សង្គម​ស៊ីវិល​កម្ពុជា​ជំរុញ​កុំ​ឲ្យ​ប្រទេស​ស៊ុយអែត​បិទ​ស្ថានទូត​នៅ​ភ្នំពេញ

រូបទង់ជាតិ​ប្រទេស​ស៊ុយអែត។

ក្រុម​អង្គការ​សង្គម​ស៊ីវិលចំនួន​១១៦ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា បាន​អំពាវនាវ​កុំ​ឲ្យ​រដ្ឋាភិបាល​ស៊ុយអែត​បិទ​ស្ថាន​ទូត​តំណាង​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា។

ពួកគេ​អំពាវនាវ​បែប​នេះ​នៅ​ក្នុង​លិខិតមួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ​ដែល​ដាក់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ស៊ុយអែត។

នៅ​ក្នុង​លិខិត​ដែល​សរសេរ​ទៅ​កាន់​លោកស្រី Ann Linde រដ្ឋមន្ត្រី​ការ​បរទេស​ស៊ុយអែត​ ដែល​VOA​ទទួល​បាន​កាល​ពី​ថ្ងៃ​ច័​ន្ទ ក្រុម​សង្គម​ស៊ីវិលដែល​បាន​ចុះ​ហត្ថលេខា​នោះ លើក​ឡើង​ថា៖ «សូម​កុំ​បោះ​បង់​ដំណើរ​ចូល​រួម​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​និង​ប្រជាធិប​តេយ្យ​របស់​កម្ពុជា»។

បើ​តាម​លិខិត​នោះ ចាប់តាំង​ពីការបើក​ស្ថាន​ទូត​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១០ និង​ការ​ផ្តើម​ទំនាក់​ទំនង​ការ​ទូតជាមួយ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៩៦១​មក រដ្ឋាភិបាល​ស៊ុយអែត​មានវិធី​សាស្ត្រ​នៃ​ការ​អភិវឌ្ឍ​គ្រប់​មុខ​ព្រួញ​របស់ខ្លួន និង​បាន​ចូល​រួម​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការធ្វើ​ឲ្យ​ប្រសើរ​នូវ​នីតិរដ្ឋ និង​អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ​របស់​កម្ពុជា។

ក្រុម​អង្គការ​ទាំង​នេះលើក​ឡើង​ថា៖ «ដំណើរ​ថយ​ក្រោយ​ដ៏​អាក្រក់ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ដែល​បណ្តាល​ឲ្យមាន​ការ​សើរើ​សេចក្តី​សម្រេច​ចិត្ត បាន​ធ្វើ​ឲ្យ​អន់​ថយ​នូវ​ការ​រីក​ចម្រើន​បែបសមូហភាព​ដែល​យើង​បាន​ធ្វើ​ការ​ទាំង​អស់​គ្នា សំដៅ​ទៅ​សម្រេច​បាន»។

ពួកគេ​លើក​ឡើង​បន្ថែម​ថា៖ «បទ​ពិសោធន៍​អតីត​កាល​បាន​បង្រៀន​យើង​ថា​ការ​ដាក់​ប្រទេស​កម្ពុជា​ឲ្យ​នៅ​ឯកាពេល​នេះ អាច​មាន​ន័យ​ថា​អាចជា​ការ​ច្រំដែល​នៃ​កំហុស​អតីត​កាល»។

​រូបឯកសារ​៖ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាតុករម្នាក់ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិនតាមការរៀបចំដោយគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការំលាយ ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ។

ក្រុម​អង្គការ​ទាំង​នេះ ​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយ​អែត​ផ្លាស់​ប្តូរ​សេចក្តី​សម្រេច​ចិត្ត​ឡើង​វិញ ដោយ​បន្ត​រក្សា​ស្ថានទូត​តំណាង​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ការ​ទាក់​ទង​ការងារ​មាន​ភាព​ល្អ​ប្រសើរ។

ពួកគេ​បញ្ជាក់​ថា៖ «យើង​ជំរុញ​អ្នក​ឲ្យ​វិនិយោគទៅ​លើ​ស្ថាន​ទូត​ដែល​មាន​ក្នុង​ពេលបច្ចុប្បន្ន និង​កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​ស៊ុយអែត ដោយ​សារ​កម្ពុជាអាចនឹង​ឈាន​ទៅ​ដល់ផ្លូវបំបែក​មួយ​ទៀត»។

លោកស្រី Ann Linde រដ្ឋមន្ត្រី​ការ​បរទេស​ស៊ុយអែត និងលោក Bjorn Haggmarkឯក​អគ្គ​រាជ​ទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​VOA​តាម​រយៈ​សារ​អ៊ីមែល​នៅ​ឡើយ​ទេ។

កាល​ពី​ចុង​ខែ​វិច្ឆិកា រដ្ឋាភិបាល​របស់​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ថា​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​រាជ​ធានី​ភ្នំពេញ នឹង​ត្រូវ​បិទ​នៅ​ចុង​ឆ្នាំ​២០​២១ គឺ​ចុង​ឆ្នាំ​ក្រោយ​នេះ ដោយ​ផ្ទេរ​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​វិញ។ ស៊ុយអែត​បញ្ជាក់​ថា​ការ​សម្រេច​បិទ​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ស៊ុយអែត ​មាន​បំណង​ផ្តល់​អំណាច​ដល់​ឯក​អគ្គរាជ​ទូត​របស់​ខ្លួន​នៅ​ទីក្រុង​បាងកក។

រដ្ឋាភិបាល​ស៊ុយអែត​ មិន​បាន​បញ្ជាក់​មូល​ហេតុ​ចំៗ​នៃ​ការ​បិទ​នេះ​ទេ ប៉ុន្តែ​ការណ៍​នេះ​ត្រូវ​គេ​គិត​ថា​ជា​ដំណើរ​ការ​មួយ ស្រប​ពេល​ដែល​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​ស្ថានទូត​ស៊ុយអែត​ប្រចាំ​នៅ​កម្ពុជា​ តែង​តែ​ចេញ​មុខ​មុន​គេ​ក្នុង​ការរិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​ប្រមូល​ផ្តុំ។ ចុង​ក្រោយ​នេះ ស្ថានទូត​ស៊ុយអែត​បាន​ថ្លែង​បារម្ភ​អំពី​ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​ លោក​ រ៉ុង ឈុន ​និង​មនុស្ស​ផ្សេង​ទៀត​ដែល​ចេញ​មុខ​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ជូន​រូប​លោក។

រូបឯកសារ៖ ក្រុម​អ្នក​គាំទ្រ​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ លើក​បដា​ ក្នុង​ពេល​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី១ ខែសីហា ឆ្នាំ​២០២០។

អង្គការ​សង្គម​ស៊ីវិល​ដែល​ចូលរួម​ដាក់​លិខិត​នោះ មាន​ដូចជាអង្គការ​អាក់​សិនអេត ​អង្គការ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា(CCC)​ អង្គការ​Oxfam អង្គការ​NGO Forum អង្គការ​តម្លាភាព​កម្ពុជា និង​អង្គការ​វេទិកា​អនាគត​ជាដើម។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ ​មាន​ប្រសាសន៍​ថាស៊ុយ​អែត​ជា​ប្រទេស​ដែល​មាន«អំណាច​ទន់» ដែល​លោក​សំដៅ​ថា​អាច​នៅ​ចរចា​បាន​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា បន្ទាប់​ពី​ប្រទេស​ជប៉ុន។ លោក​បន្ត​ថា​កាល​ពីទសវត្សរ៍​៨០ បើ​ទោះ​កម្ពុជា​ស្ថិត​ក្នុង​ភាពឯ​កា​ក៏​ដោយ ក៏​ប្រទេស​ស៊ុយ​អែត​បាន​បន្ត​ផ្តល់​ជំនួយ​មក​កម្ពុជា។

លោក អ៊ូ វីរៈ លើក​ឡើង​ថាការ​សម្រេច​ដក​ស្ថានទូត​ពី​កម្ពុជា​នេះ នឹង​នាំ​ឲ្យ​ទំនាក់ទំនង​រវាង​ស៊ុយអែត និង​កម្ពុជា កាន់​តែ​បាត់​បង់​បន្តិច​ម្តងៗ។

លោក​ថ្លែង​ថា៖ «តាម​បទ​ពិសោធន៍​យើង​មក យើង​មើល​ប្រទេស​ណា​ក៏​ដោយ​ដែល​មានទូត​តំណាង​ហ្នឹង​នៅ​ក្រៅ​ប្រទស គឺ​ច្រើន​តែ​បាត់​បង់​ការ​ទំនាក់​ទំនង​បន្តិច​ម្តងៗ។ យូរៗ​ទៅ ទំនាក់ទំនង​កាន់​តែ​ស្ងាត់​ទៅៗ។ យើង​មើល​ដូច​ជា​កាណាដា​ធ្លាប់​បិទ​ស្ថាន​ទូត​ក្នុង​ប្រទេស​កម្ពុជា​ដែរ ហើយ​យក​ទូត​តំណាង​ហ្នឹង​ឲ្យ​ទៅ​ទូតកាណា​ដា​នៅ​បាង​កក»។

លោក អ៊ូ វីរៈ បន្ត​ថា​ប្រសិន​បើ​មាន​ការ​ចរចា​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា នោះ​ស្ថានភាព​អាច​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​កម្ពុជា​អាច​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ«គ្រប់​មុខ​ទំនិញ លើក​លែង​សព្វាវុធ» ឬ​EBA ដែល​កម្ពុជា​បាន​បាត់​បង់​២០​%​នៃ​មុខ​ទំនិញ​ដែល​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប។

លោក អ៊ូ វីរៈ បន្ថែម​ថា​៖ «ខ្ញុំ​មើល​ទៅ​គ្មាន​មូល​ហេតុ​អី​ទៅ​ខឹង​ស៊ុយ​អែត​ទេ ព្រោះ​គេ​ជួយ​យើង។ ខ្ញុំ​មើល​ទៅ​ប្រទេស​ស៊ុយអែត​ជា​ប្រទេស​មួយ​ដែលរដ្ឋាភិបាល​កម្ពុជា​ក៏​ទុក​ចិត្ត​ដែរ​ថា​មិនមាន​ឆន្ទៈ​អី​ខិល​ខូច​ ឬ​មួយ​ក៏​ឆន្ទៈ​អី​ដែល​មិន​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​ទេ»។

នាយិកា​ប្រចាំ​ប្រទេស​នៃអង្គការ​Oxfam​ក្នុង​ប្រទេស​កម្ពុជា លោកស្រី លឹម សូលីន ថ្លែង​ថា​លោកស្រី​សង្ឃឹម​ថា​រដ្ឋាភិបាល​ស៊ុយ​អែត​នឹង​បន្ត​អត​ធ្មត់​បន្ថែម​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ដូច​ខ្ញុំ​ជម្រាប​ប្អូន​អញ្ចឹង ដំណើរ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​និង​នីតិរដ្ឋ​នៅ​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​យើង បាន​ប្រើ​ពេល​វេលា​យូរណាស់​ ប៉ុន្មាន​ទសវត្សរ៍​ហើយ ហើយ​វា​នឹង​ត្រូវ​ការពេល​វេលា​ត​ទៅ​មុខ​ទៀត។ អញ្ចឹង​សំខាន់​មែន​ទែន​ដែល​យើង​ទាំង​អស់​គ្នា​នៅ​បន្ត​ធ្វើ​ដំណើរ​ជាមួយ​គ្នា សហការ​ជាមួយ​គ្នា ហើយ​ខ្ញុំ​សង្ឃឹម​ថា​ទូត​ស៊ុយ​អែត​មិន​បោះ​បង់ដំណើរ​ផ្លូវ​វែង​ឆ្ងាយ​ដែល​គាត់​បាន​ចូលរួមកសាង​ជាមួយ​ប្រជាជន​កម្ពុជា​ទេ»។

លោក​ស្រី លឹម សូលីន ​ដែល​អង្គការ​របស់​លោកស្រីក៏​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​ស៊ុយ​អែត​ដែរ បន្ថែម​ថា​នេះ​ជា«ការ​បាត់​ឱកាស​ដ៏​ធំ​សម្បើម​ណាស់»សម្រាប់​ប្រទេស​កម្ពុជា នៅ​ពេល​មិន​មាន​ស្ថានទូត​តំណាង​ប្រទេស​ស៊ុយ​អែត​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍នៅ​ថ្ងៃ​អង្គារ​នេះ​ថា​«កម្ពុជា​មិន​មាន​អ្វី​ដែល​ត្រូវ​និយាយ​ទេ ព្រោះ​ជា​សិទ្ធិ​និង​ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គេ»។

គួរ​បញ្ជាក់​ថា មុន​នឹង​ការ​ប្រកាស​សម្រេច​បិទ​ស្ថាន​ទូត​តំណាង​នៅ​កម្ពុជា ប្រទេស​ស៊ុយអែត ​កាល​ពី​ខែ​មិថុនា ក៏បាន​សម្រេច​បង្វែរ​ជំនួយ​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ទៅ​ជា​ជំនួយ​លើ​ការ​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​កាន់​តែ​ខ្លាំងក្លា។ ប្រទេស​ស៊ុយអែត​ បាន​រៀប​រាប់​កាល​នោះថា ​លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​មាន​ការ«រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ»៕