ក្រុម​សង្គម​ស៊ីវិល​កម្ពុជា អំពាវនាវ​ឲ្យ​បញ្ឈប់​ការបំភិត​បំភ័យ​អ្នកវិភាគ និង​អ្នករិះគន់

រូបឯកសារ៖ ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល កំពុង​ចូលរួម​ក្នុង​វេទិកា​ស្តីពី​ភាព​ជា​ដៃ​គូ​រវាង​រដ្ឋាភិបាល និង​អង្គការ​សង្គមស៊ីវិល ជា​លើកទី២ ជាមួយមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ការ​គំរាម​ចំៗ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទៅ​លើ​អ្នក​វិភាគ​ពីរ​នាក់​កាល​ពី​សប្តាហ៍​មុន ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៣០​ស្ថាប័ន បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​រឹត​ត្បិត​សេរីភាព​បញ្ចេញ​មតិ ហើយ​ពួកគេ​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បំភិត​បំភ័យ​លើ​អ្នក​អត្ថាធិ​ប្បាយ​នយោបាយ និង​អ្នក​រិះគន់។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៨​ស្ថាប័ន​នោះ រួម​មាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក បណ្តាញ​យុវជន​កម្ពុជា​ (ហៅ​កាត់​ថា​CYN) មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និ​ង​សិទ្ធិ​មនុស្ស (ហៅ​កាត់​ថា​ សង់ត្រាល់​) និង​អង្គការ​សមាគម​មួយ​ចំនួន​ទៀត។ ពួកគេ​បាន​សង្កត់​ធ្ងន់​ថា ​រដ្ឋា​ភិបាល​មិន​គួរ​គំរាម​កំហែង ឬ​ព្រមាន​អ្នកវិភាគ​ដែលបាន​លើក​ឡើង​ជា​ទស្សនៈណា ដែល​រដ្ឋាភិបាល​មិន​ពេញ​ចិត្ត ដោយ​គួរ​តែផ្តល់​សិទ្ធិ​ដល់​អ្នក​វិភាគ​ អាច​អនុវត្ត​ការងារ​របស់​ពួកគេ​ស្រប​តាម​ច្បាប់ និង​អាចផ្សព្វ​ផ្សាយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ការ​ពារ និ​ងគោរព​សិទ្ធិ​មនុស្ស ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរ​ជាតិ។

នៅក្នុងសេច​ក្តី​ថ្លែង​ការ​ណ៍​រួម​ដែល​ចុះ​ថ្ងៃ​ទី​២១ ​ខែ​កញ្ញា ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ថា​ ការ​គំរាម​កំហែង​លើ​អ្នកវិភាគ​បញ្ហា​សង្គម និងនយោបាយ មិន​គួរ​កើត​មាន​តាំង​ពី​ដំបូង​មក​ម្ល៉េះ ហើយ​វា​ជា​ការ​បង្ក​គ្រោះ​ថ្នាក់​យ៉ាងធ្ងន់​ធ្ងរ​ដល់​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ដែល​ត្រូវ​បាន​ធានាដោយ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរ​ជាតិ។

សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​ឲ្យ​ដឹង​ថា​៖ «សូម​អំពាវ​នាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា សូម​មេត្តា​បញ្ឈប់​ការ​បំភិត​បំភ័យ​លើ​អ្នក​វិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា និ​ង​សំឡេង​រិះគន់​ផ្សេង​ទៀត ដោយ​គ្រាន់​[តែ]​អ្នក​ទាំង​នោះ​បញ្ចេញ​ទស្សនៈ និង​ការ​យល់​ឃើញ​សម្រាប់​ផល​ប្រយោជន៍​សាធារណៈ​នៅ​កម្ពុជា និង​សូម​មេត្តា​គោរព​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា»។


លោក មឿន តុលា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង់​ត្រាល់​ដែល​បាន​ចូល​រួម​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​រួម​មួយ​នេះ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ​ គួរ​តែ​មាន​ការលើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពល​រដ្ឋសម្តែង​មតិ​ឲ្យ​បាន​ច្រើន ​ដូច​ដែល​មា​ន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ហើយ​ការ​សម្តែង​មតិ​មិន​មែន​ធ្វើ​បាន​ត្រឹមតែ​តាម​រយៈ​ការ​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ គឺ​អាច​សម្តែង​មតិ​តាម​រូប​ភាព​ តាមសារ​ព័ត៌​មាន តាម​បទ​ចម្រៀង សិល្បៈ និង​វិធីផ្សេង​ៗ​ទៀត។ លោក​បន្ត​ថា​ ទាំង​អ្នក​វិភាគ លោក សេង​ សារី និង​លោក មាស នី និង​សកម្ម​ជន​ផ្សេងៗ​ទៀត មិន​គួរ​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ និ​ង​ចាត់​ទុក​ការ​វិភាគ​ ឬ​ការ​រិះគន់​របស់​ពួកគេ ជា​បទ​ល្មើស​នោះ​ទេ។ លោក​យល់​ថា​ ការវិភាគ​ គឺ​គ្រាន់​តែ​គំ​និត​នៃ​ការយល់​ឃើញរបស់​បុគ្គល​ម្នាក់​ៗ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ក៏​ដូច​ជា​អ្នក​ដែល​ធ្វើ​ការ​សង្គម​ផ្សេង​ៗ​ទៀត​ដែរ យើង​សាទរ​ចំពោះ​ការ​ពិនិត្យ​ពិច័យ ហើយ​ផ្លាស់​ប្តូរ​ចិត្ត​របស់​នាយក​រដ្ឋ​មន្ត្រី​ ក៏​ប៉ុន្តែ​វា​ជា​រឿង​ហានិ​ភ័យ​មួយ បើ​សិន​ជា​ការ​សម្រេច​ចិត្ត​ណា​មួយ​ដែល​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​ដល់​សេរីភាព​បញ្ចេញ​មតិ។ អញ្ចឹង​បាន​សង្គម​ស៊ីវិល​បាន​ចេញ​សេច​ក្តី​ថ្លែង​ការ​ណ៍រួម​មួយ​ថា ​ការ​វិភាគ ការ​បញ្ចេញ​មតិ វា​មិន​គួរ​ជា​បទ​ល្មើស​ទេ វា​ជា​ការ​យល់​ឃើញ​របស់​មនុស្ស។ ការ​យល់​ឃើញ​វា​មិន​ប្រាក​ដ​ជា​ដូច​នឹង​ការ​យល់​ឃើញ​របស់​នាយក​រដ្ឋ​មន្ត្រី​ ឬ​ក៏​ការ​យល់​ឃើញ​របស់​បុគ្គល​ណា​ផ្សេង​ៗ​ទេ»។

សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​ ត្រូវ​បាន​រិះគន់​ថា ​ធ្លាក់​ចុះយ៉ាង​ខ្លាំង ក្រោយ​មាន​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ចាប់​តាំង​ពី​ឆ្នាំ​២០១៧។ សង្គម​ស៊ីវិល​បាន​អះអាង​ថា​ រដ្ឋាភិបាល​បាន​ប្រើប្រាស់​បទ​ចោទ​ញុះ​ញង់​នៃ​ក្រម​ព្រហ្មទណ្ឌ​ក្នុង​ការ​បង្រ្កាប​សំឡេង​រិះគន់​ក្នុង​ប្រទេស។

លោក ​អ៊ុល វ៉ាន់ ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា ​(CYN) យល់​ឃើញ​ថា ​ការ​បញ្ចេញ​មតិ​រិះគន់​ ឬ​ការ​ហ៊ាន​លើ​ក​ឡើង​នូវ​ទស្សនៈ​ផ្ទុយ​ក្នុង​ន័យ​ស្ថាបនា ​មិន​ថា​ពី​សំណាក់​អ្នក​វិភាគ​ អង្គការ​សង្គ​ម​ស៊ីវិល ឬ​ប្រជា​ពលរដ្ឋ​ទូទៅ សុទ្ធ​សឹង​ជា​កត្តា​ជំរុញដ៏​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ ជា​ពិសេសប្រទេស​កម្ពុជា​ដែល​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ ដែល​ត្រូវតែ​លើក​ស្ទួយ និង​គាំទ្រ​នូវ​សិទ្ធិ​សេរី​ភាពបញ្ចេញ​មតិ ដែលជា​មូល​ដ្ឋាន​គ្រឹះ។

លោក​ប្រាប់វីអូអេថា៖ «ការ​ចូលរួម​ចំណែក​របស់​ទាំង​អ្នក​វិភាគ​ក្តី​ ទាំង​មតិ​សាធារណជន​ក្តី ការ​បញ្ចេញ​មតិ​យោបល់​រិះគន់​ ឬ​ក៏​ការ​ចូល​រួម​ផ្តល់​មតិ​យោបល់​នេះ គឺ​ជា​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ដើម្បី​សម្តែង​ចេញ​នូវ​ការ​ឈឺ​ឆ្អាល​ក្នុង​ការ​ដឹង​ឮ​ ក៏​ដូច​ជា​ការ​ចង់​ឲ្យ​រដ្ឋាភិបាល​នឹង​កែ​តម្រូវ​ និង​ពង្រឹង​ការ​អភិវឌ្ឍ​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ​។ ហើយ​ការ​បញ្ចេញ​មតិ​យោបល់​ហ្នឹង​ទៀត​សោត គឺ​ជា​សិទ្ធិ​សេរី​ភាព​មូលដ្ឋាន​របស់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ដែល​ត្រូវ​បាន​ធានា និង​ការពារ​ដោយ​ច្បាប់​ជាតិ​របស់​យើង មាន​ដូច​ជា​រដ្ឋ​ធម្ម​នុញ្ញ​របស់​យើង​ជា​ដើម ក៏​ដូចជា​មានលិខិត​តូបករណ៍​អន្តរជាតិ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​សិទ្ធិ​មនុស្ស»។

លោក អ៊ុល វ៉ាន់ ក៏​ស្នើ​រដ្ឋា​ភិបាលឲ្យ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​ឈាន​ដល់​ការ​ប្រតិ​កម្ម​ជា​សាធា​រណៈ និង​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ​ក្នុង​ការ​ស្តាប់​មតិ​រិះគន់​នានា ដើម្បី​បញ្ចៀស​ការ​ភ័ន្ត​ច្រឡំ ដូច​ករណី​របស់​អ្នក​វិភាគ​សង្គម លោក សេង​ សារី។

លោក​បញ្ជាក់​ថា៖ «ការ​ប្រតិកម្ម​ក៏​ដូច​ជា​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ទៅ​លើ​បញ្ហា​សង្គម​វា​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​ដល់​ដំណើ​រការ​នៃ​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ។ វា​ប៉ះពាល់​ទៅ​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​សេរី​ភាព​ និង​ប្រជាធិប​តេយ្យ​របស់​កម្ពុជា​មួយ​ទាំង​មូល។ ដូច្នេះ​សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ​វា​មាន​ភាព​ចាំ​បាច់​មែន​ទែន​សម្រាប់​រដ្ឋា​ភិបាល​ក្នុង​ការ​ស្តាប់​ ក្នុង​ការ​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​នូវ​មតិ​យោបល់​រិះគន់​ទស្សនៈ​គំនិត​ផ្សេង​ៗ​ទៅ​លើ​បញ្ហា​សង្គម នយោ​បាយ​ ដែល​បញ្ហា​ទាំង​នេះ​ជា​ការ​រួម​ចំណែក​ពី​មនុស្ស​ទូទៅ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​សង្គម​យើង​កាន់​តែ​ប្រសើរ​ កាន់​តែ​ល្អ» ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប បាន​ថ្លែង​ថា​ ការ​រួម​គ្នា​បង្កើត​ជា​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជា​សិទ្ធិ​សេរី​ភាព​របស់​បណ្តា​អង្គការ​ទាំង​នោះ ​ក្នុង​ការ​បញ្ចេញ​មតិ​ពី​ការ​យល់​ឃើញ​របស់​ពួកគេ ដោយ​សេរី និង​មិន​មាន​ការ​ហាម​ឃាត់​អ្វី​ទាំង​អស់​។ លោក​បន្ថែម​ថា ​ការ​បញ្ចេញ​មតិ​ ត្រូវ​ស្រប​តាម​ច្បាប់​ដែល​បាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។

លោក​ប្រាប់​វីអូអេ​ថា៖ «បើ​សិន​ណា ការ​បញ្ចេញ​មតិ​នោះ​ ឆ្លៀត​ឱកាស​នោះ ដើម្បី​វាយ​ប្រហារ​ទៅ​លើបុគ្គល ពាក់​ព័ន្ធ​ទៅ​ដល់​សិទ្ធិ​សេច​ក្តី​ថ្លៃថ្នូរ​របស់​បុគ្គល ឬ​មួយ​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ទំនៀម​ទម្លាប់​ប្រពៃណីដ៏​ល្អ​របស់ជាតិ ហើយ​និង​ប៉ះ​ពាល់​ទៅ​ដល់​សន្តិសុខ​ជាតិ បែប​នឹង​មិនមែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ទេ​ ដែល​សាមី​ជន​ដែល​និយាយ ​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់។ ដូច្នេះ​ការ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ច្បាប់ ​វា​កើត​ឡើង​ចេញ​ពី​ទង្វើរ​ល្មើស​មាត្រា​៣១ មាត្រា​៤១​ ដែល​កំណត់​ព្រំដែន​ច្បាស់​លាស់​ហើយ។ អ៊ីចឹងអត់​មាន​នរណា​គំរាម​កំហែង​ ឬ​មួយ​ក៏​ទៅ​សំឡុត​ដល់​អ្នក​បញ្ចេញ​មតិ​នោះ​ទេ​ គឺ​ខ្លួន​ឯង​ជា​អ្នក​បង្កើត​បញ្ហា​ដោយ​ខ្លួន​ឯង»។

ករណី​របស់​លោក សេង សារី អ្នក​វិភាគ​នយោបាយ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផ្លាស់​ប្តូរ​ចិត្ត​របស់​លោក ដោយ​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ស្នើ​សុំ​របស់​នាយក​រដ្ឋមន្រ្តី ចៅ​ក្រម​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក ញឹម ពិសាល កាល​ពី​ថ្ងៃ​អង្គារ បាន​ចេញ​ដីកា​បញ្ឈប់​ឲ្យ​ចាប់​ខ្លួន លោក សេង សារី ដែល​រង​បទ​ចោទ​រួម​គំនិត​ក្បត់ និង​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ប្រព្រឹត្ត​ទៅ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២១ តាម​រយៈ​សារ​ដែល​បង្ហោះ​លើ​ហ្វេស​ប៊ុក និយាយ​អំពី​រដ្ឋាភិបាល​បង្រួម​បង្រួម​ជាតិ ដែល​ប្រកាស​បង្កើត​ដោយ​លោក សម រង្ស៊ី មេដឹកនាំ​បក្ស​ប្រឆាំង ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

បន្ទាប់​ពី​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើរូប​លោក លោក សេង សារី បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​បើកឱកាស​បន្ថែម​ដល់​អ្នក​វិភាគ​ទាំង​អស់ អាច​បញ្ចេញ​មតិ​យោបល់​តាម​រយៈ​ការ​សិក្សា​ស្រាវ​ជ្រាវ ដើម្បី​ចូល​រួម​បង្ហាញ​គំនិត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​ប្រទេស។

លោក​ថ្លែង​ថា៖ «​ករណី​ខ្ញុំ​នេះ​ ក៏​ជា​សញ្ញាណ​មួយ​ដែល​ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​ ដើម្បី​អំពាវ​ទៅ​ប្រមុខ​រដ្ឋា​ភិបាល​ក្នុង​ការ​ផ្តល់​ឱកាស​បន្ថែម​ទៀត​ទៅ​ដល់​បញ្ញា​វន្ត​ អ្នក​ស្រាវ​ជ្រាវ​ អ្នក​វិភាគ​ នៅ​ក្នុង​ការ​ផ្តល់​នូវ​ធាតុ​ចូល​ ឬក៏​ជា​ទស្សនៈ​ ដើម្បី​អាច​ចូលរួម​ចំណែកនៅ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សង្គម​ និ​ង​នយោ​បាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​»។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ លោក សេង សារី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោកដោយ​លើក​ឡើង​ថា ​«ការ​ផ្តួច​ផ្តើម​គំនិត​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ អាច​ទៅ​រួច ឬ​មិ​នរួ​ច?

លោក​ សេង សារី បាន​សរសេរ​ថា​៖ «ខ្ញុំ​សូម​សាក​ល្បង​វិភាគ​ថា​តើ​កម្លាំង​៦ ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា​ អាច​ងើប​ឡើង​តាម​ការ​អំពាវ​នាវ​របស់លោក សម រង្ស៊ី ដែរ​ឬទេ​? ហើយ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ បើ​លោក សម រង្ស៊ី អំពាវ​នាវ? លោក​បន្ថែម​ថា កម្លាំង​ដែល​អាច​ធ្វើ​ឲ្យ​នយោបាយ​កម្ពុជា​ប្រែប្រួល​មាន​ចំនួន​៦​ធំ​ៗ រួម​មាន​កម្លាំង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង កម្លាំង​មហាជន កម្លាំង​យុវជន កម្លាំង​ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច កម្លាំង​ប្រដាប់​អាវុធ និង​កម្លាំង​អន្តរ​ជាតិ និង​ប្រទេស​ជិត​ខាង»។

សារ​មួយ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាង​ថា​ មាន​បទ​ល្មើស​ដែល​ត្រូវ​ចាប់​ខ្លួន។ ប៉ុន្តែ​លោក សេង សារី បាន​ការពារ​ខ្លួន​ថា​ លោក​គ្រាន់​តែ​វិភាគ ហើយ​មិន​បាន​គាំទ្រ​ចលនា​ណាមួយ​របស់​បក្ស​ប្រឆាំង​នោះ​ទេ៕