ក្រោយពីមានប្រតិកម្មខ្លាំងៗពីលោកនាយរដ្ឋមន្ត្រីហ៊ុន សែនទៅលើទីលានប្រជាធិបតេយ្យចាស់ ដែលលោកយល់ថា មានភាពរញ៉េរញ៉ៃនោះ សាលារាជធានីភ្នំពេញបានរួសរាន់កសាងទីលានប្រជាធិបតេយ្យថ្មីមួយ ដែលមានឈ្មោះថ្មីថា«សួនប្រជាធិបតេយ្យ»ដើម្បីផ្តល់ឱកាសឲ្យពលរដ្ឋខ្មែរសម្តែងការមិនពេញចិត្តចំពោះបញ្ហាអសកម្មនានានៅក្នុងសង្គម។
សាលារាជធានីភ្នំពេញ ថ្មីៗនេះ បានចាប់ផ្តើមសាងសង់ទីលានប្រជាធិបតេយ្យថ្មី ដែលស្ថិតនៅចម្ងាយប្រមាណជាង៦គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជំនួសឲ្យទីតាំងចាស់ដែលរដ្ឋាភិបាលយល់ថា ជាតំបន់ពាណិជ្ជកម្ម ការទូត និងទេសចរណ៍។
ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ និងក្រុមបាតុករបានយកទីលានប្រជាធិបតេយ្យចាស់ដែលមានទីតាំងនៅក្បែរវត្តភ្នំ ក្នុងខណ្ឌដូនពេញធ្វើជាទីកន្លែងតតាំងជាមួយរដ្ឋាភិបាលដើម្បីតវ៉ាទៅលើបញ្ហាជាច្រើន រួមមានលទ្ធផលនៃការបោះឆ្នោត ដែលក្រុមតំណាងរាស្ត្ររបស់គណបក្សប្រឆាំងចោទថា ត្រូវបានគៃបន្លំ ហើយនឹងបញ្ហាសង្គមផ្សេងៗទៀត។
លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ VOA ថា រយៈពេលពីរថ្ងៃមកហើយ ដែលសាលារាជធានីភ្នំពេញបានបើកការដ្ឋានសាងសង់ទីលានប្រជាធិបតេយ្យថ្មី ដែលត្រូវបានប្តូរឈ្មោះមកជាសួនប្រជាធិបតេយ្យវិញ។
លោកមានប្រសាសន៍ថា ទីតាំងថ្មី ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខប្រាំ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវនេះ នឹងមិនទាក់ទងនឹងចំនួនមនុស្សដែលចូលរួមដើម្បីសម្តែងមតិនោះទេ ដរាបណាពួកគេទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ។ លោកអះអាងថា ទីតាំងថ្មីនេះផ្តល់លទ្ធភាពឲ្យមនុស្សច្រើនពាន់នាក់ប្រមូលផ្តុំគ្នា និងសម្តែងមតិ។
«ចំនួនៗ ឬក៏អីហ្នឹងអត់ពាក់ព័ន្ធជាមូយនឹងទីតាំងទេ គឺយើងអនុវត្តទៅតាមច្បាប់ទាំងអស់ មានន័យថា ទីតាំងថ្មី ទីតាំងចាស់ គឺស្នើសុំការអនុញ្ញាតក្នុងការប្រើប្រាស់ ហើយនិងការសម្តែងមតិហ្នឹង គឺយើងស្របតាមច្បាប់នៃការធ្វើបាតុកម្មដោយសន្តិវិធីទាំងអស់។ អីចឹងមានន័យថា យើងអត់មានអីកែប្រែទាំងអស់ អំពីនីតិវិធីនៃការធ្វើបាតុកម្ម ឬក៏ស្នើសុំប្រើប្រាស់ទីលានប្រជាធិបតេយ្យ»។
សាលារាជធានីភ្នំពេញបានសម្រេចប្តូរទីតាំងទីលានប្រជាធិបតេយ្យ ក្រោយពីមានប្រតិកម្មពី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានថ្លែងក្នុងទិវាជនពិការកម្ពុជា កាលពីឆ្នាំមុនដែលថា ទីតាំងចាស់របស់ទីលានប្រជាធិបតេយ្យនេះមិនបានហុចប្រយោជន៍ដល់កិច្ចការជំនួញនោះទេ ហើយក៏បង្កភាពអត់សណ្តាប់ធា្នប់ផងដែរ។ លោកថ្លែងថា៖
«ជាតំបន់ពាណិជ្ជកម្ម ជាតំបន់អ្នកការទូត ជាតំបន់ទេសចរណ៍ ជាតំបន់អី ហើយយើងធ្វើអាតំបន់រញ៉េរញ៉ៃនៅកន្លែងហ្នឹង អីចឹងយកទៅក្រៅទៅ!»
លោកហ៊ុន សែនបានបញ្ជាក់ទៅក្រុមអ្នករិះគន់អំពីការប្តូរទីតាំងនេះថា ក្រុមអ្នកតវ៉ានឹងនៅតែអាចបង្ហាញសាធារណជនឲ្យដឹងអំពីការបញ្ចេញមតិរបស់ពួកគេដដែល ទោះបីជាទីលានប្រជាធិបតេយ្យថ្មីនេះនៅឆ្ងាយពីរាជធានីបន្តិចក្តី។ លោកថ្លែងថា អ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅតែអាចមើលឃើញសកម្មភាពសម្តែងមតិនៅទីតាំងថ្មីនេះដដែល។
លោកស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ប្រាប់ VOA ថា ទីលានប្រជាធិបតេយ្យថ្មីនេះនឹងនៅតែជាទីកន្លែងដែលមិនសក្តិសមដល់ការបញ្ចេញមតិ ប្រសិនបើរដ្ឋាភិបាលបន្តរឹតត្បិតសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំនោះ។ លោកបានបន្តថា លោកចង់ឃើញរដ្ឋាភិបាលបង្ហាញឆន្ទៈក្នុងការ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
«ខ្ញុំគិតថា នៅទីតាំងថ្មីក៏ដោយ ចាស់ក៏ដោយ បើសិនជាមានចេតនាក្នុងការរឹតត្បិត ទោះបីបង្កើតទីតាំង មួយ ពីរ បីបន្ថែមទៅទៀត ក៏វាអត់ប្រយោជន៍ដែរ។ វាសំខាន់ទៅលើឆន្ទៈដោះស្រាយជូនប្រជាពលរដ្ឋទេ»។
ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានដាក់កម្លាំងហ៊ុមព័ទ្ធ និងដាក់សម្ភារៈការពារសន្តិសុខដើម្បីមិនឲ្យបាតុករយកទីលានប្រជាធិបតេយ្យចាស់ធ្វើការតវ៉ាអំពីបញ្ហានានាអស់រយៈពេលជាច្រើនខែមកហើយ ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបំបែក និងរុះរើតង់របស់ក្រុមអ្នកតវ៉ាដែលដឹកនាំដោយតំណាងរាស្ត្រគណបក្សប្រឆាំងនៅទីនោះ។ បន្ទាប់ពីបាតុកម្មដ៏ហិង្សាមួយបានផ្ទុះឡើងកាលពីខែកក្កដា ឆ្នាំ ២០១៤ ទីលាននេះត្រូវបានបើកឲ្យប្រើប្រាស់ឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបានបន្តរឹតត្បិតមិនឲ្យប្រជាជនជួបជុំជាទ្រង់ទ្រាយធំ ញឹកញាប់នៅទីលាននោះឡើយ៕