Amnesty International៖ ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​តែ​រង​ការ​រឹតត្បិត​នៅ​កម្ពុជា​

រូបឯកសារ៖ ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

ជាង​ពីរ​ឆ្នាំ​បន្ទាប់ពី​ការ​រំលាយគណបក្ស​ប្រឆាំង​ និង​ការ​បិទ​សារ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ ​ការ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​មាន​សភាព​កាន់​តែ​តឹង​តែង ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​សង្គម​ស៊ីវិល​បន្ត​រង​ការ​គាប​សង្កត់​ពី​រដ្ឋាភិបាល​កម្ពុជា។​ នេះ​បើ​យោង​តាមអង្គការ​សិទ្ធិ​មនុស្ស​ Amnesty international។​

នៅ​ក្នុង​របាយ​ការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ខែ​មករា​នេះ​ ​អង្គការ​នេះ​បាន​សរសេរថា៖​ «អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​តវ៉ា​ដោយ​អហិង្សា សកម្ម​ជន​ដើម្បី​សិទ្ធិ​ការងារ​ និង​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​ហាមឃាត់​ ​នៅ​តែ​បន្ត​ប្រឈម​នឹង​ការ​យារយី​ និងការគំរាម​កំហែងដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មិន​ត្រឹម​ត្រូវ»។​

អង្គការធ្វើ​ការ​ដើម្បី​សិទ្ធិ​មនុស្ស​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​នេះ​ បាន​និយាយ​ពី​ការ​បន្ត​ធ្វើ​ទុក្ខទៅ​លើ​អ្នក​យក​ព័ត៌មាន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ចំណុះរដ្ឋាភិបាល​ផង​ដែរ។​

អង្គការ​នេះ​បន្ថែម​ថា៖ «ការ​រឹតត្បិត​ខ្លាំង​ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ​បាន​នាំ​ឲ្យ​មាន​វប្បធម៌​នៃ​ការ​ដាក់​កំហិត​ខ្លួន​ឯង​របស់អ្នក​សារ​ព័ត៌មាន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​នៅ​សេស​សល់»។​

ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ​២០១៧ នាំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ​នៅ​ក្នុង​ប្រទេស និង​ការ​បិទ​កាសែត​ភាសា​អង់គ្លេសដ៏​ចំណាស់​មួយ​នៅ​កម្ពុជា​ ​បន្ទាប់ពីរដ្ឋាភិបាល​បាន​ទាមទារ​ឲ្យកាសែត​នោះ​បង់ពន្ធ​ចំនួន​ជាង​ប្រាំ​មួយ​លាន​ដុល្លារ។​

លោក​កឹម សុខា​ ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង នៅ​ប្រឈម​នឹង​ការ​កាត់​ក្តី​ពី​ករណី​«ក្បត់ជាតិ»​ដែល​ក្រុម​សិទ្ធិ​មនុស្ស​ហៅ​ថា ​ជា​ការ​ចោទ​ប្រកាន់​ដែល​មិន​មាន​ភ័ស្តុតាងច្បាស់លាស់​ ​និង​មាន​ចរិត​នយោបាយ។​

រដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​ឈ្នះ​កៅអី​ទាំង​អស់​នៅ​ក្នុង​រដ្ឋសភា​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​ កាល​ពី​ឆ្នាំ​មុន​ រដ្ឋាភិបាលបានដាក់​ពង្រាយ​កង​កម្លាំង​ និង​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រឆាំង​ ដោយមាន​ការ​ចាប់​ខ្លួន​ដើម្បី​ទប់ស្កាត់​ការ​វិល​ត្រឡប់​របស់​លោក​សម រង្សី​ ដែល​ជា​មេបក្ស​ប្រឆាំង​ម្នាក់​ទៀត កំពុង​នីរទេស​ខ្លួន​នៅ​ប្រទេស​បារាំង។​

របាយ​ការណ៍​នេះ​បាន​និយាយ​ថា៖​ «ការ​បៀតបៀន​ ​ការ​គំរាម​កំហែង ​និង​ការ​ចាប់​ខ្លួន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​គ្មាន​មូលហេតុ​ មាន​សភាព​កាន់​តែ​ខ្លាំង​ទៅៗ​ពេញ​មួយ​ឆ្នាំ​ដែល​រហូត​មាន​ការ​បង្ក្រាប​ទៅ​លើ​ការ​ត្រឡប់​មក​វិញ​របស់​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្សី​ កាល​ពី​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា»។​

រដ្ឋាភិបាល​ ដែល​កំពុង​ប្រឈម​ការ​បាត់បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ជា​បណ្ដោះ​អាសន្ន​ដោយសារ​តែ​ការ​រំលោភ​បំពាន​លើ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បាន​ច្រាន​ចោល​របាយ​ការណ៍​នេះ។​

លោក​ ផៃ​ ស៊ីផាន ​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​ ​បាន​ហៅ​របាយ​ការណ៍​នេះ​ថា​ ​ជា​របាយ​ការណ៍​ដែល​មិនមាន​អំណះ​អំណាង​ច្បាស់លាស់​ ហើយ​ផ្អែក​លើ​គំនិត​បុគ្គល។​

«របាយ​ការណ៍​ហ្នឹង​គ្រាន់តែ​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​គាត់ ​មិនមែន​ធ្វើ​តាម​អ្វី​ដែល​ជា​ការ​ស្រាវជ្រាវ​ច្បាស់លាស់។ ​របាយ​ការណ៍​ដែល​តាម​គំនិត​របស់​ខ្លួន[​ឯង]គឺ​យើងមិន​ដែល​ឲ្យ​តម្លៃ​នោះ​ទេ ​បាទ»។​

លោកផៃ ស៊ីផាន បន្ត​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​កើត​មាន​ដោយ​សារ​បក្សនេះ​ដើរ​ខុស​ច្បាប់។​

«សូម្បី​តែ​សហ​រដ្ឋ​អាមេរិក​ ប្រធានាធិបតី​អាមេរិក​កំពុង​តែ​ជាប់​ក្នុង​ការ​ជាប់​ប្រកាន់​ពី​សភា​របស់​ខ្លួន​ដែល​ភាសា​អង់គ្លេស​ហៅ​ថា ​impeachment»។​

លោក​ថា​ ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដេញ​សារ​ព័ត៌មាន​ណា​ចេញ​ពី​ប្រទេស​នេះ​នោះ​ទេ។​

«អ្នក​សារ​ព័ត៌មាន​មិន​មែន​ជា​នគរបាល​ហើយ​ក៏​មិនមែន​ជា​តុលាការ​ដែរ ​ត្រូវ​មាន​វិជ្ជាជីវៈ​របស់​ខ្លួន​ ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ ទៅ​យក​ព័ត៌មាន​បាន​ដោយ​គ្មាន​ឧបសគ្គ ទៅយក​ព័ត៌មាន​បាន​ដោយ​គ្មាន​រឿងរ៉ាវ។ ​អាហ្នឹង​ហើយ​បាន​គេ​ហៅ​ថា​ ​ព័ត៌មាន​វិជ្ជាជីវ។​ បើ​ទៅ​បង្កើត​រឿង​ ​អាហ្នឹង​មិនមែន​ជា​អ្នក​សារ​ព័ត៌មាន​ទេ ​បាទ»។​

អតីត​អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុអាស៊ី​សេរី​ពីរ​រូប​នៅ​រង​ការ​ចោទ​ប្រកាន់​ពី​បទ«បញ្ជូន​ពត័ត៌មាន​ឲ្យ​រដ្ឋ​បរទេស»​ ដែល​ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ ជា​ការ​ចោទ​ប្រកាន់ដែល​គ្មាន​ភ័ស្តុតាង។ ​

របាយ​ការណ៍​របស់​អង្គការ​ Amnesty international ​បាន​ចេញ​ពីរ​សប្តាហ៍​បន្ទាប់ពី​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch​ ​ចេញ​របាយ​ការណ៍​ដោយ​បាន​បង្ហាញ​ពីការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ នា​ឆ្នាំ​កន្លង​មក។​ រដ្ឋាភិបាល​បាន​ហៅ​របាយការណ៍​របស់​ Human Rights Watch​ នោះ​ថា​ ​ជា​ការ​«បន្ទុច់​បង្អាក់»រដ្ឋាភិបាល​កម្ពុជា ​និង​«មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​វិជ្ជមាន»​របស់​ប្រទេស។​

ទោះ​បី​ជា​យ៉ាងណា​ ​លោក​អំ ​សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​ និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho)​ និយាយ​ថា​ របាយ​ការណ៍​បង្ហាញ​ពី​ភាព​ពិត​ជាក់ស្តែង​នៅ​ក្នុង​សង្គម។​

«ហើយ​បើ​យើង​មើល​ទិដ្ឋភាព​ជាក់ស្តែង​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ដល់​ពេល​នេះ​ អ្វី​ដែល​គេ​លើក​ឡើង​ហ្នឹង​គឺ​វា​ជា​ការណ៍​ពិត​ជា​ច្រើន»។​

របាយ​ការណ៍​ដដែល​បញ្ជាក់​ទៀត​ថា​ ​ការ​គាប​សង្កត់​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​មាន។​

របាយ​ការណ៍​បាន​សរសេរ​ថា៖​ «អង្គការ​ដែល​និយាយ​ចំៗ​ត្រូវ​រង​ការ​ឃ្លាំ​មើល​ ការ​គំរាម​កំហែង​ដោយ​នគរបាល​និង​អាជ្ញាធរ​ដែនដី។ ​សកម្មភាព​ជា​ប្រចាំ​របស់​អង្គការ​ដូច​ជា​សិក្ខា​សាលា​នៅ​តែ​បន្ត​បិទ​ ​បើទោះ​បី​ជា​មាន​ការ​លុបចោល​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​មាន​ការ​សុំការ​អនុញ្ញាត​ជាមុន​ក៏​ដោយ»។​

សហភាព​អឺរ៉ុប​បាន​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ការ​ដក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA ​ជា​បណ្ដោះ​អាសន្ន​ពី​កម្ពុជា​ ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​នៅ​ប៉ុន្មាន​ឆ្នាំ​នេះ។​ ​នៅ​ថ្ងៃ​១២​ ខែ​កុម្ភៈ​នេះ សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្ត​ថា​ តើ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ឬ​យ៉ាង​ណា៕