សាលាក្រុង​បដិសេធ​សំណើ​ធ្វើ​សមាជ​មហាជន​របស់​បក្ស​ប្រឆាំង

یوم آزادی کے موقع پر واشنگٹن میں آتش بازی کا شاندر مظاہرہ کیا گیا۔

បន្ទាប់​ពី​ការប្រជុំ​អស់​រយៈ​ពេល​ប្រមាណ​ជិត២​ម៉ោង​រវាង​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ អាជ្ញាធ​ក្រុង​ភ្នំពេញ​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យគណបក្ស​ប្រឆាំង​រៀបចំ​សមាជ​មហាជន​នៅ​ថ្ងៃ​អាទិត្យ​នេះ​ទេដោយ​បាន​លើក​ហេតុផល​ថា​ទុក​សេចក្តី​សម្រេច​នោះ​ជូន​តុលាការ។​

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃពុធ​បាន​ប្រកាស​ពី​គម្រោង​ធ្វើ​សមាជ​មហាជន​សារ​ជាថ្មី​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​អាទិត្យ​ទី​១៣​ខាង​មុន​នេះ​និង​ពិធី​បុណ្យ​តាម​បែប​ព្រះ​ពុទ្ធសាសនា​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ដែល​បានស្លាប់​បាត់​បង់​ជីវិត​ដោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​កាល​ពី​ថ្ងៃ​ទី​៣០​ខែមិនា​ឆ្នាំ​១៩៩៧​នៅ​ពីមុខ​អតីត​មន្ទីរ​រដ្ឋសភា​ជាតិ។ ​ពិធី​នេះ​ដោយ​គ្រោង​នឹង​មាន​មនុស្ស​ចូល​រួម​ប្រមាណ​៥.០០០​នាក់។​

សមាជ​មហាជន​របស់​គណបក្ស​សង្គ្រោះជាតិ​លើក​នេះ​គឺ​ចង់​បង្ហាញ​ប្រាប់​ប្រជាពលរដ្ឋ​ថា​គណបក្ស​បាន​ធ្វើ​កិច្ច​ការ​អ្វី​ខ្លះ​ក្នុង​រយៈ​ពេល​៦​ខែ​កន្លង​មកនេះ​និង​ស្នើ​សុំ​មតិ​យោបល់​ប្រជា​ពលរដ្ឋ​បន្ថែម​ទៀត​ពាក់​ព័ន្ធ​នឹង​កំណែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​គណបក្ស។​

លោក​ ឡុង ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ​មាន​ប្រសាសន៍​ថា​ សាលា​ក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យគណបក្ស​សង្គ្រោះជាតិ​រៀបចំ​សមាជ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទេ​ដរាប​ណាមិន​ទាន់​មាន​សេចក្តី​សម្រេច​ពី​តុលាការ។ ក៏​ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យធ្វើ​ពិធី​បុណ្យ​បង្សុកូល​នៅ​ពី​មុខ​អតីត​រដ្ឋ​សភា​តែ​ត្រូវ​សុំការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​សិន​ដើម្បី​ការពារ​សុវត្ថិភាព​ដោយ​សារ​គណបក្ស​បាន​អញ្ជើញ​តំណាង​ស្ថានទូត​នានា​ចូល​រួម។

លោក​និយាយ​ថា៖ «ទីលាន​ប្រជាធិបតេយ្យ​ដរាប​ណា​ឬ​នៅ​ពេល​ដែល​មាន​លទ្ធផល​ឬ​ក៏​របាយការណ៍​ស្តី​ពី​ការ​ស៊ើប​អង្កេត​ថា​ចប់​សព្វ​គ្រប់​ហើយ ​ខ្ញុំ​គិត​ថា​សាលា​ក្រុង​ភ្នំពេញ​នឹង​អនុញ្ញាត​ឱ្យ​ធ្វើការ​ជួប​ជុំ​ឡើង​វិញ»។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​មាន​ប្រសាសន៍​ថា​ក្រសួង​នៅ​មិន​ទាន់​បាន​ទទួល​លិខិត​ពី​សាលាក្រុង​ភ្នំពេញ​នៅ​ឡើយ​ទេ។​

លោក​និយាយ​ថា៖ «រហូត​មក​ដល់​ពេល​នេះ​ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​ទទួល​លិខិតពី​សាលា​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ដូច្នេះ​ខ្ញុំ​មិន​អាច​ជម្រាប​ជូន​តើ​ក្រសួង​នឹង​អាច​ជម្រាប​ជូន​យ៉ាង​ម៉េច​បាន»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា​បាន​ឡើង​កាន់​កាប់​មុខ​តំណែង​ដោយសារ​ ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ​បាន​ព្រមាន​ថា​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រសិន​ណា​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សមាជ​មហាជន​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។​

លោក​ សម រង្ស៊ី​ លោក​ កឹម សុខា​ ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ស្នើ​សុំ​ដើម្បី​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក៏ប៉ុន្តែ​នៅ​ក្នុង​អង្គ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ពុធ​លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ថា​គណបក្ស​របស់​លោក​នៅ​តែ​ដឹកនាំ​ធ្វើ​សមាជ​មហា​ជន​បើ​ទោះ​បីជា​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យក៏ដោយ។​

លោក​និយាយ​ថា៖ «គណបក្ស​ប្រជាជន​គឺ​មតិ​ភាគ​តិច។​បើ​គណបក្ស​ដែល​មាន​មតិ​ភាគ​តិចមករារាំង​មតិ​ភាគ​ច្រើន​គ្រាន់​តែជួប​ជុំ​គ្នា​ មិនឱ្យជួបទៀត។​អាហ្នឹង​ចេញ​ក្រឡាសារ​ច្បាស់​ហើយ​។​ខ្ញុំ​ជឿថា​គណបក្ស​ប្រជាជន​លោក​មិន​ទៅ​ល្ងង់​ទៅ​ឆោត​បង្ហាញ​រូប​ភាព​បែប​ហ្នឹង​គឺ​ថា​ពេល​ហ្នឹង​វាអាក្រក់​ហួស​ហេតុ​អញ្ចឹង​ខ្ញុំ​អត់​មាន​បារម្មណ៍​ទេ»។​

ថ្នាក់​ដឹក​នាំ​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិកាល​ពី​ខែតុលា​ឆ្នាំ២០១៣​បាន​ព្រម​ព្រៀង​គ្នា​ថា​ចៀស​វាង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គ្រប់​រូប​ភាព​ក៏ប៉ុន្តែ​ការ​ព្រម​ព្រៀង​គ្នា​នោះ​បាន​ក្លាយ​ទៅ​ជា​គ្មាន​ន័យ​ដោយ​សារ​តែ​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​បាន​វាយ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​និង​បាញ់​សម្លាប់​មក​លើ​ក្រុម​បាតុករកម្មករ​រោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ចំនួន​ពី​៥ទៅ​៦​នាក់​និង​បាញ់​ឱ្យរង​របួស​ជាច្រើន​នាក់​នៅ​ពេល​ដែល​មាន​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឱ្យបាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​កាល​ពី​ដើម​ខែមករា។

មាន​តំណាង​សហជីព​ សកម្មជន​ដីធ្លី​ និង​ក្រុម​កម្មករ​រោង​ចក្រ​ចំនួន​២១​នាក់​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​ដោយ​សារ​តែ​ពួកគេ​បាន​ចូល​រួម​ការ​ធ្វើ​បាតុកម្ម៕