សង្គម​ស៊ីវិល​រកវិធី​ទប់ស្កាត់​អំពើ​ហិង្សា​ដែល​អាច​កើត​មាន​អំឡុង​ពេល​បោះឆ្នោត

  • ​គង់ ​សុឋានរិទ្ធ

លោក​ឈិត សំអាត ​នាយក​​ប្រតិបត្តិ​​អង្គការ​​ NGO Forum ​​សម្ភាស​ជាមួយ​​​អ្នក​យក​​ព័ត៌មាន​​វីអូអេ ​អំឡុង​​ពេល​ធ្វើ​​សិក្ខា​សាលា​​នៅភ្នំពេញ។​​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ដើម្បី​លើក​ពី​កង្វល់​នានា​ទាក់ទង​នឹង​អំពើ​ហិង្សា​ដែល​អាច​កើត​ឡើង​ជា​យថាហេតុ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា ​ឆ្នាំ​២០១៣​នេះ។​

មាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​ដប់​បាន​លើក​ពី​កង្វល់​រួម​របស់​ពួក​គេ​ទាក់ទង​នឹង​បរិយាកាស​ហិង្សា​ក្នុង​ពេល​ដែល​គណ​បក្ស​នយោបាយ​នានា​កំពុង​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោតនិង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ ក្រោយ​ពី​មាន​សញ្ញា​នៃ​អំពើហិង្សា​មួយ​ចំនួន​ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​សីវិល​បាន​កត់​សម្គាល់​។ ​នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ដែល​ចូល​រួម​កិច្ច​ប្រជុំ​ដែល​បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ។​

លោក​ឈិត ​សំអាត​ ​នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​ក្រៅរដ្ឋា​ភិបាល​ ឬNGO Forum​ ​មាន​ប្រសាសន៍​ថា ​សង្គម​ស៊ីវិល​យល់​ថា​ ការ​បោះឆ្នោត​នឹង​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ ហេតុ​ដូច្នេះ​ហើយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចង់​ឃើញ​ការ​បោះ ឆ្នោត​មួយ​ប្រកប​ដោយ​បរិយាកាស​យុត្តិធម៌។​

លោក​និយាយថា៖​ «យើង​អត់​ចង់​ឃើញ​អំពើ​ហិង្សា ​ឬ​ការ​រំលោភ​សិទ្ធិ​ផ្សេង​ក្នុង​រយៈ​កាល​នៃ​ការ​ឃោសនា​បោះឆ្នោត​ ក៏ដូចជា​ការ​បោះឆ្នោត​ដែរ។​ សំខាន់​គឺ​យើង​ចង់​ឲ្យ​មាន​សន្តិភាព​នៅ​ក្នុង​ការ​បោះឆ្នោត​ដើម្បី​ធានា​នូវ​ការ​បោះឆ្នោត​យុត្តិធម៌​និង​ត្រឹមត្រូវ»។​

កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុម​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​បង្រ្កាប​លើ​ស្ត្រី​អ្នក​តវ៉ា​នៃ​សហគមន៍​ក្រីក្រ​នៅ​បឹងកក់​ និង​បុរីកីឡា​ ហើយ​បណ្តាល​ឲ្យ​ស្ត្រី​ពីរ​នាក់​រង​របួស​ និង​ម្នាក់​ក្នុង​នោះ​រលូត​កូន​ដែល​មាន​ផ្ទៃពោះ​ពីរ​ខែ​កន្លះ។​

លោក​ឈិត ​សំអាត​បន្ថែម​ថា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​ស្នើ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ធានា​ឲ្យ​មានបរិយាកាស​ល្អ​សម្រាប់​ដំណើរការ​បោះឆ្នោត​នេះ។​

លោក​ថ្លែងថា៖​«យើង​នឹង​អំពាវ​នាវ​ទៅ​ដល់​គណបក្ស​ទាំង​អស់​ដែល​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត ​ក៏ដូចជា​រដ្ឋា​ភិបាល​និង​ម្ចាស់​ជំនួយ​ទាំងអស់​ ឲ្យ​ជួយ​ជំរុញ​ធ្វើ​ម៉េច​ឲ្យ​ការ​បោះឆ្នោត​នេះ​ប្រកប​ដោយ​សន្តិភាព​ កុំឲ្យ​មាន​ហិង្សា ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នេះ​ត្រឹមត្រូវ​និង​យុត្តិធម៌»។​

លោក​ឈាង​ រិទ្ធី ​សមាជិក​ក្រុម​ការងារ​ដើម្បី​សន្តិភាព​ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​អំពី​កង្វល់​របស់​ខ្លួន​នេះ​ហើយ​គ្រោង​នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី ​ដើម្បី​ស្វែ​ងរក​ការ​គាំទ្រ​ពី​ព្រះអង្គ​ក្នុងការ​អំពាវនាវ​ឲ្យ​មាន​បរិយាកាស​បោះឆ្នោត​មួយ​ដោយ​គ្មាន​អំពើ​ហិង្សា។​

នៅ​ក្នុង​ពេល​នេះ​ គណបក្ស​ចំនួន​ប្រាំបី​កំពុង​ធ្វើ​ការ​ឃោសនា​ដើម្បី​ប្រជែង​រក​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត។ ​អ្នក​បោះឆ្នោត​មាន​ចំនួន​សរុប​ជាង​៩,៦​លាន​នាក់។​

យោង​តាម​កញ្ញា ​គង់ ​រ៉ាវីន ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​ថា ​ខុមហ្វ្រែល ​បាន​ឲ្យ​ដឹង​ថា​ មាន​ភាព​មិន​ប្រក្រតី​ប្រមាណ​ជា​៥០ករណីបាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ឃោសនា​បោះឆ្នោត​ប្រាំ​មួយថ្ងៃ​មក​នេះ។ ​ប៉ុន្តែ​ខុមហ្វ្រែល​មិន​ទាន់​បាន​រក​ឃើញ​ករណី​ហិង្សា​គួរ​កត់​សម្គាល់នោះ​ទេ។​

ដោយឡែក​លោក​ទេព ​នីថា ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាន​ប្រសាសន៍​ថា​ ​មាន​ការ​មិន​គោរព​គ្នា​មួយ​ចំនួន​រវាង​គណបក្ស​ធំៗ​ក្នុង​ការ​ឃោសនា ​ប៉ុន្តែ​មាន​ករណី​ហិង្សា​តែ​មួយ​គត់​ដែល​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំ​ ដែល​រំខាន​ដល់​ការ​ឃោសនា។ ​លោក​ទេព នីថា ​បញ្ជាក់​ថា​ ករណី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ដោះស្រាយ៕