សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​គោរពសិទ្ធិមនុស្ស​ក្នុងថ្ងៃ​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ

រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សរៀបចំតាំងជញ្ជីងយុត្តិធម៌ ក្នុងកម្មវិធីដើរហែក្បួនមួយដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

ក្រុមសង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការ​លើក​កម្ពស់​សិទ្ធិមនុស្សនៅ​កម្ពុជា ​បាន​ជំរុញ​ឲ្យរដ្ឋាភិបាលកម្ពុជា​គោរពនិងលើកកម្ពុស​សិទ្ធិ​មនុស្ស​។ ការ​ទទូច​បែបនេះ​ធ្វើ​ឡើង នៅ​គ្រាដែលទិវាសិទ្ធិមនុស្សអន្តរជាតិនឹង​ត្រូ​វបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅថ្ងៃទី ​១០​ ខែធ្នូ ឆ្នាំ ២០២៤ ​ខាងមុខនេះ​។

ថ្លែង​នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ​លោក ​នី សុខា​ ប្រធានសមាគម​ការពារសិទ្ធិ​
មនុស្ស​អាដ​ហុក​ លើកឡើងថា លោក​មានកង្វល់​ខ្លាំង​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដោយ​សារតែ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​គួរឲ្យ​ព្រួយ​បារម្ភ​។​

លោក​បញ្ជាក់ថា​៖ «យើងនៅតែអំពាវនាវ​ទៅដល់រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​ទាំងអស់ ​ដូចជាការ​បញ្ហាសិទ្ធិ បញ្ហាសិទ្ធិស៊ីវិល​ក៏ដូច​ជា​សិទ្ធិ​នយោបាយ​អីទាំងអស់​ហ្នឹង គឺថា​សូមឲ្យរដ្ឋាភិបាល​ធ្វើការពិចារណា​ និង​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ ពីព្រោះ​ថា​ធ្វើ​យ៉ាងណាដើម្បី​ឆ្លើយតបទៅនឹង​ការស្នើ​ឡើង​របស់​សហគ​មន៍​អ៊ឺរ៉ុប ​ក៏ដូចជា​សហគមន៍​អន្តរជាតិផ្សេងៗ ​ដើម្បី​បញ្ចៀសកុំ​ឲ្យមាន​ការ​ដាក់​ទណ្ឌកម្ម​»។

ប្រធានសមាគម​រូបនេះក៏​ទទូចឲ្យ​រដ្ឋាភិបាលកម្ពុជាដោះស្រាយ​បញ្ហាជាប់​គាំងនយោ​បាយ​ ដែល​លោកថា អាច​ជាឫសគល់​នៃការធ្លាក់ចុះសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។

សភា​សហភាព​អឺ​រ៉ុបកាលពី​ចុង​ខែ​វិច្ឆិកាបាន​ព្រមានដាក់ទណ្ឌកម្ម​បន្ថែម​លើរដ្ឋា​ភិបាល​កម្ពុជា​ ជាពិសេស​ទណ្ឌកម្ម​លើបុគ្គល​ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុ​ស្ស​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។

នៅ​ក្នុង​សេចក្តី​សម្រេច​មួយ​ចុះ​ថ្ងៃទី ​២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​ ​សភា​សហភាព​អឺរ៉ុប​បានថ្កោល​ទោស​ចំពោះ​ការ​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល​ពី​សំណាក់រដ្ឋាភិបាល​កម្ពុជា ហើយ​បានអំពាវ​នាវ​ឲ្យមាន​ការដោះ​លែងអ្នក​ទោសន​យោ​បាយ និង​សកម្មជន និង​ជំរុញ​ឲ្យបញ្ឈប់​ការយាយី​ប្រឆាំងនឹង​អង្គការ​សិទ្ធិ​មនុស្ស ​ដូចជាអង្គការ​សង់​ត្រាល់​ជាដើម​។

សភា​សហភាពអឺ​រ៉ុប​ក៏​បាន​អំពាវ​នាវ​ឲ្យ​គណៈ​កម្មការ ​និង​រដ្ឋសមាជិក​គិត​គូរ​ឡើងវិញ​លើ​ការ​ផ្លាស់​ប្តូរ​ចំពោះ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ «គ្រប់​មុខ​ទំនិញ លើក​លែង​សព្វាវុធ» ​ឬ Everything But Arms ហៅ​កាត់​ថា EBA ​ក៏​ដូច​ជាបញ្ជូន​សារ​ច្បាស់​លាស់​មួយ​ថា​ «ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​ការ​ការពារ​សិទ្ធិ​សេរីភាព​របស់​សង្គម​ស៊ីវិល​គឺ​ជា​លក្ខ​ខណ្ឌ​កំណត់​ទុក​ជា​មុន​សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម និង​ការវិនិយោគ»។

ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា​ IDEA លោក ​វន់ ពៅ​ ប្រាប់វីអូអេថា ​ការ​អនុវត្តសិទ្ធិមនុស្ស​នៅកម្ពុជា​នៅមាន​កម្រិតទាប ដោយ​សារ​តែ​អាជ្ញាធរបានចាប់​ខ្លួន​សកម្មជន​សង្គម​ និង​សកម្មជន​នយោបាយ​ជាច្រើននាក់នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​ថ្លែង​ថា៖ «​ការគោរពសិទ្ធិមនុស្ស​ក្នុង​មួយឆ្នាំ​នេះ​មាន​កា​រធ្លាក់​ចុះ​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​ជារឿង​គួរឲ្យព្រួយបារម្ភ ហើយ​លំហនៃ​ការសម្តែងមតិ​តាមបណ្តាញសង្គម​ក្តី​ តាម​ទីសាធារណៈក្តី​ គឺនៅមានកម្រិតតិចតួចបំផុត​។ អ៊ីចឹងហើយ​យើងឃើញ​ថាជារឿងមួយ​មាន​ការរឹតត្បិត តឹងរ៉ឹង​ខ្លាំងមែនទែន។ អ៊ីចឹងក្នុងឱកាសនេះ ​យើង​សំណូម​ពរ​ឲ្យ​រដ្ឋាភិ​បាលត្រូវបើក​ឡើងវិញនូវលំហនៃការគោរពសិទ្ធិមនុស្ស លំហសម្តែង​មតិ​របស់​ប្រជា​ពលរដ្ឋ​ទាំង​នៅ​ក្នុង​បណ្តាញ​សង្គម​និងទីសាធារណៈ»។

លោក វន់ ពៅ​ យល់ថា ការមិនគោរពសិទ្ធិមនុស្ស​របស់រដ្ឋាភិបាលនាំឲ្យ​មាន​ផលប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​និង​នយោបាយ​នៅកម្ពុជា​។

ចំណែក​អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ក៏​បាន​វាយ​តម្លៃ​ថា ​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ធ្លាក់​ចុះគួរឲ្យព្រួយ​បារម្ភ​ ដោយសារតែ​មានការ​ចាប់ខ្លួន​ ការបណ្តេញ​ចេញ​ ការ​ប្រើ​អំពើហិង្សា​លើ​កម្មក​រនិយោជិត​ផង​ដែរ​។

ប្រធាន​សហជីព​រូប​នេះ​ថ្លែងថា​៖ «​អ៊ីចឹងកន្លែង​នេះ​ខ្ញុំអាចមើលឃើញថា ​វាជារូបភាព​មួយ​ដែល​បញ្ជាក់ថា​ ការគោរពសិទ្ធិមនុស្ស​នៅក្នុងប្រទេសកម្ពុជា​យើង ​គឺ​នៅមានកម្រិត​ខ្លាំង​មែន​ទែន មិន​អាចឱ្យកម្មករនិយោជិត​របស់យើងមានសិទ្ធិ មានសេរីភាព​ពេញ​លេញ​ដូច​ដែល​ច្បាប់​របស់​យើងបាន​ចែង​ទេ​»។

លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ​ប្រាប់​វីអូអេ​ថា ​ការ​អនុវត្ត​សិទ្ធិ​របស់​ប្រជា​ពល​រដ្ឋ​ គឺត្រូវ​ធ្វើឡើងស្រប​តាមច្បាប់ ហើយមិន​បំពានសិទ្ធិរបស់អ្នកដទៃ​។

លោក​ថ្លែង​ថា៖​ «ការអនុវត្តច្បាប់ប្រឆាំងជន​ល្មើស ​វាមិនមែនជាការបិទ​ ឬមួយ​ការគំរាម​កំហែង​ ការ​យាយី​ ធ្វើទុក្ខ​បុកម្នេញ​ទៅ​លើ​សហជីព​នោះទេ។ ​ផ្ទុយ​ទៅវិញ​ ការអនុវត្ត​ច្បាប់​ប្រឆាំង​បទល្មើស​គឺជា​ការ​ពង្រឹង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់សហជីព​ សិទ្ធិ​សេរីភាព​របស់​មនុស្ស​ឱ្យត្រឹម​ត្រូវ​តាម​ក្របខណ្ឌនីតិរដ្ឋ​»។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ សហជីព​នៅ​កម្ពុជា​មាន​ជាង ៦.៤០០ ស្ថាប័ន ហើយ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការអនុវត្ត​សិទ្ធិ​របស់​ពួកគេ​ទៅ​តាម​ក្របខណ្ឌ​នៃ​ច្បាប់។

ដោយឡែក នៅក្នុង​របាយការណ៍​ស្តីពី៖ ​«​ស្ថាន​ភាព​នៃ​សេរី​ភាព​ខាងការបញ្ចេញ​មតិ ​សេរីភាព​សារ​ព័ត៌​មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌​មាននៅ​កម្ពុជា»​ ដែលចេញ​ផ្សាយ​កាលពីថ្ងៃ​អង្គារ​ ទី ២៦ ខែវិច្ឆិកា មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​វាយ​តម្លៃ​ថា​៖ ​«សិទ្ធិ​សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ ​សេរី​ភាព​សារព័ត៌​មាន​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន នៅ​តែ​បន្ត​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​អ្នក​សារ​ព័ត៌​មាននិង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រង​ការ​បង្ក្រាបនិង​ការ​ដៅ​មុខ​សញ្ញា ​ដោយ​សារ​តែ​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​រាយ​ការណ៍​ និង​ការ​តស៊ូ​មតិ​សំខាន់​ៗ​របស់​ខ្លួន​»៕