សពរបស់លោក John Lewis ដែលជាសមាជិករដ្ឋសភា និងជានិមិត្តរូបសិទ្ធិស៊ីវិលរបស់សហរដ្ឋអាមេរិក ត្រូវតម្កល់ជាសាធារណៈនៅវិមានរដ្ឋសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ដើម្បីសាធារណជននិងអ្នកកាន់ទុក្ខអាចចូលសម្តែងការគោរពក្នុងថ្ងៃចុងក្រោយ។
លោក Lewis បានស្លាប់កាលពីសប្ដាហ៍មុនក្នុងអាយុ ៨០ ឆ្នាំ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺមហារីកលំពែងដំណាក់កាលចុងក្រោយពេញមួយឆ្នាំមក។
ថ្លែងនៅឯសាលក្រោមដំបូលមូលរបស់វិមានសភាកាលពីថ្ងៃច័ន្ទ អ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក បានហៅលោក Lewis ថា ជាមនសិការរបស់សភាជាតិអាមេរិក។ អ្នកស្រីថ្លែងយ៉ាងដូច្នេះថា៖
«វាជាការសក្តិសមណាស់ដែលលោក John Lewis បានត្រូវតម្កល់នៅសាលសពជាមួយអ្នកស្នេហាជាតិដទៃទៀត ដោយសពលោកតម្កល់នៅលើវេទិកាតម្កល់មឈូសតែមួយដែលត្រូវប្រើដើម្បីតម្កល់សពលោកប្រធានធិបតី Abraham Lincoln ដែរ»។
កម្រងរូបភាព VOA៖ លោក John Lewis ពីមេដឹកនាំសិទ្ធិពលរដ្ឋទៅជាសមាជិករដ្ឋសភា (១៩៤០-២០២០)
ប្រធានព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Mitch McConnell ក៏បានថ្លែងសរសើរលោក Lewis ដែរ ដោយលោកថា «លោក Lewis បានរស់នៅនិងធ្វើការដោយភាពបន្ទាន់ ដោយសារកិច្ចការដែលលោកត្រូវធ្វើមានភាពបន្ទាន់។»
លោកប្រធានាធិបតី Donald Trump មិនមានវត្តមាននៅក្នុងពិធីនោះទេ ហើយលោកធ្លាប់បានទាស់សម្តីតាម Twitter ជាមួយលោក Lewis។ ក្រោយលោក Lewis បាននិយាយថា លោក Trump មិនស្របច្បាប់ លោកត្រាំ Trump បានហៅស្រុកដែលលោក Lewis តំណាងក្នុងសភាថា ជាតំបន់«ពោរពេញដោយបទឧក្រិដ្ឋ»។
លោកអនុប្រធានាធិបតី Mike Pence បានសម្តែងការគោរពរបស់លោកកាលពីច័ន្ទ ព្រមជាមួយលោក Joe Biden អតីតអនុប្រធាធិបតីមកពីគណបក្សប្រជាធិបតេយ្យ។
បន្ទាប់ពីតម្កល់ជាសាធារណៈនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃពុធ សពរបស់លោក Lewis នឹងត្រូវបញ្ជូនទៅតម្កល់ជាសាធារណៈនៅក្នុងវិមានសភារដ្ឋ Georgia ក្នុងទីក្រុង Atlanta មុនពេលពិធីបុណ្យសពចុងក្រោយរបស់លោកធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នៅវិហារគ្រិស្ដសាសនា Ebenezer Baptist Church។ សពរបស់លោកនឹងត្រូវបញ្ចុះនៅទីបញ្ចុះសព South View Cemetery ក្នុងទីក្រុង Atlanta៕