ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​ច្បាប់​ថវិកា​អាមេរិក​ចង់«តទល់»​អំណាច​ចិន​នៅ​កម្ពុជា


រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង (American Center) ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​កាល​ពីថ្ងៃ​អង្គារ ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង (American Center) ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជធានី​ភ្នំពេញ​ ​កាល​ពីថ្ងៃ​អង្គារ ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ទុំ ម្លិះ/វីអូអេ)

ការ​ទប់​ស្កាត់​ឥទ្ធិពល​ចិន​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ និង​តំបន់​អភិវឌ្ឍន៍​តារា​សាគរ ​ក៏ដូច​ជា​ការ​បង្ក្រាប​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ត្រូវ​បាន​លើក​ជា​លក្ខខណ្ឌ​ក្នុង​សំណើ​កញ្ចប់​ជំនួយ​ខ្ទង់​៨៥​លាន​ដុល្លារអាមេរិកដែល​សហ​រដ្ឋ​អាមេរិក​បម្រុងទុក​សម្រាប់​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ។

សមាជិក​សភា​ទាំង​ពីរ​បក្ស​នៅ​សភា​ទាំង​ពីរ​របស់​អាមេរិក​បាន​អនុម័ត​កញ្ចប់​ថវិកា​ជា​ប្រវត្តិសាស្ត្រ​សរុប​២,៣​ទ្រី​លាន​ដុល្លារ​ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​នៅ​សហរដ្ឋអាមេរិក​ ត្រូវ​ជា​ព្រឹក​ថ្ងៃ​អង្គារ​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​VOAទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ។

កញ្ចប់​សំណើ​ថវិកា​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ (Donald Trump) ចុះ​ហត្ថ​លេខា​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ច្បាប់​ថវិកា​ផ្លូវ​ការ។

ថវិកា​នេះ​រួម​បញ្ចូល​កញ្ចប់​សារ​ពើ​ពន្ធ​១,៤​ទ្រី​លាន​ដុល្លារ​ និង​កញ្ចប់​ជំនួយ​សង្គ្រោះ​សម្រាប់​សេដ្ឋកិច្ច​ខ្លួន​ឯង ដែលរង​វិបត្តិជំងឺ​កូវីដ​១៩​ចំនួន​៩០០​ប៊ី​លាន​ដុល្លារ។

នៅ​ក្នុង​ចំណែក​របស់​ក្រសួង​ការបរទេស​អាមេរិក​ សំណើ​ច្បាប់​ថវិកា​នេះ​ ក៏​បាន​ចាត់​ចែង​ឱ្យ​មាន​ការ​លៃ​លក​កញ្ចប់​ថវិកា​ប្រមាណ​៨៥​លាន​ដុល្លារ សម្រាប់​ជា​ជំនួយ​ក្នុង​ឆ្នាំ២០២១​ដល់​ប្រទេស​កម្ពុជា តែ​មាន​លក្ខខណ្ឌ​មួយ​ចំនួន។​

ឯកសារ​សំណើ​ច្បាប់​ថវិកា​ដែល​មាន​កម្រាស់​ជាង​៥​ពាន់​ទំព័រ​នោះ ចែង​ថា​គណៈកម្មាធិការ​ទទួល​បន្ទុក​ទូទាត់​ថវិកា​នៃ​សភា​ទាំង​ពីរ​របស់​អាមេរិក​ត្រូវ​ទទួល​ការ​បញ្ជាក់​ និង​រាយការណ៍​ពី​រដ្ឋមន្ត្រី​ការបរទេស​ថា​កម្ពុជា​បាន​ចាត់​នូវ«ជំហាន​វិធានការ​ដ៏​មាន​ប្រសិទ្ធ​ភាព»​លើ​កិច្ចការ​មួយ​ចំនួន​ដូច​ជា៖

«ពង្រឹង​សន្ដិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ​ពិសេស​លើ​ជម្លោះ​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ចូលរួម​អនុវត្ត​ទណ្ឌកម្ម​អន្តរជាតិ​លើ​កូរ៉េ​ខាង​ជើង។ ប្រកាសអធិបតេយ្យភាព​របស់​ខ្លួន​តទល់​នឹង​ការ​ជ្រៀត​ជ្រែក​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​រួម​បញ្ចូល​ទាំង​ផ្ដល់​នូវ​ការ​រក្សា​ដែល​អាច​ផ្ទៀងផ្ទាត់បាន​នូវ​អព្យាក្រឹត​ភាព​នៃ​មូលដ្ឋាន​សមុទ្រ​រាម និង​មូលដ្ឋាន​យោធា​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា និង​ហេដ្ឋា​រចនាសម្ព័ន្ធ​ទ្វេ​បំណង​នៅ​គម្រោងអភិវឌ្ឍន៍​តារា​សាគរ»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

គណៈកម្មាធិការ​ទទួល​បន្ទុក​ទូទាត់​ថវិកា​នៃ​សភា​ទាំងពីរ​សហរដ្ឋអាមេរិក ​ក៏​ដាក់​លក្ខខណ្ឌ​ផ្សេង​ទៀត​ឱ្យរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ផ្ដល់​នូវ​ការ​រាយការណ៍​ផ្សេង​ទៀត ដើម្បី​អាច​ផ្ទេរ​កញ្ចប់​ជំនួយទាំង​៨៥​លានដុល្លារនោះ​បាន លុះ​ត្រា​តែរដ្ឋាភិបាល​កម្ពុជាសម្រេចបាន​នូវ​ការ៖

«បញ្ឈប់​រាល់​អំពើ​ហិង្សា​ និង​ការ​បៀតបៀន​យាយី​លើ​សង្គម​ស៊ីវិល​ និង​ក្រុម​ជំទាស់​ផ្នែក​នយោបាយ​នៅ​កម្ពុជា និង​ទម្លាក់​ចោល​នូវ​បទ​ចោទ​ព្រហ្មទណ្ឌ​ដែល​មាន​ចរិត​នយោបាយ​ប្រឆាំង​នឹង​ក្រុម​ជន​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ គោរព​សិទ្ធិ សេរី​ភាព និង​ករណីកិច្ច ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​១៩៩៣»។

ខ្លឹមសារ​សំណើ​ថវិកា​ខាង​លើផ្ដល់​ជា​ករណី​លើក​លែង​ដោយ​គ្មាន​លក្ខខណ្ឌ​ក្នុង​ជំនួយ​មក​កាន់​កម្ពុជា​លើកិច្ចការ​ប្រជាធិបតេយ្យ​ សុខភាព អប់រំ​ និង​គម្រោងនានា«ដែល​ពង្រឹង​អធិប​តេយ្យភាព​កម្ពុជា និង​ផ្ដល់​ព័ត៌មាន​អប់រំ​ពល​រដ្ឋ​កម្ពុជា​ពី​សកម្មភាព​ពង្រីក​ឥទ្ធិពល​របស់​ចិន»។

សំណើ​ថវិកា​ដដែល​ក៏​បាន​បន្ថែម​ថា​ថវិកា​នឹង​ផ្ដល់​ជូន​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ និង​អប់រំ​អំពី​ខ្មែរ​ក្រហម និង​ក៏​ដូចជា«​កម្មវិធី​ជា​ខេមរភាសា ​ដើម្បី​អង្កេត គូស​បង្ហាញ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​កិច្ច​ព្យាយាម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ចង់​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​កម្ពុជា»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ថ្លែង​តប​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​សម្ដែង​អំណរគុណ​ចំពោះ​ការ​គិត​គូរ​ត្រៀម​ផ្ដល់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក តែ​លោក​ថា៖

«ទោះ​បីជា​ជំនួយ​នោះ​យ៉ាង​ម៉េច​ក៏​ដោយ​ កម្ពុជា​នៅ​តែ​រក្សា​សិទ្ធិ ក្នុង​ន័យ​ប្រជាជាតិ​អធិបតេយ្យ​មួយ ដើម្បី​ថែរក្សា​ផលប្រយោជន៍​របស់​កម្ពុជា បាទ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​បន្ត​ថា៖​

«យើង​យល់​ថា​កម្ពុជា​និង​សហរដ្ឋអាមេរិក​មាន​ចំណង​មេត្រីភាព កិច្ច​សហ​ប្រតិបត្តិការ គឺ​គ្មាន​ភាគី​ណា​មួយ​ស្ថិត​នៅ​ក្រោម​បង្គាប់​បញ្ជា​របស់​ភាគី​ណា​មួយ​ទេ។ យើង​គោរព​គ្នា​ទៅវិញ​ទៅ​មក»។

រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ បាន​ប្រាប់​VOA​ថា លក្ខ​ខណ្ឌ​នៃ​ជំនួយ​ឆ្នាំ​សារ​ពើ​ពន្ធ​ថ្មីនេះ​ នឹង​មិន​ប៉ះ​ពាល់​ដល់​ការ​សន្យា​កញ្ចប់​ជំនួយ​១១​លាន​ដុល្លារ​របស់​អាមេរិក សម្រាប់​កម្ពុជា​អំឡុង​វិបត្តិ​កូវីដ​១៩​នេះ​ទេ ព្រោះ​ប្រាក់​ទាំង​នោះ​បាន​បញ្ជូន​រួច​រាល់​ដល់​រដ្ឋាភិបាល​កម្ពុជា ដោយ​ប្រើ​ប្រាស់​ថវិកា​ឆ្នាំ​ចាស់។

ថ្មីៗ​នេះ​សំណុំ​រឿង​ចិន​នៅ​កម្ពុជា ជា​ចំណុច​ផ្ដោត​របស់​អាមេរិក ជាក់​ស្ដែង​ការ​អនុវត្ត​ទណ្ឌកម្ម Global Magnitsky ថ្មីៗ​នេះ ទៅ​លើ​ក្រុមហ៊ុន UDG (Union Development Group) ដែល​ជា​អ្នក​វិនិយោគ​តំបន់​តារា​សាគរ​ក្នុង​ខេត្ត​កោះកុង និង​នាយ​ឧត្ដម​សេនីយ៍ គន់ គីម ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ និង​ត្រូវ​បានអាមេរិក​ចោទ​ថា​មាន​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្តអភិវឌ្ឍន៍​ដែល​ប៉ះពាល់​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នោះ។

នៅ​ពេល​ត្រូវ​បាន​សួរ​ក្នុង​បទ​សម្ភាសន៍​VOAពី​សប្ដាហ៍​មុន អំពីគម្រោង​បង្ហាញ​ភស្ដុតាង​គាំទ្រ​អំណះ​អំណាង​សង្ស័យ​ពី​វត្តមាន​យោធា​ចិន​នៅ​កម្ពុជា ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា W. Patrick Murphy យោង​របាយ​ការណ៍​ព័ត៌មាន«គួរឱ្យ​ទុក​ចិត្ត​បំផុត»​នានា​កន្លងមក។

តែ​ម្ដង​ហើយ​ម្ដងទៀត និង​ជា​ពិសេស​តាម​រយៈ​ការ​ថ្លែង​ចុង​ក្រោយ​របស់​ឧបនា​យករដ្ឋមន្ត្រី អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​តំណាង​ឲ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កិច្ច​ប្រជុំកំពូល​អាស៊ាន​អាមេរិក​ កាល​ពី​ខែវិច្ឆិកា កម្ពុជា​បាន​ប្រកែក​ថា​ខ្លួន«នឹង​មិន»​ទទួលវត្តមាន​យោធា​បរទេស​លើ​ទឹកដី​ខ្លួន​ឡើយ។

ចិន​ជា​ម្ចាស់​ជំនួយ​ និង​ជា​ប្រភព​នៃ​ការ​បណ្ដាក់​ទុន​ធំ​បំផុត​នៅ​កម្ពុជា​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កម្ពុជានិង​ចិន​ក៏​បាន​ហៅ​គ្នា​ថា​ជា«ជាមិត្ត​ដែកថែប»ផងដែរ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី៕

XS
SM
MD
LG