដោយ​អត់​មាន​ឆន្ទៈ​ដោះ​ស្រាយ»។​

លោក ​គឹមហុង ​សង្ឃឹម​ថា​រដ្ឋ​មន្ត្រី​កសិកម្ម ​លោក​ ឌិត ទីណា ​នឹង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​កន្លង​មក​ និង​ផ្តល់​កិច្ច​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ក្នុង​ការ​បើក​យុគ្គ​សម័យ​ថ្មី​ធ្វើ​ការងារ​រួម​គ្នា​ ការ​ពារ​ធនធាន​ធម្មជាតិ​ព្រៃ​ឈើ ជល​ផល ​និង​ដោះ​ស្រាយ​បញ្ហា​រ៉ាំ​រ៉ៃ​ដី​សម្បទាន​សេដ្ឋ​កិច្ច។​

លោក​បន្ថែម​ថា៖​«ហើយ​បើ​សិន​ជា​ រដ្ឋ​មន្ត្រី​រូប​នេះ​ បាន​ធ្វើ​ការងារ​ខិតខំ​ប្រឹងប្រែង​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​មក​រាប់​ឆ្នាំ​ហ្នឹង​បាន​ជោគ​ជ័យ​ នោះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​សប្បាយ​ចិត្ត​ជាមួយ​នឹង​អ្វី​ដែល​ពួកគេ​បាន​ធ្វើ។ ​ ហើយ​ក៏​ជា​រឿង​មួយ​ដែល​ល្អ​ប្រសើរ និង​គំរូ​ភាព​ទៅ​ដល់​មេ​ដឹកនាំ​ដទៃ​ទៀត​ដែរ ​ពីព្រោះ​ កុំ​ឱ្យ​ថា​ឡើង​មក​ហើយ​នៅ​តែ​ដដែលៗ​ អត់មាន​ការ​ដោះស្រាយ​ ទើប​ពល​រដ្ឋ​អត់​សប្បាយ​ចិត្ត»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​២៤​នោះ​បាន​ផ្តល់​អនុសាសន៍​រួម​គ្នា​ចំនួន​៦​ចំណុច​ឱ្យ​រដ្ឋ​មន្ត្រី​ថ្មី​ លោក​ ឌិត ទីណា ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​កន្លង​មក​ ដោយ​ពួកគេ​ស្នើ​ឱ្យ​ក្រសួង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់​លើ​សកម្ម​ភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ធន​ធាន​ធម្មជាតិ​ផ្សេង​ទៀត ​ក្រសួង​ត្រូវ​ពិនិត្យ​លើ​ទីផ្សារ​ ឬ​ភោជនីយ​ដ្ឋាន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឬ​ដាក់​លក់​សាច់​សត្វ​ព្រៃ​ខុស​ច្បាប់។​

ក្រសួង​គួរ​ស៊ើប​អង្កេត ​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​ករណី​អាជ្ញាធរ​អាមេរិក​ឃាត់​ខ្លួន​មន្ត្រី​កសិកម្ម​ ពាក់​ព័ន្ធ​ការ​នាំ​សត្វស្វា​ក្តាម​ទៅ​អាមេរិក ​ដោយ​ខុស​ច្បាប់។​ ពួកគេ​ជំរុញ​ឱ្យ​ក្រសួង​ត្រូវ​ស៊ើប​អង្កេត ​និង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ចំពោះ​អ្នក​ពាក់ព័ន្ធ​នៃ​ការ​រត់​ពន្ធ​ខុស​ច្បាប់​ ដែល​អាជ្ញាធរ​ហុងកុង​បាន​រក​ឃើញ​ឈើ​កម្រ​ចំនួន​២១១​តោន ​កាល​ពី​ឆ្នាំ​២០២១។​

បន្ថែម​ពី​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​ទាមទារ​ឱ្យ​ក្រសួង​បង្កើន​កិច្ច​គាំទ្រ ​និង​លើក​ទឹក​ចិត្ត​ដល់​ការ​អនុវត្ត​សិទ្ធិ​សហគមន៍​លើ​សកម្ម​ភាព​ការពារ​ធនធាន​ធម្មជាតិ។​ ក្រសួង​ត្រូវ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​ត្រូវ​ដក​ហូត​ ឬ​បញ្ឈប់​កិច្ច​ព្រម​ព្រៀង​ ឬ​អាជ្ញា​បណ្ណ​ នៅ​ពេល​ដែល​ក្រសួង​រក​ឃើញ​ក្រុមហ៊ុន​ណា​បំពាន​លក្ខខណ្ឌ​កំណត់​របស់​រដ្ឋ។​ នេះ​បើ​តាម​លិខិត​ចំហ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

លោក ​ឌិត ទីណា ​ជា​កូន​ប្រុស​ប្រធាន​តុលាការ​កំពូល​ លោក​ ឌិត មុន្ទី ​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​តុលា ​ឆ្នាំ​២០២២។​

លោក​មិន​ទាន់​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​កសិកម្ម​នោះ​ទេ ​ ប៉ុន្តែ​ក្នុង​ថ្ងៃ​ចូល​កាន់​តំណែង​ លោក​មាន​សុទិដ្ឋិ​និយម​ថា​ បទ​ពិសោធន៍​របស់​លោក​ ដែល​ធ្លាប់​ធ្វើ​ការ​នៅ​ក្រសួង​មុនៗ​នៅ​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ក្រសួង​រ៉ែ ​និង​ថាមពល ​បូក​រួមការ​ស្វែង​យល់​បន្ថែម​ទៀត​ទាក់ទង​ចំណេះ​ដឹង​កសិកម្ម​នឹង​ធ្វើ​ឱ្យ​លោក​អាច​កាន់​ចង្កូត​ដឹក​នាំ​វិស័យ​កសិកម្ម​នេះ​រីក​ចម្រើន​ទៅ​មុខ​បាន។​

កញ្ញា ​អ៊ឹម រចនា​ អនុ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ក្រសួង​បាន​ពិនិត្យ​មើល​លិខិត​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​រួច​ហើយ​ ហើយ​រាល់​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ គឺ​ក្រសួង​កសិកម្ម​តែង​តែ​ដោះ​ស្រាយ ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។​

កញ្ញា​ថ្លែង​ថា៖​ «កន្លង​មក​រដ្ឋាភិបាល​កម្ពុជា ​បាន​បង្កើត​ច្បាប់​ បទ​បញ្ញត្តិ ​ក៏​ដូច​ជា​ក្រមការងារអន្តរ​ក្រសួង​ជា​ច្រើន ​ដើម្បី​ការពារ​ អភិរក្ស និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ព្រៃឈើ ​ធនធាន​ជលផល ​ហើយ​ជីវ​ចម្រុះ​នៅ​កម្ពុជា។ ​ការងារ​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ចំពោះ​វិស័យ​នេះ​គឺ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​បទ​បញ្ញត្តិ​ដែល​មាន​ជា​ធរមាន​ ដោយ​សហការ​ជាមួយ​ក្រុម​ការងារ​ពាក់​ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋ​ ក៏ដូច​ជា​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ដែល​មាន​ចេតនា​ចង់​ចូល​រួមដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ ជា​មួយ​ក្រសួង​ពាក់​ព័ន្ធ​ផង​ដែរ»។​

បើ​តាម​លិខិត​ចំហ​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​ ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ គម្រប​ព្រៃ​ឈើ​នៅ​កម្ពុជា ​ប្រមាណ​១១,៧៤%​ បាន​បាត់​បង់​យ៉ាង​គំហុក​ ហើយ​បាន​ធ្លាក់​ចុះ​ពី​៥៨,៦%​នៅ​ឆ្នាំ​១៩៩៦ ​មក​ត្រឹម​៤៦,៨៦%​នៅ​ឆ្នាំ​២០១៨​ ដែល​នេះ​ជា​សញ្ញា​ព្រួយ​បារម្ភ​នូវ​ការ​ខកខាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កម្មវិធី​ព្រៃ​ឈើ​ជាតិ​ ដែល​ចង់​រក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន​៦០%​នៃ​ផ្ទៃ​ដី​ នៅ​ឆ្នាំ​២០២៩។​

បើ​តាម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ សហគមន៍​មូលដ្ឋាន​ក៏​បាន​រក​ឃើញ​ថា​ ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​ចំនួន​ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សកម្ម​ភាព​កាប់​បំផ្លាញ​ និង​ធ្វើ​អាជីវ​កម្ម​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ ​ក្នុង​ព្រៃឡង់ និង​ក្នុង​ព្រៃ​ព្រះ​រកា។​

ក្រុម​អង្គការ​បន្ថែម​ថា​បទ​ល្មើស​នេសាទ ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ និង​ការ​ទន្ទ្រាន​យក​ដី​ខុស​ច្បាប់​ជុំវិញ​បឹង​ទន្លេសាប ​និង​ទន្លេ​មេគង្គ​ក៏​បាន​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដល់​និរន្ត​ភាព​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ផង​ដែរ៕