ការប្រឈមមុខខាងនយោបាយដែលមិនទាន់បញ្ចប់ អយុត្តិធម៌សង្គមដែលនៅតែកើតមាន កង្វះការគោរពច្បាប់ និងការភ័យខ្លាចក្នុងការនិយាយពីរឿងនយោបាយនេះគឺជាការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិល តំណាងជនរងគ្រោះដោយជម្លោះដីធ្លី និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជានៅក្នុងពិធីរំឭកខួបលើកទី២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ឆ្នាំ១៩៩១។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានគោលបំណងសំខាន់មួយ គឺធ្វើឲ្យប្រទេសកម្ពុជា មានការគោរពសិទ្ធិមនុស្ស និងរារាំងមិនឲ្យមានការប្រព្រឹត្តឡើងវិញនូវការរំលោភសិទ្ធិនានាដែលធ្លាប់កើតមានកាលពីអតីតកាល។ កិច្ចព្រមព្រៀងនេះ ក៏បើកផ្លូវឲ្យកម្ពុជា មានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដោយការគោរពច្បាប់និងដោយឈរលើគោលការណ៍អព្យាក្រឹត។

ក្រុមពលរដ្ឋជាងប្រាំរយនាក់ចូលរួមពិធីរំឭកខួបលើកទី២៨ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រៀបចំក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

លោកបណ្ឌិតប៉ា ចន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌នៅកម្ពុជាលើកឡើងពីស្ថានភាពសង្គម និងនយោបាយកម្ពុជា ក្នុងពិធីរំឭកខួបលើកទី២៨ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រៀបចំក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
មានអ្នកចូលរួមប្រហែល១០០០នាក់ក្នុងពិធីរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរបស់ក្រុមអង្គការសង្គមស៊ីវិលនៅថ្ងៃពុធនេះ នៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញ។
លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌នៅកម្ពុជាមានប្រសាសន៍ ក្នុងពិធីនេះថា កម្ពុជាកំពុងដើរឆ្ងាយពីការចង្អុលបង្ហាញរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើមើលទៅលើការប្រើប្រាស់សិទ្ធិនយោបាយ និងអំពើអយុត្តិធម៌សង្គមនានា។
លោកកត់សម្គាល់ថា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ប្រទេសកម្ពុជាបានបន្តឃ្លាតឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ ដោយសារមានកើតឡើងជម្លោះនយោបាយជាថ្មីទៀតរវាងអតីតគណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលទីក្រុងភ្នំពេញ។ ជាមួយគ្នានេះ ការអភិវឌ្ឍជាច្រើនបានធ្វើឲ្យប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្ស។
«ការអភិវឌ្ឍន៍សេដ្ឋកិច្ច មិនអាចនៅគង់វង្សទេ បើសិនបើការអភិវឌ្ឍនោះ អត់មានយុត្តិធម៌ អត់មានយុត្តិធម៌ជាស្នូល ហើយសង្គមយើងកំពុងតែខ្វះ កំពុងតែខ្វះយុត្តិធម៌»។
កម្រងរូបភាព VOA៖ ក្រុមសង្គមស៊ីវិលរំលឹកខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស
កិច្ចព្រមព្រៀងសន្តិភាពដែលបានធ្វើឡើងកាលពី២៨ឆ្នាំមុន មានប្រទេសចំនួន១៨ ជាហត្ថលេខី ក្នុងនោះមានប្រទេសបារាំង សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសក្នុងតំបន់អាស៊ី ដូចជាថៃ ឥណ្ឌូណេស៊ីជាដើម។ ប្រទេសកម្ពុជា តាមកិច្ចព្រមព្រៀងនេះ ផ្ដល់ការសន្យាថា នឹងបើកទូលាយឲ្យមានសេរីភាពខាងនយោបាយ ការបោះឆ្នោតដោយសេរី និងការគោរពសិទ្ធិមនុស្ស។
កញ្ញា ឆែម ធីតា វ័យ ២១ ឆ្នាំ និស្សិតឆ្នាំទីបួន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ហៅកាត់ថា (RULE) មើលឃើញពីការអនុវត្តច្បាប់ដែលនៅទន់ខ្សោយ ក្រោយ២៨ឆ្នាំនៃការសម្រេចបានរបស់កម្ពុជានូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
«ដូចយើងបានដឹងចឹង គឺច្បាប់របស់យើង យើងមាន ប៉ុន្តែការអនុវត្តន៍របស់យើងគឺនៅខ្វះខាតច្រើន...ចំណុចហ្នឹងហើយដែលធ្វើឲ្យ ប្រជាជនយើងក៏គាត់អត់ពេញចិត្ត ក៏គាត់រស់នៅដោយជួបភាពពិបាកច្រើន។ អ៊ីចឹងណាស់ ភាពអយុត្តិធម៌ ឬក៏អីហ្នឹង ដែលខ្ញុំបានឃើញ»។
ចំណែកពលរដ្ឋដែលតំណាងឲ្យកសិករ ដែលរងការយាយីផ្នែកសិទ្ធិកាន់កាប់ដីធ្លី បានឆ្លៀតយកឱកាសនេះ បង្ហាញការមិនពេញចិត្តចំពោះការដោះស្រាយរបស់រដ្ឋាភិបាលក្នុងជម្លោះដីធ្លី ដោយមានការចាប់ចងក្រុមអ្នកតវ៉ា ក្នុងជម្លោះដីធ្លីជាដើម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជា បានប្រាប់ក្រុមអ្នកកាសែតក្រោយពីពិធីរំលឹកខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថារដ្ឋាភិបាលបានរំលោភលើរដ្ឋធម្មនុញ្ញផងដែរ តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាច្រើនដង។
លោកMichael Newbill (ឈរនៅកណ្តាល) អនុប្រធានស្ថានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលរួមជាមួយក្រុមអង្គការសង្គមស៊ីវិលក្នុងពិធីរំឭកខួបលើកទី២៨ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស រៀបចំក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
ក្នុងការជួបជុំនោះ ក៏មានការចូលរួមពីតំណាងស្ថានទូតសហរដ្ឋអាមេរិក គឺលោកMichael Newbill ដែលជាអនុប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ លោក Michael Newbill មិនផ្ដល់ការអធិប្បាយ ក្នុងពេលលោកចូលរួមការជួបជុំនេះទេ។
ដោយឡែកស្ថានទូតសហរដ្ឋអាមេរិក បានបង្ហោះសារខ្លីមួយលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសរសេរថា«ថ្ងៃនេះប្រទេសកម្ពុជារំឭកដល់ការប្ដេជ្ញាចិត្តកាលពីឆ្នាំ ១៩៩១ ចំពោះពលរដ្ឋរបស់ខ្លួន ក្នុងការការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់គេ ធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យពហុបក្ស និងធានាអធិបតេយ្យភាពរបស់ខ្លួន»។
ទោះយ៉ាងណាគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី២៣តុលានេះថា «ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានបំផ្លាញទាំងស្រុង ក្រោយការរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងការបោះឆ្នោតក្លែងក្លាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយបន្សល់ទុកនូវការបែកបាក់ជាតិ»។
កាលពីថ្ងៃអង្គារម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាលោកនឹងមិនធ្វើការបកស្រាយណាមួយលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះទេ៕