សង្គម​ស៊ីវិល​ស្នើ​ឱ្យ​​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ឱ្យ​បាន​ឆាប់ៗ​នៅ​តំបន់​ព្រលាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​កណ្តាល

រូបឯកសារ៖ លោក អំ សំអាត ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ផ្តល់​បទ​សម្ភាសន៍​ដល់ VOA នៅ​ការិយាល័យ​អង្គការ​អាដហុក នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​សហគមន៍​ចំនួន​៨៤​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​«វិវាទ​ដីធ្លី​ដ៏​រ៉ាំ​រ៉ៃ»​រវាង​ក្រុម​ហ៊ុន​ OCIC​ និង​ប្រជា​ពលរដ្ឋ​ម្ចាស់​ដី​នៅ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថ្មី​ ដែល​បាន​អូស​បន្លាយ​ពេល​ជាង​៤​ឆ្នាំ​មក​ហើយ។ ​

ជម្លោះ​ដីធ្លី​ក្នុងតំបន់​អភិវឌ្ឍន៍​អាកាស​យាន​ដ្ឋានថ្មី​មាន​ឈ្មោះ​ថា​«អាកាស​យាន​ដ្ឋានអន្តរជាតិ​តេជោ​ក្រុង​តា​ខ្មៅ»​នោះ​ បាន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ផង​ដែរ​ អំឡុង​ខែ​កញ្ញា​ ឆ្នាំ​២០២១​ ហើយ​ក្រោយ​អំពើ​ហិង្សា​នោះ ​ជម្លោះ​នៅ​បន្ត​ជាប់​គាំង។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​សមាគម ​និង​សហគមន៍​ដីធ្លី​ ចុះ​ថ្ងៃទី​៣​ ខែ​តុលា​នេះ​ បាន​លើក​ឡើង​ថា៖ ​«យើង​ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា​ វិវាទ​នេះ​មាន​ភាព​ធ្ងន់​ធ្ងរ​ ហើយ​ពលរដ្ឋ​ ដែល​រង​ផល​ប៉ះ​ពាល់​ជា​ច្រើន​ កំពុង​ជួប​ទុក្ខ​សោក​ដោយ​ទទួល​រង​នូវ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​ផ្ទះ​សម្បែង​ និង​ដីធ្លី​របស់​ពួក​គេ​ និង​មិន​បាន​ទទួល​នូវ​ដំណោះ​ស្រាយ​សមរម្យ​ជា​ទីពេញ​ចិត្ត​នៅ​ឡើយ»។​

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា៖​ «អ្វី​ដែល​កាន់​តែធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ​គឺ​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​បាន​រង​សម្ពាធ​តាម​រយៈ​បណ្តឹង​ពី​តុលាការ​ផង​ដែរ»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ក្នុង​នោះ​មាន​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកា​ដូ​ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាបាន​រៀប​រាប់​បន្ត​ថា​ ប្រជា​ពលរដ្ឋ​ចំនួន​៩​នាក់​ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៤​នាក់ ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ចំនួន​៣០​នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​មួយ​ដែល​បាន​កើត​ឡើង​ នៅ​ថ្ងៃទី​១២ ​ខែ​កញ្ញា​ ឆ្នាំ​២០២១​ រវាង​ប្រជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល។ ​ប្រជា​ពលរដ្ឋ​កំពុង​រង​ការ​ចោទ​ប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​នៅ​ឡើយ។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​វិវាទ​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​ខាង​លើ​មាន​សភាព​ធ្ងន់​ធ្ងរ​ទៅ​ នៅ​ពេល​ពលរដ្ឋ​ដែល​តវ៉ា​ការ​ពារ​ផ្ទះ​សម្បែង​ដីធ្លី​របស់​ពួក​គេ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះ​ហៅ​មក​សួរ​នាំ​ជុំវិញ​ជម្លោះ​នេះ​ នៅ​ថ្ងៃទី​៦ ខែ​តុលា​នេះ។​

លោក​ថ្លែង​ថា៖​«យើង​មើល​ឃើញ​ថា​ សហគមន៍​ដីធ្លី​នៅ​ព្រលាន​យន្តហោះ​ថ្មី​នេះ​គឺ​មាន​សភាព​ធ្ងន់​ធ្ងរ​ ហើយ​កំពុង​តែ​ប្រឈម​មុខ​ធ្ងន់​ធ្ងរ​ផង​ដែរ​ ដោយ​មិនទាន់​មាន​ការ​ដោះ​ស្រាយ​សម​រម្យ​សម្រាប់​ពួក​គាត់​ ហើយ​ម្យ៉ាង​ទៀត​ ពួក​គាត់​៩​នាក់ត្រូវ​តុលាការ​កោះ​ហៅ​ចូលរួម​សវនា​ការ​នៅពេល​ខាង​មុខ​នេះ​ គឺ​ថ្ងៃ​ទី​៦ ​ខែ​តុលា​ ឆ្នាំ​២០២២​ ខាង​មុខ​នេះ​ ដោយ​សារ​តែ​ពួក​គាត់​ហ្នឹង​ការ​ពារ​ទៅ​លើ​ដីធ្លី ​និង​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ ដែល​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​នៅ​ឡើយ»។

សេចក្តី​ថ្លែង​ការ​ណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា​ ពលរដ្ឋ​ទាំង​៩​នាក់​ ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ឃុំ​បឹង​ខ្យាង​ និង​ឃុំ​កណ្តោក​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កំណ្តាល​ និង​ឃុំពត់​សរ​ ស្រុក​បាទី​ខេត្ត​តាកែវ​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​ ចេញ​ដីកា​កោះ​ហៅ​កាល​ពី​ថ្ងៃទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០២២​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ហិង្សា​ដោយ​ចេត​នា​ និង​មាន​ស្ថាន​ទម្ងន់​ទោស​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ និង​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​ប្រជា​ពល​រដ្ឋ​ទាំង​៩​នាក់​ខាងលើ​ ហើយ​ចំពោះ​ដី ​និង​ផ្ទះ​ទាំង​ឡាយ​ណា​ដែល​ពួក​គាត់​យល់​ព្រម​ដោះ​ដូរ​ សុំ​ឱ្យ​អាជ្ញាធរ​ និង​ក្រុម​ហ៊ុន​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ដោយ​បញ្ជាក់​ទីតាំង​ច្បាស់​លាស់​ជា​មុន។​

បើ​តាម​លោក ​អំ សំអាត ការ​លើក​យក​ករណី​វិវាទ​ដីធ្លី​នៅ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​ថ្មី​នេះ​មក​បង្ហាញ​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​នេះ គឺ​ជាផ្នែក​មួយ​នៃ​ការ​លើក​ជា​ឧទាហរណ៍​ដល់​អាជ្ញាធរ​ឱ្យពិចារណា​ដោះ​ស្រាយ​វិវាទ​ផ្សេងៗ​ទៀតដែល​នៅ​បន្ត​ជាប់​គាំង​ដើម្បី​បើក​ផ្លូវ​ឱ្យ​ពលរដ្ឋ​ដែល​ជាប់​ក្នុង​ជម្លោះ​នោះ​មាន​លំនឹង​ក្នុង​ការ​ប្រកប​មុខ​របរ​ និង​រស់​នៅ​ប្រចាំ​ថ្ងៃ។

លោក​បន្ថែម​ថា៖​ «អ្វីដែល​សំខាន់​គឺ​យើង​ចង់ឱ្យ​អាជ្ញាធរ​ទាំង​អស់​ អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​តាម​បណ្តា​សហគមន៍​ហ្នឹង​ គឺ​មេត្តា​ដោះ​ស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស​ ដោយ​សន្តិវិធី​ តម្លាភាព​ និង​យុត្តិធម៌»។​

ក្នុង​ករណី​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ OCIC ​របស់​ឧកញ៉ា ​ពុង ឃាវសែ ​ក្នុង​គម្រោង​សាង​សង់​ព្រលាន​យន្ត​ហោះ​តម្លៃ​ប្រមាណ​១.៥០០​លាន​ដុល្លារ​អាមេរិក​នេះ​ មន្រ្តី​សិទ្ធិ​មនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ធ្លាប់​បាន​រិះគន់​អំពី​ការ​ផ្តល់តម្លៃ​ដី​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​បាន​ត្រឹម​តែ​៨​ដុល្លារ​ឲ្យ​ប្រជា​ពលរដ្ឋ ​ដែល​ទាប​ជាង​ទីផ្សារ​ឆ្ងាយ។​

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ​វណ្ណ សុផាត ​ប្រាប់​វីអូអេ​ថា​ បញ្ហា​តម្លៃ​ដី ​និង​បញ្ហា​មួយ​ចំនួន​ទៀត​ ដូច​ជា​ការ​វាស់​វែង​ដីធ្លី​ ផ្ទះ​សម្បែង ​និង​ការ​ដោះ​ដូរ​ដី​គឺ​ជា​បញ្ហា​ស្នូល​នៃ​ជម្លោះ​ដីធ្លី​ក្នុង​តំបន់​អភិវឌ្ឍន៍​អាកាស​យាន​ដ្ឋាន​ថ្មី​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ​និង​ថា ពលរដ្ឋ​ជាប់ក្នុង​ជម្លោះ​នេះ​ កំពុង​តែ​រង​សម្ពាធ​ពី​តុលាការ​ ដែល​មិន​អាច​ឱ្យ​ពួកគេ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ ឬ​ក៏​ការ​ប្រមូលផ្តុំ​គ្នា​តវ៉ា​បាន​ដូច​មុន។ ​

លោក​ថ្លែង​ថា៖ ​«សរុប​សេចក្តី​មក​ឃើញ​ថា​ ប្រជា​ពលរដ្ឋ​ហ្នឹង​គាត់​អត់​បាន​ដំណោះ​ស្រាយ​ទេ​ តែ​ភាគ​ច្រើន​ គឺ​ថា​ មាន​តែ​សម្ពាធ​ដាក់​ឱ្យ​គាត់​ហ្នឹង​កាន់​តែ​ឱ្យ​គាត់​ហ្នឹង​កាន់​តែ​រួញ​ទៅៗ​ ហើយ​ធ្វើ​ឱ្យ​បាត់​បង់​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់​ក្នុង​ការ​ជួប​ជុំ​ហ្នឹង​ទៀត​ ហើយ​ភាព​ក្រីក្រ​របស់​គាត់​ហ្នឹង​គឺ​ថា​ កាន់​តែ​ក្រីក្រ​ទៅ។​ វា​ខុស​ពី​គោល​ការណ៍​របស់​រាជ​រដ្ឋាភិបាល​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ»។​

ជុំវិញ​ការ​ផ្តល់​តម្លៃ​ដី​ជូន​ពលរដ្ឋ​ពី​សំណាក់​ក្រុម​ហ៊ុន​នោះ​ លោក ​វណ្ណ សុផាត ​ថ្លែង​ថា ​តម្លៃ​នៅ​មិន​ប្រែ​ប្រួល​គឺ​ត្រឹម​៨​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ​ដែល​ខុស​ពី​ទីផ្សារ​គឺក្នុង​ចន្លោះ​ជាង​៨០​ដុល្លារ​ទៅ​ជាង​១០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ​និង​សហគមន៍​ចំនួន​៨៤​កន្លែង​ និង​ស្ថាប័ន​នោះ​ ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ម្ចាស់​ដី​កន្លង​មក​នេះ​ គឺ​ដោយ​សារ​តែ​សំណង​ដែល​កំណត់​ដោយ​ក្រុម​ហ៊ុន​ OCIC​ និង​អាជ្ញាធរ​នោះ​មិន​សមរម្យ​ និង​មិន​ស្រប​តាម​តម្លៃ​ទីផ្សារ​ ដែល​ពួក​គាត់​មិន​អាច​ស្វែង​រក​ទិញ​ដី​ទំហំ​ប្រហាក់​ប្រហែល​គ្នា​នឹង​ដី​ដែល​បាន​បាត់​បង់​ នៅ​តំបន់​ជុំវិញ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​នោះ​បាន​ និង​ពុំមាន​ភាព​ច្បាស់​លាស់​ចំពោះ​ទំហំ ​និង​ទីតាំង​ដី​ដែល​ក្រុម​ហ៊ុន​ និង​អាជ្ញាធរ​សន្យា​នឹង​ប្រគល់់​ឱ្យ​ទៅ​ប្រជា​ពលរដ្ឋ​ដែល​យល់​ព្រម​ដោះដូរ​ដី។ ​មួយវិញ​ទៀត​ ក៏​នៅ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​ចំពោះ​ដំណោះ​ស្រាយ​ដី ​និង​ផ្ទះ​ចំនួន​៦៦​ខ្នង​ ដែល​ជា​គោល​ដៅនៃ​ការ​រុះរើ​ចេញ​នៅជាប់​ក្រវ៉ាត់​ព្រលាន​យន្ត​ហោះ​នោះ​ផង​ដែរ។

លោក ​ណៃ ភន​ អាយុ​៥០​ឆ្នាំ​ ដែល​មាន​ដីស្រែ​ និង​ផ្ទះ​ទំហំ​ជាង​មួយ​ហិកតា​នៅ​ក្នុង​តំបន់​ក្រវ៉ាត់​ព្រលាន​យន្ត​ហោះ​ថ្មី​នោះ ​ថ្លែង​ថា​ លោក​មិន​អាច​ទទួល​យក​តម្លៃ​ដីត្រឹម​៨​ដុល្លារ​នោះ​ទេ​ ដោយ​ថា ​បើ​ទទួល​យក​តម្លៃនេះ​ លោក​មិន​អាច​ទិញ​ដី ​ឬ​ផ្ទះនៅ​ក្នុង​ទីតាំង​ផ្សេង​បាន​ទេ។​ ​

លោក​បន្ថែម​ថា​ អំឡុង​ពេល​នៃ​ការ​មាន​ជម្លោះ​ជាង​៤​ឆ្នាំ​មក​នេះ​ ជីវភាព​របស់​គ្រួសារ​កាន់​តែ​លំបាក​ ហើយ​ដំណាល​គ្នា​នេះ​ ភរិយា​លោក​ក៏​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​វិធាន​ការ​របស់​តុលាការ​ផង​ដែរ។​

លោក​ថ្លែង​ថា៖​«ជីវិត​អ្នក​ស្រែ​មិន​មាន​សល់​ដុំ​កំភួន​មែន​ ក៏​ប៉ុន្តែ​យើង​ធ្វើ​ស្រែ​បី​ដង​អ៊ីចឹង​ទៅ​ ...​ធ្វើ​មួយ​រដូវ​ ធ្វើ​នេះ​ ចាយ​អា​នោះ​ វិល​ជុំ​អ៊ីចឹង​ទៅ​ណា៎!​ យក​អានេះ​មក ទុក​អានោះ... ​អានោះ​ ទុក​អានេះ​..​ចាយ...​ មាន​គ្រាន់​ចាយ​ គ្រាន់​ឱ្យ​កូន​ទៅ​រៀនឱ្យអី​។ ដល់​ឥឡូវ​បំណុល​ធនាគារ​ រុំកោះ។ ​បំណុល​ធនាគារ​ហ្នឹង​មិនមែន​យក​ប្លង់​យើង​ទៅ​ ទៅ​ខ្ចី​ទេ។ ​ប្លង់​យើង​គេ​អត់​ឱ្យ​ទេ។​ យើង​ខ្ចី​ប្លង់​បង​ប្អូន​អ៊ីចឹង​ទៅ។​ យើង​ដាក់​ទៅ​ ហើយ​យើង​ចេះ​យក​អ៊ីចឹង​ទៅ»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ពុង ឃាវសែ ​ម្ចាស់​ក្រុមហ៊ុន​ OCIC​ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ចន្ទ​នេះ។ វីអូអេ​ក៏​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​របស់​ក្រសួង​ដែន​ដី ​នគរូប​នី​យកម្ម ​និង​សំណង់ ​លោក ​សេង ឡូត ​បាន​ដែរ​ នៅ​ថ្ងៃ​ចន្ទ​នេះ។​

ដោយ​ឡែក​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ​ ស៊ីផាន​ ថ្លែង​ថា​ គណៈ​កម្មការ​មួយ​កំពុង​ដោះ​ស្រាយ​វិវាទ​នេះ​ ហើយ​ថា​ បើ​សិន​ជា​ភាគី​ទំនាស់​នៅ​មិន​ត្រូវ​គ្នា​ ​មធ្យោ​បាយ​ដែល​អាច​បំបែក​វិវាទ​នេះបាន​គឺ​តាម​ផ្លូវ​តុលាការ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«គណៈ​កម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី​ហ្នឹង​ គេ​កំពុង​តែ​និយាយ​ជាមួយ​នឹង​អ្នក​ដែល​មាន​ ដីវិវាទ​ជាមួយ​ហ្នឹង​ នៅ​កន្លែង​វាល​យន្តហោះ​នោះ។​ អាហ្នឹង​មួយ។​ បញ្ហា​ទី​ពីរ​ បើ​សិន​ជា​ការ​ដោះ​ស្រាយ​ហ្នឹង​យើង​វា​មិន​ពេញ​ចិត្ត​ទេ​ គួរ​ស្វែង​រក​ការ​វិនិច្ឆ័យ​ក្តី​ពីតុលាការ​ទៅ​វា​ស្រួល​ជាង ព្រោះ​រដ្ឋ​ធម្មនុញ្ញ​បាន​ចង្អុល​បង្ហាញ​ថា​ ប្រជា​ពលរដ្ឋ​លោក​មាន​សិទ្ធិ​ក្នុង​ប្រការ​កិច្ច​ប្តឹង​បរិហារ​នែ​អាជ្ញាធរ​ដែន​ដី​ ​ឬក៏​រដ្ឋាភិបាល»។​

មាត្រា​១៩​នៃ​ច្បាប់​ស្តីពី​អស្សាមិករណ៍​ចែង​ថា ​ការ​ដក​ហូត​កម្ម​សិទ្ធិ​លើ​អចលន​វត្ថុ​អាច​ធ្វើ​ទៅ​បាន​លុះត្រា​តែ​គណៈ​កម្មាធិការ​អស្សាមិករណ៍​បាន​ផ្តល់​សំណង​សម​រម្យ ​និង​យុត្តិ​ធម៌​តាម​គោល​ការណ៍​ និង​នីតិ​វិធី​នៃ​ការ​ទូទាត់​សំណង។ ​ក៏​ប៉ុន្តែ​ច្បាប់​នេះ​ចែង​ថា​ ម្ចាស់​អចលន​ទ្រព្យ​មិន​អាច​ធ្វើ​ពាក្យ​បណ្តឹង​តវ៉ា​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​លើ​គម្រោង​ធំៗ​របស់​រដ្ឋ ​ដូច​ជា​អភិវឌ្ឍន៍​ផ្លូវ​ជាតិ​ធំៗ ​ស្ពាន​ ផ្លូវ​រទេះ​ភ្លើង ​ការ​ត​ភ្ជាប់ ​ការ​ចែក​ចាយ​បណ្តាញ​ទឹក​ភ្លើង ប្រព័ន្ធ​លូ ​ធារា​សាស្រ្ត​ជា​ដើម៕